និក្ខមនំ ពាក្យលំនាំ
ពាក្យលំនាំ
ក្នុងកណ្ឌគម្ពីរ «និក្ខមនំ» មានរៀបរាប់អំពីព្រះរំដោះកូនចៅអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបង្ហាញឲ្យពួកគេស្គាល់ព្រះអង្គ ដោយរំដោះពួកគេពីទាសភាពនៅស្រុកអេស៊ីព្ទ «យើងជាយេហូវ៉ា ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ» (នក. ២០.២)។ បញ្ញត្តិទាំងដប់ប្រការក៏ជាគ្រឹះនៃសេរីភាពថ្មីនេះដែរ គឺព្រះដែលមានព្រះហឫទ័យមេត្តាករុណារំដោះសាសន៍យូដា ព្រះអង្គសព្វព្រះហឫទ័យឲ្យពួកគេបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះអង្គ ដោយប្រព្រឹត្តតាមបញ្ញត្តិទាំងនេះ។ ក្នុងកណ្ឌគម្ពីរ «និក្ខមនំ» មានរៀបរាប់អំពីព្រឹត្តិការណ៍ដូចតទៅ៖
• កូនចៅអ៊ីស្រាអែលដែលភៀសខ្លួនទៅនៅស្រុកអេស៊ីព្ទបានកើនចំនួនឡើង ប៉ុន្តែ ពួកគេក្លាយទៅជាទាសកររបស់ម្ចាស់ស្រុក។ ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេ និងចាត់លោកឲ្យទៅរំដោះកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ (១.១-១៥.២១)។
• ព្រះនាំអ៊ីស្រាអែលឆ្លងកាត់ទីរហោស្ថាន រហូតដល់ភ្នំស៊ីណាយ (១៥.២២-១៨.២៧)។
• ព្រះតាំងសញ្ញាជាមួយកូនចៅអ៊ីស្រាអែល (១៩.១-២៤.១៨) គឺព្រះអង្គទទួលពួកគេធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ហើយពួកគេក៏ប្ដេជ្ញាចិត្តគោរពបម្រើព្រះអង្គ ទុកជាព្រះរបស់ពួកគេ ដោយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ។
• ព្រះប្រទានបទបញ្ជាសម្រាប់សង់រោងឧបោសថ (២៥-៣១)។
• កូនចៅអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយគោរពថ្វាយបង្គំរូបកូនគោ ព្រះអង្គដាក់ទោសពួកគេ (៣២-៣៤)។
• កូនចៅអ៊ីស្រាអែលសង់រោងឧបោសថ (៣៥-៤០)។
ព្រឹត្តិការណ៍ទាំងនេះកើតមាននៅសតវត្សទីដប់បីមុនគ.ស. គឺក្នុងសម័យលោកម៉ូសេ។ តាំងពីជំនាន់នោះរហូតដល់សតវត្សទីដប់ អ្នកស្រុកតែងតំណាលពីព្រឹត្តិការណ៍ទាំងនេះប្រាប់កូនចៅតៗគ្នា។ ក្រោយមក កូនចៅអ៊ីស្រាអែលបានកត់ត្រាព្រឹត្តិការណ៍ទាំងនោះជាលាយលក្ខណ៍អក្សរបន្តបន្ទាប់គ្នា ដោយមានបំណងចង់អប់រំជំនឿដល់ប្រជាជនដែលរស់នៅក្នុងជំនាន់របស់ពួកគេរៀងៗខ្លួន។
សេចក្ដីដែលមានចែងក្នុងកណ្ឌ «និក្ខមនំ» នេះ ជួយអប់រំមនុស្សយើងឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើងៗ និងឲ្យស្គាល់គម្រោងការរបស់ព្រះអង្គដែរ គឺព្រះបានជ្រើសរើសប្រជារាស្ត្រមួយ ហើយណែនាំគេ ដើម្បីរៀបចំផ្លូវថ្វាយព្រះយេស៊ូវ ដែលយាងមកតាំងសញ្ញាថ្មី និងសង្គ្រោះមនុស្សលោកទាំងអស់។
Currently Selected:
និក្ខមនំ ពាក្យលំនាំ: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies