អេសាយ 33
33
ទំនាយពីការរំដោះឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
1វេទនាដល់អ្នកដែលបំផ្លាញគេ
ឥតដែលមានអ្នកណាបំផ្លាញអ្នក
ហើយដែលក្បត់គេ ឥតមានអ្នកណាក្បត់នឹងអ្នកឡើយ
កាលណាអ្នកបានលែងបំផ្លាញហើយ
នោះអ្នកនឹងត្រូវបំផ្លាញវិញ
កាលណាអ្នកបានសម្រេចការក្បត់ហើយ
នោះនឹងមានគេក្បត់នឹងអ្នកដែរ។
2ឱព្រះយេហូវ៉ាអើយ
សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា
យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ
ដោយព្រះពាហុរាល់ៗព្រឹក
ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
3អស់ទាំងជនជាតិបានរត់ទៅដោយឮសូរអ៊ឹកធឹក
ហើយអស់ទាំងសាសន៍បានត្រូវខ្ចាត់ខ្ចាយ
ដោយព្រះអង្គលើកអង្គទ្រង់ឡើង។
4ជ័យភណ្ឌរបស់អ្នករាល់គ្នានឹងត្រូវគេប្រមូលយក
ដូចចង្រិតលើកគ្នាប្រមូល
ហើយមនុស្សនឹងលោតសង្គ្រុបលើ
ដូចជាកណ្តូបលោតដែរ។
5ព្រះយេហូវ៉ាបានថ្កើងឡើងហើយ
ដ្បិតព្រះអង្គគង់នៅស្ថានដ៏ខ្ពស់
ព្រះអង្គបានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌
និងសេចក្ដីសុចរិត
6ហើយព្រះអង្គជាស្ថិរភាពក្នុងគ្រារបស់អ្នក
សេចក្ដីសង្គ្រោះយ៉ាងបរិបូរ ប្រាជ្ញា និងតម្រិះ
ឯការកោតខ្លាចដល់ព្រះយេហូវ៉ា
ជាកំណប់ទ្រព្យរបស់ក្រុងស៊ីយ៉ូន។
7មើល៍! ពួកទាហានដ៏អង់អាចរបស់គេ
នាំគ្នាស្រែកតាមដងផ្លូវ
ឯពួកទូតដែលចចាររកសន្តិភាព
គេយំសោកយ៉ាងខ្លោចផ្សា។
8ផ្លូវទាំងឡាយនៅស្ងាត់ច្រៀប
ឥតឃើញមានមនុស្សធ្វើដំណើរទៀតឡើយ
ខ្មាំងសត្រូវបានផ្តាច់សេចក្ដីសញ្ញា
គេបានមើលងាយអស់ទាំងទីក្រុង
ហើយមិនយោគយល់អ្នកណាឡើយ។
9ស្រុកកំពុងតែយំសោក ហើយថយកម្លាំងទៅ
ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ
ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន
ឯស្រុកបាសាន និងភ្នំកើមែល នោះក៏ជម្រុះស្លឹកអស់។
10ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«ឥឡូវនេះ យើងនឹងក្រោកឡើង
ឥឡូវនេះ យើងនឹងលើកខ្លួនឡើង
ឥឡូវនេះ យើងនឹងបានតម្កើងឡើងហើយ។
11អ្នករាល់គ្នានឹងមានគភ៌ជាស្មៅក្រៀម
ហើយនឹងបង្កើតបានជាជញ្ជ្រាំងវិញ
ខ្យល់ដង្ហើមរបស់អ្នករាល់គ្នាជាភ្លើង
ដែលនឹងឆេះបំផ្លាញខ្លួន។
12ហើយអស់ទាំងប្រជាជាតិនឹងបានដូចជាការដុតធ្វើកំបោរ
គឺដូចជាគុម្ពបន្លាដែលកាប់យកទៅដុតក្នុងភ្លើង។
13ឱអ្នករាល់គ្នាដែលនៅឆ្ងាយអើយ
ចូរស្តាប់ពីការដែលយើងបានធ្វើ
ហើយអ្នករាល់គ្នាដែលនៅជិតដែរ
ចូរទទួលស្គាល់ឫទ្ធិរបស់យើងចុះ។
14ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច
សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ
តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះ
ភ្លើងឆេះបន្សុសនេះបាន?
