១ សាំយូ‌អែល 23

23
1គ្រា​នោះ មាន​គេ​មក​ជំរាប​ដាវីឌ​ថា ឥឡូវ​ពួក​ភីលីស្ទីន គេ​មក​ច្បាំង​នឹង​ក្រុង​កៃឡា គេ​កំពុង​តែ​ប្លន់​យក​ស្រូវ​ពី​លាន​ទាំង​ប៉ុន្មាន​ហើយ 2ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ទៅ​វាយ​ពួក​ភីលីស្ទីន​នោះ​ឬ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ជួយ​សង្គ្រោះ​ពួក​កៃឡា​ចុះ 3តែ​ពួក​មនុស្ស​របស់​ដាវីឌ គេ​និយាយ​ឡើង​ថា មើល នៅ​ក្នុង​ស្រុក​យូដា​នេះ យើង​មាន​សេចក្ដី​ភ័យ​ខ្លាច​ទៅ​ហើយ ចំណង់​បើ​យើង​ទៅ​ដល់​កៃឡា ទាស់​នឹង​ពួក​ពល​ទ័ព​នៃ​សាសន៍​ភីលីស្ទីន នោះ​តើ​នឹង​ភ័យ​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត 4ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ហើយ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​រៀបចំ​ចុះ​ទៅ​ឯ​កៃឡា​ចុះ ដ្បិត​អញ​នឹង​ប្រគល់​ពួក​ភីលីស្ទីន​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ 5នោះ​ដាវីឌ នឹង​ពួក​លោក ក៏​ទៅ​ឯ​កៃឡា ច្បាំង​នឹង​ពួក​ភីលីស្ទីន ហើយ​ចាប់​យក​បាន​ហ្វូង​សត្វ​របស់​គេ ព្រម​ទាំង​ប្រហារ​សំឡាប់​គេ​យ៉ាង​សំបើម គឺ​យ៉ាង​នោះ​ហើយ​ដែល​ដាវីឌ​បាន​ជួយ​សង្គ្រោះ​ដល់​ពួក​អ្នក​នៅ​កៃឡា 6រីឯ​កាល​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក បាន​រត់​ទៅ​ឯ​ដាវីឌ​នៅ​ត្រង់​កៃឡា នោះ​លោក​ក៏​យក​អេផូឌ​១ ជាប់​ទៅ​ជា​មួយ​ដែរ។
7មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កៃឡា​ហើយ ដូច្នេះសូល​មាន​បន្ទូល​ថា ព្រះ‌ទ្រង់​បាន​ប្រគល់​វា​មក​ក្នុង​កណ្តាប់​ដៃ​អញ ដ្បិត​វា​ទាល់​ផ្លូវ​រួច​ហើយ ដោយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ដែល​មាន​ទ្វារនឹង​រនុក​ផង 8រួច​សូល​ទ្រង់​ក៏​ហៅ​បណ្តា​ទ័ព​ទាំង‌ឡាយ ឲ្យ​ប្រជុំ​គ្នា​ធ្វើ​ចំបាំង ដើម្បី​នឹង​ចុះ​ទៅ​ឡោម‌ព័ទ្ធ​ចាប់​ដាវីឌ ហើយ​នឹង​ពួក​លោក​នៅ​កៃឡា​នោះ 9ឯ​ដាវីឌ​ក៏​ជ្រាប​ថា សូល​គិត​ការ​អាក្រក់​ទាស់​នឹង​ខ្លួន​ដែរ បាន​ជា​លោក​ជំរាប​ដល់​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា សូម​យក​អេផូឌ​មក 10រួច​ដាវីឌ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ឮ​ប្រាកដ​ថា សូល​ចង់​មក​ដល់​កៃឡា ដើម្បី​នឹង​រំលាង​បំផ្លាញ​ក្រុង​នេះ ដោយ​ព្រោះ​ទូលបង្គំ​ហើយ 11ដូច្នេះ តើ​ពួក​មនុស្ស​នៅ​កៃឡា​នេះ នឹង​ប្រគល់​ទូលបង្គំ​ទៅ​ក្នុង​កណ្តាប់​ដៃ​សូល​ឬ​អី តើ​សូល​នឹង​ចុះ​មក​តាម ដូច​ជា​ទូលបង្គំ​ជា​បាវ​ទ្រង់​បាន​ឮ​នោះ​ឬ​អី ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ទ្រង់​ប្រាប់​ឲ្យ​ទូលបង្គំ​ជា​បាវ​បាន​ដឹង​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា នឹង​ចុះ​មក​មែន 12រួច​ដាវីឌ​ទូល​សួរ​ថា តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូលបង្គំ ហើយ​នឹង​ពួក​ទូលបង្គំ​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សូល​ដែរ​ឬ​អី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គេ​នឹង​ប្រគល់​ឯង​ទៅ​មែន 13ដូច្នេះ ដាវីឌ ហើយ​នឹង​ពួក​លោក​ដែល​មាន​ចំនួន​ប្រហែល​ជា​៦០០​នាក់ គេ​ក៏​ឡើង​ចេញ​ពី​កៃឡា ទៅ​ឯ​កន្លែង​១​ទៀត ហើយ​មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​រត់​ពី​កៃឡា​ទៅ​បាត់​ហើយ នោះ​ទ្រង់​ក៏​លែង​គិត​ទៅ 14ឯ​ដាវីឌលោក​អាស្រ័យ​នៅ​ទី​ពំនួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​សូលទ្រង់​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ព្រះ‌ទ្រង់​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ឡើយ។
15ដាវីឌ​ក៏​ឃើញ​ថា សូល​ទ្រង់​បាន​ចេញ​មក​រក​ជីវិត​ខ្លួន​ដែរ បាន​ជា​លោក​នៅ​ជាប់​តែ​ក្នុង​ព្រៃនៅ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ 16ឯ​យ៉ូណា‌ថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​ព្រៃ ជួយ​ចំរើន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​ឡើង 17លោក​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ហើយ​ខ្ញុំ​នឹង​បានជា​បន្ទាប់​របស់​អ្នក ដំណើរ​នេះ បិតា​ខ្ញុំ​ក៏​បាន​ជ្រាប​ដែរ 18នោះ​អ្នក​ទាំង​២​ក៏​ចុះ​សញ្ញា​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាវីឌ​ក៏​នៅ​តែ​ក្នុង​ព្រៃ​នោះ​ទៅ តែ​យ៉ូណា‌ថានលោក​វិល​ទៅ​ឯ​លំនៅ​របស់​លោក​វិញ។
19គ្រា​នោះ ពួក​ស្រុក​ស៊ីភ​ឡើង​ទៅ​ឯ​សូល នៅ​ត្រង់​គីបៀរទូល​ថា ដាវីឌ​បាន​ពួន​នៅ​ស្រុក​យើង​ខ្ញុំ ក្នុង​ទី​ពំនួន​នៃ​ភ្នំ​ហាគីឡា ដែល​នៅ​ត្រង់​ព្រៃ ខាង​ត្បូង​ទី​រហោ‌ស្ថាន 20ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​យាង​ចុះ​ទៅ ដូច​ជា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​ទៅ​ស្រាប់ ឯ​ត្រង់​ការ​ចាប់​បញ្ជូន​វា​មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ នោះ​ស្រេច​នៅ​យើង​ខ្ញុំ​ចុះ 21សូល​ឆ្លើយ​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​នឹង​យើង 22ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ស៊ើប​សួរ​រក ឲ្យ​ប្រាកដ​ច្បាស់​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ដឹង ហើយ​ឃើញ​ពិត ដែល​វា​នៅ​ត្រង់​ណា ហើយ​អ្នក​ណា​មួយ​ដែល​បាន​ឃើញ​វា​នៅ​ទី​នោះ​ផង ដ្បិត​គេ​ប្រាប់​យើង​ថា វា​ឆ្លាត​ណាស់ 23ដូច្នេះ ចូរ​ទៅ​មើល ឲ្យ​ដឹង​គ្រប់​កន្លែង​ណា​ដែល​វា​ធ្លាប់​ពួន​នៅ រួច​ត្រឡប់​មក​ប្រាប់​យើង​វិញ​ឲ្យ​ពិត​ប្រាកដ នោះ​យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បើ​វា​នៅ​ក្នុង​ស្រុក នោះ​យើង​នឹង​ជ្រាវ​រក​វា​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ ទាល់​តែ​ឃើញ។
24គេ​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ស៊ីភ​មុន​សូល តែ​ដាវីឌ នឹង​ពួក​លោក នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន ដែល​នៅ​ស្រុក​វាល​ខាង​ត្បូង​ទី​រហោ‌ស្ថាន​នោះ​វិញ 25ឯ​សូល នឹង​ពួក​ទ្រង់​ក៏​ទៅ​រក ហើយ​មាន​គេ​មក​ជំរាប​ដល់​ដាវីឌ ដូច្នេះ លោក​ចុះ​ទៅ​ឯ​ថ្មដា អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន លុះ​កាល​សូល​បាន​ជ្រាប នោះ​ក៏​ដេញ​តាម​លោក ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន​នោះ​ដែរ 26សូល​បាន​យាង​នៅ​ខាង​ភ្នំ​ម្ខាង ហើយ​ដាវីឌនឹង​ពួក​លោក​នៅ​ខាង​ភ្នំ​ម្ខាង ដាវីឌ​ក៏​ប្រញាប់​នឹង​រត់​ចេញ​ទៅ ដោយ​ខ្លាច​សូល ដ្បិត​សូល ហើយ​នឹង​ពួក​ទ្រង់ គេ​ឡោម‌ព័ទ្ធ​លោក នឹង​ពួក​លោក​ទាំង​ប៉ុន្មាន ដោយ​ប៉ង​នឹង​ចាប់​ខ្លួន 27ខណ​នោះ មាន​អ្នក​នាំ​ដំណឹង​មក ទូល​ដល់​សូល​ថា សូម​ទ្រង់​យាង​ទៅ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលីស្ទីន​បាន​ចូល​លុក‌លុយ​ក្នុង​ស្រុក​ហើយ 28នោះ​សូល​ទ្រង់​ក៏​លែង​ដេញ​តាម​ដាវីឌ ត្រឡប់​វិល​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា សេឡា-ហាម៉ា‌លេកុត 29រួច​ដាវីឌ​ក៏​ចាក​ចេញ​ពី​ទី​នោះ ទៅ​អាស្រ័យ​នៅ​ក្នុង​ទី​ពំនួន​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​អេន-កេឌី​វិញ។

ទើបបានជ្រើសរើសហើយ៖

១ សាំយូ‌អែល 23: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល