YouVersion Logo
Search Icon

អេសាយ 66

66
ការ​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ដ៏​ត្រឹម‌ត្រូវ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង
ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​យើង
តើ​អ្នក​រាល់​គ្នា​នឹង​សង់​វិហារ​បែប​ណា​ឲ្យ​យើង?
តើ​មាន​កន្លែង​ណា​ជា​ទី​សម្រាក​សម្រាប់​យើង?
2ដ្បិត​របស់​ទាំង​នេះ គឺ​ដៃ​យើង​ដែល​បាន​បង្កើត​មក
គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា
ប៉ុន្តែ យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ
គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក និង​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ
ជា​អ្នក​ញាប់​ញ័រ ដោយ​ឮ​ពាក្យ​របស់​យើ​ង។
3អ្នក​ណា​សម្លាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស
អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា
នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ
អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​ម្សៅ
នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក
អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ
នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​រូប​ព្រះ​ដែរ
អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ
ព្រលឹង​របស់​គេ​ក៏​រីក‌រាយ​ចំពោះ
ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ។
4ឯយើង​ក៏​រើស​សេចក្ដី​ទំនាស់​ចិត្ត​ឲ្យ​គេ
ហើយ​នឹង​នាំ​សេចក្ដី​ដែល​គេ​ស្ញែង‌ខ្លាច​មក​លើ​គេ​វិញ
ដ្បិត​កាល​យើង​បាន​ហៅ គ្មាន​អ្នក​ណា​តប​ឆ្លើយ​សោះ
កាល​យើង​បាន​និយាយ គេ​មិន​បាន​ស្តាប់​ឡើយ
គឺ​គេ​បាន​ធ្វើ​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​យើង
ហើយ​បាន​រើស​យក​របស់​ដែល​យើង​មិន​ចូល​ចិត្ត​វិញ។
ព្រះ​សោកសៅ​នឹង​ក្រុងស៊ីយ៉ូន
5អ្នក​រាល់​គ្នា​ដែល​ញាប់ញ័រ
ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ
ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ចុះ
ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​ស្អប់​អ្នក
ជា​ពួក​អ្នក​ដែល​កាត់​អ្នក​រាល់​គ្នា​ចេញ
ដោយ​ព្រោះ​ឈ្មោះ​យើង
គេ​បាន​ពោល​ថា ចូរ​អ្នក​រាល់​គ្នា​តម្កើង​ព្រះ‌យេហូវ៉ា
ដើម្បី​ឲ្យ​យើង​បាន​ឃើញ​អំណរ​របស់​អ្នក​ផង
ប៉ុន្តែ គេ​នឹង​ត្រូវ​អៀន​ខ្មាស​វិញ។
6មាន​ឮ​សំឡេង​អឺង‌កង​ពី​ទី​ក្រុង​មក
ជា​សំឡេង​ដែល​ចេញ​ពី​ព្រះ‌វិហារ
គឺ​ជា​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ
សង​តប​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ។
7មុន​ដែល​ឈឺ​ពោះ នោះ​បាន​សម្រាល​កូន​មក
មុន​ដែល​កើត​ឈឺ​ចាប់
នោះ​បាន​បង្កើត​កូន​ប្រុស​មួយ​ហើយ។
8តើ​មាន​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​យ៉ាង​នោះ?
តើ​អ្នក​ណា​ដែល​បាន​ឃើញ?
តើ​នឹង​ឲ្យ​ស្រុក​មួយ​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​បាន​ឬ?
តើ​នគរ​មួយ​នឹង​លេច​ចេញ​មក​ភ្លាម​មួយ​រំពេច​ឬ?
ដ្បិត​វេលា​ដែល​ក្រុង​ស៊ីយ៉ូន​បាន​ឈឺ​ចាប់
នោះ​ក៏​បាន​សម្រាល​កូន​ទាំង​ប៉ុន្មាន​មក​ភ្លាម។
9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា
តើ​យើង​នឹង​នាំ​ទៅ​ដល់​កំណត់​ដែល​ត្រូវ​សម្រាល
ឥត​ធ្វើ​ឲ្យ​កើត​មក​ផង​ឬ?
ព្រះ​របស់​អ្នក​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា
យើង​ដែល​ធ្វើ​ឲ្យ​កើត​មក តើ​យើង​នឹង​បង្ខាំង​ផ្ទៃ​ឬ?
10ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ
ចូរ​រីក‌រាយ​ជា‌មួយគ្នា
ហើយ​មាន​អំណរ​ដោយ​ព្រោះ​ក្រុង​នេះ​ចុះ
អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ
ចូរ​រីក‌រាយជា​មួយ​ក្រុង​នេះ
11ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បៅ​ដោះ
ជា​សេចក្ដី​កម្សាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត
ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា
ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង។
12ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូចេ្នះ​ថា
យើង​នឹង​ផ្សាយ​សេចក្ដី​សុខ ឲ្យ​ហូរ​ទៅ​ដល់​វា​ដូច​ជា​ទន្លេ
ព្រម​ទាំង​សិរី‌ល្អ​របស់​អស់​ទាំង​សាសន៍
ដូច​ជា​ទឹក​ជ្រោះ​ដែល​ហូរ​លិច​ច្រាំង​ផង
នោះ​អ្នក​រាល់​គ្នា​នឹង​ជព្ជាក់​បៅ វា​នឹង​ពរ​អ្នក
ហើយ​ថ្នម​អ្នក​នៅ​លើ​ភ្លៅ។
13យើង​នឹង​កម្សាន្ត​ចិត្ត​អ្នក ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន
នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​កម្សាន្ត​ចិត្ត
ចំពោះ​ក្រុង​យេរូ‌សាឡិម។
រាជ្យរបស់​ព្រះ និង​ការ​ឈឺចិត្ត
14អ្នក​រាល់​គ្នា​នឹង​ឃើញ ហើយ​មាន​អំណរ​រីក‌រាយ​ក្នុង​ចិត្ត
ឯ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី
ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​ចេញ
ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ។
15ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង
ហើយ​ព្រះ‌រាជ‌រថ​របស់​ព្រះ‌អង្គ​ដូច​ជា​ខ្យល់​កួច
ដើម្បី​សម្រេច​តាម​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ
និង​តាម​ពាក្យ​ស្តី​បន្ទោស​របស់​ព្រះ‌អង្គ
ដោយ‌សារ​អណ្ដាត​ភ្លើង។
16ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌
ដល់​មនុស្ស​ទាំង​អស់ ដោយ‌សារ​ភ្លើង
និង​ដោយ​សារ​ដាវ​របស់​ព្រះ‌អង្គ
ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ប្រហារ​ជីវិត
នោះ​មាន​គ្នា​ច្រើន​ណាស់។
17ឯ​ពួក​អ្នក​ដែល​ញែក​ខ្លួន ជម្រះ​ខ្លួន​សម្រាប់​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​សួន‌ច្បារ គោរព​ដល់​រូប​ព្រះ​មួយ​នៅ​កណ្ដាល​នោះ ព្រម​ទាំង​ស៊ី​សាច់​ជ្រូក និង​កណ្តុរ​ជា​របស់​គួរ​ខ្ពើម​ឆ្អើម នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌មួយ​គ្នា​ទាំង​អស់។
18យើង​ស្គាល់​អស់​ទាំង​កិច្ច‌ការ និង​គំនិត​របស់​គេ​ហើយ យើង​នឹង មក​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា ហើយ​គេ​នឹង​ចូល​មក ឃើញ​សិរី‌ល្អ​របស់​យើង។ 19យើង​នឹង​ដាក់​ទី​សម្គាល់​មួយ​នៅ​កណ្ដាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​បាញ់​ធ្នូ ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​កោះ​ទាំង​ប៉ុន្មាន ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិ‌យស​របស់​យើង ឬ​ឃើញ​សិរី‌ល្អ​របស់​យើង​នៅ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​យើង នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន។ 20គេ​នឹង​ដាក់​ពួក​បង‌ប្អូន​អ្នក​រាល់​គ្នា​ទាំង​ប៉ុន្មាន ជិះលើ​សេះ រទេះ អង្រឹង​ស្នែង លា‌កាត់ និង​លើ​អូដ្ឋ នាំ​ចេញ​ពី​អស់​ទាំង​សាសន៍​មក ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​មក​ក្រុង​យេរូ‌សាឡិម ជា​ភ្នំ​បរិសុទ្ធ​របស់​យើង ដូច​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្លាប់​យក​តង្វាយ​របស់​គេ ដាក់​ក្នុង​ភាជនៈ​ដ៏​ស្អាត​មក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។ នោះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ 21ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​យក​ពួក​អ្នក​នោះ​ខ្លះ តាំង​ឡើង​ជា​សង្ឃ ហើយ​ជា​ពួក​លេវី។
22ដ្បិត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី
ដែល​យើង​នឹង​បង្កើត​ឡើង​នោះ
នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​យើង​ជា​យ៉ាង​ណា
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា
ពូជ‌ពង្ស​របស់​អ្នក និង​ឈ្មោះ​អ្នក​រាល់​គ្នា
ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ។
23គ្រា​នោះ នឹង​កើត​មាន​ដូច្នេះ ពី​ខែ​មួយ
ចូល​ខែ​មួយ​ទៀត
ហើយ​ពី​ថ្ងៃ​សប្ប័ទ​មួយ ដល់​ថ្ងៃ​សប្ប័ទ​មួយ​ទៀត
គ្រប់​មនុស្ស​ទាំង​អស់​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​យើង
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
24គេ​នឹង​ចេញ​ទៅ​មើល​សាក​សព​របស់​មនុស្ស​ទាំង​ប៉ុន្មាន ដែល​បាន​បះ‌បោរ​នឹង​យើង ដ្បិត​ដង្កូវ​នៅ​លើ​សាកសព​ទាំង​នោះ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ភ្លើង​ក៏​មិន​ចេះ​រលត់​ដែរ សាក​សព​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ខ្ពើម​ឆ្អើម។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 66