YouVersion Logo
Search Icon

អេសាយ 33

33
ទំនាយ​ពីការ​រំដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ
1វេទនា​ដល់​អ្នក​ដែល​បំផ្លាញ​គេ
ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​អ្នក
ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​អ្នក​ឡើយ
កាល​ណា​អ្នក​បាន​លែង​បំផ្លាញ​ហើយ
នោះ​អ្នក​នឹង​ត្រូវ​បំផ្លាញ​វិញ
កាល​ណា​អ្នក​បាន​សម្រេច​ការ​ក្បត់​ហើយ
នោះ​នឹង​មាន​គេ​ក្បត់​នឹង​អ្នក​ដែរ។
2ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា
យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​ការពារ​យើង​ខ្ញុំ
ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក
ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ។
3អស់​ទាំង​ជន​ជាតិ​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក
ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់‌ខ្ចាយ
ដោយ​ព្រះ‌អង្គ​លើក​អង្គ​ទ្រង់​ឡើង។
4ជ័យ‌ភណ្ឌរបស់​អ្នក​រាល់​គ្នា​នឹង​ត្រូវគេ​ប្រមូល​យក
ដូច​ចង្រិត​លើក​គ្នា​ប្រមូល
ហើយ​មនុស្ស​នឹង​លោត​សង្គ្រុប​លើ
ដូច​ជា​កណ្តូប​លោត​ដែរ។
5ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ
ដ្បិត​ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌
និង​សេចក្ដី​សុចរិត
6ហើយ​ព្រះ‌អង្គ​ជា​ស្ថិរភាព​ក្នុង​គ្រារបស់​អ្នក
សេចក្ដី​សង្គ្រោះ​យ៉ាង​បរិបូរ ប្រាជ្ញា និងតម្រិះ
ឯ​ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
ជា​កំណប់​ទ្រព្យ​របស់​ក្រុង​ស៊ីយ៉ូន។
7មើល៍! ពួក​ទាហាន​ដ៏​អង់​អាច​របស់​គេ
នាំ​គ្នា​ស្រែក​តាម​ដង​ផ្លូវ
ឯ​ពួក​‌ទូត​ដែល​ចចាររក​សន្តិ​ភាព
គេ​យំ​សោក​យ៉ាង​ខ្លោច​ផ្សា។
8ផ្លូវ​ទាំង​ឡាយ​នៅ​ស្ងាត់‌ច្រៀប
ឥត​ឃើញ​មាន​មនុស្ស​ធ្វើ​ដំណើរ​ទៀត​ឡើយ
ខ្មាំង​សត្រូវ​បាន​ផ្តាច់​សេចក្ដី​សញ្ញា
គេ​បាន​មើល‌ងាយ​អស់​ទាំង​ទី​ក្រុង
ហើយ​មិន​យោគ‌យល់​អ្នក​ណា​ឡើយ។
9ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កម្លាំង​ទៅ
ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ
ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន
ឯ​ស្រុក​បាសាន និង​ភ្នំ​កើមែល នោះ​ក៏​ជម្រុះ​ស្លឹក​អស់។
10ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«ឥឡូវ​នេះ យើង​នឹង​ក្រោក​ឡើង
ឥឡូវ​នេះ យើង​នឹង​លើក​ខ្លួន​ឡើង
ឥឡូវ​នេះ យើង​នឹង​បាន​តម្កើង​ឡើង​ហើយ។
11អ្នក​រាល់​គ្នា​នឹង​មាន​គភ៌​ជា​ស្មៅ​ក្រៀម
ហើយ​នឹង​បង្កើត​បាន​ជា​ជញ្ជ្រាំង​វិញ
ខ្យល់​ដង្ហើម​របស់​អ្នក​រាល់​គ្នា​ជា​ភ្លើង
ដែល​នឹង​ឆេះ​បំផ្លាញ​ខ្លួន។
12ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ
គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។
13ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ​អើយ
ចូរ​ស្តាប់​ពី​ការ​ដែល​យើង​បាន​ធ្វើ
ហើយ​អ្នក​រាល់​គ្នា​ដែល​នៅ​ជិត​ដែរ
ចូរ​ទទួល​ស្គាល់​ឫទ្ធិ​របស់​យើង​ចុះ។
14ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច
សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ
តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ
ភ្លើង​ឆេះ​បន្សុស​នេះ​បាន?
តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ឆេះ
នៅ​អស់​កល្ប​ជា‌និច្ច​បាន?
15គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត
ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់
ជា​អ្នក​ដែល​ស្អប់​កម្រៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន
ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក
ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កម្ចាយ​ឈាម
ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង។
16អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់
ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន
ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ
ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ»។
ទឹក​ដី​របស់​ស្ដេចដែលមាន​មេត្តា​ករុណា
17«ភ្នែក​អ្នក​នឹង​បាន​ឃើញ​មហា‌ក្សត្រ
មាន​ទាំង​សេចក្ដី​លម្អ​រុងរឿង​របស់​ព្រះ‌អង្គ
គេ​នឹង​មើល​ទៅ​ឃើញ​ទឹក​ដីធំទូលាយ។
18ចិត្ត​អ្នក​នឹង​នឹក​ជញ្ជឹង​ពី​ការ
ដែល​បាន​នាំ​ឲ្យ​អ្នក​ភ័យ​ខ្លាច​នោះ​ថា
"តើ​ស្មៀន​កត់‌ត្រា​នៅ​ឯ​ណា?
តើ​អ្នក​ដែល​ថ្លឹង​សួយ‌អាករ​នៅ​ឯ​ណា?
តើ​អ្នក​ដែល​រាប់​អស់​ទាំង​ប៉ម​នៅ​ឯ​ណា?
19អ្នក​នឹង​លែង​ឃើញ​សាសន៍​ដ៏​សហ័ស​នោះ
ជា​សាសន៍​ដែល​មាន​សម្ដី​យ៉ាង​ជ្រៅ
ដែល​អ្នក​រក​ស្តាប់​មិន​បាន
ជា​ភាសា​រឡប់​ដែល​អ្នក​យល់​មិន​បាន។
20ចូរ​ពិនិត្យ​មើល​ក្រុង​ស៊ីយ៉ូន
គឺ​ជា​កន្លែង​ដែល​ធ្លាប់​ធ្វើ​បុណ្យ​មុត‌មាំ​របស់​យើង​រាល់​គ្នា
នោះ​ភ្នែក​អ្នក​នឹង​ឃើញ​ក្រុង​យេរូ‌សាឡិម
ជា​ទី​លំនៅដ៏​ស្ងប់​រម្ងាប់
ជា​ត្រសាល​ដែល​មិន​ត្រូវ​រើរុះ​ទៅ​ឯ​ណា​ឡើយ
ឯ​ចម្រឹង មិន​ត្រូវ​ដក​ចេញ
ហើយ​ខ្សែ​ណា​មួយ​ក៏​មិន​ត្រូវ​ដាច់​ផង។
21គឺ​ព្រះ‌យេហូវ៉ា​នឹង​គង់​ជា‌មួយ​យើង​រាល់​គ្នា​នៅ​ទី​នោះ
មាន​ទាំង​តេជា‌នុភាព គឺ​ជា​កន្លែង​មាន​ទន្លេ
និង​ផ្លូវ​ទឹក​យ៉ាង​ធំ
ឥត​មាន​សំពៅ​ដែល​ចែវ
ឬ​នាវា​ដ៏​រុងរឿង​ណា​ចេញ​ចូល​ឡើយ។
22ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា
ព្រះ‌យេហូវ៉ា​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា
ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា
ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​យើង។
23ខ្សែ​ជ្រែង​របស់​អ្នក​ធូរ​ហើយ
មិន​អាច​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ
ពួក​នាវា​ក៏​បង្ហូត​ក្តោង​មិន​បាន​ដែរ
ពេល​នោះ គេ​នឹងរឹប​យកជ័យ‌ភណ្ឌជា​ច្រើន​ចែក​គ្នា
សូម្បី​តែ​ពួក​ខ្វិនក៏​យក​ជ័យ‌ភណ្ឌ​នេះ​ដែរ។
24គ្មាន​អ្នក​ណា​ដែល​នៅ​ក្នុង​ក្រុង​និយាយ​ថា
"ខ្ញុំ​មាន​ជំងឺ" ទៀត​ឡើយ
ព្រះ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជាជន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in