១ សាំយូអែល 27
27
1គ្រានោះដាវីឌនឹកក្នុងចិត្តថា មានថ្ងៃណាមួយអញនឹងស្លាប់ ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាជាជាងឲ្យអញរត់ទៅ ជ្រកនៅឯស្រុករបស់ពួកភីលីស្ទីនទេ នោះសូលនឹងអស់ចិត្តចង់រកអញ នៅគ្រប់ក្នុងអស់ទាំងដែនស្រុកអ៊ីស្រាអែលទៀត ដូច្នេះ ទើបអញនឹងរួចចេញពីព្រះហស្តទ្រង់បាន 2ស្រេចហើយ ដាវីឌក៏ក្រោកឡើងនាំទាំងពួក៦០០នាក់ ដែលនៅជាមួយនឹងលោក ទៅឯស្រុករបស់អ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថទៅ 3ក៏អាស្រ័យនៅក្នុងក្រុងកាថ ជាស្រុករបស់អ័គីសនោះ ព្រមទាំងពួកលោកទាំងប៉ុន្មាន ដែលគ្រប់គ្នាមានពួកគ្រួរបស់ខ្លួននៅជាមួយផង ឯដាវីឌ លោកបាននាំប្រពន្ធទាំង២មកដែរ គឺនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល នឹងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាលផង 4នោះមានគេទូលដល់សូលថា ដាវីឌបានរត់ទៅនៅឯក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់លែងរកទៀត។
5ឯដាវីឌ លោកទូលនឹងអ័គីសថា បើទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវ នោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំ នៅទីក្រុងណាមួយ ក្នុងអាណាខែត្ររបស់ទ្រង់ ឲ្យទូលបង្គំបានអាស្រ័យនៅផង ដ្បិតមិនគួរឲ្យទូលបង្គំ ជាបាវទ្រង់ បាននៅក្នុងទីក្រុងធំរបស់ស្តេច ជាមួយនឹងទ្រង់ទេ 6នៅថ្ងៃនោះឯង អ័គីសក៏ប្រទានក្រុងស៊ីកឡាក់ឲ្យដល់ដាវីឌ ព្រោះហេតុនោះបានជាក្រុងស៊ីកឡាក់ ក៏នៅជារបស់ផងពួកស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ 7ដាវីឌក៏អាស្រ័យនៅក្នុងស្រុកភីលីស្ទីនអស់១ឆ្នាំ៤ខែ។
8នៅគ្រានោះ ដាវីឌ នឹងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ នឹងពួកអាម៉ាលេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុក តាំងតែពីដើមរៀងមក គេនៅតាមផ្លូវ ដែលទៅឯស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីព្ទ 9ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុសឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ នឹងសំលៀកបំពាក់របស់គេ រួចនាំគ្នាត្រឡប់មកឯអ័គីសវិញ 10អ័គីសទ្រង់សួរថា តើអ្នកបានលុកចូលវាយស្រុកណាខ្លះនៅថ្ងៃនេះ រួចដាវីឌទូលឆ្លើយថា បានទៅខាងត្បូងស្រុកយូដា នឹងខាងត្បូងពួកយេរ៉ាម្អែល ហើយខាងត្បូងពួកកែន 11ដាវីឌមិនទុកគេ ទោះប្រុសទោះស្រីក្តីឲ្យនៅរស់ ដើម្បីនឹងនាំមកឯក្រុងកាថទេ ដោយថា ខ្លាចក្រែងគេផ្សាយដំណឹងថា ដាវីឌបានធ្វើដូច្នេះមួយៗ ក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរ 12អ័គីសក៏ជឿដាវីឌ ដោយថា វាបានបណ្តាលឲ្យពួកអ៊ីស្រាអែល ជាសាសន៍ខ្លួន ស្អប់ខ្ពើមដល់ខ្លួនហើយ ដូច្នេះវានឹងធ្វើជាអ្នកបំរើរបស់អញជាដរាបតទៅ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 27: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.