Luke 21

21
1 ពេល​នោះ​ ព្រះអង្គ​ក្រឡេក​ឃើញ​ពួក​អ្នក​មាន​កំពុង​ដាក់​តង្វាយ​របស់​ពួកគេ​ទៅ​ក្នុង​ហិប​តង្វាយ​
2 ហើយ​ព្រះអង្គ​ក៏​ឃើញ​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​កំពុង​ដាក់​កាក់​ពីរ​ឡិបតា​ទៅ​ក្នុង​ហិប​នោះ​ដែរ។​
3 ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ស្ដ្រី​មេម៉ាយ​កី្រក្រ​ម្នាក់​នេះ​បាន​ដាក់​តង្វាយ​ច្រើន​ជាង​មនុស្ស​គ្រប់​គ្នា​
4 ព្រោះ​មនុស្ស​ទាំង​នោះ​ដាក់​តង្វាយ​ពី​សំណល់​របស់​ពួកគេ​ ប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ​ ទោះ​បើ​នាង​ក្រីក្រ​យ៉ាង​ណា​ នាង​បាន​ថ្វាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ដល់​ព្រះជាម្ចាស់»។​
5 កាល​អ្នក​ខ្លះ​កំពុង​និយាយ​អំពី​ព្រះវិហារ​ដែល​បាន​តុបតែង​ដោយ​ថ្ម​ប្រណិត​ និង​តង្វាយ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​
6 «អ្វី​ដែល​អ្នក​រាល់គ្នា​ឃើញ​ទាំង​នេះ​ នៅ​ថ្ងៃ​មក​ដល់​ ថ្ម​ដែល​ត្រួត​លើ​គ្នា​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»។​
7 ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?​ នៅ​ពេល​ការ​ទាំង​នេះ​ជិត​កើត​ឡើង​ តើ​នឹង​មាន​ទីសំគាល់​អ្វីខ្លះ?»​
8 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​ អ្នក​រាល់គ្នាកុំ​ចាញ់បោក​គេ​ឡើយ​ ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​និយាយ​ថា​ ខ្ញុំ​នេះ​ហើយ​ ឬ​ពេល​វេលា​ជិត​ដល់​ហើយ​ នោះ​ចូរ​កុំ​ទៅ​តាម​ពួកគេ​ឲ្យ​សោះ។​
9 ពេល​ណា​អ្នក​រាល់គ្នា​ឮ​អំពី​សង្គ្រាម​ និង​ចលាចល​ ចូរ​កុំ​ភ័យ​ខ្លាច​ឡើយ​ ព្រោះ​ការ​ទាំង​អស់​នេះ​ត្រូវតែ​កើត​ឡើង​ជា​មុន​ ប៉ុន្ដែ​មិន​ទាន់​ដល់​ទី​បញ្ចប់​ភ្លាម​ទេ»។​
10 រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ជន​ជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជន​ជាតិ​មួយ​ ហើយ​ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​
11 ព្រមទាំង​មាន​ការ​រញ្ជួយដី​ធំៗ​ គ្រោះ​អត់ឃ្លាន​ និង​ជំងឺ​រាតត្បាត​នៅ​តាម​កន្លែង​ផ្សេងៗ​ ព្រមទាំង​មាន​ហេតុការណ៍​តក់ស្លុត​ និង​ទីសំគាល់​ធំៗ​ពី​លើ​មេឃ​ផង។​
12 ប៉ុន្ដែ​នៅ​មុន​សេចក្ដី​ទាំង​អស់​នេះ​ ពួកគេ​នឹង​ចាប់​អ្នក​រាល់គ្នា​ បៀត​បៀន​អ្នក​រាល់គ្នា​ ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​សាលា​ប្រជុំ​ ហើយ​ដាក់​គុក​អ្នក​រាល់គ្នា ទាំង​នាំ​ទៅ​ឲ្យ​ស្ដេច​ និង​ពួក​អភិបាល​ព្រោះតែ​ឈ្មោះ​ខ្ញុំ​
13 តែ​ពេល​វេលា​នោះ​ត្រលប់​ជា​ឱកាស​សម្រាប់​អ្នក​រាល់គ្នា​ធ្វើ​ទី​បន្ទាល់​វិញ។​
14 ដូច្នេះ​ចូរ​ចាំ​ទុក​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នា​ចុះ​ កុំ​រៀបចំ​ការពារ​ខ្លួន​ជាមុន​ឲ្យ​សោះ​
15 ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​មាន​ថ្វីមាត់​ ព្រមទាំង​ប្រាជ្ញា​ដែល​គូ​វិវាទ​ទាំង​អស់​មិន​អាច​ត​តាំង​ ឬ​ជំទាស់​នឹង​អ្នក​រាល់គ្នា​បាន​ឡើយ។​
16 ប៉ុន្ដែ​សូម្បីតែ​ឪពុក​ម្ដាយ​ បង​ប្អូន​ សាច់​ញាតិ​ និង​មិត្ដ​ភក្ដិ​ក៏​ក្បត់​នឹង​អ្នក​រាល់គ្នា​ដែរ​ ហើយ​ពួកគេ​នឹង​សម្លាប់​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​
17 ហើយ​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយព្រោះ​តែ​ឈ្មោះ​ខ្ញុំ​
18 ប៉ុន្ដែ​សូម្បីតែ​សក់​មួយ​សរសៃ​លើ​ក្បាល​អ្នក​រាល់គ្នាក៏​មិន​បាន​វិនាស​ឡើយ។​
19 ដោយសារ​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ជីវិត​វិញ​
20 ប៉ុន្ដែ​នៅ​ពេល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​ នោះ​ចូរ​ដឹង​ថា​ សេចក្ដី​រលំ​រលាយ​នៃ​ក្រុង​នោះ​ជិត​មក​ដល់​ហើយ។​
21 ពេល​នោះ​ ចូរ​ឲ្យ​ពួកអ្នក​នៅ​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​ ឯ​ពួកអ្នក​នៅ​កណ្ដាល​ក្រុង​ចាក​ចេញ​ពី​ក្រុង​នោះ​ ហើយ​កុំ​ឲ្យ​ពួកអ្នក​នៅ​ស្រែ​ចម្ការ​ត្រលប់​ចូល​ក្នុង​ក្រុង​នោះ​ឲ្យ​សោះ​
22 ពីព្រោះ​ថ្ងៃ​ទាំង​នេះ​ជា​ថ្ងៃ​នៃ​សេចក្ដី​សងសឹក​ ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែងទុក​មក​បាន​សម្រេច។​
23 ស្ដ្រី​មាន​ផ្ទៃពោះ​ និង​ស្ដ្រី​កំពុង​បំបៅ​កូន​នឹង​វេទនា​ណាស់​នៅ​គ្រា​នោះ​ ព្រោះ​សេចក្ដី​ទុក្ខព្រួយ​ដ៏​សម្បើម​នឹង​មាន​នៅ​លើ​ទឹក​ដី​នេះ​ ហើយ​កំហឹង​ក៏​ធ្លាក់​លើ​ប្រជាជន​នេះ​
24 ពួកគេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ ហើយ​ត្រូវ​នាំ​យក​ជា​ឈ្លើយ​ទៅ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ ឯ​ក្រុង​យេរូសាឡិម​វិញ​ នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី​រហូត​ដល់​ពេល​វេលា​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់។​
25 នឹង​មាន​ទីសំគាល់​នៅ​ក្នុង​ដួងអាទិត្យ​ លោក​ខែ​ និង​ផ្កាយ​ ហើយ​ជនជាតិ​នានា​នៅ​លើ​ផែនដី​នេះ​នឹង​មាន​សេចក្ដី​ថប់បារម្ភ​ ទាំង​ទ័ល​ប្រាជ្ញា​ដោយសារ​សំឡេង​សន្ធឹក​សមុទ្រ​ និង​ទឹក​រលក​
26 មនុស្ស​នឹង​ស្រយុត​ចិត្ដ​ដោយសារ​ការ​ភ័យខ្លាច​ និង​ការ​ទន្ទឹង​រង់ចាំ​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​នៅ​លើ​ពិភព​លោក​ ដ្បិត​អំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះ​រង្គើ​
27 ពេល​នោះ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​យាងមក​នៅ​លើ​ពពក​ប្រកប​ដោយ​អំណាច​ និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ។​
28 នៅ​ពេល​ហេតុការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង​ ចូរ​អ្នក​រាល់គ្នា​ក្រោក​ឈរ​ ងើយ​ក្បាល​របស់​អ្នក​រាល់គ្នា​ឡើង​ ព្រោះ​សេចក្ដីប្រោស​លោះ​សម្រាប់​អ្នក​រាល់គ្នា​ជិត​មក​ដល់​ហើយ»។​
29 ព្រះអង្គ​ក៏​មាន​បន្ទូល​ប្រាប់​ពួកគេ​ពី​រឿង​ប្រៀប​ប្រដូច​មួយ​ថា៖​ «ចូរ​មើល​ដើម​ល្វា និង​ដើម​ឈើ​ទាំង​អស់​ចុះ​
30 ពេលណា​ឃើញ​ស្លឹក​វា​លាស់​ឡើង​ហើយ​ នោះ​អ្នក​រាល់គ្នា​ដឹង​ដោយ​ខ្លួន​ឯង​ថា​ រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ។​
31 ឯ​អ្នក​រាល់គ្នា​វិញ​ក៏​ដូច្នេះ​ដែរ​ ពេលណា​អ្នក​រាល់គ្នា​ឃើញ​ហេតុការណ៍​ទាំង​នេះ​កើត​ឡើង​ ចូរ​ដឹង​ថា​ នគរ​ព្រះជាម្ចាស់​នៅ​ជិត​បង្កើយ​
32 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះត្រាតែ​ហេតុការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន​
33 ផ្ទៃ​មេឃ​ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ។​
34 ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ខ្លួន​ ក្រែង​លោ​ចិត្ដ​របស់​អ្នក​រាល់គ្នា​ផ្ទុក​ដោយ​ការ​ស្រវឹង​អួ​ និង​ការ​ខ្វល់​ខ្វាយ​នៃ​ជីវិត​ ហើយ​ថ្ងៃ​នោះ​អាច​ធ្លាក់មក​លើ​អ្នក​រាល់គ្នា​ភ្លាមៗ​ដូចជា​អន្ទាក់​
35 ដ្បិត​ថ្ងៃ​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ទាំង​អស់​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​ផែន​ដី​ទាំង​មូល​
36 ដូច្នេះ​អ្នក​រាល់គ្នា​ត្រូវ​ប្រុង​ស្មារតី​ ទាំង​អធិស្ឋាន​គ្រប់​ពេល​វេលា​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​គេច​ផុត​ពី​ហេតុ​ការណ៍​ទាំង​អស់​នេះ​ដែល​នឹង​កើត​ឡើង​ ហើយ​ឈរ​នៅ​ចំពោះ​មុខ​កូន​មនុស្ស​បាន»។​
37 ព្រះអង្គ​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​នៅ​ពេល​ថ្ងៃ​ ហើយ​ពេល​យប់​បាន​ចេញ​ទៅ​សម្រាក​នៅ​ភ្នំមួយ​ឈ្មោះ​ថា​ ភ្នំ​ដើម​អូលីវ​
38 រីឯ​ប្រជាជន​ទាំង​អស់​គ្នា​វិញ​ ក្រោក​តាំង​ពី​ព្រលឹម​ទៅ​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ​ដើម្បី​ស្ដាប់​ព្រះអង្គ។​

S'ha seleccionat:

Luke 21: KCB

Subratllat

Comparteix

Copia

None

Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió