អេសាយ 51
51
ព្រះអម្ចាស់រំដោះពូជពង្សលោកអប្រាហាំ
1អស់អ្នកដែលខិតខំ
ស្វែងរកសេចក្ដីសុចរិត
អស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយ
ចូរស្ដាប់យើង! ចូររំពឹងគិតថា
តើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា
ព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា?
2“ចូររំពឹងគិតពីអប្រាហាំ
ជាបុព្វបុរសរបស់អ្នករាល់គ្នា
និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។
ពេលយើងហៅអប្រាហាំមក
គាត់នៅម្នាក់ឯង គ្មានកូនទេ។
យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ
កើនចំនួនឡើងជាច្រើន”។
3មែនហើយ! ព្រះអម្ចាស់សម្រាលទុក្ខ
ប្រជាជននៅក្រុងស៊ីយ៉ូន
ព្រះអង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់
គឺព្រះអង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ
បានដូចជាសួនអេដែន។
ព្រះអង្គនឹងធ្វើឲ្យដីហួតហែងនេះ
ប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។
ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន
នឹងមានឮសូរសម្រែកសប្បាយរីករាយ
ព្រមទាំងមានបទចម្រៀងអរព្រះគុណ
និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។
4ប្រជាជនរបស់យើងអើយ
ចូរត្រងត្រាប់ស្ដាប់យើង!
ប្រជាជាតិរបស់យើងអើយ
ចូរផ្ទៀងត្រចៀកស្ដាប់យើង!
ដ្បិតយើងនឹងបង្កើតក្រឹត្យវិន័យ
យើងនឹងឲ្យការវិនិច្ឆ័យហូរចេញមក
ជាពន្លឺបំភ្លឺប្រជាជនទាំងឡាយ។
5សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ
ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ
យើងនឹងគ្រប់គ្រងលើប្រជាជននានា
ដោយបារមីរបស់យើង
មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង
ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។
6ចូរងើបមុខឡើងសម្លឹងទៅលើមេឃ
រួចក្រឡេកមើលមកផែនដីនេះ
ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង
ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់
មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត
តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ
អស់កល្បជានិច្ច
ហើយសេចក្ដីសុចរិតរបស់យើង
នឹងមិនសាបសូន្យឡើយ។
7អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត
ប្រជាជនដែលគោរពក្រឹត្យវិន័យរបស់យើង
ដោយចិត្តស្មោះអើយ
ចូរនាំគ្នាស្ដាប់យើង!
មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ
ហើយក៏មិនត្រូវចុះចាញ់
ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
8ដ្បិតពួកគេនឹងត្រូវវិនាស
ដូចសម្លៀកបំពាក់ និងរោមចៀម
ត្រូវកណ្ដៀរស៊ីបំផ្លាញ
តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
9ឱព្រះអម្ចាស់អើយ សូមក្រោកឡើង!
សូមក្រោកឡើង សម្តែងព្រះបារមី!
សូមតើនឡើង ដូចនៅជំនាន់ដើម!
កាលពីបុរាណ ព្រះបារមីព្រះអង្គ
បានប្រហារស្រុកអេស៊ីប
និងចាក់ទម្លុះសត្វដ៏សម្បើមនោះ។
10ព្រះអង្គបានធ្វើឲ្យសមុទ្ររីងស្ងួត
ព្រះអង្គបានធ្វើឲ្យមហាសាគរដ៏ជ្រៅ
ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល
ព្រះអង្គបានលោះ ដើរឆ្លងកាត់។
11ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ
នឹងដើរត្រឡប់មកស្រុកវិញ
ពួកគេមកដល់ក្រុងស៊ីយ៉ូន
ទាំងស្រែកហ៊ោយ៉ាងសប្បាយ។
ទឹកមុខរបស់ពួកគេពោរពេញដោយអំណរ
រកអ្វីប្រៀបស្មើពុំបាន
ពួកគេសប្បាយរីករាយឥតឧបមា
ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ
លែងមានទៀតហើយ។
12ព្រះអម្ចាស់មានព្រះបន្ទូលថា:
គឺយើងនេះហើយដែលសម្រាលទុក្ខអ្នករាល់គ្នា
ហេតុអ្វីបានជាអ្នកភ័យខ្លាច
មនុស្សដែលតែងតែស្លាប់?
មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
13អ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក
គឺព្រះអង្គដែលបានលាតសន្ធឹងផ្ទៃមេឃ
និងចាក់គ្រឹះនៃផែនដី។
រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ
មនុស្សដែលសង្កត់សង្កិន
ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។
ពួកគេពុំអាចគំរាមកំហែងអ្នក
រហូតតទៅឡើយ។
14បន្តិចទៀត អ្នកជាប់ឃុំឃាំងនឹងមានសេរីភាព
គេមិនត្រូវស្លាប់នៅក្នុងគុកនោះទេ
គេក៏មិនខ្វះម្ហូបអាហារបរិភោគដែរ។
15យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងធ្វើឲ្យសមុទ្រកក្រើក
ព្រមទាំងធ្វើឲ្យទឹករលកបក់បោក
យើងមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
16យើងធ្វើឲ្យមាត់អ្នកពោលពាក្យរបស់យើង
យើងលាតដៃធ្វើជាម្លប់ការពារអ្នក
ដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដី
ហើយពោលទៅកាន់អ្នកក្រុងថា
“អ្នកជាប្រជាជនរបស់យើង”។
17 យេរូសាឡឹមអើយ
ចូរភ្ញាក់រឭក ចូរក្រោកឡើង!
អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង
របស់ព្រះអម្ចាស់
អ្នកបានផឹកព្រះពិរោធពីពែងនេះ
រហូតដល់តំណក់ចុងក្រោយ
គឺរហូតដល់បាត់ស្មារតី!
18ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមក
គ្មាននរណាម្នាក់ដឹកនាំអ្នកសោះ
ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម
គ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។
19ទុក្ខវេទនាពីរយ៉ាងបានកើតមាន
ចំពោះអ្នកផ្ទួនៗគ្នា
គឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទី
ទុរ្ភិក្ស និងសង្គ្រាម
តែគ្មាននរណាអាណិតអាសូរអ្នក
គ្មាននរណាសម្រាលទុក្ខអ្នកសោះ។
20កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ
ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់
ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ
ព្រះរបស់អ្នកគំរាមកំហែងពួកគេ។
21ហេតុនេះ ក្រុងដែលរងទុក្ខវេទនាអើយ
ចូរស្ដាប់ចុះ!
អ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ!
22 ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ
រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ទ្រង់មានព្រះបន្ទូលថា:
យើងលែងឲ្យអ្នកផឹកពីពែង
ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី
អ្នកនឹងលែងផឹកពីពែងនៃកំហឹង
របស់យើងទៀតហើយ។
23យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក
ផឹកពីពែងនេះវិញ។
គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា
“ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!”
ពេលនោះ អ្នកក៏ក្រាបចុះ
ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
Currently Selected:
អេសាយ 51: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.