១ កូរិនថូស 12
12
1ចំណែកឯអំណោយទានខាងវិញ្ញាណ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ទេ 2អ្នករាល់គ្នាដឹងហើយថា ពីដើមអ្នករាល់គ្នាជាសាសន៍ដទៃ ដែលត្រូវបង្វែរទៅឯរូបព្រះគ តាមតែមានសេចក្ដីដឹកនាំទៅនោះ 3ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ ដោយនូវព្រះវិញ្ញាណនៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។
4រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ 5ហើយក៏មានមុខងារផ្សេងៗពីគ្នា តែគឺជាព្រះអម្ចាស់ដដែលដែរ 6ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់ 7ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល 8ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល 9ហើយឲ្យម្នាក់ផ្សេងទៀតមានសេចក្ដីជំនឿ ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោសឲ្យជា ដោយនូវព្រះវិញ្ញាណដដែល 10ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះអធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ 11តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។
12ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះព្រះគ្រីស្ទក៏ដូច្នោះដែរ 13ដ្បិតយើងទាំងអស់គ្នា ទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបំរើ ឬអ្នកជាក្តី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ 14រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ 15បើសិនជាជើងនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាដៃ នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី 16ហើយបើសិនជាត្រចៀកនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាភ្នែក នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី 17បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់នៅត្រង់ណា បើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា 18តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនិមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់ 19បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា 20តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ 21ហើយភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ 22ប៉ុន្តែ អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ 23ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងបានរាប់អានលើសទៅទៀត ឯអវយវៈណារបស់យើង ដែលមិនល្អមើល នោះបានល្អមើលកាន់តែខ្លាំងឡើងទៅទៀត 24តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឲ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត 25ដើម្បីមិនឲ្យមានសេចក្ដីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក 26ដូច្នេះ បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា បើ១បានដំកើងឡើង នោះទាំងអស់នឹងបានរីករាយជាមួយដែរ 27អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងខ្លួន 28ព្រះទ្រង់បានតាំងអ្នកខ្លះក្នុងពួកជំនុំឡើង មុនដំបូង គឺពួកសាវក ទី២ពួកគ្រូអធិប្បាយ ទី៣ពួកគ្រូបង្រៀន រួចមកមានការឫទ្ធិបារមី មានអំណោយទានជាការប្រោសឲ្យជា ជាការជំនួយ ជាការគ្រប់គ្រង ហើយជាភាសាដទៃផង 29តើគ្រប់គ្នាជាសាវកឬអី គ្រប់គ្នាជាគ្រូអធិប្បាយឬអី គ្រប់គ្នាជាគ្រូបង្រៀនឬអី គ្រប់គ្នាធ្វើការឫទ្ធិបារមីបានឬអី 30គ្រប់គ្នាមានអស់ទាំងអំណោយទាននឹងប្រោសឲ្យជាបានឬអី គ្រប់គ្នាអាចនិយាយភាសាដទៃបានឬអី គ្រប់គ្នាចេះបកប្រែភាសាបានឬអី 31ចូរសង្វាតឲ្យបានអំណោយទាន យ៉ាងវិសេសទៅចុះ ប៉ុន្តែ ខ្ញុំនឹងបង្ហាញផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 12: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.