YouVersion Logo
Search Icon

២ កូរិនថូស 1

1
សេចក្ដី​ផ្ដើម
1ប៉ុល ជា​សាវក​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង សូម​ជម្រាប​មក​ក្រុម​ជំនុំ​របស់​ព្រះ ដែល​នៅ​ក្រុង​កូរិន‌ថូស ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់ ដែល​នៅ​ស្រុក​អាខៃ​ទាំង​មូល។ 2សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ‌សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។
ការ​អរ​ព្រះ​គុណ​របស់​លោក​ប៉ុល​ក្រោយ​ពី​ជួប​ទុក្ខ​វេទនា
3សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្ដា​ករុណា ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​គ្រប់​យ៉ាង 4ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​ក្នុង​គ្រប់​ទាំង​ទុក្ខ​វេទនា​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ត​ចិត្ត​អស់​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​វេទនា ដោយ​សារ​ការ​កម្សាន្ត​ចិត្ត​ដែល​ខ្លួន​យើង​ផ្ទាល់​បាន​ទទួល​ពី​ព្រះ។ 5ដ្បិត​ដូច​ដែល​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ បាន​ចម្រើន​ឡើង​ដល់​យើង​យ៉ាង​ណា នោះ​ការ​កម្សាន្ត​ចិត្ត​របស់​យើង ក៏​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ។ 6ដូច្នេះ បើ​យើង​ខ្ញុំ​ត្រូវ​រង​ទុក្ខ​វេទនា នោះ​គឺ​សម្រាប់​ជា​ការ​កម្សាន្ត​ចិត្ត និង​ការ​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា។ បើ​យើង​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត គឺ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​កម្សាន្ត​ចិត្ត ពេល​អ្នក​រាល់​គ្នា​ទ្រាំ‌ទ្រ​យ៉ាង​អត់‌ធ្មត់​នឹង​ទុក្ខ​លំបាក​ផ្សេងៗ ដែល​យើង​ក៏​មាន​ទុក្ខ​លំបាក​ដូច​គ្នា។ 7យើង​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ទុក្ខ​លំបាក​ជាមួយ​យើង​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​រួម​ចំណែក​ក្នុង​ការ​កម្សាន្ត​ចិត្ត​ជាមួយ​យើង​យ៉ាង​នោះដែរ។ 8ដ្បិត​បង‌ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់ ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​ថា យើង​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ​លែង ហួស​ពី​កម្លាំង​របស់​យើង​ទៅ​ទៀត រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​នៅ​រស់​ទៀត​ផង។ 9យើង​ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា យើង​ខ្ញុំ​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​នោះ​វិញ។ 10ព្រះ‌អង្គ​ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ស្លាប់​យ៉ាង​សម្បើម​នោះ ទ្រង់​នឹង​នៅ​តែ​រំដោះ​យើង​តទៅ​ទៀត។ យើង​សង្ឃឹម​លើ​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន 11ដោយ​អ្នក​រាល់​គ្នា​ក៏​ចូល​រួម​ជួយ​យើង​ដោយ​ការ​អធិស្ឋាន​ដែរ។ ហេតុ​នោះ មនុស្ស​ជា​ច្រើន​នឹង​អរ​ព្រះ‌គុណ​ជំនួស​យើង ដោយ​ព្រោះ​អំណោយ​ទាន​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង តាម​រយៈ​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន។
ការ​ពន្យា​ពេល​ធ្វើ​ដំណើរ​របស់​លោក​ប៉ុល
12ដ្បិត​អំនួត​របស់​យើង ជា​បន្ទាល់​ចេញ​ពី​មន‌សិការ​របស់​យើង បញ្ជាក់​ថា យើង​បាន​ប្រព្រឹត្ត​នៅ​ក្នុង​លោកីយ៍​នេះ ហើយ​ជា​ពិសេស​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​របស់​ព្រះ​វិញ។ 13ដ្បិត​យើង​មិន​សរសេរ​សេចក្តី​ណា​ផ្សេង ក្រៅ​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​អាច​អាន និង​អាច​យល់​បាន​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​សព្វ​គ្រប់ រហូត​ដល់​ចុង​បញ្ចប់​មិន​ខាន 14ដូច​អ្នក​រាល់​គ្នា​បាន​យល់​ខ្លះ​ហើយ​ថា នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ យើង​ជាទី​អំនួត​របស់​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ក៏​ជា​ទី​អំនួត​របស់​យើង​ដែរ។
15ដោយ​ព្រោះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​នឹង​ការ​នេះ​ហើយ បាន​ជា​ខ្ញុំ​ចង់​មក​ជួប​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គុណ​ទ្វេ​ដង។ 16ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន ហើយ​ត្រឡប់​ពី​ស្រុក​ម៉ា‌សេ‌ដូន មក​រក​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ខ្ញុំ​បន្ត​ទៅ​ស្រុក​យូដា។ 17ពេល​ខ្ញុំ​សម្រេច​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​មាន​ចិត្ត​សាវា​ឬ? ឬ​មួយ​គម្រោង​ការ​របស់​ខ្ញុំ​សម្រេច​តាម​សាច់​ឈាម បាន​ជា​ខ្ញុំ​និយាយ​ថា «បាទៗ» និង «ទេៗ» ក្នុង​ពេល​តែ​មួយ​ដូច្នេះ? 18ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ពាក្យ​សម្ដី​របស់​យើង​មក​កាន់​អ្នក​រាល់​គ្នា មិន​មែន «បាទ» ផង «ទេ» ផង​នោះ​ឡើយ។ 19ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​យើង​បាន​ប្រកាស​ពី​ព្រះ‌អង្គ គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីល‌វ៉ាន ទាំង​ធីម៉ូថេ បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មិន​មែន «បាទ» ផង «ទេ» ផង​នោះ​ឡើយ នៅ​ក្នុង​ព្រះ‌អង្គ មាន​តែ «បាទ» ប៉ុណ្ណោះ។ 20ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ គ្រប់​ទាំង​សេចក្តី​សន្យា​របស់​ព្រះ សុទ្ធ​តែ «បាទ» ទាំង‌អស់។ ហេតុ​នេះ​ហើយ​បាន​ជា​តាម​រយៈ​ព្រះ‌អង្គ យើង​ពោល​ថា «អាម៉ែន» សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ។ 21គឺ​ព្រះ​ហើយ​ដែល​តាំង​យើង​ឲ្យ​ខ្ជាប់‌ខ្ជួន​ជា​មួយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ ហើយ​ដែល​បាន​ចាក់​ប្រេង​តាំង លើ​យើង 22ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​យើង ហើយ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ក្នុង​ចិត្ត​យើង ទុក​ជា​របស់​បញ្ចាំ​ចិត្ត។
23ខ្ញុំ​សូម​យក​ព្រះ​ជា​សាក្សី​ពី​ចិត្ត​ខ្ញុំ​ថា ដែល​ខ្ញុំ​មិន​ទាន់​មក​ក្រុង​កូរិន‌ថូស​ទៀត គឺ​ដោយ​ប្រណី​ដល់​អ្នក​រាល់​គ្នា 24មិន​មែន​មាន​ន័យ​ថា យើង​ធ្វើ​ជា​ម្ចាស់​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ឡើយ គឺ​យើង​ជា​អ្នក​រួមការ​ងារ​ជាមួយ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឈរ​មាំ​ក្នុង​ជំនឿ​ហើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in