លោកុប្បត្តិ 43
43
បេនយ៉ាមីនទៅស្រុកអេស៊ីព្ទជាមួយបងៗ
1គ្រានោះ អំណត់នៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ 2កាលគេបរិភោគស្រូវដែលបានយកពីស្រុកអេស៊ីព្ទមកអស់ហើយ ឪពុកមានប្រសាសន៍ទៅពួកគេថា៖ «ចូរទៅទិញស្បៀងអាហារខ្លះមកទៀត»។ 3ប៉ុន្ដែ យូដាតបទៅឪពុកថា៖ «លោកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"។ 4ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបយើងខ្ញុំព្រមចុះទៅទិញស្បៀងអាហារយកមកជូន 5តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ យើងខ្ញុំនឹងមិនចុះទៅឡើយ ដ្បិតលោកនោះបានប្រាប់យើងខ្ញុំថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"»។ 6លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាពួកឯងប្រព្រឹត្តអាក្រក់នឹងពុកដល់ម៉្លេះ ដោយប្រាប់លោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?» 7ពួកគេឆ្លើយថា៖ «លោកនោះបានសាកសួរយើងខ្ញុំល្អិតល្អន់ណាស់ អំពីយើងខ្ញុំ និងញាតិសន្តានរបស់យើងថា "តើឪពុកឯងរាល់គ្នានៅរស់ទេឬ? តើមានប្អូនម្នាក់ទៀតឬទេ?" យើងខ្ញុំក៏បានរៀបរាប់ប្រាប់លោកតាមសំណួររបស់លោក។ ធ្វើដូចម្ដេចឲ្យពួកយើងដឹងបានថា លោកនោះនឹងប្រាប់ឲ្យយើងនាំប្អូនចុះទៅដូច្នេះ?»។ 8ពេលនោះ យូដាអង្វរលោកអ៊ីស្រាអែល ជាឪពុកថា៖ «សូមឲ្យអាពៅទៅជាមួយខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំខ្លួនចេញទៅ ដើម្បីឲ្យយើងខ្ញុំ ទាំងលោកឪពុក និងកូនចៅយើងខ្ញុំទាំងអស់គ្នាបានរស់ កុំឲ្យស្លាប់។ 9ខ្ញុំធានាចំពោះសុវត្ថិភាពរបស់វា សូមលោកឪពុកទារវាពីដៃខ្ញុំចុះ ប្រសិនបើខ្ញុំមិននាំវាមកជូនលោកឪពុក ហើយដាក់វាឲ្យនៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសរហូតចុះ។ 10ប្រសិនបើយើងមិនបានពន្យារពេលទេ ម៉្លេះសមពេលនេះ យើងខ្ញុំបានទៅមកពីរសារួចទៅហើយ»។
11លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ធ្វើយ៉ាងនេះទៅ ចូរយកផលយ៉ាងល្អៗពីស្រុកនេះ ដាក់ចូលក្នុងបាវរបស់ឯងរាល់គ្នា ទៅជូនលោកនោះផង គឺជ័រពិដោរបន្ដិច ទឹកឃ្មុំបន្តិច គ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ធញ្ញជាតិ និងគ្រាប់ចំបក់។ 12ចូរយកប្រាក់មួយទ្វេជាពីរទៅជាមួយ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងគេដាក់ច្រឡំ។ 13ចូរនាំប្អូនរបស់ឯង ហើយធ្វើដំណើរទៅជួបលោកនោះចុះ 14សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ប្រោសប្រទានឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យលោកអនុញ្ញាតឲ្យបងឯង និងបេនយ៉ាមីនត្រឡប់មកវិញដែរ។ ចំណែកឯពុក បើពុកត្រូវអស់កូន ឲ្យពុកអស់ទៅចុះ!»។ 15ពួកគេក៏យកជំនូនទាំងនោះ និងប្រាក់មួយទ្វេជាពីរ ព្រមទាំងបេនយ៉ាមីនទៅជាមួយ រួចគេក្រោកឡើង ចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខលោកយ៉ូសែប។
16កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ លោកប្រាប់ទៅអ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វ រៀបចំម្ហូបម្ហាទៅ ព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយខ្ញុំ នៅពេលថ្ងៃត្រង់»។ 17បុរសនោះក៏បានធ្វើតាមពាក្យរបស់លោកយ៉ូសែប ហើយនាំគេចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ 18ពួកគេមានការភ័យខ្លាច ព្រោះមានគេនាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយគេពិគ្រោះគ្នាថា៖ «គឺព្រោះតែប្រាក់ដែលគេបានដាក់ក្នុងបាវ ឲ្យមកយើងវិញកាលពីលើកមុននោះហើយ បានជាគេនាំយើងចូលមកដូច្នេះ ដើម្បីរករឿងនឹងយើង ហើយចាប់យើងធ្វើជាបាវបម្រើ ព្រមទាំងសត្វលារបស់យើងផង»។ 19គេក៏ចូលទៅជិតអ្នកមើលខុសត្រូវផ្ទះរបស់លោកយ៉ូសែប ហើយនិយាយទៅគាត់នៅមាត់ទ្វារផ្ទះថា៖ 20«ឱលោកម្ចាស់ខ្ញុំអើយ លើកមុនយើងខ្ញុំបានចុះមកទិញស្បៀងអាហារ 21ហើយពេលយើងខ្ញុំបានទៅដល់កន្លែងសម្រាក យើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់រៀងៗខ្លួននៅក្នុងមាត់បាវ គឺប្រាក់របស់យើងខ្ញុំនៅគ្រប់ចំនួន។ ឥឡូវនេះ យើងខ្ញុំបានយកប្រាក់នោះមកវិញហើយ 22ក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីទិញស្បៀងអាហារ។ យើងខ្ញុំមិនដឹងថា អ្នកណាបានដាក់ប្រាក់នោះនៅក្នុងបាវរបស់យើងខ្ញុំឡើយ»។ 23គាត់ឆ្លើយថា៖ «ចូរសុខសាន្តចុះ កុំខ្លាចអ្វីឡើយ គឺព្រះរបស់អ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នាទេ ដែលបានដាក់ទ្រព្យក្នុងបាវរបស់អ្នករាល់គ្នា ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ»។ បន្ទាប់មក គាត់ក៏នាំស៊ីម្មានចេញមកជួបពួកគេ។ 24កាលបុរសនោះបាននាំពួកគេចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែបហើយ គាត់ក៏យកទឹកមកឲ្យពួកគេលាងជើង ហើយកាលគាត់យកចំបើងឲ្យលារបស់ពួកគេស៊ី 25ពួកគេក៏រៀបចំជំនូន ចាំលោកយ៉ូសែបមកដល់នៅវេលាថ្ងៃត្រង់ ដ្បិតគេបានឮថា គេត្រូវបរិភោគអាហារនៅទីនេះ។
26កាលលោកយ៉ូសែបបានមកដល់ផ្ទះ ពួកគេក៏យកជំនូនដែលគេបានកាន់ចូលមកក្នុងផ្ទះ ជូនដល់លោក ហើយក្រាបចុះឱនមុខដល់ដី នៅចំពោះលោក។ 27លោកក៏សួរអំពីសុខទុក្ខរបស់ពួកគេ ហើយមានប្រសាសន៍ថា៖ «តើលោកតាជាឪពុកដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំនោះ គាត់សុខសប្បាយទេឬ? គាត់នៅរស់ទេឬ?» 28ពួកគេឆ្លើយថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់ទេ ហើយក៏សុខសប្បាយដែរ»។ រួចគេក៏ឱនក្បាលគោរពលោក។ 29លោកយ៉ូសែបងើបមុខឡើងឃើញបេនយ៉ាមីន ជាប្អូនពោះមួយរបស់លោក លោកក៏សួរថា៖ «តើនេះជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬ?» លោកពោលទៅប្អូនថា៖ «កូនអើយ សូមព្រះប្រោសប្រណីដល់ឯង!»។ 30ពេលនោះ លោកយ៉ូសែបក៏ប្រញាប់ប្រញាល់ចេញទៅរកកន្លែងយំ ព្រោះលោកមានចិត្តក្តួលអាណិតដល់ប្អូនជាខ្លាំង ហើយលោកក៏ចូលទៅយំនៅក្នុងបន្ទប់។ 31បន្ទាប់មក លោកលុបមុខ ហើយចេញមកវិញ ទាំងខំទប់ ហើយមានប្រសាសន៍ថា៖ «ចូរលើកម្ហូបអាហារមក»។ 32គេក៏លើកម្ហូបអាហារមកជូនលោកដោយឡែក ជូនអ្នកទាំងនោះដោយឡែក ហើយពួកសាសន៍អេស៊ីព្ទដែលបរិភោគជាមួយលោកដោយឡែក ព្រោះសាសន៍អេស៊ីព្ទគ្មានច្បាប់នឹងបរិភោគជាមួយសាសន៍ហេព្រើរឡើយ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទ។ 33កាលពួកគេអង្គុយទល់មុខលោក គេអង្គុយតាមលំដាប់ គឺបងច្បងតាមបងច្បង ហើយប្អូនពៅតាមប្អូនពៅ អ្នកទាំងនោះគេក៏ឆ្ងល់ទាំងអស់គ្នា។ 34មានគេយកចំណែកភោជនាហារពីតុរបស់លោកយ៉ូសែបទៅជូនពួកគេ តែបេនយ៉ាមីនបានចំណែកមួយជាប្រាំ ច្រើនជាងគេទាំងអស់ ហើយគេក៏ផឹកស្រាយ៉ាងសប្បាយរីករាយជាមួយលោកយ៉ូសែប។
Currently Selected:
លោកុប្បត្តិ 43: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies