YouVersion Logo
Search Icon

អេសាយ 32

32
ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយ​ទសពិធ‌រាជ‌ធម៌
1មើល៍ នឹង​មាន​ស្តេច​មួយ​អង្គ​សោយ‌រាជ្យ​ដោយ​សុចរិត
ពួក​ចៅ‌ហ្វាយ​នឹង​គ្រប់‌គ្រង​ដោយ​យុត្តិ‌ធម៌
2ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់
និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា
ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង
ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ
3ឯ​ភ្នែក​នៃ​ពួក​អ្នក​ដែល​មើល​ឃើញ
នោះ​នឹង​មិន​នៅ​ជា​ព្រឹលៗ​ទៀត
ហើយ​ត្រចៀក​នៃ​ពួក​អ្នក​ដែល​ស្តាប់​ឮ​នឹង​ប្រុង​ស្តាប់
4ចិត្ត​របស់​ពួក​រួស‌រាន់​នឹង​មាន​តម្រិះ
ហើយ​អណ្ដាត​នៃ​ពួក​ដែល​និយាយ​ជាប់
នោះ​នឹង​ប្រុង‌ប្រៀប​និយាយ​ឡើង​យ៉ាង​ច្បាស់​វិញ។
5គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត
ក៏​មិន​ហៅ​មនុស្ស​កំណាច​ថា​ជា​អ្នក​មាន​គុណ​ឡើយ។
6ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​បញ្ចេញ​តែ​សេចក្ដី​ចម្កួត
ហើយ​ចិត្ត​របស់​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ដើម្បី​តែ​នឹង​សម្រេច​អំពើ​សៅ‌ហ្មង
ហើយ​នឹង​ពោល​ពាក្យ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ‌យេហូវ៉ា
ដោយ​ប្រាថ្នា​នឹង​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ឃ្លានបាន​ទៅ​ទទេ
ហើយ​បំបាត់​គ្រឿង​ផឹក​ពី​អ្នក​ដែល​ស្រេក។
7គ្រឿង​ប្រដាប់​របស់​មនុស្ស​កំណាច​សុទ្ធ​តែ​អាក្រក់
គេ​គិត‌គូរ​ការ​អាក្រក់ ដើម្បី​នឹង​បំផ្លាញ​មនុស្ស​រាបសា
ដោយ​ពាក្យ​កំភូត
ទោះ​ជា​មនុស្ស​កម្សត់​និយាយដោយ​ត្រឹម‌ត្រូវ​ក៏​ដោយ។
8ប៉ុន្តែ អស់​អ្នក​មាន​ចិត្ត​សទ្ធា គេ​គិត‌គូរ​ជា​សគុណ​វិញ
ហើយ​អ្នក​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ដោយ​ការ​នោះ។
ព្រះ‌បន្ទូល​ព្រមាន​ពួក​ស្ត្រី​នៅ​ក្រុង​យេរូ‌សាឡិម
9ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ
ចូរ​ក្រោក​ឡើង ហើយ​ស្តាប់​សំឡេង​ខ្ញុំ​ចុះ
ឯ​អ្នក​រាល់​គ្នា ជា​កូន​ស្រី​ដែល​នៅ​ព្រងើយ​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ខ្ញុំ។
10ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ព្រងើយ​អើយ
នៅ​ជាង​មួយ​ឆ្នាំ​ទៀត នោះ​នឹង​មាន​សេចក្ដី​ថប់​ព្រួយ​វិញ
ដ្បិត​នឹង​ខាន​មាន​ការ​បេះ​ទំពាំង‌បាយ‌ជូរ​ទៀត
ហើយ​រដូវ​ប្រមូល​ផល​ក៏​មិន​មក​ដល់​ដែរ។
11ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ
ចូរ​ញាប់‌ញ័រ​ចុះ
ឱ​ពួក​អ្នក​ដែល​នៅ​ព្រងើយ​អើយ
ចូរ​មាន​សេចក្ដី​ថប់​ព្រួយ​ចុះ
ចូរ​ដោះ​សម្លៀក‌បំពាក់​ចេញ​ឲ្យ​ខ្លួន​នៅ​ទទេ
រួច​ស្លៀក​សំពត់​ធ្មៃ​វិញ។
12គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចម្ការ​ដែល​គាប់​ចិត្ត
និង​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​ដុះ‌ដាល។
13នៅ​ក្នុង​ស្រុក​របស់​ប្រជា‌រាស្ត្រ​យើង
នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ
នៅក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​អរ​សប្បាយ​នៅក្នុង​ទី​ក្រុង។
14ពី​ព្រោះ​ព្រះ‌រាជ‌វាំង​នឹង​ត្រូវ​ចោល​ស្ងាត់
ហើយ​ទី​ក្រុង​ដែល​មាន​មនុស្ស​ណែន‌ណាន់
នឹង​ត្រូវ​ចោល​ទទេ
ឯ​បន្ទាយ និង​ប៉ម​ចាំ​យាម
នោះ​នឹង​បាន​សម្រាប់​ជា​រូង​នៅ​ជា​ដរាប
គឺ​ជា​ទី​សប្បាយ​ដល់​លា​ព្រៃ
ហើយ​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​សត្វ។
15ដរាប​ដល់​ព្រះ‌វិញ្ញាណ​បាន​ចាក់​មក
លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់
ហើយ​ទី​រហោ‌ស្ថាន​បាន​ត្រឡប់​ជា​ចម្ការ​ដុះ‌ដាល
ហើយ​ចម្ការ​ដុះ‌ដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។
សន្តិ​សុខ​នៃ​រាជ្យ​របស់​ព្រះ
16នៅ​គ្រា​នោះ សេចក្ដី​យុត្តិ‌ធម៌
នឹង​ស្ថិត​នៅ​ក្នុង​ទី​រហោ‌ស្ថាន
ហើយ​សេចក្ដី​សុចរិត​នឹង​អាស្រ័យ​នៅក្នុង​ចម្ការ​ដុះ‌ដាល។
17ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ
ហើយ​ផល​នៃ​សេចក្ដី​សុចរិត
នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត
និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​រៀង​រហូត​តទៅ។
18ឯ​ប្រជា‌រាស្ត្រ​របស់​យើង
នឹង​អាស្រ័យ​ក្នុង​ទី​លំនៅ​ដ៏​មាន​សន្តិ‌សុខ
ក្នុង​ផ្ទះ​សំបែង​មាំ‌មួន ជា​ទី​សម្រាក​ក្សេម‌ក្សាន្ត។
19ទោះ​បើ​ព្រៃ​ព្រឹក្សា​ត្រូវ​បំផ្លាញ​ហិន​ហោច
ហើយ​ទី​ក្រុង​ត្រូវ​រលំ​អស់​រលីង​ក៏​ដោយ។
20មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​សាប‌ព្រោះ
ក្បែរ​គ្រប់​ទាំង​ផ្លូវ​ទឹក
ហើយ​លែង​គោ និង​លា​ឲ្យ​ដើរ​រក​ស៊ី​តាម​ចិត្ត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in