លោកុប្បត្តិ 6

6
សម្រេចដាក់ទោសមនុស្សលោក
1នៅពេល​មនុស្ស​ចាប់ផ្ដើម​កើនឡើង​នៅលើ​ផ្ទៃ​ផែនដី ហើយ​មាន​កូនស្រី​ជាច្រើន​កើតមក​ដល់​ពួកគេ 2ពួក​កូនប្រុស​របស់​ព្រះ​ឃើញ​ពួក​កូនស្រី​របស់​មនុស្ស ថា​ពួកនាង​ស្រស់ស្អាត ក៏​យក​ជា​ប្រពន្ធ​របស់ខ្លួន ពី​អ្នកណាក៏ដោយ​ដែល​ពួកគេ​បាន​ជ្រើសរើស​។ 3ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “វិញ្ញាណ​របស់យើង​នឹង​មិន​ស្ថិតនៅ​ក្នុង​មនុស្ស#6:3 មិន​ស្ថិតនៅក្នុង​មនុស្ស​―ន័យត្រង់គឺ “មិន​ជំទាស់នៅក្នុង​មនុស្ស”។​ជារៀងរហូត​ឡើយ ដ្បិត​គេ​គ្រាន់តែ​ជា​សាច់ឈាម​ប៉ុណ្ណោះ​។ ដូច្នេះ​អាយុ​របស់គេ​នឹង​បាន​ត្រឹម​មួយរយម្ភៃ​ឆ្នាំ”។ 4មាន​មនុស្សធំសម្បើម​នៅលើ​ផែនដី​ក្នុង​គ្រា​នោះ និង​ក្រោយមក​ដែរ គឺ​ពេលដែល​ពួក​កូនប្រុស​របស់​ព្រះ​បាន​ចូលទៅ​ឯ​ពួក​កូនស្រី​របស់​មនុស្ស ហើយ​ពួកនាង​បាន​បង្កើត​កូន​ឲ្យ​ពួកគេ​។ ពួកគេ​ជា​មនុស្ស​ខ្លាំងពូកែ​នា​សម័យបុរាណ ជា​មនុស្ស​មាន​កេរ្តិ៍ឈ្មោះ​។
5ព្រះយេហូវ៉ា​ទត​ឃើញ​ថា​ការអាក្រក់​របស់​មនុស្ស​មាន​ច្រើន​នៅលើ​ផែនដី ហើយ​គ្រប់ទាំង​បំណង​នៃ​គំនិត​ក្នុង​ចិត្ត​គេ​សុទ្ធតែ​អាក្រក់​វាល់ព្រឹកវាល់ល្ងាច​។ 6ព្រះយេហូវ៉ា​ទ្រង់​ស្ដាយ​ដែល​បាន​បង្កើត​មនុស្ស​នៅលើ​ផែនដី ព្រមទាំង​ព្រួយ​ព្រះហឫទ័យ​ផង​។ 7ដូច្នេះ ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យើង​នឹង​លុប​មនុស្ស​ដែល​យើង​បាន​និម្មិតបង្កើត ចេញ​ពី​ផ្ទៃ​ផែនដី គឺ​ចាប់ពី​មនុស្ស រហូតដល់​សត្វស្រុក សត្វលូនវារ និង​បក្សាបក្សីនៅលើអាកាស ដ្បិត​យើង​ស្ដាយ​ដែល​បាន​បង្កើត​ពួកគេ”។ 8ប៉ុន្តែ​ណូអេ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​។
ណូអេ និងទូកធំ
9នេះ​ជា​វង្សត្រកូល​របស់​ណូអេ​: ណូអេ​ជា​មនុស្ស​សុចរិត ជា​មនុស្ស​គ្រប់លក្ខណ៍​នៅ​ជំនាន់​របស់គាត់​។ ណូអេ​បាន​ដើរ​ជាមួយ​ព្រះ​។ 10ណូអេ​បាន​បង្កើត​កូនប្រុស​បី​នាក់ គឺ​សិម ហាំ និង​យ៉ាផែត​។
11ពេលនោះ ផែនដី​បាន​ខូចអាក្រក់​នៅចំពោះ​ព្រះ ហើយ​ផែនដី​ពោរពេញ​ទៅដោយ​អំពើហិង្សា​។ 12ព្រះ​បាន​ទត​មើល​ផែនដី នោះ​មើល៍! វា​បាន​ខូចអាក្រក់ ដ្បិត​មនុស្ស​ទាំងអស់​បាន​បង្ខូច​ផ្លូវ​របស់ខ្លួន​នៅលើ​ផែនដី​។ 13ព្រះ​មានបន្ទូល​នឹង​ណូអេ​ថា​៖ “ចុងបញ្ចប់​នៃ​មនុស្ស​ទាំងអស់​មក​នៅចំពោះ​យើង​ហើយ ដ្បិត​ផែនដី​ពោរពេញ​ទៅដោយ​អំពើហិង្សា​ដោយសារតែ​វត្តមាន​របស់ពួកគេ ដូច្នេះ មើល៍! យើង​នឹង​បំផ្លាញ​ពួកគេ​ជាមួយ​ផែនដី​។
