លោកុប្បត្តិ 32
32
1ឯយ៉ាកុបគាត់ក៏ធ្វើដំណើរតទៅ ហើយមានពួកទេវតារបស់ព្រះមកជួបនឹងគាត់ 2កាលឃើញហើយនោះគាត់និយាយថា នេះជាពួកពលរបស់ព្រះ គាត់ក៏ហៅកន្លែងនោះថា ម៉ាហាណែម។
3យ៉ាកុបចាត់អ្នកបំរើទៅមុន ឲ្យទៅឯអេសាវជាបងនៅវាលអេដំមក្នុងស្រុកសៀរ 4ដោយបង្គាប់ថា ចូរឯងរាល់គ្នាជំរាបដល់អេសាវ ជាលោកម្ចាស់អញ យ៉ាងនេះថា យ៉ាកុបជាអ្នកបំរើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបាននៅជាមួយនឹងឡាបាន់ដរាបដល់ឥឡូវនេះ 5ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានបាវប្រុសស្រី ខ្ញុំបានចាត់គេមកជំរាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណលោក 6ពួកអ្នកបំរើក៏ត្រឡប់មកឯយ៉ាកុបវិញជំរាបថា យើងខ្ញុំបានទៅដល់អេសាវជាបងលោកហើយ លោកក៏អញ្ជើញមកដែរ ព្រមទាំងនាំមនុស្ស៤០០នាក់មកជាមួយផង 7នោះយ៉ាកុបគាត់ភ័យខ្លាចជាខ្លាំង ហើយមានសេចក្ដីថប់ព្រួយក្នុងទ្រូង ក៏ចែកពួកគាត់ ព្រមទាំងហ្វូងចៀម ហ្វូងគោ នឹងអូដ្ឋជា២ពួក 8ដោយគិតថា បើអេសាវមកវាយពួក១ នោះពួក១ទៀតនឹងរត់រួចបាន 9យ៉ាកុបក៏ទូលថា ឱព្រះនៃអ័ប្រាហាំជីតាទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុកទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានបន្ទូលនឹងទូលបង្គំថា ចូរវិលទៅឯញាតិសន្តានឯងនៅស្រុកឯងវិញទៅ នោះអញនឹងប្រោសសេចក្ដីល្អដល់ឯង 10ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្ដីសប្បុរស នឹងអស់ទាំងសេចក្ដីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបំរើទ្រង់ទេ ដ្បិតទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះ មានតែដំបង១ប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំបានកើតជា២ពួកហើយ 11សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយពួកទូលបង្គំនេះ ទាំងម្តាយទាំងកូនផង 12ទ្រង់បានមានបន្ទូលថា អញនឹងប្រោសសេចក្ដីល្អដល់ឯងជាពិតប្រាកដ ហើយនឹងធ្វើឲ្យពូជឯងបានគ្នាច្រើន ដូចជាខ្សាច់នៅសមុទ្រដែលប្រមាណមិនបាន។
13យប់នោះ គាត់សំណាក់នៅទីនោះ រួចក៏យករបស់ទ្រព្យគាត់ខ្លះទុកជាជំនូនសំរាប់ជូនដល់អេសាវជាបង 14គឺពពែញី២០០ ពពែឈ្មោល២០ ចៀមញី២០០ ចៀមឈ្មោល២០ 15អូដ្ឋញីដែលបំបៅកូន៣០ ព្រមទាំងកូនផង គោញី៤០ គោឈ្មោល១០ លាញី២០ នឹងកូនលា១០ 16គាត់ប្រគល់សត្វទាំងនោះ ទៅក្នុងដៃនៃពួកបំរើគាត់ដោយហ្វូងៗ ហើយប្រាប់ពួកបាវនោះថា ចូរឆ្លងទៅមុនអញ ដើរឲ្យដាច់ពីគ្នាដោយពួកៗ 17គាត់ក៏បង្គាប់ដល់អ្នកដែលដើរមុនគេថា កាលណាអេសាវបងអញមកជួបនឹងឯង ហើយសួរថា ឯងជាពួករបស់អ្នកណា ហើយទៅឯណា តើហ្វូងសត្វនៅមុខឯងទាំងនេះជារបស់ផងអ្នកណា 18នោះត្រូវជំរាបថា នេះជារបស់ផងយ៉ាកុបជាអ្នកបំរើលោក គឺជាជំនូនផ្ញើមកជូនដល់អេសាវជាលោកម្ចាស់ខ្ញុំ ហើយមើល លោកក៏អញ្ជើញមកតាមក្រោយយើងខ្ញុំដែរ 19គាត់បង្គាប់អ្នកទី២ដូច្នោះដែរ ព្រមទាំងអ្នកទី៣ នឹងពួកអ្នកដែលដើរតាមហ្វូងសត្វទាំងអស់ផងថា កាលណាឃើញអេសាវ នោះចូរជំរាបតាមពាក្យនេះដូចគ្នា 20គឺត្រូវជំរាបលោកថា មើល យ៉ាកុបជាអ្នកបំរើលោកក៏មកតាមក្រោយយើងខ្ញុំដែរ នេះដ្បិតគាត់គិតថា អញនឹងរំងាប់ចិត្តបង ដោយជំនូនដែលទៅមុខអញ រួចអញនឹងឃើញមុខបង នោះប្រហែលជានឹងទទួលអញដោយស្រួលហើយ 21ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុនគាត់ តែឯខ្លួនគាត់ បានដេកនៅក្នុងទីសំណាក់នោះ១យប់សិន 22រួចគាត់ក្រោកឡើងទាំងយប់ នាំយកប្រពន្ធទាំង២ នឹងបាវស្រីទាំង២ ព្រមទាំងកូនគាត់ទាំង១១នាក់ ឆ្លងស្ទឹងយ៉ាបុកត្រង់ផ្លូវឆ្លងទៅ 23គាត់នាំអ្នកទាំងនោះទៅឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអីវ៉ាន់គាត់ឆ្លងទៅដែរ។
24ដូច្នេះ យ៉ាកុបនៅតែម្នាក់ឯង ហើយមានម្នាក់មកចំបាប់នឹងគាត់រហូតដល់ភ្លឺ 25កាលអ្នកនោះឃើញថាមិនឈ្នះគាត់ទេ នោះក៏ពាល់ត្រង់សន្លាក់ត្រគាកគាត់ ហើយសន្លាក់ត្រគាកក៏ថ្លស់ក្នុងខណដែលកំពុងតែចំបាប់គ្នានោះ 26អ្នកនោះនិយាយថា ចូរលែងឲ្យអញទៅ ដ្បិតភ្លឺហើយ តែគាត់ឆ្លើយថា ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន 27អ្នកនោះសួរគាត់ថា ឯងឈ្មោះអី គាត់ឆ្លើយថា ខ្ញុំឈ្មោះយ៉ាកុប 28រួចអ្នកនោះប្រាប់ថា ឈ្មោះឯងមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ពីព្រោះឯងមានអំណាចចំពោះព្រះហើយនឹងមនុស្ស ក៏បានឈ្នះផង 29យ៉ាកុបក៏សួរអ្នកនោះដែរថា សូមលោកប្រាប់ឈ្មោះលោកឲ្យខ្ញុំដឹងផង តែអ្នកនោះតបមកវិញថា ហេតុអ្វីបានជាសួររកឈ្មោះអញ រួចក៏ឲ្យពរដល់គាត់នៅទីនោះ 30យ៉ាកុបគាត់ហៅកន្លែងនោះថា ព្នីអែល ដ្បិតគាត់នឹកថា អញបានឃើញព្រះនៅប្រទល់មុខ ហើយជីវិតអញបានគង់វង្សនៅ 31កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ 32ហេតុនោះបានជាពួកកូនចៅអ៊ីស្រាអែល គេមិនដែលស៊ីសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក ដរាបដល់សព្វថ្ងៃនេះ ពីព្រោះទ្រង់បានពាល់សាច់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប។
Currently Selected:
លោកុប្បត្តិ 32: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.