YouVersion Logo
Search Icon

ទំនុកតម្កើង 42

42
ភាគ​ទីពីរ
ចិត្ត​ដែល​ដង្ហក់​រក​ព្រះ និង​ជំនួយ​ពី​ព្រះ‌អង្គ​នៅ​ពេលជួប​ទុក្ខ​លំបាក
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង។
1ឱ​ព្រះ​អើយ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​រកព្រះ‌អង្គ
ដូចសត្វ​ក្តាន់​ដង្ហក់​រក​ជ្រោះ​ទឹក។
2ព្រលឹង​ខ្ញុំ​ស្រេក​ឃ្លាន​រក​ព្រះ
គឺ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់
តើ​ដល់​កាល​ណា​ទើបខ្ញុំ
នឹង​មក​ឈរ​ចំពោះ​ព្រះ‌អង្គ?
3ទាំង​ថ្ងៃ​ទាំង​យប់ ខ្ញុំ​មាន​តែ​ទឹក​ភ្នែក​ជា​អាហារ
គេ​ពោល​មក​ខ្ញុំ​ជាប់​ជានិច្ច​ថា
«តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»
4៙ ពេល​ព្រលឹង​ខ្ញុំ​ប្លុង​ទៅ
ខ្ញុំ​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ
ទៅ​ជាមួយ​មនុស្សមួយ​ហ្វូង
ហើយ​នាំ​មុខ​គេ ហែទៅ​កាន់​ដំណាក់​របស់​ព្រះ
មាន​ទាំង​សម្រែក​អរ​សប្បាយ
និង​បទ​ចម្រៀង​សរសើរ​តម្កើង
គឺ​មហាជនដែល​ប្រារព្ធ​ពិធី​បុណ្យ​បរិសុទ្ធ។
5ឱ​ព្រលឹង​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត?
ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​ក្នុង​ខ្លួន​ដូច្នេះ?
ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ
ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត
ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។
6៙ ព្រលឹង​ទូល‌បង្គំ​ស្រយុត​នៅ​ក្នុង​ខ្លួន
ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ
នឹក​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ស្រុក
ក្បែរ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរម៉ូន និង​ភ្នំ​មីតសារ។
7ទី​ជម្រៅ​ហៅ​រក​ទី​ជម្រៅ
ដោយ​សន្ធឹក​នៃ​ទឹក​ដែល​ធ្លាក់​ពី​ភ្នំ
អស់​ទាំង​រលក និង​អង្កាញ់​នៃ​ទឹក​របស់​ព្រះ‌អង្គ
បាន​ហូរ​គ្រប​មក​លើ​ទូល‌បង្គំ។
8នៅពេល​ថ្ងៃ ព្រះ‌យេហូវ៉ាសម្ដែង
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ហើយ​នៅ​វេលា​យប់ បទ​ចម្រៀង​របស់​ព្រះ‌អង្គ
នៅ​ជា​មួយ​ទូល‌បង្គំ
ជា​ពាក្យ​អធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូល‌បង្គំ។
9៙ ខ្ញុំ​ទូល​ដល់​ព្រះ​ដែល​ជា​ថ្ម​ដា​របស់​ខ្ញុំ​ថា
«ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំ​ភ្លេច​ទូល‌បង្គំ?
ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ
ដោយ​ព្រោះ​តែ​ខ្មាំង​សត្រូវ
សង្កត់‌សង្កិន​សត្រូវ​ដូច្នេះ?»
10ខ្មាំង​សត្រូវ​ចំអក​ឲ្យ​ខ្ញុំ ប្រៀប​ដូច​ជា​ដាវ
ចាក់​ដោត​នៅ​ក្នុង​ឆ្អឹង​របស់​ខ្ញុំ
ហើយ​គេចេះ​តែពោល​មក​ខ្ញុំ​ជា‌និច្ច​ថា
«តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»
11ឱ​ព្រលឹងខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត?
ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ?
ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ
ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត
ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in