YouVersion Logo
Search Icon

អេសាយ 34

34
ការ​ជំនុំ​ជម្រះប្រជាជាតិ​នានា
1ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ឲ្យ​ចូល​មក​ជិត​នឹង​ស្តាប់​ចុះ
អស់​ទាំង​ប្រជា‌ជាតិ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ
ត្រូវ​ឲ្យ​ផែនដី និង​របស់​សព្វ​សារពើ​នៅ​លើ​ផែនដី​ស្តាប់​ដែរ
ព្រម​ទាំង​លោកិយ៍ និង​របស់​ទាំង​ប៉ុន្មាន
ដែល​កើត​ចេញ​ពី​ដីនោះ​ដែរ។
2ព្រោះ​យេហូវ៉ា​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​គ្រប់​ទាំង​សាសន៍
ហើយ​ព្រះ‌អង្គ​ក្រោធ​ចំពោះ​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ
ព្រះ‌អង្គ​បំផ្លាញ​គេ​អស់​រលីង ក៏​បាន​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​ស្លាប់។
3ខ្មោច​របស់​គេ​ដែល​ត្រូវ​សម្លាប់​នោះ
បាន​បោះ​ចោល​ទៅ
ក្លិន​ស្អុយ​ពី​សាក‌សព​ទាំង​នោះ​នឹង​សាយ​ឡើង
ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​រលាយ​ទៅ​ដោយ​ឈាម​គេ។
4ឯ​បណ្ដា​ពល‌បរិវារ​នៅ​លើ​មេឃ​នឹង​ត្រូវ​រៀវ‌សូន្យ​ទៅ
ផ្ទៃ​មេឃ​នឹង​ត្រូវ​មូរ​ឡើង​ដូច​ជា​រមូរ​សៀវភៅ
ហើយ​គ្រប់​ទាំង​ពួក​ពល‌បរិវារ នោះ​នឹង​រោយ​រុះ​ទៅ
ដូច​ជា​ស្លឹក​ទំពាំង‌បាយ‌ជូរ​ក្រៀម​ជ្រុះ​ចាក​ដើម
ក៏​ដូច​ជា​ស្លឹក​ស្រពោន​ជ្រុះ​ចាក​ដើម​ល្វា​ដែរ។
5ពេល​ដាវ​របស់​យើង​បាន​ឆ្អែត​នៅ​លើ​មេឃ​ហើយ
មើល៍ នឹង​ចុះ​មក​លើ​ស្រុក​អេដុម
គឺ​លើ​សាសន៍​ដែល​យើង​បាន​ដាក់​បណ្ដាសា
ដើម្បី​នឹង​ធ្វើ​ទោស​ដល់​គេ​ទៀត។
6ដាវ​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រឡាក់​ឈាម​ដាប
ក៏​ជោក​ដោយ​ខ្លាញ់
គឺ​ដោយ​ឈាម​កូន​ចៀម និង​ពពែ
ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល
ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា
ក៏​មាន​ការសម្លាប់​យ៉ាង​សម្បើម​នៅ​ក្នុង​ស្រុក​អេដុម។
7ឯ​ពួក​ទន្សោង​នឹង​ដួល​ចុះ​ជា‌មួយ​គេ
ព្រម​ទាំង​គោ​ស្ទាវ និង​គោ​ចាស់​ផង
ក្នុង​ស្រុក​នឹង​មាន​ឈាម​ដាប
ហើយ​ធូលី​ដី​នឹង​បាន​ជោក​ដោយ​ខ្លាញ់។
8ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ថ្ងៃ​សម្រាប់​សង‌សឹក
មាន​ឆ្នាំ​សម្រាប់​ស្នង​ដល់​គេ​ជំនួស​ក្រុង​ស៊ីយ៉ូន។
