Luke 22

22
1 នៅពេល​ពិធី​បុណ្យ​នំបុ័ង​ឥតមេ​ ដែល​ហៅ​ថា​ពិធី​បុណ្យ​រំលង​ជិត​មក​ដល់​
2 ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​បាន​រិះរក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​ប្រជាជន។​
3 អារក្ស​សាតាំង​បាន​ចូល​យូដាស​ដែល​ហៅ​ថា​ អ៊ីស្ការីយ៉ុត​ ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​
4 គាត់​បាន​ចេញ​ទៅ​ពិគ្រោះ​ជាមួយ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ពី​មធ្យោបាយ​ដែល​គាត់​អាច​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យពួកគេ។​
5 ពួកគេ​ត្រេក​អរ​ណាស់​ ហើយ​បាន​យល់ព្រម​ឲ្យ​ប្រាក់​គាត់​
6 ឯ​យូដាស​ក៏​យល់ព្រម រួច​រកឱកាស​ប្រគល់​ព្រះអង្គ​នៅ​ពេល​គ្មាន​បណ្ដាជន​នៅ​ជាមួយ​ពួកគេ។​
7 ពេល​ដល់​ថ្ងៃ​បុណ្យ​នំបុ័ង​ឥតមេ​ ជា​ថ្ងៃ​ដែល​គេ​ត្រូវ​ថ្វាយ​យញ្ញ​បូជា​ជា​កូន​ចៀម​សម្រាប់​ពិធី​បុណ្យ​រំលង​
8 ព្រះអង្គ​បាន​ចាត់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ឲ្យ​ទៅ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​ដើម្បី​ឲ្យ​ពួកយើង​បាន​បរិភោគ»​
9 ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​នៅ​កន្លែង​ណា?»​
10 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មើល៍​ ពេល​ពួកអ្នក​ចូល​ទៅ​ក្នុង​ក្រុង​ ពួក​អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក​ ចូរ​ដើរ​តាម​អ្នក​នោះ​ទៅ​ក្នុង​ផ្ទះ​ដែល​អ្នក​នោះ​ចូល​
11 ហើយ​ប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា​ លោក​គ្រូ​សួរ​មក​អ្នក​ថា​ តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​នឹង​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯណា?​
12 គាត់​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជាស្រេច​ ចូរ​រៀបចំ​នៅ​ទីនោះ​ចុះ»។​
13 អ្នក​ទាំង​ពីរ​ក៏​ចាក​ចេញ​ទៅ​ ហើយ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ ដូច្នេះ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង។​
14 លុះ​ដល់​ពេល​វេលា​ ព្រះអង្គ​ក៏​អង្គុយ​នៅ​តុអាហារ​ជាមួយ​ពួក​សាវក​របស់​ព្រះអង្គ​
15 ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ថ្ងៃ​បុណ្យ​រំលង​នេះ​ ខ្ញុំ​ចង់​បរិភោគ​ជាមួយ​អ្នក​រាល់គ្នា​ឲ្យ​អស់​ចិត្ដ​ មុន​ពេល​ខ្ញុំ​រងទុក្ខ​វេទនា​
16 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ខ្ញុំ​នឹង​មិន​បរិភោគ​អាហារ​នៃ​ថ្ងៃ​បុណ្យ​រំលង​នេះ​ទៀត​ទេ​ រហូត​ដល់​ពិធី​នេះ​បាន​សម្រេច​នៅ​នគរ​ព្រះជាម្ចាស់»​
17 រួច​ព្រះអង្គ​យក​ពែង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​យក​ពែង​នេះ​ ហើយ​ចែក​គ្នា​ផឹក​ចុះ​
18 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​ ខ្ញុំ​មិន​ផឹក​ផល​ពី​ទំពាំង​បាយ​ជូរ​ទៀត​ទេ​ រហូត​ដល់​នគរ​ព្រះជាម្ចាស់​មក​ដល់»។​
19 បន្ទាប់​មក​ព្រះអង្គ​យក​នំប៉័ង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ ទាំង​មាន​បន្ទូល​ថា៖​ «នេះ​ជា​រូបកាយ​របស់​ខ្ញុំ​ដែល​បាន​ឲ្យ​មក​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​បែប​នេះ​ចុះ​ដើម្បី​រំឭក​ដល់​ខ្ញុំ»។​
20 ក្រោយ​ពី​បរិភោគ​រួច​ ព្រះអង្គ​ក៏​មាន​បន្ទូល​អំពី​ពែង​បែប​ដូច្នោះ​ដែរ​ថា៖​ «ពែង​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ដោយ​នូវ​ឈាម​ខ្ញុំ​ ដែល​បាន​បង្ហូរ​សម្រាប់​អ្នក​រាល់គ្នា​
21 ប៉ុន្ដែ​មើល៍​ ដៃ​របស់​អ្នក​ក្បត់​ខ្ញុំ​ ក៏​ដាក់​នៅ​លើ​តុ​អាហារ​ជាមួយ​ខ្ញុំ​ដែរ​
22 ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូចជា​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​មែន​ ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​ម្នាក់​នោះ​ដែល​បាន​ក្បត់​កូន​មនុស្ស»។​
23 ពួកគេ​ក៏​ចាប់ផ្ដើម​សួរ​ដេញ​ដោល​គ្នា​អំពី​អ្នក​ដែល​បម្រុង​ធ្វើ​ដូច្នេះ។​
24 ពេល​នោះ​ក៏​កើត​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ដែល​ទំនង​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួកគេ។​
25 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពួក​ស្ដេច​នៃ​ជន​ជាតិ​នានា​គ្រប់គ្រង​លើ​ប្រជាជន​ ហើយ​ពួកអ្នក​មាន​សិទ្ធិ​អំណាច​លើ​ប្រជាជន​ គេ​ហៅ​ថា​ ពួកអ្នក​មាន​គុណ​
26 ប៉ុន្ដែ​អ្នក​រាល់គ្នា​វិញ​ មិន​មែន​ដូច្នោះ​ទេ​ អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ដូចជា​អ្នក​តូច​ជាង​គេ​ ឯ​អ្នក​ដឹកនាំ​ដូចជា​អ្នកបម្រើ​
27 ដ្បិត​អ្នក​ធំ​ជាង​ជា​អ្នកណា​ តើ​ជា​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ​អាហារ​ ឬ​ជា​អ្នក​ដែល​កំពុង​បម្រើ​គេ?​ តើ​មិន​មែន​ជា​អ្នក​កំពុង​អង្គុយ​នៅ​តុ​អាហារ​ទេ​ឬ?​ ខ្ញុំ​ប្រៀប​ដូចជា​អ្នក​ដែល​កំពុង​បម្រើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​
28 ហើយ​អ្នក​រាល់គ្នា​ជា​ពួក​អ្នក​ដែល​បាន​នៅ​ជាមួយ​ខ្ញុំ​ នៅ​ពេល​ខ្ញុំ​ជួប​សេចក្ដី​ល្បួង​
29 ដូច្នេះ​ព្រះវរបិតា​របស់​ខ្ញុំ​ឲ្យ​នគរ​មួយ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​ ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​រាល់គ្នា​ជា​យ៉ាង​នោះ​ដែរ​
30 ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិភោគ​នៅ​តុ​ជាមួយ​ខ្ញុំ​ក្នុង​នគរ​របស់​ខ្ញុំ​ ហើយ​អ្នក​រាល់គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនុំជម្រះ​កុល​សម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ។​
31 ស៊ីម៉ូន​ ស៊ីម៉ូន​អើយ!​ មើល៍​អារក្ស​សាតាំង​បាន​សុំ​អ្នក​ហើយ​ ដើម្បី​រែង​អ្នក​ដូចជា​ស្រូវ​ដូច្នោះ​ដែរ​
32 ប៉ុន្ដែ​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ធ្លាក់​ចុះ​ឡើយ​ ហើយ​នៅ​ពេល​អ្នក​ប្រែ​ចិត្ដ​ ចូរ​ពង្រឹង​បងប្អូន​របស់​អ្នក​ផង»។​
33 ប៉ុន្ដែ​លោក​ពេត្រុស​បាន​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​បាន​ត្រៀម​នៅ​ជាមួយ​ព្រះអង្គ​ហើយ​ ទោះ​បី​ត្រូវ​ជាប់​គុក​ ឬ​ស្លាប់​ក៏​ដោយ»។​
34 ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ពេត្រុស​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​ថា​ នៅ​ថ្ងៃ​នេះ​មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។​
35 រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កាល​ខ្ញុំ​បាន​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ដោយ​គ្មាន​ថង់​ប្រាក់​ ថង់​យាម​ និង​ស្បែក​ជើង​ តើ​អ្នក​រាល់គ្នា​បាន​ខ្វះខាត​អ្វី​ទេ?»​ ពួកគេ​ទូល​ថា៖​ «គ្មាន​ទេ»។​
36 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ប៉ុន្ដែ​ឥទ្បូវ​នេះ​ អ្នកណា​មាន​ថង់​ប្រាក់​ ចូរ​យក​ទៅ​ ហើយ​អ្នកណា​មាន​ថង់​យាម​ក៏​យក​ទៅ​ដូចគ្នា​ ឯ​អ្នកណា​ដែល​គ្មាន​វិញ​ ចូរ​លក់​អាវ​របស់​ខ្លួន​ទិញ​ដាវ​មួយ​ចុះ​
37 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សេចក្ដី​ដែល​បាន​ចែង​ទុក​អំពី​ខ្ញុំ​នេះ​ត្រូវ​តែ​សម្រេច​ ដែល​ថា​ គេ​បាន​រាប់​លោក​បញ្ចូល​ជាមួយ​ពួក​ល្មើស​ច្បាប់។​ ​សេចក្ដី​ដែល​ទាក់​ទង​នឹង​ខ្ញុំ​ឈាន​ដល់​ការ​សម្រេច​ហើយ»។​
38 ពួកគេ​ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ មើល៍​ នៅ​ទីនេះ​មាន​ដាវ​ពីរ»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គ្រប់​ហើយ»។​
39 កាល​ព្រះអង្គ​ចេញ​ទៅ​ ក៏​យាង​ទៅ​ភ្នំ​ដើម​អូលីវ​តាម​ទម្លាប់​ ឯ​ពួក​សិស្ស​ក៏​បាន​ទៅ​តាម​ព្រះអង្គ​ដែរ។​
40 ពេល​មក​ដល់​កន្លែង​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​អធិស្ឋាន​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង»​
41 រួច​ព្រះអង្គ​ក៏​ចេញ​ពី​ពួកគេ​ចម្ងាយ​ប្រហែល​មួយ​ចោល​ដុំ​ថ្ម​ ហើយ​ព្រះអង្គ​បាន​លុត​ជង្គង់​ អធិស្ឋាន​ថា៖​
42 «ឱ​ព្រះវរបិតា​អើយ!​ ប្រសិន​បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​ទៅ​ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ទ្បើយ​ គឺ​តាម​ព្រះអង្គ​វិញ»​
