YouVersion Logo
Search Icon

ទំនុកតម្កើង 45

45
ចម្រៀង​នៅ​ពេល​ព្រះ‌រាជា​រៀប​អភិសេក
ទំនុក​របស់​កូន​ចៅ​កូរេ តាម​បទ «ផ្កា​ឈូក» សម្រាប់​មេ​ភ្លេង ជា​ចម្រៀង​ស្នេហា។
1ចិត្ត​របស់​ខ្ញុំ​ពេញ​ហៀរ​ដោយ​ពាក្យ​ពេជន៍​ដ៏​ល្អ
ខ្ញុំ​លើកកំណាព្យ​របស់​ខ្ញុំ​ថ្វាយ​ព្រះមហាក្សត្រ
អណ្ដាត​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ាកកា​របស់​កវី​និពន្ធ
ដែល​ត្រៀម​ជា​ស្រេច។
2៙ ព្រះ‌ករុណាមាន​រូប​សម្បត្តិ​ល្អ
លើស​ជាងបុរស​ទាំង​អស់
បបូរ​មាត់ព្រះ​ករុណា​មាន​ពេញ​ដោយ​ព្រះ‌គុណ
ហេតុនេះ​ហើយ​បាន​ជា
ព្រះ​ប្រទាន​ពរ​ព្រះ‌អង្គ​ជានិច្ច។
3ឱ​ព្រះ‌ករុណា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយ
សូម​ក្រវាត់​ដាវ​របស់​ព្រះ‌អង្គ​ជាប់នឹង​ត្រគាក
ឲ្យ​សម​នឹង​តេជានុភាព​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ!
4សូម​យាង​ទៅ​ដោយ​ឥទ្ធិឫទ្ធិ​របស់​ព្រះ‌អង្គ
ទាំង​មាន​ជ័យ​ជម្នះ
ដើម្បី​ការពារ​សេចក្ដី​ពិត ភាព​ស្លូត​បូត
និង​សេចក្ដី​សុចរិត
សូម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ បង្រៀន​ព្រះ‌អង្គ
ពី​ការ​ដែល​គួរ​កោត​ខ្លាច!
5ព្រួញ​របស់​ព្រះ‌អង្គ
មុត​ចូល​ទៅ​ក្នុង​បេះ‌ដូង​របស់​ខ្មាំង​សត្រូវ
សាសន៍​ទាំង​ប៉ុន្មាន​ដួល​នៅ​ក្រោម
ព្រះបាទា​ព្រះ‌អង្គ។
6៙ ឱ​ព្រះ​អើយ បល្ល័ង្ក​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។
ដំបង​រាជ្យ​នៃ​រាជ្យ​ព្រះ‌អង្គ ជា​ដំបង​រាជ្យ​សុចរិត
7ព្រះករុណា​ស្រឡាញ់​សេចក្ដី​សុចរិត
ហើយ​ស្អប់​អំពើ​ទុច្ចរិត។
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ គឺ​ព្រះ​របស់​ករុណា
បាន​ចាក់​ប្រេង​លើ​ព្រះ​ករុណា
ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ
លើស​ជាងមិត្ត​សម្លាញ់​របស់​ព្រះ​ករុណា
8ព្រះ‌ពស្ត្រព្រះ​ករុណា​ផ្សាយ​ក្លិន​ក្រអូប
ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​កំញាន
មាន​សូរ​សព្ទ​តន្ត្រី​ចេញ​ពី​ដំណាក់​ភ្លុក
ធ្វើ​ឲ្យ​ព្រះ‌អង្គ​សប្បាយ​រីក​រាយ។
9មាន​បុត្រី​ស្តេច​នៅ​ក្នុង​ចំណោម​ស្ត្រី​ជាន់​ខ្ពស់
របស់​ព្រះករុណា
ព្រះ​មហាក្សត្រិយានី
ទ្រង់​គ្រឿង​ដោយ​មាស​ពី​ស្រុក​អូភារ
គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។
10៙ ឱ​បុត្រី​អើយ ចូរ​ស្តាប់ ហើយ​ពិចារណា
ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ
ចូរ​បំភ្លេច​ប្រជា‌រាស្ត្រ​របស់​បុត្រី
និងពួក​ដំណាក់​បិតា​របស់​បុត្រីទៅ
11នោះ​ព្រះ​មហាក្សត្រ​នឹង​គាប់​ព្រះ‌ហឫ‌ទ័យ
ដោយ​សោភ័ណភាព​របស់បុត្រី
ដ្បិត​ព្រះ‌អង្គ​ជា​ម្ចាស់របស់​បុត្រី
ចូរ​ចុះ​ចូល​នឹង​ព្រះ​រាជាទៅ!
12-13ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស
គឺ​ពួក​អ្នក​មាន​ស្ដុក​ស្ដម
នឹង​នាំ​តង្វាយ​មក​ថ្វាយ​ព្រះ​នាង
ដើម្បី​ផ្គាប់​ផ្គុន​ព្រះ​នាង។
៙ ព្រះ‌អង្គ​ម្ចាស់​ក្សត្រិយ៍​ដែល​នៅ​ក្នុង​ក្រឡា​បន្ទំ
ព្រះ​នាង​មាន​ពេញ​ដោយ​សេចក្ដី​រុងរឿង
ព្រះ‌ភូសា​របស់​ព្រះ​នាង​ប៉ាក់​លម្អ​ដោយ​មាស។
14គេ​នឹង​ដង្ហែ​ព្រះ​នាង​មក​ថ្វាយ​ព្រះ‌ករុណា
ទាំង​គ្រង​ព្រះ‌ភូសា​ចម្រុះ​ពណ៌
ហើយ​ពួកភីលៀង​ព្រហ្មចារី​របស់​ព្រះ​នាង
ហែ​ហម​ពីក្រោយ។
15កាល​ពួក​នាង​ចូល​មក​ក្នុង​ព្រះ​ដំណាក់​ព្រះ​រាជា
មានសំឡេងអប​អរ​សាទរ
យ៉ាងសប្បាយ​រីក‌រាយ។
16៙ ព្រះ​ករុណា​នឹង​បាន‌រាជ​បុត្រ
តពីអយ្យកោ​របស់ព្រះ‌អង្គ
ព្រះ​ករុណា​នឹង​តាំង‌រាជ​បុត្រ​ទាំង​នោះ
ជា​អ្នក​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។
17ទូល‌បង្គំ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក
នឹក​ចាំ​ពី​ព្រះ​នាមព្រះ​ករុណា
គ្រប់​ជំនាន់​ត​ទៅ
ហេតុ​នេះ ជាតិ​សាសន៍​ទាំង​ឡាយ
នឹង​សរសើរ​ព្រះករុណា
អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in