9ជ្រោះ​ទឹក​នៅ​ស្រុក​អេដុម​នឹង​ត្រឡប់​ជា​ជ័រ
ធូលី​ដី​នឹង​ត្រឡប់​ជា​ស្ពាន់‌ធ័រ
ហើយ​ស្រុក​គេ​នឹង​មាន​ពេញ​ជា​ជ័រ​ឆេះ។
10ភ្លើង​នោះ​នឹង​មិន​រលត់​ទាំង​យប់​ទាំង​ថ្ងៃ
ហើយ​ផ្សែង​នឹង​ហុយ​ឡើង​ជា​ដរាប។
ស្រុក​នោះ​នឹង​វិនាស​ហិន​ហោច​គ្រប់​ទាំង​តំណ​មនុស្ស
ឥត​ដែល​មាន​អ្នក​ណា​ដើរ​កាត់​តាម​នោះ​ជា​រៀង​រហូ​តតទៅ។
11ប៉ុន្តែ សត្វ​ទុង និង​កាំ​ប្រមា
នឹង​បាន​ស្រុក​នោះ​ជា​លំនៅ​វិញ
ហើយ​សត្វ​គូក និង​ក្អែក នឹង​អាស្រ័យ​នៅ​ទី​នោះ​ដែរ
ព្រះ‌អង្គ​នឹង​សន្ធឹង​ខ្សែ​វាស់​នៅ​លើ​ស្រុក​នោះ ឲ្យ​ត្រូវ​ខូច‌បង់
ហើយ​ស្ទង់​ខ្សែ​ប្រ‌យោល ឲ្យ​ត្រូវ​សូន្យ​ទទេ។
12គេ​នឹង​ហៅ​ពួក​ត្រកូល​ខ្ពស់​មក​ឲ្យ​តាំង​រាជ្យ​ឡើង
តែ​គ្មាន​អ្នក​ណា​មក​ឡើយ
ឯ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នឹង​ផុត​អស់​ទៅ។
13បន្លា​នឹង​ដុះ​នៅ​ក្នុង​ព្រះ‌រាជ​ដំណាក់
ហើយ​អញ្ចាញ និង​ដំបង​យក្ខ
នឹង​ដុះ​នៅ​ក្នុង​បន្ទាយ​របស់​គេ​ដែរ
ស្រុក​នោះ​នឹង​ក្លាយ​ជា​ទី​លំនៅ​របស់​ឆ្កែ​ព្រៃ
ហើយ​ជា​រោង​សម្រាប់​សត្វ​អូទ្រុស។
14អស់​ទាំង​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន
នឹង​ជួប​ជុំ​ជា‌មួយ​ហ្វូង​ចចក
ហើយ​ពពែ​ព្រៃ​នឹង​ស្រែក​ឆ្លើយ​គ្នា
បក្សី​រាត្រី​នឹង​ចុះ​មក​ទំ​នៅ​ទី​នោះ ហើយ​ធ្វើ​សម្បុក​នៅ​ដែរ។
15ពស់​វែក​នឹង​ធ្វើ​សម្បុក​នៅ​ទី​នោះ
ព្រម​ទាំង​ពង ហើយ​ញាស់​កូន​ផង
រួច​ប្រមូល​កូន​មក​ការពារ
សត្វ​ស្ទាំង​នឹង​ហើរ​មក​ទាំង​គូៗ ប្រជុំ​នៅ​ទី​នោះ​ដែរ។
16ចូរ​ស្វែង​រក​ក្នុង​គម្ពីរ​របស់​ព្រះ‌យេហូវ៉ា
ហើយ​អាន​មើល​ចុះ
នឹង​គ្មាន​សត្វ​ណា​មួយ​នេះ​ខាន​មក
ហើយ​គ្មាន​ណា​មួយ​ឥត​គូ​ឡើយ
ដ្បិត​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​បាន​បង្គាប់​ហើយ
ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​ក៏​បាន​ប្រមូល​មក​ដែរ។
17ព្រះ‌អង្គ​បាន​បោះ​ឆ្នោត​ឲ្យ​ពួក​សត្វ​ទាំង​នោះ
ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​វាស់​ចែក​ស្រុក​ឲ្យ
គេ​រាល់​គ្នា​នឹង​បាន​ស្រុក​នោះ ជា​រៀង‌រាប​ដរាប
ហើយ​នឹង​អាស្រ័យ​នៅ
ដរាប​ដល់​អស់​ទាំង​តំណ​មនុស្ស​ត​រៀង​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in