យ៉ាកុប 3
3
1បងប្អូនអើយ កុំឲ្យធ្វើជាគ្រូច្រើនគ្នាពេកឡើយ ពីព្រោះដឹងហើយថា យើងនឹងត្រូវទោសធ្ងន់ជាងគេ 2ដ្បិតយើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ បើអ្នកណាមិនបានជំពប់ដោយពាក្យសំដី នោះជាមនុស្សគ្រប់លក្ខណ៍ហើយ ដែលអាចនឹងទប់រូបកាយទាំងមូលបានដែរ 3មើលយើងដាក់ដែកបង្ខាំចុះក្នុងមាត់សេះ ឲ្យវាស្តាប់បង្គាប់តាម ហើយយើងញាក់រូបកាយវាទាំងមូលទៅបាន 4សូមគិតមើលពីសំពៅដែរ វាធំដល់ម៉្លេះ ហើយមានខ្យល់គំហុកបក់ផាត់ទៅផង តែតៃកុងបើកទៅមកបានតាមចិត្ត ក៏ដោយសារតែចង្កូតយ៉ាងតូចប៉ុណ្ណោះ 5ឯអណ្តាតក៏ជាអវយវៈ១យ៉ាងតូចដូច្នោះដែរ ប៉ុន្តែ ចេះអួតអាងយ៉ាងសំបើមណាស់ មើលចុះ ភ្លើងតែបន្តិចទេ អាចនឹងឆេះព្រៃធំៗទៅបាន 6ហើយអណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយដ៏ពេញដោយសេចក្ដីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ 7រីឯគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ នឹងសត្វនៅក្នុងសមុទ្រ នោះគេអាចនឹងផ្សាំងបាន ក៏មានមនុស្សបានផ្សាំងហើយដែរ 8តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ ដែលទប់មិនបាន ក៏មានពេញដោយពិសដែលនាំឲ្យស្លាប់ 9ដោយសារអណ្តាត នោះយើងសរសើរដំកើងដល់ព្រះអម្ចាស់ដ៏ជាព្រះវរបិតាផង ហើយដាក់បណ្តាសាដល់មនុស្ស ដែលកើតមកតាមរូបអង្គព្រះផង 10មានទាំងពាក្យសរសើរ នឹងពាក្យប្រទេចផ្តាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ 11តើរន្ធទឹកតែ១នឹងអាចចេញជាទឹកសាប ហើយភ្លាវផងបានឬទេ 12បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរបង្កើតផ្លែជាល្វាបានឬទេ ដូច្នេះ គ្មានរន្ធទឹកណាចេញទឹក ជាប្រៃផងសាបផងបានឡើយ។
13ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញា នឹងយោបល់ ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្ត ដោយសេចក្ដីសុភាពនៃប្រាជ្ញាចុះ 14បើមានសេចក្ដីច្រណែនដ៏ជូរល្វីង នឹងសេចក្ដីគំនុំក្នុងចិត្ត នោះកុំឲ្យអួតខ្លួន ឬកុហកទទឹងនឹងសេចក្ដីពិតឡើយ 15ប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេ គឺជារបស់ផងលោកីយនេះ ហើយក៏ខាងសាច់ឈាម នឹងខាងអារក្សវិញទេតើ 16ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន នឹងសេចក្ដីគំនុំ នោះក៏មានវឹកវរ នឹងសេចក្ដីអាក្រក់គ្រប់យ៉ាងដែរ 17តែប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្ដីមេត្តាករុណា នឹងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង 18រីឯផលនៃសេចក្ដីសុចរិត នោះបានព្រោះចុះដោយសេចក្ដីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្ដីមេត្រីនោះឯង។
Currently Selected:
យ៉ាកុប 3: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.