YouVersion Logo
Search Icon

២ ថែស្សាឡូនីច 3

3
សំណូម​ពរ​សុំ​ការ​អធិស្ឋាន
1ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​តម្កើង​ឡើង ដូច​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ 2ហើយ​ឲ្យ​យើ​ង​បាន​រួច​ពី​មនុស្ស​ពាល និង​ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​ជំនឿ​ទេ។ 3ប៉ុន្ដែ ព្រះ‌អម្ចាស់​ទ្រង់​ស្មោះ​ត្រង់ ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ហើយ​ការពារ​អ្នក​រាល់​គ្នា​ពី​មេ​កំណាច។ 4យើង​មាន​ចិត្ត​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់អំពី​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​ក៏​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​យើង​បង្គាប់​តទៅ​មុខ​ទៀត​ដែរ។ 5សូម​ព្រះ‌អម្ចាស់​តម្រង់​ចិត្ត​អ្នក​រាល់​គ្នា ទៅ​រក​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ព្រះ‌គ្រីស្ទ​កុំ​បីខាន។
ពាក្យ​ទូន្មាន​កុំ​ឲ្យ​ខ្ជិល​ច្រអូស
6ឥឡូវ​នេះ បង‌ប្អូន​អើយ យើង​សូម​បង្គាប់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង‌ប្អូន​ណាដែល​រស់​នៅ​ដោយ​ខ្ជិល​ច្រអូស ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដែល​គេ​បាន​ទទួល​ពី​យើង។ 7ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​គួរ​យក​តម្រាប់​តាម​យើង​បែប​ណា ព្រោះ​យើង​មិន​បាន​ខ្ជិល​ច្រអូស​ឡើយ កាល​យើង​នៅ​ជាមួយ​អ្នក​រាល់​គ្នា 8ក៏​មិន​បាន​ទទួល​ទាន​អាហារ​របស់​អ្នក​ណា​ដោយ​មិន​បាន​បង់ថ្លៃ​ដែរ គឺ​យើង​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​នឹង​យើង។ 9នេះ​មិន​មែន​ដោយ​ព្រោះ​យើង​គ្មាន​សិទ្ធិ​នោះ​ទេ គឺ​យើង​ចង់​ធ្វើ​គំរូ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យក​តម្រាប់​តាម។ 10កាល​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​មិន​ព្រម​ធ្វើ​ការ មិន​ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​ឡើយ។ 11ដ្បិត​យើង​ឮ​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា រស់​នៅ​ដោយ​ខ្ជិល​ច្រអូល មិន​រវី​រវល់​នឹង​ធ្វើ​ការ​អ្វី​សោះ គឺ​រវល់​តែ​នឹង​ការ​ឥត​ប្រយោជន៍។ 12ដូច្នេះ យើង​បង្គាប់ ហើយ​ដាស់​តឿន​មនុស្ស​បែប​នោះ ក្នុងព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ឲ្យ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ដោយ​ស្រគត់​ស្រគំ ហើយ​បរិ‌ភោគ​អាហារ​ពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួនទៅ។ 13បង‌ប្អូន​អើយ កុំ​រសាយ​ចិត្ត​នឹងប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។
14ប្រសិន‌បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​ដែល​យើង​និយាយ​ក្នុង​សំបុត្រ​នេះ​ទេ សូម​ចំណាំ​មើល​អ្នក​នោះ ហើយ​កុំ​ភប់​ប្រសព្វ​ជាមួយ ដើម្បី​ឲ្យ​អ្នក​នោះ​មាន​សេចក្ដី​ខ្មាស។ 15ប៉ុន្ដែ មិន​ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​ខ្មាំង​សត្រូវ​ឡើយ គឺ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​បង‌ប្អូន​វិញ។
ពាក្យ​ជម្រាប​សួរ និង​ពាក្យ​ប្រសិទ្ធ​ពរ​ចុង​ក្រោយ
16សូម​ព្រះ‌អម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត ប្រទាន​សេចក្ដី​សុខ​សាន្ត​គ្រប់​ប្រការ ដល់​អ្នក​រាល់​គ្នា​គ្រប់​ពេល​វេលា។ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា។
17ខ្ញុំ ប៉ុល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​កំណត់​សម្គាល់​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ ជា​របៀប​ដែល​ខ្ញុំ​សរសេរ។ 18សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in