14“ចូរ​អ្នក​ធ្វើ​ទូកធំ​មួយ​ពី​ឈើ​ស្រល់​សម្រាប់​ខ្លួនអ្នក ហើយ​ខណ្ឌជា​បន្ទប់​ៗ​ក្នុង​ទូកធំ​នោះ រួច​ពរ​ជ័រ​ទាំង​ក្នុង​ទាំង​ក្រៅ​ផង​។ 15អ្នក​ត្រូវ​ធ្វើ​ទូកធំនោះ​យ៉ាងដូច្នេះ គឺ​បណ្ដោយ​ទូកធំ ៣០០ ហត្ថ#6:15 ៣០០ ហត្ថ―ស្មើនឹង 137 ម៉ែត្រ។ 1 ហត្ថ​=46 សង់ទីម៉ែត្រ។ ទទឹង ៥០ ហត្ថ#6:15 ៥០ ហត្ថ―ស្មើនឹង 23 ម៉ែត្រ។ 1 ហត្ថ​=46 សង់ទីម៉ែត្រ។ និង​កម្ពស់ ៣០ ហត្ថ#6:15 ៣០ ហត្ថ―ស្មើនឹង 14 ម៉ែត្រ។ 1 ហត្ថ​=46 សង់ទីម៉ែត្រ។​។ 16អ្នក​ត្រូវ​ធ្វើ​បង្អួចដំបូល​មួយ​សម្រាប់​ទូកធំ ហើយ​ភ្ជាប់​វា​ត្រឹម ១ ហត្ថ​ពី​កំពូលដំបូល ក៏​ត្រូវ​ដាក់​ទ្វារ​ទូកធំ​នៅ​ខាងចំហៀង​វា​។ អ្នក​ត្រូវ​ធ្វើ​ជាន់​ក្រោម ជាន់​ទីពីរ និង​ជាន់​ទីបី​។
17“មើល៍! យើង​នឹង​នាំ​ទឹកជំនន់​មក​លើ​ផែនដី ដើម្បី​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​មាន​រូបសាច់ ដែល​មាន​ដង្ហើម​ជីវិត នៅ​ក្រោមមេឃ​។ របស់សព្វសារពើ​ដែល​នៅលើ​ផែនដី​នឹង​ដាច់ដង្ហើម​។ 18ប៉ុន្តែ​យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក ហើយ​អ្នក​នឹង​ចូលទៅ​ក្នុង​ទូកធំ គឺ​អ្នក ពួក​កូនប្រុស​របស់អ្នក ប្រពន្ធ​របស់អ្នក និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​អ្នក ដែល​នៅជាមួយ​អ្នក​។ 19រីឯ​ចំពោះ​អស់ទាំង​សត្វមានជីវិត​នៃ​គ្រប់ទាំង​សាច់ អ្នក​ត្រូវ​នាំ​មួយគូ​ៗ​ពី​សត្វ​គ្រប់ប្រភេទ​ទៅក្នុង​ទូកធំ គឺ​មាន​ឈ្មោល​មួយ ញី​មួយ ដើម្បីឲ្យ​បាន​រួចជីវិត​ជាមួយ​អ្នក​។ 20សត្វ​មួយគូ​ៗ​ពី​សត្វ​ទាំងអស់ គឺ​បក្សាបក្សី​តាម​ពូជ​របស់វា សត្វជើងបួន​តាម​ពូជ​របស់វា និង​សត្វលូនវារ​ទាំងអស់​នៅលើ​ដី​តាម​ពូជ​របស់វា នឹង​មក​ឯ​អ្នក​ដើម្បីឲ្យ​បាន​រួចជីវិត​។ 21មួយវិញទៀត អ្នក​ត្រូវ​យក​អាហារ​គ្រប់មុខ​ដែល​អាច​ហូប​បាន​ទៅ​ជាមួយ​អ្នក ហើយ​ប្រមូលទុក​សម្រាប់​អ្នក​ចុះ នោះ​វា​នឹង​បានជា​ស្បៀង​ដល់​អ្នក និង​សត្វទាំងនោះ”។ 22ណូអេ​ក៏​ធ្វើ​ដូច្នោះ គឺ​គាត់​បាន​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​បង្គាប់​គាត់​៕

اکنون انتخاب شده:

លោកុប្បត្តិ 6: GKHB

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید