YouVersion Logo
Search Icon

១ ពេត្រុស 2

2
ថ្ម​រស់ និង​ប្រជា‌រាស្ដ្រ​ដែល​ព្រះ​បាន​ជ្រើស‌រើស
1ដូច្នេះ ចូរ​លះ​បង់​អស់​ទាំង​ការ​អាក្រក់ កិច្ច‌កល ពុត​ត្បុត ចិត្ត​ច្រណែន និង​ពាក្យ​និយាយ​ដើម​គេ​ទាំង​ប៉ុន្មាន​ចេញ​ទៅ។ 2ត្រូវ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ​ខាង​វិញ្ញាណ​វិញ ដូច​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​ឡើង​ដល់​ការ​សង្គ្រោះ 3ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ភ្លក់​ឲ្យ​ដឹង​ថា ព្រះ‌អម្ចាស់​ទ្រង់​ល្អ​មែន ។
4ចូរ​អ្នក​រាល់​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះ‌បង់​ចោល តែ​ព្រះ​បាន​ជ្រើស​រើស ហើយ​រាប់​ជា​មាន​តម្លៃ​វិសេស​វិញ 5អ្នក​រាល់​គ្នា​ត្រូវ​បាន​សង់​ឡើង​ជា​ផ្ទះ​ខាង​វិញ្ញាណ ដូច​ជា​ថ្ម​រស់ ឲ្យ​បាន​ធ្វើ​ជា​ពួក​សង្ឃ​បរិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ​បូជា​ខាង​វិញ្ញាណ ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ 6ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ «មើល៍! យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ជ្រុង​ដែល​បាន​ជ្រើស​រើស ហើយ​មាន​តម្លៃ​វិសេស អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌អង្គ នោះ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ» ។ 7ដូច្នេះ ដែល​ព្រះ‌អង្គ​មាន​តម្លៃ​វិសេស នោះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ជឿ តែ​សម្រាប់​ពួក​អ្នក​មិន​ជឿ​វិញ នោះ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» 8ហើយ «ជា​ថ្ម​ជំពប់ និង​ជា​ថ្ម​ដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» ។ គេ​ជំពប់​ដួល ព្រោះ​គេ​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល ដូច​ដែល​ព្រះ​បាន​តម្រូវ​ទុក។
9ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ 10ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​ទេ តែ​ឥឡូវ​នេះ ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​វិញ។ ពី​ដើម​មិន​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ហើយ។
របៀប​រស់​នៅ​ជា​អ្នក​បម្រើ​របស់​ព្រះ
11ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​អ្នក​ប្រទេស​ក្រៅ និង​ដូច​ជា​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ថា ចូរ​ចៀស​ពី​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ប្រឆាំង​នឹង​ព្រលឹង​នោះ​ចេញ។ 12ត្រូវ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​នៅ​ក្នុង​ចំណោម​ពួ​ក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា​ដែល​គេ​និយាយ​ដើម​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​គេ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​លើក​តម្កើង​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក។
13ចូរ​ចុះ​ចូល​គ្រប់​ទាំង​ច្បាប់​របស់​មនុស្ស ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ទោះបើ​ត្រូវចុះ​ចំពោះ​ស្តេច ក្នុង​ឋានៈ​ជា​អ្នក​ធំ​ជាង​គេ 14ឬចំ​ពោះលោក​ទេសា‌ភិបាល ក្នុង​នាម​ជា​អ្នក​ដែល​ស្តេច​បាន​ចាត់​ឲ្យ​ទៅធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ត្រឹម​ត្រូវ។ 15ដ្បិត​ការ​ដែល​អ្នក​រាល់​គ្នា​បំបាត់​ពាក្យ​សម្ដី​ចម្កួត​របស់​មនុស្ស​ខ្លៅ​ល្ងង់ ដោយ​សារ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ 16ត្រូវ​រស់​នៅ​ដូច​ជា​មនុស្ស​មាន​សេរី‌ភាព តែ​មិន​ត្រូវ​ប្រើ​សេរី‌ភាព​របស់​អ្នក​រាល់​គ្នា ដើម្បី​បិទ​បាំង​អំពើ​អាក្រក់​ឡើយ ត្រូវ​រស់​នៅ​ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ​វិញ។ 17ចូរ​គោរព​មនុស្ស​គ្រប់​គ្នា ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​កោត​ខ្លាច​ព្រះ ហើយ​គោរព​ស្តេច​ផង។
គំរូ​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ
18ពួក​អ្នក​បម្រើ​អើយ ចូរ​ចុះ​ចូល​នឹង​ចៅ‌ហ្វាយ​របស់​ខ្លួន ដោយ​កោត​ខ្លាច​គ្រប់​យ៉ាង មិន​មែន​តែ​ចៅ‌ហ្វាយ​ណា​ដែលល្អ ហើយ​ស្លូត​បូត​ប៉ុណ្ណោះ​ទេ គឺ​ដល់​ចៅ‌ហ្វាយ​ដែល​កាច​ផង​ដែរ។ 19ដ្បិត​បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំរង​ទុក្ខ​លំបាក ហើយ​ឈឺ​ចាប់​ដោយ​អំពើ​អយុត្តិ​ធម៌ ព្រោះ​យល់​ដល់​ព្រះ នោះ​គួរ​សរសើរ​ហើយ។ 20ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​ព្រោះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​តើ​មាន​កិត្តិ‌យស​អ្វី? តែ​បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ ហើយ​ស៊ូ​ទ្រាំ​ដោយ​ព្រោះ​ការ​នោះ​វិញ នោះ​ទើប​ជា​ការ​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ។ 21ដ្បិត​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​សម្រាប់​ការ​នេះ​ឯង ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​សម្រាប់​អ្នក​រាល់​គ្នា​ដែរ ទាំង​ទុក​តម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​តាម​លម្អាន​របស់​ព្រះ‌អង្គ។ 22ព្រះ‌អង្គ​មិន​បាន​ធ្វើ​បាប​សោះ ក៏​មិន​ឃើញ​មាន​កិច្ច‌កល​នៅ​ក្នុង​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ 23កាល​គេ​បាន​ជេរ​ប្រមាថ​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ជេរ​តប​វិញ​ទេ ពេល​ព្រះ‌អង្គ​រង​ទុក្ខ ព្រះ‌អង្គ​ក៏​មិន​បាន​គំរាម​កំហែង​គេ​ដែរ គឺ​បាន​ប្រគល់​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិត​វិញ។ 24ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។ 25ដ្បិត​ពី​ដើម​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ​បាន​ត្រឡប់​មក​រក​គង្វាល និង​អ្នក​ថែរក្សា​ព្រលឹង​អ្នក​រាល់​គ្នា​វិញ​ហើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ១ ពេត្រុស 2