លូកា 19

19
ព្រះយេស៊ូវ និងសាខេ
1នៅពេល​ព្រះយេស៊ូវ​យាង​ចូលទៅ​យេរីខូរ ហើយ​យាងកាត់​ទីក្រុង 2មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ ជា​មេអ្នកទារពន្ធ ហើយ​ជា​អ្នកមាន​។ 3គាត់​ព្យាយាម​រកមើល​ថា​ព្រះយេស៊ូវ​ជា​អ្នកណា ប៉ុន្តែ​ដោយសារតែ​ហ្វូងមនុស្ស គាត់​មើល​មិន​ឃើញ​សោះ ពីព្រោះ​គាត់​មាន​កម្ពស់​ទាប​។ 4ដូច្នេះ គាត់​ក៏​រត់​ទៅ​ខាងមុខ ហើយ​ឡើង​ដើមឧទុម្ពរ ដើម្បីឲ្យ​បាន​ឃើញ​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​រៀបនឹង​យាងកាត់​ទីនោះ​។ 5នៅពេល​យាង​មកដល់​កន្លែង​នោះ ព្រះយេស៊ូវ​ក៏​ងើយមើល#19:5 ឯកសារបុរាណខ្លះបន្ថែម “ទតឃើញគាត់”។ ហើយ​មានបន្ទូល​នឹង​គាត់​ថា៖“សាខេ​អើយ ចូរ​ប្រញាប់​ចុះមក​! ព្រោះថា​ថ្ងៃនេះ ខ្ញុំ​ត្រូវតែ​ស្នាក់នៅ​ផ្ទះ​របស់អ្នក”។
6សាខេ​ក៏​ប្រញាប់​ចុះមក ហើយ​ទទួល​ព្រះយេស៊ូវ​ដោយ​អរសប្បាយ​។ 7នៅពេល​ឃើញ​ដូច្នេះ មនុស្ស​ទាំងអស់​ក៏​រអ៊ូរទាំ​ថា​៖ “លោក​ចូលទៅ​ស្នាក់នៅ​ជាមួយ​មនុស្សបាប”។
8រីឯ​សាខេក៏​ឈរ ទូល​ព្រះអម្ចាស់​ថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នឹង​ឲ្យ​ពាក់កណ្ដាល​នៃ​ធនធាន​របស់ទូលបង្គំ​ដល់​អ្នកក្រ ហើយ​បើសិន​ទូលបង្គំ​ចេះតែចោទយក​អ្វី​ពី​អ្នកណា ទូលបង្គំ​នឹង​សង​មួយជាបួន​វិញ”។
9ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ថ្ងៃនេះ សេចក្ដីសង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ដ្បិត​គាត់​ក៏​ជា​កូនចៅ​របស់​អ័ប្រាហាំ​ដែរ។ 10ជាការពិត កូនមនុស្ស​បាន​មក ដើម្បី​ស្វែងរក និង​សង្គ្រោះ​អ្នក​ដែល​វង្វេង”។
ពាក្យឧបមាអំពីប្រាក់ដប់មីណា
11ខណៈដែល​គេ​កំពុងតែ​ស្ដាប់​សេចក្ដីទាំងនេះ ព្រះយេស៊ូវ​មានបន្ទូល​បន្ថែម​ជា​ពាក្យឧបមា​មួយ​ទៀត ពីព្រោះ​ព្រះអង្គ​យាង​ជិតដល់​យេរូសាឡិម​ហើយ ហើយ​គេ​កំពុង​គិត​ថា​អាណាចក្រ​របស់​ព្រះ​រៀបនឹង​លេចមក​ភ្លាមៗ​។
12ដូច្នេះ ព្រះអង្គ​មានបន្ទូលថា​៖“មាន​បុរស​ត្រកូលខ្ពស់​ម្នាក់​ចេញដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​ទទួល​អំណាចគ្រងរាជ្យ#19:12 អំណាច​គ្រងរាជ្យ―ន័យត្រង់គឺ “អាណាចក្រ”។សម្រាប់​ខ្លួនឯង រួច​ត្រឡប់មកវិញ​។ 13លោក​ក៏​ហៅ​បាវបម្រើ​ដប់​នាក់របស់​ខ្លួន​មក ហើយ​ប្រគល់​ដប់​មីណា#19:13 មីណា―1មីណា=ថ្លៃឈ្នួល100ថ្ងៃ; តាមពិត មីណាជាខ្នាតទម្ងន់របស់ក្រិក ស្មើនឹង50សិគែល។ដល់​ពួកគេ ទាំង​និយាយថា​: ‘ចូរ​ធ្វើជំនួញ​រហូតដល់​ខ្ញុំ​មកវិញ’។
14 “ប៉ុន្តែ​អ្នកស្រុក​របស់​លោក​ស្អប់​លោក ពួកគេ​ក៏​ចាត់​ទូត​ម្នាក់​ឲ្យទៅ​តាមក្រោយ​លោក ទូលថា​: ‘យើងខ្ញុំ​មិន​ចង់ឲ្យ​ម្នាក់នេះ​សោយរាជ្យ​លើ​យើងខ្ញុំ​ទេ’។
15 “លុះ​ក្រោយពី​ទទួល​អំណាចគ្រងរាជ្យ # 19:15 អំណាច​គ្រងរាជ្យ―ន័យត្រង់គឺ “អាណាចក្រ”។ លោក​ក៏​ត្រឡប់មកវិញ ហើយ​ប្រាប់​គេ​ឲ្យ​ហៅ​បាវបម្រើ​ទាំងនោះ​ដែល​លោក​បាន​ប្រគល់​លុយ​នោះ​មក ដើម្បីឲ្យ​ដឹង​ថា ពួកគេ​ធ្វើជំនួញបានចំណេញ​ប៉ុន្មាន​។ 16អ្នក​ទីមួយ​ក៏​ចូលមក និយាយថា​: ‘ព្រះករុណា​អើយ មួយ​មីណា​របស់ទ្រង់​ចំណេញបាន​ដប់​មីណា​ទៀត’។
17 “ចៅហ្វាយ​និយាយ​នឹង​គាត់​ថា​: ‘ធ្វើ​បាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ​អើយ​! ដោយសារ​អ្នក​បាន​ស្មោះត្រង់​នឹង​ការ​ដ៏តូចបំផុត ចូរ​គ្រប់គ្រង​លើ​ទីក្រុង​ដប់​ចុះ’។
18 “អ្នក​ទីពីរ​ក៏​ចូលមក និយាយថា​: ‘ព្រះករុណា​អើយ មួយ​មីណា​របស់ទ្រង់​ចំណេញបាន​ប្រាំ​មីណា​ទៀត’។
19 “ចៅហ្វាយ​ក៏​និយាយ​នឹង​ម្នាក់នេះ​ដែរ​ថា​: ‘ចូរ​អ្នក​គ្រប់គ្រងលើ​ទីក្រុង​ប្រាំ​ចុះ’។
20 “មាន​ម្នាក់ទៀត​បាន​ចូលមក និយាយថា​: ‘ព្រះករុណា​អើយ មើល៍! មួយ​មីណា​របស់ទ្រង់ ដែល​ខ្ញុំព្រះបាទ​បាន​ទុក​ក្នុង​កន្សែង​។ 21ខ្ញុំព្រះបាទ​ខ្លាច​ព្រះករុណា ពីព្រោះ​ទ្រង់​ជា​មនុស្ស​តឹងរ៉ឹង ទ្រង់​យក​អ្វីដែល​ទ្រង់​មិន​បាន​ផ្ញើ ហើយ​ច្រូត​អ្វីដែល​ទ្រង់​មិន​បាន​សាបព្រោះ’។
22 “ចៅហ្វាយ​និយាយ​នឹង​គាត់​ថា​: ‘បាវបម្រើ​ដ៏អាក្រក់​អើយ​! យើង​នឹង​កាត់ទោស​អ្នក​តាម​ពាក្យសម្ដី​របស់អ្នក​។ អ្នក​បាន​ដឹង​ថា​យើង​ជា​មនុស្ស​តឹងរ៉ឹង ដែល​យក​អ្វីដែល​យើង​មិន​បាន​ផ្ញើ ហើយ​ច្រូត​អ្វីដែល​យើង​មិន​បាន​សាបព្រោះ​ឬ​? 23ចុះ​ម្ដេចក៏​អ្នក​មិន​បាន​ដាក់​ប្រាក់​របស់យើង​នៅ​ធនាគារ​? នោះ​ពេល​យើង​មកវិញ យើង​មុខជា​បាន​ប្រាក់របស់យើង​វិញ ព្រមទាំង​ការប្រាក់​ផង’។ 24បន្ទាប់មក ចៅហ្វាយ​ក៏​និយាយ​នឹង​ពួក​អ្នក​ដែល​ឈរនៅទីនោះ​ថា​: ‘ចូរ​ដកយក​មួយ​មីណា​នោះ​ពី​អ្នកនេះ ហើយ​ប្រគល់​ឲ្យ​ម្នាក់​ដែល​មាន​ដប់​មីណា​នោះ​ទៅ’។
25 “ពួកគេ​និយាយថា​: ‘ព្រះករុណា​អើយ គាត់​មាន​ដប់​មីណា​ហើយ​!’។
26 “‘យើង​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​មាន នឹង​ប្រទានឲ្យ​អ្នកនោះ​ថែមទៀត ប៉ុន្តែ​អ្នក​ដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​។ 27រីឯ​ពួក​ខ្មាំងសត្រូវ​ទាំងនេះ​របស់យើង ដែល​មិន​ចង់ឲ្យ​យើង​សោយរាជ្យ​លើ​ពួកគេ ចូរ​នាំមក​ទីនេះ ហើយសម្លាប់ចោល​នៅមុខ​យើង​ទៅ!’”។
ព្រះយេស៊ូវយាងចូលយេរូសាឡិម
28បន្ទាប់ពី​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះយេស៊ូវ​ទ្រង់​ធ្វើដំណើរ​ទៅមុខ​ទៀត ឡើងទៅ​យេរូសាឡិម​។ 29នៅពេល​យាង​មកជិត​បេតផាសេ និង​បេថានី ត្រង់​ភ្នំ​មួយ​ដែល​គេ​ហៅថា “ភ្នំដើមអូលីវ” ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ 30ដោយ​មានបន្ទូលថា​៖“ចូរ​ទៅ​ភូមិ​នៅខាងមុខ​ចុះ​។ នៅពេល​ចូលទៅ ពួកអ្នក​នឹង​ឃើញ​កូនលា​មួយ​ដែល​គ្មាន​អ្នកណា​ធ្លាប់​ជិះ ត្រូវគេ​ចង​ទុក​នៅ​ទីនោះ​។ ចូរ​ស្រាយ​វា​ដឹកមក​ចុះ​។ 31ប្រសិនបើ​មាន​អ្នកណា​សួរ​ពួកអ្នក​ថា​: ‘ស្រាយ​វា​ធ្វើអី​?’ ចូរ​ប្រាប់​ដូច្នេះ​ថា​: ‘ព្រះអម្ចាស់​ត្រូវការ​វា#19:31 ព្រះអម្ចាស់​ត្រូវការ​វា―ឬ “ម្ចាស់របស់វាមានតម្រូវការ”។’”។
32ពួក​អ្នក​ដែល​ត្រូវបាន​ចាត់​ក៏​ចេញទៅ ហើយ​ឃើញ​ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ពួកគេ​។ 33នៅពេល​ពួកគេ​កំពុង​ស្រាយ​កូនលា​នោះ ពួក​ម្ចាស់​របស់​វា​សួរ​ពួកគេ​ថា៖ “ពួកអ្នក​ស្រាយ​កូនលា​នេះ​ធ្វើអី?”។
34ពួកគេ​ក៏​ឆ្លើយ​ថា៖ “ព្រះអម្ចាស់​ត្រូវការ​វា”។ 35ពួកគេ​ដឹក​វា​មក​ឯ​ព្រះយេស៊ូវ ហើយ​ក្រាល​អាវវែង​របស់​ខ្លួន​លើ​កូនលា​នោះ រួច​យាង​ព្រះយេស៊ូវ​ឲ្យគង់​លើ​វា​។ 36ពេលដែល​ព្រះអង្គ​យាង​ទៅ គេ​ក៏​ក្រាល​អាវវែង​របស់​ខ្លួន​នៅតាមផ្លូវ​។ 37ខណៈដែល​ព្រះយេស៊ូវ​យាង​មកជិត​ផ្លូវចុះ​ពី​ភ្នំ​ដើមអូលីវ សិស្ស​ទាំងហ្វូង​ក៏​ចាប់ផ្ដើម​អរសប្បាយ ហើយ​សរសើរតម្កើង​ព្រះ​អំពី​ការអស្ចារ្យ​ទាំងអស់​ដែល​ពួកគេ​បាន​ឃើញ ដោយ​សំឡេង​យ៉ាងខ្លាំង 38ថា​៖
សូមឲ្យ​មានព្រះពរ​ដល់​ព្រះមហាក្សត្រ
ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​! # 19:38 《ទំនុកតម្កើង》 118:26។
សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅ​ស្ថានសួគ៌
និង​សិរីរុងរឿង​នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​!”។
39មាន​ពួកផារិស៊ី​ខ្លះ​ក្នុង​ហ្វូងមនុស្ស​នោះ ទូល​ព្រះអង្គ​ថា៖ “លោកគ្រូ សូម​ស្ដីឲ្យ​ពួក​សិស្ស​របស់លោក​ផង!”។
40ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នកទាំងនេះ​នៅស្ងៀម នោះ​ដុំថ្ម​នឹង​ស្រែកឡើង​!”។
ព្រះយេស៊ូវព្រះកន្សែងអាណិតយេរូសាឡិម
41នៅពេល​ព្រះយេស៊ូវ​យាង​មកជិត​យេរូសាឡិម#19:41 យេរូសាឡិម―ជាពាក្យជំនួយ។ ហើយ​ទត​ឃើញ​ទីក្រុង ព្រះអង្គ​ក៏​ព្រះកន្សែងអាណិត​ទីក្រុងនោះ 42ទាំង​មានបន្ទូល​ថា​៖“នៅ​ថ្ងៃ​នេះ ប្រសិនបើ​អ្នក គឺ​ខ្លួនអ្នក​ហើយ បាន​ស្គាល់​សេចក្ដី​ដែល​នាំមក​នូវ​សន្តិភាព​... ប៉ុន្តែ​ឥឡូវនេះ សេចក្ដីទាំងនោះ​ត្រូវបាន​លាក់បាំង​ពី​ភ្នែក​របស់អ្នក​ហើយ​។ 43ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់​អ្នក គឺ​ថ្ងៃ​ដែល​ពួក​ខ្មាំងសត្រូវ​របស់អ្នក​នឹង​ដាក់​របាំង​ព័ទ្ធជុំវិញ​អ្នក ហើយ​ឡោមព័ទ្ធ​អ្នក​ពីគ្រប់ទិសទី 44ព្រមទាំង​ពង្រាប​អ្នក និង​កូនចៅ​របស់អ្នក​ដែល​នៅក្នុង​អ្នក ឲ្យស្មើនឹងដី ដោយ​មិន​ទុក​ថ្ម​ណាមួយ​ឲ្យ​សល់​នៅលើ​ថ្ម​មួយទៀត នៅក្នុង​អ្នក​ឡើយ ពីព្រោះ​អ្នក​មិន​បាន​ទទួលស្គាល់​ពេលវេលា​ដែល​ព្រះ#19:44 ព្រះ―ជាពាក្យជំនួយ។យាងមក​ដល់​អ្នក​ទេ”។
ព្រះយេស៊ូវទ្រង់ជម្រះព្រះវិហារ
45បន្ទាប់មក ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​ព្រះវិហារ ហើយ​ចាប់ផ្ដើម​ដេញ​ពួក​អ្នកលក់#19:45 ពួក​អ្នក​លក់―ឯកសារ​បុរាណខ្លះ​ថា “អ្នកទិញនិងអ្នកលក់ដែលនៅទីនោះ”។​ឲ្យចេញ 46ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មាន​សរសេរ​ទុកមក​ថា​:‘ដំណាក់​របស់យើង​នឹង​បានជា​ដំណាក់​នៃ​ការអធិស្ឋាន’#19:46 《អេសាយ》 56:7។ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជាសម្បុកចោរប្លន់#19:46 《យេរេមា》 7:11។ទៅវិញ​!”។
47ព្រះយេស៊ូវ​បាន​បង្រៀន​គេ​នៅក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ​។ ពួក​នាយកបូជាចារ្យ ពួក​គ្រូវិន័យ និង​ពួក​អភិជន​ក្នុងចំណោម​ប្រជាជន ក៏​ចង់​បំផ្លាញជីវិត​ព្រះអង្គ 48ប៉ុន្តែ​រក​ធ្វើ​អ្វី​មិន​បាន ពីព្រោះ​ប្រជាជន​ទាំងអស់​កំពុង​ផ្ដោតចិត្ត​ស្ដាប់​ព្រះអង្គ​៕

انتخاب شده:

លូកា 19: GKHB

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید