YouVersion Logo
Search Icon

កិច្ចការ 26

26
លោក​ប៉ុល​ឆ្លើយ​ការ‌ពារ​ខ្លួន​នៅ​មុខ​ព្រះ‌បាទ​អ័គ្រី‌ប៉ា
1ព្រះ‌បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ុល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការ​ពារ​ខ្លួន​បាន»។ ពេល​នោះ លោក​ប៉ុល​ក៏​លាត​ដៃ​ឡើង ហើយ​មាន​ប្រសាសន៍​ការពារ​ខ្លួន​ថា៖
2«បពិត្រ​ព្រះ‌ករុណា​អ័គ្រី‌ប៉ា នៅ​ថ្ងៃ​នេះ ទូល​បង្គំ​រាប់​ថា​ជា​សំណាង​ណាស់ ដោយ​មាន​សិទ្ធិ​ឆ្លើយ​ការ​ពារ​ខ្លួន​នៅ​ចំពោះ​ព្រះ​ករុណា អំពី​អស់​ទាំង​ការ​ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​ទូល​បង្គំ 3ព្រោះ​ព្រះ​ករុណា​ជ្រាប​ហើយ​ពីទំនៀម​ទម្លាប់ និង​ការ​ជជែក​វែក​ញែក​របស់​សាសន៍​យូដា។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ព្រះ‌សណ្តាប់​ទូល​បង្គំ ដោយ​អនុគ្រោះ​ផង។
4សាសន៍​យូដា​ទាំង​អស់​ស្គាល់​ដំណើរជីវិត​ទូល​បង្គំតាំង​ពី​ក្មេង គឺ​ទូល​បង្គំ​បាន​នៅ​រស់​នៅ​ក្នុង​ចំណោម​សាសន៍​របស់​ទូល​បង្គំ និង​នៅ​ក្រុង​យេរូ‌សាឡិម​តាំង​ពីដំបូង។ 5ពួក​គេ​បាន​ស្គាល់​ទូល​បង្គំ​យូរ​មក​ហើយ ប្រសិន​គេ​ព្រម​ធ្វើ​បន្ទាល់ គេអាច​ធ្វើ​បាន​ថា ទូល​បង្គំ​បាន​រស់​នៅ​ក្នុង​ពួក​ផារិស៊ី ស្រប​តាមគណៈ​មួយ​តឹង​រ៉ឹង​ជាង​គេ​នៅ​ក្នុង​សាសន៍​ទូល​បង្គំ 6ហើយ​ឥឡូវ ទូល​បង្គំ​ជាប់​ជំនុំ‌ជម្រះ​នេះ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ទូល​បង្គំ​ចំពោះ​សេចក្ដី​សន្យា ដែល​ព្រះ​បាន​តាំង​ជាមួយ​បុព្វ‌បុរស​រប​ស់​យើង 7កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​យើង ខំ​ប្រឹង​គោរព​ប្រតិបត្តិ​តាម​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សង្ឃឹមថា​នឹង​ទទួល​បាន។ បពិត្រ​ព្រះ‌រាជា គឺ​ដោយ​ព្រោះ​សេចក្តី​សង្ឃឹម​នេះ​ហើយ បាន​ជា​ពួក​សាសន៍​យូដា​ចោទ​ប្រកាន់​ទូល​បង្គំ។ 8ហេតុ​អ្វី​បាន​ជា​អស់​លោក​យល់​ថា ការដែល​ព្រះ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ជា​ការ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ?
9ទូល​បង្គំ​ផ្ទាល់​ធ្លាប់​គិត​ថា ទូល​បង្គំ​ត្រូវ​តែ​ខំ​ប្រឹង​ជា​ច្រើនទាស់​ប្រឆាំង​នឹង​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត 10ហើយ​ទូល​បង្គំ​បាន​ធ្វើ​ការ​ទាំង​នោះ​នៅ​ក្រុង​យេរូ‌សាឡិម ទាំង​បាន​ចាប់​ពួក​បរិសុទ្ធ​ជា​ច្រើន​យក​ទៅ​ដាក់​គុក ដោយ​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ ហើយ​កាល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូល​បង្គំ​ក៏​យល់​ព្រម​ដែរ។ 11ទូល​បង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញាប់ នៅ​អស់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះ ហើយ​ដោយ​ព្រោះ​ទូល​បង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុលទាស់​នឹង​គេ ទូល​បង្គំ​ក៏​បៀត​បៀន​គេ រហូត​ដល់​ក្រុង​នានា​របស់​សាសន៍​ដទៃ​ទៀត​ផង»។
លោក​ប៉ុល​រៀបរាប់​ពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក
12«ក្នុង​គោល​បំណង​នេះ ទូល​បង្គំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ពួក​សង្គ្រាជ។ 13បពិត្រ​ព្រះ‌ករុណា នៅ​ពេល​ថ្ងៃ​ត្រង់ កាល​កំពុងធ្វើ​ដំណើរ ទូល​បង្គំ​ឃើញ​ពន្លឺ​មួយភ្លឺ​ជាង​ថ្ងៃ ចាំង​ពី​លើ​មេឃ​មក​ជុំ​វិញ​ទូល​បង្គំ និង​អស់​អ្នក​ដែល​រួម​ដំណើរ​ជា‌មួយ​ទូល​បង្គំ។ 14កាល​យើង​ទាំង​អស់​គ្នា​ដួល​ទៅ​លើ​ដី ទូល​បង្គំ​បាន​ឮ​សំឡេង​មួយ ពោល​មក​កាន់​ទូល​បង្គំជា​ភាសា​ហេព្រើរ​ថា៖ "សុលអើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ? ដ្បិត​ដែល​អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់"។ 15ទូល​បង្គំ​ទូល​សួរ​ថា "ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ជានរណា?"។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា "ខ្ញុំ​ជា​យេស៊ូវ ដែល​អ្នកកំពុង​បៀត​បៀន 16ចូរ​ក្រោក​ឈរ​ឡើង ដ្បិត​ខ្ញុំ​បាន​លេច​ឲ្យ​អ្នក​ឃើញសម្រាប់​គោលបំណង​នេះឯង គឺ​ដើម្បី​តាំង​អ្នកឲ្យ​បម្រើ ហើយធ្វើ​បន្ទាល់អំពី​អស់​ទាំង​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ខ្ញុំ និងអំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​ខាង​មុខ 17ដោយ​ញែក​អ្នក​ចេញ​ពី​សាសន៍​របស់​អ្នក និង​ពី​ពួក​សាសន៍​ដទៃ ដែល​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ 18ដើម្បី​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្តី​ងងឹត មក​រក​ពន្លឺ និង​ពី​អំណាច​របស់​អារក្ស‌សាតាំង បែរ​មក​រក​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មត៌ករួម​ជា‌មួយ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារមាន​ជំនឿ​ដល់​ខ្ញុំ"។
លោកប៉ុល​រៀប​រាប់​ប្រាប់​អំពី​ការ​ប្រកាស​របស់​លោក
19ដូច្នេះ បពិត្រ​ព្រះ‌ករុណា​អ័គ្រី‌ប៉ា ទូល​បង្គំ​មិន​បាន​ចចេស​នឹង​និមិត្ត​ពី​ស្ថាន‌សួគ៌​នោះ​ទេ 20គឺ​ទូល​បង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​មុន​គេ បន្ទាប់មក នៅ​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​ទាំង​មូល ហើយ​ដល់​សាសន៍​ដទៃ​ដែរ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក​រក​ព្រះ ទាំង​ប្រព្រឹត្ត​អំពើដែល​បង្ហាញ​ពី​ការ​ប្រែ​ចិត្ត​ផង។ 21ហេតុ​នេះហើយ​បាន​ជា​សាសន៍​យូដាចាប់​ទូល​បង្គំ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ព្យាយាម​សម្លាប់​ទូល​បង្គំ។ 22ព្រះ​បាន​ជួយ​ទូល​បង្គំរហូត​មក​ដល់​ថ្ងៃ​នេះ ដូច្នេះ​ហើយ​បាន​ជា​ទូល​បង្គំ​ឈរ​នៅ​ទីនេះ ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ដោយ​មិន​និយាយ​អ្វីក្រៅ​តែ​ពី​សេចក្តី​ដែល​ពួក​ហោរា និង​លោក​ម៉ូសេ​បាន​ថ្លែង​ថា​នឹង​ត្រូវ​កើត​មក​នោះ​ឡើយ 23គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ ហើយ​ថា ដោយ​សារ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ ព្រះ‌អង្គ​នឹង​ប្រកាស​ប្រាប់​អំពី​ពន្លឺ​ដល់​ប្រជាជន​របស់​យើង និង​ដល់​សាសន៍​ដទៃ»។
លោក​ប៉ុល​ទទូច​ឲ្យ​ព្រះបាទ​អ័‌គ្រីប៉ា​ជឿ​ដំណឹង​ល្អ
24កាល​លោក​ប៉ុលកំពុង​មាន​ប្រសាសន៍​ការ​ពារ​ខ្លួន លោក​ភេ‌ស្ទុស​ក៏​ឡើង​សំឡេង​កាត់​ថា៖ «ប៉ុល​អើយ អ្នក​វង្វេង​ស្មារតីហើយ អ្នក​រៀន​ជា​ច្រើន​ពេកបាន​ជា​អ្នក​វង្វេង​ស្មារតី​ដូច្នេះ!» 25ប៉ុន្ដែ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «សូម​គោរព​ឯក​ឧត្តម​ភេ‌ស្ទុស ខ្ញុំ​បាទ​មិន​មែនវង្វេង​ស្មារតី​ទេ ខ្ញុំ​បាទ​និយាយ​តែ​ពាក្យ​ពិត ហើយ​ត្រឹម​ត្រូវ។ 26ដ្បិត​ព្រះ‌រាជា​ជ្រាបអំពីហេតុ‌ការណ៍​ទាំង​នេះ​ហើយ ខ្ញុំ​បាទ​ទូល​ស្ដេច​ដោយ​ក្លា‌ហាន ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ក្នុង​ចំណោម​ការ​ទាំង​នេះ គ្មាន​អ្វី​មួយ​លាក់​កំបាំង​នឹង​ស្ដេច​ទេ ដ្បិត​ហេតុ‌ការណ៍​នេះ​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​មួយ​ណា​ឡើយ។ 27បពិត្រ​ព្រះ‌ករុណា​អ័គ្រី‌ប៉ា តើ​ព្រះ‌អង្គ​ជឿ​ទំនាយ​របស់​ពួក​ហោរា​ឬ​ទេ? ទូល​បង្គំ​ដឹង​ថា​ព្រះ‌អង្គ​ជឿ!»។ 28ព្រះ​បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ុល​ថា៖ «តើ​អ្នក​កំពុង​តែ​បញ្ចុះ​បញ្ចូល​យើង ឲ្យ​ត្រឡប់​ជា​គ្រីស្ទ​បរិស័ទរហ័ស​យ៉ាង​នេះ​ឬ?» 29លោក​ប៉ុល​ទូល​ថា៖ «ទូល​បង្គំ​សូម​ដល់​ព្រះ មិន​ត្រឹម​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះទេ គឺ​អស់​អ្នក​ដែល​ស្តាប់​ទូល​បង្គំ​នៅ​ថ្ងៃ​នេះ​ថែម​ទៀត​ផង ទោះ​បើ​នៅ​តែ​បន្តិច​ទៀត ឬ​យូរ​ទៅ​ទៀត​ក្តី ដើម្បី​ឲ្យ​បាន​ដូច​ទូល​បង្គំដែរ លើក​លែង​តែ​ចំណង​នេះ​ចេញ»។
30បន្ទាប់​មក ស្ដេច លោក​ទេសា‌ភិបាល និង​ព្រះ‌នាង​បេរេ‌នីស ព្រម​ទាំង​អស់​អ្នក​ដែល​អង្គុយ​ជា‌មួយ ក៏​ក្រោក​ឡើង។ 31កាល​អ្នក​ទាំង​អស់ថយ​ចេញ​ទៅ គេ​ក៏​ពិភាក្សា​គ្នា​ថា៖ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​ដែល​សម​នឹង​ស្លាប់ ឬដាក់​គុក​ឡើយ»។ 32ព្រះ​បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ភេ‌ស្ទុស​ថា៖ «យើង​អាច​ដោះ​លែង​បុរស​នេះ​បាន ប្រសិន‌បើ​គាត់​មិន​បាន​សូម​រើ​ក្តី​ទៅ​សេ‌សារ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for កិច្ចការ 26