តើមានអ្នកណាអាចនឹងនៅចំពោះភ្លើងឆេះ
នៅអស់កល្បជានិច្ចបាន?
15គឺអ្នកណាដែលដើរដោយសុចរិត
ហើយពោលសេចក្ដីទៀងត្រង់
ជាអ្នកដែលស្អប់កម្រៃដែលបានមកដោយសង្កត់សង្កិន
ហើយរាដៃមិនព្រមទទួលសំណូក
ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកម្ចាយឈាម
ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង។
16អ្នកនោះនឹងបាននៅក្នុងទីខ្ពស់
ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន
ឯអាហារនឹងបានប្រទានមកអ្នកនោះ
ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ»។
ទឹកដីរបស់ស្ដេចដែលមានមេត្តាករុណា
17«ភ្នែកអ្នកនឹងបានឃើញមហាក្សត្រ
មានទាំងសេចក្ដីលម្អរុងរឿងរបស់ព្រះអង្គ
គេនឹងមើលទៅឃើញទឹកដីធំទូលាយ។
18ចិត្តអ្នកនឹងនឹកជញ្ជឹងពីការ
ដែលបាននាំឲ្យអ្នកភ័យខ្លាចនោះថា
"តើស្មៀនកត់ត្រានៅឯណា?
តើអ្នកដែលថ្លឹងសួយអាករនៅឯណា?
តើអ្នកដែលរាប់អស់ទាំងប៉មនៅឯណា?
19អ្នកនឹងលែងឃើញសាសន៍ដ៏សហ័សនោះ
ជាសាសន៍ដែលមានសម្ដីយ៉ាងជ្រៅ
ដែលអ្នករកស្តាប់មិនបាន
ជាភាសារឡប់ដែលអ្នកយល់មិនបាន។
20ចូរពិនិត្យមើលក្រុងស៊ីយ៉ូន
គឺជាកន្លែងដែលធ្លាប់ធ្វើបុណ្យមុតមាំរបស់យើងរាល់គ្នា
នោះភ្នែកអ្នកនឹងឃើញក្រុងយេរូសាឡិម
ជាទីលំនៅដ៏ស្ងប់រម្ងាប់
ជាត្រសាលដែលមិនត្រូវរើរុះទៅឯណាឡើយ
ឯចម្រឹង មិនត្រូវដកចេញ
ហើយខ្សែណាមួយក៏មិនត្រូវដាច់ផង។
21គឺព្រះយេហូវ៉ានឹងគង់ជាមួយយើងរាល់គ្នានៅទីនោះ
មានទាំងតេជានុភាព គឺជាកន្លែងមានទន្លេ
និងផ្លូវទឹកយ៉ាងធំ
ឥតមានសំពៅដែលចែវ
ឬនាវាដ៏រុងរឿងណាចេញចូលឡើយ។
22ពីព្រោះព្រះយេហូវ៉ាជាចៅក្រមនៃយើងរាល់គ្នា
ព្រះយេហូវ៉ាជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា
ព្រះយេហូវ៉ាជាមហាក្សត្រនៃយើងរាល់គ្នា
ព្រះអង្គនឹងជួយសង្គ្រោះយើង។
23ខ្សែជ្រែងរបស់អ្នកធូរហើយ
មិនអាចទប់ជើងដងក្តោងឲ្យមាំបានទេ
ពួកនាវាក៏បង្ហូតក្តោងមិនបានដែរ
ពេលនោះ គេនឹងរឹបយកជ័យភណ្ឌជាច្រើនចែកគ្នា
សូម្បីតែពួកខ្វិនក៏យកជ័យភណ្ឌនេះដែរ។
24គ្មានអ្នកណាដែលនៅក្នុងក្រុងនិយាយថា
"ខ្ញុំមានជំងឺ" ទៀតឡើយ
ព្រះនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជន។
Currently Selected:
អេសាយ 33: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies