១ ធីម៉ូថេ 5

5
1កុំ​ឲ្យ​ស្តី​បន្ទោស​ដល់​មនុស្ស​ចាស់ៗ​ឡើយ ចូរ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក​ចុះ ហើយ​មនុស្ស​ដែល​ក្មេង​ជាង​អ្នក នោះ​ទុក​ដូច​ជា​ប្អូន​វិញ 2ឯ​ស្ត្រី​ចាស់ៗ​ទុក​ដូច​ជា​ម្តាយ ហើយ​ពួក​ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុក​ដូច​ជា​ប្អូន​ដែរ ដោយ​សេចក្ដី​បរិសុទ្ធ​សព្វ​គ្រប់ 3ចូរ​គោរព​ដល់​ពួក​ស្ត្រី​ដែល​ពិត​ជា​មេម៉ាយ​មែន 4តែ​បើ​ស្រី​មេម៉ាយ​ណា​មាន​កូន​ចៅ នោះ​ត្រូវ​ឲ្យ​កូន​ចៅ​នោះ​រៀន​ឲ្យ​ចេះ​គោរព​ប្រតិ‌បត្តិ ដល់​ពួក​ផ្ទះ​ខ្លួន​ជា​ដើម ទាំង​សង​គុណ​ឪពុក​ម្តាយ ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ 5រីឯ​ស្ត្រី​ណា​ដែល​ពិត​ជា​មេម៉ាយ ហើយ​នៅ​តែ​ឯង នោះ​សង្ឃឹម​តែ​ដល់​ព្រះ ក៏​ព្យាយាម​ក្នុង​សេចក្ដី​ទូល​អង្វរ នឹង​សេចក្ដី​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ 6តែ​មេម៉ាយ​ណា​ដែល​នៅ​តែ​ស្រើប‌ស្រាល នោះ​ទោះ​បើ​រស់​នៅ​ក៏​ដោយ ក៏​ឈ្មោះ​ថា​ស្លាប់​ហើយ 7ចូរ​ហាម​គេ​ពី​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​គេ​មាន​កន្លែង​បន្ទោស​បាន​ឡើយ 8បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់‌ផ្គង់​ឲ្យ​ពួក​ញាតិ​សន្តាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត 9ចូរ​ឲ្យ​កត់​ចុះ​ក្នុង​បញ្ជី​មេម៉ាយ ចំពោះ​តែ​ឈ្មោះ​ស្ត្រី​ណា ដែល​មាន​អាយុ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​លើ​ប៉ុណ្ណោះ ហើយ​ដែល​បាន​មាន​ប្ដី​តែ​មួយ​ផង 10ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​ការ​ល្អ​របស់​ស្ត្រី​នោះ​ដែរ បើ​បាន​ចិញ្ចឹម​កូន ទទួល​អ្នក​ដទៃ​ឲ្យ​ស្នាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ដោះ​ទុក្ខ ដល់​ពួក​អ្នក​ដែល​មាន​សេចក្ដី​វេទនា បើ​បាន​ឧស្សាហ៍​តាម​គ្រប់​ទាំង​ការ​ល្អ នោះ​ទើប​ចុះ​បាន 11ឯ​ស្រី​មេម៉ាយ​ដែល​ក្មេង​ជាង នោះ​មិន​ត្រូវ​ទទួល​ទេ ដ្បិត​បើ​កាល​ណា​គេ​កើត​មាន​ចិត្ត​រឹង‌ទទឹង​នឹង​ព្រះ‌គ្រីស្ទ នោះ​គេ​នឹង​ចង់​យក​ប្ដី​ទៀត 12គេ​នឹង​មាន​ទោស ដោយ​ព្រោះ​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ដើម 13ក៏​នឹង​ទំលាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​មាត់​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្ដី​ដែល​មិន​គួរ​គប្បី​ទៀត​ផង 14ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្រី​មេម៉ាយ​ដែល​នៅ​ក្មេង បាន​យក​ប្ដី​ទៅ ដើម្បី​នឹង​បង្កើត​កូន ហើយ​គ្រប់‌គ្រង​នៅ​ទី​ផ្ទះ ឥត​បើក​ឱកាស​ឲ្យ​ពួក​អ្នក ដែល​រក​រឿង បាន​ត្មះ‌តិះដៀល​ឡើយ 15ដ្បិត​មាន​អ្នក​ខ្លះ​ងាក​បែរ​ទៅ តាម​អារក្ស​សាតាំង​ហើយ 16បើ​មាន​អ្នក​ជឿ​ណា ទោះ​ប្រុស​ឬ​ស្រី ដែល​មាន​ម្តាយ​មេម៉ាយ នោះ​ត្រូវ​ជួយ​ផ្គត់‌ផ្គង់​ឲ្យ​ផង កុំ​ឲ្យ​ផ្ទុក​លើ​ពួក​ជំនុំ​ឡើយ ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ផ្គត់‌ផ្គង់​ដល់​ពួក​អ្នក ដែល​ពិត​ជា​មេម៉ាយ​នោះ​វិញ។
17អ្នក​ចាស់‌ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិ‌បត្តិ​ជា​ទ្វេ​គុណ​ឡើង គឺ​មាន​ពួក​ដែល​ខំ​ផ្សាយ​ព្រះ‌បន្ទូល ហើយ​នឹង​ពួក​ដែល​បង្រៀន​ជា​ដើម 18ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ​ថា «ជើង​ឈ្នួល គួរ​ឲ្យ​បាន​ប្រាក់​ឈ្នួល​ខ្លួន» 19កុំ​ឲ្យ​ស្តាប់​សេចក្ដី​ចោទ​ប្រកាន់​នឹង​អ្នក​ចាស់‌ទុំ​ណា​ឡើយ លើក​តែ​មាន​ស្មរ​បន្ទាល់​២​ឬ​៣​នាក់ 20ឯ​អ្នក​ណា​ដែល​ធ្វើ​បាប នោះ​ចូរ​ផ្ចាញ់‌ផ្ចាល​គេ នៅ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​កោត‌ខ្លាច​ដែរ 21ខ្ញុំ​ផ្តាំ​នឹង​អ្នក​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ នឹង​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពួក​ទេវតា​រើស​តាំង​ផង​ថា ឲ្យ​អ្នក​កាន់​តាម​សេចក្ដី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ 22កុំ​ឲ្យ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ក៏​កុំ​ឲ្យ​មាន​សេចក្ដី​ប្រកប​ក្នុង​បាប​របស់​មនុស្ស​ឯ​ទៀត​ឲ្យ​សោះ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​ចុះ 23កុំ​ឲ្យ​ផឹក​ទឹក​តែ​ប៉ុណ្ណោះ ត្រូវ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បន្តិច​ផង ដោយ​ព្រោះ​ក្រពះ​អ្នក នឹង​រោគ​ដែល​អ្នក​មាន​ជា​ញយៗ 24អំពើ​បាប​របស់​មនុស្ស​ខ្លះ​បាន​ឃើញ​ច្បាស់ ក៏​នាំ​មុខ​គេ​ទៅ ឲ្យ​ត្រូវ​ជំនុំ​ជំរះ ឯ​បាប​របស់​អ្នក​ខ្លះ​ទៀត បាន​មក​តាម​ក្រោយ 25ឯ​ការ​ល្អ​វិញ ក៏​ឃើញ​ច្បាស់​ដូច្នោះ​ដែរ បើ​មាន​ការ​ល្អ​ណា​ដែល​មិន​ច្បាស់ នោះ​នៅ​តែ​លាក់​មិន​កំបាំង​ដែរ។

ទើបបានជ្រើសរើសហើយ៖

១ ធីម៉ូថេ 5: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល