យេរេមា 4
4
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា បើឯងរាល់គ្នានឹងវិលមកវិញ ឱពួកអ៊ីស្រាអែលអើយ បើឯងនឹងមកឯអញវិញ ហើយនឹងលះបង់អំពើគួរស្អប់ខ្ពើមរបស់ឯងចេញពីមុខអញទៅ នោះឯងរាល់គ្នាមិនត្រូវបំបរបង់ទេ 2ហើយបើឯងនឹងស្បថដោយពិតត្រង់ ដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតថា ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅពិត នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងទ្រង់ ហើយនឹងអួតសរសើរពីទ្រង់។
3ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូល ដល់មនុស្សនៅស្រុកយូដា នឹងក្រុងយេរូសាឡិមដូច្នេះថា ចូរកំសុលដីហាប់របស់ឯងរាល់គ្នាឡើង ហើយកុំឲ្យសាបព្រោះ នៅកណ្តាលបន្លាឡើយ 4ឱមនុស្សនៅស្រុកយូដា នឹងពួកក្រុងយេរូសាឡិមអើយ ចូរឯងរាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា ចូរកាត់យកស្បែកចិត្តឯងចោលចេញចុះ ក្រែងសេចក្ដីក្រោធរបស់អញចេញមកដូចជាភ្លើង ហើយឆេះឥតមានអ្នកណាពន្លត់បាន ដោយព្រោះសេចក្ដីអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តនោះ។
5ចូរថ្លែងប្រាប់នៅស្រុកយូដា ហើយប្រកាសប្រាប់នៅក្រុងយេរូសាឡិម ដោយពាក្យថា ចូរផ្លុំត្រែនៅក្នុងស្រុក ចូរស្រែកឡើងជាខ្លាំងថា ចូរមូលគ្នាមក យើងចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានបន្ទាយចុះ 6ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវឲ្យរត់ទៅ កុំបង្អង់ឡើយ ពីព្រោះអញនឹងនាំសេចក្ដីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង 7មានសត្វសិង្ហ១បានឡើងចេញពីព្រៃស្តុករបស់វាមក ជាមេបំផ្លាញនគរផ្សេងៗ វាកំពុងតែមកតាមផ្លូវ វាបានចេញពីកន្លែងរបស់វាមកហើយ ដើម្បីនឹងបំផ្លាញស្រុកឯង ហើយឲ្យទីក្រុងទាំងប៉ុន្មានរបស់ឯង ត្រូវបែកបាក់ចោល ឥតមានអ្នកណានៅ 8ហេតុនេះ ចូរឲ្យឯងរាល់គ្នាស្លៀកសំពត់ធ្មៃ ព្រមទាំងទួញទំនួញ ហើយទ្រហោយំចុះ ដ្បិតសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា មិនបានបែរចេញពីយើងរាល់គ្នាទេ 9ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះព្រះទ័យនៃស្តេច នឹងចិត្តរបស់ពួកចៅហ្វាយ នឹងរលត់សូន្យទៅ ឯពួកសង្ឃនឹងស្រឡាំងកាំងនៅ ហើយពួកហោរានឹងនឹកប្លែកដែរ។
10នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ពិតប្រាកដជាទ្រង់បានបញ្ឆោតជនជាតិនេះ ព្រមទាំងក្រុងយេរូសាឡិមជាខ្លាំងហើយ ដោយបន្ទូលថា នឹងមានសេចក្ដីសុខដល់ឯងរាល់គ្នា តែមានដាវលូកមករកជីវិតគេវិញ។
11នៅគ្រានោះ នឹងមានសេចក្ដីប្រាប់ដល់ជនជាតិនេះ ហើយដល់ក្រុងយេរូសាឡិមថា មានខ្យល់ក្តៅបក់មកពីទីខ្ពស់ត្រងិលនៅទីរហោស្ថាន ទៅខាងកូនស្រីរបស់រាស្ត្រអញ មិនមែនសំរាប់រោយស្រូវទេ ក៏មិនមែនសំរាប់សំអាតដែរ 12គឺជាខ្យល់ពេញកំឡាំងនឹងមកជំនួសអញ ឥឡូវនេះ អញនឹងសំរេចទោសដល់គេ 13មើល អ្នកនោះនឹងឡើងមកដូចជាពពក ហើយរទេះចំបាំងរបស់គេ នឹងដូចជាខ្យល់កួច ឯសេះរបស់គេក៏លឿនជាងសត្វឥន្ទ្រី វរហើយយើង ដ្បិតយើងត្រូវវិនាសហើយ 14ឱក្រុងយេរូសាឡិមអើយ ចូរលាងចិត្តឯងឲ្យជ្រះចេញពីសេចក្ដីទុច្ចរិតចុះ ដើម្បីឲ្យឯងបានសង្គ្រោះ តើគំនិតអាក្រក់នឹងចេះតែនៅជាប់ក្នុងចិត្តខ្លួនដល់កាលណាទៀត 15ដ្បិតមានសំឡេង១បន្លឺចេញពីស្រុកដាន់ ក៏ចេញពីស្រុកភ្នំអេប្រាអិមមកប្រកាសពីការអាក្រក់ 16ចូរដំណាលប្រាប់ដល់អស់ទាំងសាសន៍ឲ្យដឹង នែ ចូរប្រកាសប្រាប់ទាស់នឹងក្រុងយេរូសាឡិមថា មានពួកទ័ពកំពុងតែមកពីស្រុកឆ្ងាយ ដើម្បីឡោមព័ទ្ធឯង គេស្រែកទាស់នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន 17គេនៅព័ទ្ធជុំវិញទីក្រុង ដូចជាពួករក្សាចំការ ពីព្រោះពួកក្រុងបានបះបោរនឹងអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 18គឺជាផ្លូវដែលឯងប្រព្រឹត្ត នឹងអំពើរបស់ឯង ដែលបាននាំការទាំងនេះមកលើឯង នេះគឺជាសំណងនៃអំពើទុច្ចរិតរបស់ឯង ពិតប្រាកដជាជូរចត់ណាស់ ពីព្រោះការនេះលូកមកប៉ះពាល់ដល់ចិត្តឯងហើយ។
19ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានសេចក្ដីឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតឱព្រលឹងអញអើយ ឯងបានឮសូរត្រែ ជាសូរអឺងកងនៃចំបាំងហើយ 20គេស្រែកតឿនគ្នាឲ្យបំផ្លាញខ្ជាន់លើការបំផ្លាញ ពីព្រោះស្រុកទាំងមូលត្រូវខូចអស់ហើយ ទីអាស្រ័យនៅរបស់ខ្ញុំស្រាប់តែខូចបង់ភ្លាម ហើយត្រសាលរបស់ខ្ញុំជា១រំពេចដែរ 21តើត្រូវឲ្យខ្ញុំមើលឃើញទង់ជ័យ ហើយឮសូរត្រែដល់កាលណាទៀត 22ពិតប្រាកដជារាស្ត្ររបស់អញគេល្ងីល្ងើ គេមិនស្គាល់អញសោះ គេសុទ្ធតែជាកូនវង្វេងវង្វាន់ ឥតមានយោបល់ឡើយ គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់ តែគ្មានចំណេះខាងឯការល្អសោះ។
23ខ្ញុំបានពិចារណាមើលផែនដី ឃើញថាខូច ហើយនៅទទេ រួចមើលទៅលើមេឃ នោះក៏ឥតមានពន្លឺដែរ 24ខ្ញុំក្រឡេកមើលទៅភ្នំធំ ឃើញថាញ័រទាំងអស់ ហើយភ្នំតូចទាំងប៉ុន្មានក៏កក្រើករញ្ជួយ 25ខ្ញុំក៏ពិចារណាមើលឃើញថា គ្មានមនុស្សណាទៀតសោះ អស់ទាំងសត្វហើរលើអាកាសបានហើរទៅបាត់ហើយ 26រួចខ្ញុំក៏មើលទៅឃើញដីដុះដាល បានត្រឡប់ជាវាលស្ងាត់ ហើយអស់ទាំងទីក្រុងក៏ត្រូវរលំចុះ នៅចំពោះព្រះយេហូវ៉ា ហើយចំពោះសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់។
27ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ស្រុកទាំងមូលនឹងត្រូវខូចបង់ ប៉ុន្តែអញមិនបំផ្លាញអស់រលីងទេ 28ដោយហេតុការទាំងនេះ ផែនដីនឹងយំសោក ហើយមេឃខាងលើនឹងទៅជាខ្មៅ ពីព្រោះអញបានចេញវាចា អញបានគិតសំរេចការនេះហើយ អញនឹងមិនប្រែចិត្ត ឬបែរចេញពីការនេះឡើយ។
29បណ្តាមនុស្សនៅទីក្រុងទាំងប៉ុន្មានរត់ទៅដោយព្រោះសូរពលសេះ នឹងពលធ្នូ គេចូលទៅក្នុងទីស្តុកនៅព្រៃ ហើយឡើងទៅលើថ្មដា ទីក្រុងទាំងឡាយត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ 30ឯឯង កាលណាឯងបានត្រូវខូចបង់ហើយ នោះតើឯងនឹងធ្វើដូចម្តេច ទោះបើឯងស្លៀកពាក់ពណ៌ក្រហម ហើយតែងខ្លួនដោយគ្រឿងមាស ព្រមទាំងផាត់រង្វង់ភ្នែកឯង ដោយថ្នាំផងក៏ដោយ គង់តែឯងនឹងខំធ្វើខ្លួនឲ្យល្អមើលជាឥតប្រយោជន៍ទទេ ពួកសហាយរបស់ឯង គេស្អប់ខ្ពើមឯងហើយ ក៏រកជីវិតឯងផង 31ពីព្រោះខ្ញុំបានឮសំឡេង១ ដូចជាសំឡេងរបស់ស្រី ដែលឈឺនឹងសំរាលកូន ជាសេចក្ដីព្រួយបារម្ភរបស់ស្រី ដែលសំរាលកូនជាដំបូង គឺជាសំឡេងនៃកូនស្រីស៊ីយ៉ូន ដែលដកដង្ហើមថ្ងូរ ហើយស្រងាកដៃ ដោយថា វរហើយខ្ញុំ ដ្បិតព្រលឹងខ្ញុំល្វើយណាស់ នៅចំពោះពួកកាប់សំឡាប់នេះ។
Currently Selected:
យេរេមា 4: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.