យ៉ូហាន 13

13
ព្រះយេស៊ូវទ្រង់លាងជើងពួកសាវ័ក
1មុន​បុណ្យរំលង ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពេលវេលា​របស់​ព្រះអង្គ​មក​ដល់​ហើយ ដើម្បី​យាង​ចាកចេញ​ពី​ពិភពលោក‍នេះ​ទៅឯ​ព្រះ​បិតា​។ ព្រះអង្គ​ទ្រង់​ស្រឡាញ់​មនុស្ស​របស់ព្រះអង្គ​ដែល​នៅក្នុង​ពិភពលោក គឺ​ស្រឡាញ់​ពួកគេ​រហូតដល់​ចុងបំផុត​។
2អំឡុង​អាហារពេលល្ងាច មារ​បាន​បញ្ចូល​គំនិត​រួចហើយ ក្នុង​ចិត្ត​យូដាស​កូន#13:2 កូន―ជាពាក្យជំនួយ។​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត ឲ្យ​ក្បត់​ព្រះអង្គ​។ 3ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ព្រះ​បិតា​បាន​ប្រទាន​អ្វីៗ​ទាំងអស់​មក​ក្នុង​ព្រះហស្ត​របស់​ព្រះអង្គ ហើយក៏​ជ្រាប​ដែរ​ថា ព្រះអង្គ​យាង​មក​ពី​ព្រះ ហើយ​នឹង​យាង​ទៅឯ​ព្រះ​វិញ​។ 4ព្រះអង្គ​ក៏​ក្រោកឡើង​ពី​តុ​អាហារ ហើយ​ដោះ​ព្រះពស្ត្រ#13:4 ព្រះពស្ត្រ―ពាក្យរាជសព្ទមានន័យថា “អាវវែង”។​ចេញ រួច​យក​កន្សែង​ក្រវាត់​នឹង​អង្គទ្រង់ 5បន្ទាប់មក ព្រះអង្គ​ទ្រង់​ចាក់​ទឹក​ក្នុង​ចានដែក​មួយ ហើយ​ចាប់ផ្ដើម​លាង​ជើង​របស់​ពួក​សិស្ស ព្រមទាំង​ជូត​ដោយ​កន្សែង​ដែល​ក្រវាត់​នោះ​ផង​។
6នៅពេល​ព្រះអង្គ​មក​ដល់​ស៊ីម៉ូន​ពេត្រុស គាត់​ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់ តើ​ព្រះអង្គ​នឹង​លាង​ជើង​របស់ទូលបង្គំ​ឬ​?”។
7ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ឥឡូវនេះ អ្នក​មិន​យល់​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ប៉ុន្តែ​ក្រោយពីការទាំងនោះ អ្នក​នឹង​យល់”។
8ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “ព្រះអង្គ​លាង​ជើង​របស់ទូលបង្គំ​មិន​បាន​ជាដាច់ខាត គឺ​ជារៀងរហូត​!”។
ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រសិនបើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក​ទេ អ្នក​គ្មាន​ចំណែក​ជាមួយ​ខ្ញុំ​ឡើយ”។
9ស៊ីម៉ូន​ពេត្រុស​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​កុំ​លាង​ត្រឹមតែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង”។
10ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ដែល​ងូតទឹក​ហើយ ក្រៅពី​ជើង​មិន​ចាំបាច់​លាង​ទេ គឺ​បាន​ស្អាត​ទាំងស្រុង​ហើយ​។ អ្នករាល់គ្នា​បាន​ស្អាត ប៉ុន្តែ​មិនមែន​ទាំងអស់គ្នា​ទេ”។ 11ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គ​រួចហើយ ហេតុនេះហើយបានជា​ព្រះអង្គ​មានបន្ទូល​ថា​:“មិនមែន​ទាំងអស់គ្នា​បាន​ស្អាត​ទេ”។
អត្ថន័យនៃការលាងជើង
12នៅពេល​ព្រះយេស៊ូវ​ទ្រង់​លាង​ជើង​ពួកគេ​ហើយ ក៏​ពាក់​ព្រះពស្ត្រ រួច​គង់ចុះ​វិញ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​យល់​អ្វីដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នករាល់គ្នា​ឬទេ​? 13អ្នករាល់គ្នា​ហៅ​ខ្ញុំ​ថា ‘លោកគ្រូ’ និង ‘ព្រះអម្ចាស់’។ អ្នករាល់គ្នា​និយាយ​ត្រូវ ពីព្រោះ​គឺ​ខ្ញុំ​ហ្នឹងហើយ​។ 14ដូច្នេះ ប្រសិនបើ​ខ្ញុំ​ដែល​ជា​ព្រះអម្ចាស់ និង​ជា​គ្រូ បាន​លាង​ជើង​របស់អ្នករាល់គ្នា អ្នករាល់គ្នា​ក៏​គួរតែ​លាង​ជើង​គ្នាទៅវិញទៅមក​ដែរ​។ 15ពោលគឺ ខ្ញុំ​បាន​ទុក​គំរូ​ឲ្យ​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​ធ្វើ​ដូចដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នករាល់គ្នា​ដែរ​។
16 “ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បាវបម្រើ​មិន​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ ហើយ​អ្នកដែលត្រូវគេចាត់ ក៏មិន​ធំជាង​អ្នក​ដែល​ចាត់​ខ្លួន​ដែរ​។ 17ដោយព្រោះ​អ្នករាល់គ្នា​ដឹង​សេចក្ដីទាំងនេះ​ហើយ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម នោះ​អ្នករាល់គ្នា​មានពរ​ហើយ​។ 18ខ្ញុំ​និយាយ​មិនមែន​អំពី​អ្នក​ទាំងអស់គ្នា​ទេ​។ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ជ្រើសរើស​ហើយ ប៉ុន្តែ​នេះគឺ​ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែលថា​:​‘អ្នក​ដែល​ហូប​នំប៉័ង​របស់ខ្ញុំ#13:18 អ្នក​ដែលហូបនំប៉័ង​របស់​ខ្ញុំ―ឯកសារបុរាណខ្លះថា “អ្នក​ដែលហូប​នំប៉័ងជាមួយ​ខ្ញុំ”។បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់នឹង​ខ្ញុំ’។#13:18 《ទំនុកតម្កើង》 41:9។
19 “ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ពី​ឥឡូវនេះ មុន​ការ​នោះ​កើតឡើង ដើម្បី​កាលណា​ការនោះ​កើតឡើង អ្នករាល់គ្នា​បាន​ជឿ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជា​ព្រះអង្គនោះ​។ 20ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ទទួល​អ្នកណាក៏ដោយដែល​ខ្ញុំ​ចាត់ឲ្យទៅ គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។
ប្រាប់ជាមុនអំពីការក្បត់របស់យូដាស
21នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះយេស៊ូវ​មានអំពល់​ក្នុង​វិញ្ញាណ ក៏​ធ្វើបន្ទាល់​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​ម្នាក់​ក្នុង​អ្នករាល់គ្នា​នឹង​ក្បត់​ខ្ញុំ”។
22ពួក​សិស្ស​មើល​មុខ​គ្នាទៅវិញទៅមក ទាំង​វល់គំនិត​អំពី​អ្នកណា​ដែល​ព្រះអង្គ​មានបន្ទូល​។ 23មាន​ម្នាក់​ក្នុង​ពួក​សិស្ស​ជា​អ្នក​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​។ 24ស៊ីម៉ូន​ពេត្រុស​ធ្វើសញ្ញា​ទៅ​គាត់ ឲ្យ​ទូល​សួរ​ព្រះអង្គ​អំពី​អ្នកដែល​ព្រះអង្គ​មានបន្ទូល​នោះ ថា​ជា​នរណា​។ 25គាត់​ក៏​ទូល​សួរ ទាំង​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ តើ​ជា​នរណា​?”។
26ព្រះយេស៊ូវ​ទ្រង់​ឆ្លើយថា​៖“គឺ​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ដុំនំប៉័ង​ឲ្យ​ទៅ​គាត់”។ បន្ទាប់មក ព្រះអង្គ​ជ្រលក់​ដុំនំប៉័ង ហើយ​យក​ឲ្យ​យូដាស​កូន#13:26 កូន―ជាពាក្យជំនួយ។​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​។ 27ក្រោយពី​គាត់​ទទួល​ដុំនំប៉័ង​នោះ សាតាំង​ក៏​ចូល​ក្នុង​គាត់​។ ដូច្នេះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“អ្វីដែល​អ្នក​នឹង​ធ្វើ ចូរ​ប្រញាប់​ធ្វើ​ចុះ”។
28ប៉ុន្តែ​គ្មាន​អ្នកណា​ដែល​រួមតុអាហារ​ដឹង​ថា ហេតុអ្វីបានជា​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ដូច្នេះ​ឡើយ​។ 29ដ្បិត​អ្នកខ្លះ​ស្មាន​ថា ដោយសារ​យូដាស​កាន់​ថង់ប្រាក់ បានជា​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ឲ្យ​ទៅ​ទិញ​អ្វីដែល​ត្រូវការ​សម្រាប់​ពិធីបុណ្យ ឬក៏​ឲ្យ​ទៅ​ចែក​អ្វី​ដល់​អ្នកក្រ​។ 30យូដាស​ទទួល​ដុំនំប៉័ង​នោះ ក៏​ចេញទៅ​ភ្លាម​។ ពេលនោះ​យប់​ហើយ​។
សេចក្ដីបង្គាប់ថ្មី
31នៅពេល​យូដាស​ចេញទៅ​ហើយ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ឥឡូវនេះ កូនមនុស្ស​ទទួល​ការ​លើកតម្កើងសិរីរុងរឿង ហើយ​ព្រះ​ក៏​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​កូនមនុស្ស​ដែរ​។ 32ប្រសិនបើ​ព្រះ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​កូនមនុស្ស#13:32 ឯកសារបុរាណខ្លះគ្មាន “ប្រសិនបើ​ព្រះ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​កូនមនុស្ស”។ព្រះ​ក៏​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​កូនមនុស្ស​តាមរយៈ​អង្គទ្រង់​ដែរ ហើយ​ព្រះអង្គ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​កូនមនុស្ស​ភ្លាម​។
33 “កូន​រាល់គ្នា​អើយ ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​តែបន្តិចទៀតទេ​។ អ្នករាល់គ្នា​នឹង​រក​ខ្ញុំ ហើយ​ដូចដែល​ខ្ញុំ​បាន​ប្រាប់​ពួកយូដា​យ៉ាងណា ឥឡូវនេះ​ខ្ញុំ​ក៏​ប្រាប់​អ្នករាល់គ្នា​យ៉ាងនោះ​ដែរ​ថា​: ‘អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​ទៅ​បានឡើយ’ ។
34 “ខ្ញុំ​ផ្ដល់​សេចក្ដីបង្គាប់​ថ្មី​ដល់​អ្នករាល់គ្នា គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា អ្នករាល់គ្នា​ក៏​ត្រូវ​ស្រឡាញ់​គ្នាទៅវិញទៅមក​ដែរ​។ 35មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អ្នករាល់គ្នា​ជា​សិស្ស​របស់ខ្ញុំ​ដោយសារតែការនេះ​ឯង គឺ​ប្រសិនបើ​អ្នករាល់គ្នា​មាន​សេចក្ដីស្រឡាញ់​ចំពោះ​គ្នាទៅវិញទៅមក”។
ប្រាប់ជាមុនអំពីការបដិសេធរបស់ពេត្រុស
36ស៊ីម៉ូន​ពេត្រុស​ទូល​សួរថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​យាង​ទៅ​ឯណា​?”។
ព្រះយេស៊ូវ​ទ្រង់​តបថា​៖“កន្លែងដែល​ខ្ញុំ​ទៅ អ្នក​មិនអាច​ទៅតាម​ខ្ញុំ​ឥឡូវនេះ​បានទេ ប៉ុន្តែ​អ្នក​នឹង​ទៅតាម​នៅពេល​ក្រោយ”។
37ពេត្រុស​ទូលថា​៖ “ព្រះអម្ចាស់​អើយ ហេតុអ្វីបានជា​ទូលបង្គំ​មិនអាច​ទៅតាម​ព្រះអង្គ​ឥឡូវនេះ​បាន​? ទូលបង្គំ​នឹង​លះបង់​ជីវិត​របស់ទូលបង្គំ​សម្រាប់​ព្រះអង្គ​!”។
38ព្រះយេស៊ូវ​ទ្រង់​តបថា​៖“តើ​អ្នក​នឹង​លះបង់​ជីវិត​របស់អ្នក​សម្រាប់​ខ្ញុំ​ឬ​? ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា មាន់​នឹង​មិន​រងាវ​សោះឡើយ រហូតទាល់តែ​អ្នក​បដិសេធ​ខ្ញុំ​បីដង”៕

انتخاب شده:

យ៉ូហាន 13: GKHB

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید