អេសាយ 32
32
ព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌
1មើល៍ នឹងមានស្តេចមួយអង្គសោយរាជ្យដោយសុចរិត
ពួកចៅហ្វាយនឹងគ្រប់គ្រងដោយយុត្តិធម៌
2ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់
និងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា
ដូចផ្លូវទឹកហូរនៅទីហួតហែង
ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ
3ឯភ្នែកនៃពួកអ្នកដែលមើលឃើញ
នោះនឹងមិននៅជាព្រឹលៗទៀត
ហើយត្រចៀកនៃពួកអ្នកដែលស្តាប់ឮនឹងប្រុងស្តាប់
4ចិត្តរបស់ពួករួសរាន់នឹងមានតម្រិះ
ហើយអណ្ដាតនៃពួកដែលនិយាយជាប់
នោះនឹងប្រុងប្រៀបនិយាយឡើងយ៉ាងច្បាស់វិញ។
5គេនឹងមិនហៅមនុស្សល្ងីល្ងើថាជាអ្នកសទ្ធាទៀត
ក៏មិនហៅមនុស្សកំណាចថាជាអ្នកមានគុណឡើយ។
6ដ្បិតមនុស្សល្ងីល្ងើបញ្ចេញតែសេចក្ដីចម្កួត
ហើយចិត្តរបស់គេនឹងប្រព្រឹត្តអំពើទុច្ចរិត
ដើម្បីតែនឹងសម្រេចអំពើសៅហ្មង
ហើយនឹងពោលពាក្យខុសឆ្គងទាស់នឹងព្រះយេហូវ៉ា
ដោយប្រាថ្នានឹងធ្វើឲ្យព្រលឹងមនុស្សឃ្លានបានទៅទទេ
ហើយបំបាត់គ្រឿងផឹកពីអ្នកដែលស្រេក។
7គ្រឿងប្រដាប់របស់មនុស្សកំណាចសុទ្ធតែអាក្រក់
គេគិតគូរការអាក្រក់ ដើម្បីនឹងបំផ្លាញមនុស្សរាបសា
ដោយពាក្យកំភូត
ទោះជាមនុស្សកម្សត់និយាយដោយត្រឹមត្រូវក៏ដោយ។
8ប៉ុន្តែ អស់អ្នកមានចិត្តសទ្ធា គេគិតគូរជាសគុណវិញ
ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះ។
ព្រះបន្ទូលព្រមានពួកស្ត្រីនៅក្រុងយេរូសាឡិម
9ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ
ចូរក្រោកឡើង ហើយស្តាប់សំឡេងខ្ញុំចុះ
ឯអ្នករាល់គ្នា ជាកូនស្រីដែលនៅព្រងើយអើយ
ចូរផ្ទៀងត្រចៀកស្តាប់ពាក្យខ្ញុំ។
10ឱអ្នករាល់គ្នាដែលនៅព្រងើយអើយ
នៅជាងមួយឆ្នាំទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ
ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត
ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ។
11ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ
ចូរញាប់ញ័រចុះ
ឱពួកអ្នកដែលនៅព្រងើយអើយ
ចូរមានសេចក្ដីថប់ព្រួយចុះ
ចូរដោះសម្លៀកបំពាក់ចេញឲ្យខ្លួននៅទទេ
រួចស្លៀកសំពត់ធ្មៃវិញ។
12គេនឹងគក់ទ្រូងយំទួញនឹងចម្ការដែលគាប់ចិត្ត
និងដើមទំពាំងបាយជូរដែលដុះដាល។
13នៅក្នុងស្រុករបស់ប្រជារាស្ត្រយើង
នឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ
នៅក្នុងផ្ទះទាំងប៉ុន្មានដែលធ្លាប់អរសប្បាយនៅក្នុងទីក្រុង។
14ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់
ហើយទីក្រុងដែលមានមនុស្សណែនណាន់
នឹងត្រូវចោលទទេ
ឯបន្ទាយ និងប៉មចាំយាម
នោះនឹងបានសម្រាប់ជារូងនៅជាដរាប
គឺជាទីសប្បាយដល់លាព្រៃ
ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។
15ដរាបដល់ព្រះវិញ្ញាណបានចាក់មក
លើយើងរាល់គ្នា ពីស្ថានដ៏ខ្ពស់
ហើយទីរហោស្ថានបានត្រឡប់ជាចម្ការដុះដាល
ហើយចម្ការដុះដាលបានរាប់ទុកជាព្រៃវិញ។
សន្តិសុខនៃរាជ្យរបស់ព្រះ
16នៅគ្រានោះ សេចក្ដីយុត្តិធម៌
នឹងស្ថិតនៅក្នុងទីរហោស្ថាន
ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅក្នុងចម្ការដុះដាល។
17ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ
ហើយផលនៃសេចក្ដីសុចរិត
នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត
និងជាសេចក្ដីទុកចិត្តជារៀងរហូតតទៅ។
18ឯប្រជារាស្ត្ររបស់យើង
នឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ
ក្នុងផ្ទះសំបែងមាំមួន ជាទីសម្រាកក្សេមក្សាន្ត។
19ទោះបើព្រៃព្រឹក្សាត្រូវបំផ្លាញហិនហោច
ហើយទីក្រុងត្រូវរលំអស់រលីងក៏ដោយ។
20មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះ
ក្បែរគ្រប់ទាំងផ្លូវទឹក
ហើយលែងគោ និងលាឲ្យដើររកស៊ីតាមចិត្ត។
Currently Selected:
អេសាយ 32: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies