YouVersion Logo
Search Icon

អេសាយ 55

55
ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ការ​សង្គ្រោះ
1ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ
ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ
ចូរ​មក​ទិញ ហើយ​បរិ‌ភោគ​ទៅ
ចូរ​មក​ទិញ​ស្រា​ទំពាំង‌បាយ‌ជូរ
និង​ទឹក​ដោះ​គោ​ឥត​បង់​លុយ ឥត​ថ្លៃ​ទេ។
2ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់
ឲ្យបាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ
ហើយ​បង់​កម្លាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ?
ចូរ​ស្តាប់​តាម​យើង​ឲ្យ​អស់​ពី​ចិត្ត​ចុះ
នោះ​អ្នក​នឹង​បាន​បរិ‌ភោគ​យ៉ាង​ឆ្ងាញ់
ដើម្បី​ឲ្យ​ព្រលឹង​អ្នក​បាន​ស្កប់‌ស្កល់
ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស។
3ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​យើង
ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​អ្នក​នឹង​បាន​រស់
យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា
ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច
គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់
ដែល​បាន​ផ្តល់​ដល់​ដាវីឌ។
4មើល៍ យើង​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់
ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ
គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ។
5មើល៍ អ្នក​នឹង​ហៅ​សាសន៍​មួយ​ដែល​អ្នក​មិន​បាន​ស្គាល់
ហើយ​សាសន៍​មួយ​ដែល​មិន​បាន​ស្គាល់​អ្នក​នោះ
នឹង​រត់​មក​ឯ​អ្នក
ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក
គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
ដ្បិត​ព្រះ‌អង្គ​បាន​លើក​តម្កើង​អ្នក​ហើយ។
6ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា
ក្នុង​កាល​ដែល​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ
ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ
ក្នុង​កាល​ដែល​ព្រះ‌អង្គ​គង់​នៅ​ជិត​ចុះ។
7ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ‌បង់​ចោល​ផ្លូវ​របស់​ខ្លួន
ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ
រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ
នោះ​ព្រះ‌អង្គ​នឹង​អាណិត​មេត្តា​ដល់​គេ
គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា
ដ្បិត​ព្រះ‌អង្គ​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ។
8ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
គំនិត​យើង​មិន​មែន​ដូច​ជា​គំនិត​របស់​អ្នក​រាល់​គ្នា​ទេ
ឯ​ផ្លូវ​របស់​អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ។
9ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា
នោះ​អស់​ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក
ហើយ​គំនិត​របស់​យើង
ក៏​ខ្ពស់​ជាង​គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។
10ពី​ព្រោះ​ដែល​ភ្លៀង និង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ
ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ
គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង
ហើយ​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ
និង​អាហារ​ដល់​អ្នក​ដែល​បរិ‌ភោគ​ជា​យ៉ាង​ណា
11នោះ​ពាក្យរបស់​យើង ដែល​ចេញ​ពី​មាត់​យើង​ទៅ
ក៏​មិន​ដែល​វិល​មក​ឯ​យើង​វិញ
ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ
គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​យើង
ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី
ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ។
12ដ្បិត​អ្នក​រាល់​គ្នា​នឹង​ចេញ​ទៅ​ដោយ​អំណរ
ហើយ​គេ​នាំ​អ្នក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត
ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន
នឹង​ធ្លាយ​ចេញ​ជា​ចម្រៀង​នៅ​មុខ​អ្នក
ហើយ​គ្រប់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ទះ​ដៃ។
13នឹង​មាន​ដើម​កកោះ​ដុះ​ឡើង ជំនួស​គុម្ព​បន្លា
ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង ជំនួស​អញ្ចាញ
ការ​ទាំង​នេះ​នឹង​បាន​សម្រាប់​ជា​ល្បី​ព្រះ‌នាម​ដល់​ព្រះ‌យេហូវ៉ា
ហើយ​សម្រាប់​ជា​ទី​សម្គាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ
ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for អេសាយ 55