43 នោះ​មាន​ទេវតា​ពី​ស្ថានសួគ៌​បាន​លេច​មក​ឯ​ព្រះអង្គ​ ដើម្បី​ចម្រើន​កម្លាំង​ឲ្យ​ព្រះអង្គ​
44 ហើយ​កាល​ព្រះអង្គ​ខ្វល់ខ្វាយ​ជា​ពន់ពេក​ ក៏​ខំប្រឹង​អធិស្ឋាន​ខ្លាំង​ឡើង​ថែម​ទៀត​ ញើស​របស់​ព្រះអង្គ​ត្រលប់​ដូចជា​តំណក់​ឈាម​កំពុង​ស្រក់​មក​លើ​ដី។​
45 កាល​ព្រះអង្គ​ក្រោក​ពី​អធិស្ឋាន​ ក៏​យាង​ទៅ​ឯ​ពួក​សិស្ស​វិញ​ ហើយ​ឃើញ​ពួកគេ​កំពុង​ដេក​លក់​ ដោយព្រោះ​សេចក្ដី​សោកសៅ​
46 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​ដេក​លក់​ដូច្នេះ?​ ចូរ​ក្រោក​អធិស្ឋាន​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង»។​
47 កាល​ព្រះអង្គ​កំពុង​មាន​បន្ទូល​នៅ​ឡើយ​ នោះ​ក៏​មាន​បណ្ដាជន​មក​ឯ​ព្រះអង្គ​ ហើយ​យូដាស​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​កំពុង​នាំ​មុខ​គេ។​ គាត់​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ដើម្បី​ថើប​ព្រះអង្គ។​
48 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «យូដាស​ តើ​អ្នក​ក្បត់​កូន​មនុស្ស​ដោយ​ការ​ថើប​ឬ?»​
49 ពេល​ពួកអ្នក​នៅ​ជុំវិញ​ឃើញ​ហេតុការណ៍​ហៀប​នឹង​កើត​ទ្បើង​ ក៏​ទូលសួរ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់!​ តើ​ឲ្យ​យើង​ប្រយុទ្ធ​ដោយ​ដាវ​ដែរ​ឬ​ទេ?»​
50 ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​កាប់​បាវបម្រើ​របស់​សម្ដេច​សង្ឃ​ម្នាក់​ដាច់​ត្រចៀក​ខាង​ស្ដាំ។​
51 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ថា៖​ «ឈប់!​ ប៉ុណ្ណឹង​បាន​ហើយ»​ រួច​ព្រះអង្គ​ក៏​ពាល់​ត្រចៀក​នោះ​ ហើយ​បាន​ប្រោស​គាត់​ឲ្យ​ជា​វិញ។​
52 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកអ្នក​ដែល​បាន​មក​ទាស់​នឹង​ព្រះអង្គ​ ពួក​សម្ដេច​សង្ឃ​ ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ និង​ពួក​ចាស់​ទុំ​ថា៖​ «តើ​អ្នក​រាល់គ្នា​មក​តទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មាន​ទាំង​ដាវ​ និង​ដំបង​ដូច្នេះ?​
53 ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​រាល់​ថ្ងៃ​ក្នុង​ព្រះវិហារ​ អ្នក​រាល់គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ជា​ពេល​វេលា​របស់​អ្នក​រាល់គ្នា​ និង​ជា​សិទ្ធិ​អំណាច​នៃ​សេចក្ដី​ងងឹត»។​
54 ពួកគេ​ក៏​ចាប់​ព្រះអង្គ​បណ្ដើរ​ទៅ​ផ្ទះ​របស់​សម្ដេច​សង្ឃ​ម្នាក់​ ហើយ​លោក​ពេត្រុស​បាន​ដើរ​តាម​ពី​ចម្ងាយ។​
55 ពេល​ពួកគេ​បង្កាត់​ភ្លើង​នៅ​កណ្ដាល​ទីធ្លា​ហើយ​ ក៏​អង្គុយ​ចុះ​ជុំគ្នា​ ឯ​លោក​ពេត្រុស​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ។​
56 កាល​ស្រី​បម្រើ​ម្នាក់​បាន​ឃើញ​គាត់​កំពុង​អង្គុយ​នៅ​ជិត​ភ្លើង​ ក៏​សម្លឹង​មើល​គាត់​ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ក៏​នៅ​ជាមួយ​ម្នាក់​នោះ​ដែរ»​
57 ប៉ុន្ដែ​គាត់​បដិសេធ​ថា៖​ «នែ​នាង!​ ខ្ញុំ​មិន​ស្គាល់​ម្នាក់​នោះ​ទេ»។​
58 បន្ដិច​ក្រោយ​មក​ កាល​ម្នាក់​ទៀត​ឃើញ​គាត់​ ក៏​និយាយ​ថា៖​ «អ្នក​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ»​ តែ​លោក​ពេត្រុស​និយាយ​ថា៖​ «នែ​លោក!​ មិន​មែន​ខ្ញុំ​ទេ!»​
59 ប្រហែល​មួយ​ម៉ោង​ក្រោយ​មក​ មាន​ម្នាក់​ទៀត​និយាយ​អះអាង​ថា៖​ «អ្នក​នេះ​នៅ​ជាមួយ​ម្នាក់​នោះ​ប្រាកដ​ណាស់​ ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលីឡេ​ដែរ»​
60 ប៉ុន្ដែ​លោក​ពេត្រុស​និយាយ​ថា៖​ «នែ​អ្នក!​ ខ្ញុំ​មិន​ដឹង​ថា​ អ្នក​កំពុង​និយាយ​អ្វី​ទេ»។​ ពេល​គាត់​កំពុង​និយាយ​នៅ​ទ្បើយ​ មាន់​ក៏​រងាវ​ទ្បើង​ភ្លាម​
61 ព្រះអម្ទាស់​បាន​ងាក​មក​មើល​លោក​ពេត្រុស​ គាត់​ក៏​នឹក​ឃើញ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ដែល​បាន​ប្រាប់​គាត់​ថា​ ថ្ងៃ​នេះ​មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។​
62 គាត់​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។​
63 ពួក​មនុស្ស​ដែល​កំពុង​យាម​ព្រះយេស៊ូ​បាន​ចំអក​ឲ្យ​ព្រះអង្គ​ទាំង​វាយ​ដំ​
64 និង​បាន​បិទ​មុខ​ព្រះអង្គ​ ហើយ​សួរ​ថា៖​ «ទាយ​ទៅ​មើល៍​ តើ​អ្នកណា​វាយ​ឯង?»​
65 ហើយ​ពួកគេ​បាន​និយាយ​ពាក្យ​ប្រមាថ​ដល់​ព្រះអង្គ​ជាច្រើន​ទៀត។​
66 លុះ​ពឹ្រក​ឡើង​ ពួក​ចាស់​ទុំ​របស់​ប្រជាជន​បាន​ជួបជុំ​គ្នា​ មាន​ទាំង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ ហើយ​ពួកគេ​បាន​បណ្ដើរ​ព្រះអង្គ​ទៅ​ក្រុម​ប្រឹក្សា​កំពូល​របស់​ពួកគេ​ រួច​ក៏​សួរ​ថា៖​
67 «ប្រាប់​យើង​មើល៍​ បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន»​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ទោះ​បី​ខ្ញុំ​ប្រាប់​ពួក​លោក​ ក៏​ពួក​លោក​មិន​ជឿ​
68 ហើយ​ទោះ​បី​ខ្ញុំ​សួរ​ពួក​លោក​វិញ​ ក៏​ពួក​លោក​មិន​ព្រម​ឆ្លើយ​ដែរ​
69 ប៉ុន្ដែ​ពី​ពេល​នេះ​ទៅ​ កូន​មនុស្ស​នឹង​អង្គុយ​នៅ​កន្លែង​មាន​អំណាច​ គឺ​ខាង​ស្ដាំ​នៃ​ព្រះជាម្ចាស់»​
70 ពួកគេ​ទាំង​អស់​គ្នា​ក៏​សួរ​ថា៖​ «បើ​ដូច្នេះ​ អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ឬ?»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពួក​លោក​និយាយ​ត្រូវ​ គឺ​ខ្ញុំ​នេះ​ហើយ»​
71 ពួកគេ​ក៏​និយាយ​ថា៖​ «តើ​យើង​នៅ​ត្រូវការ​សាក្សី​ធ្វើ​អ្វី​ទៀត?​ ព្រោះ​យើង​បាន​ឮ​ផ្ទាល់​ចេញ​ពី​មាត់​របស់​វា​ហើយ!»​

S'ha seleccionat:

Luke 22: KCB

Subratllat

Comparteix

Copia

None

Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió