២ របាក្សត្រ 1
1
1រីឯសាឡូម៉ូន ជាព្រះរាជបុត្រាដាវីឌ ទ្រង់មានអំណាចក្នុងរាជ្យទ្រង់កាន់តែមាំមួនឡើង ហើយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏បានគង់នៅជាមួយ ព្រមទាំងលើកដំកើងទ្រង់ឡើងយ៉ាងក្រៃលែង 2សាឡូម៉ូនក៏មានបន្ទូលនឹងបណ្តាពួកអ៊ីស្រាអែល ពួកមេទ័ពធំតូច ពួកចៅក្រម នឹងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាប្រធានលើវង្សរបស់ឪពុកគេ 3រួចទ្រង់ នឹងពួកជំនុំទាំងអស់ ក៏នាំគ្នាទៅឯទីខ្ពស់ ដែលនៅត្រង់ក្រុងគីបៀន ដ្បិតត្រសាលជំនុំនៃព្រះ ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានធ្វើនៅទីរហោស្ថាន បាននៅទីនោះ 4តែឯហឹបនៃព្រះ នោះដាវីឌបាននាំយកពីក្រុងគារយ៉ាត់-យារីម ឡើងទៅឯកន្លែងដែលទ្រង់បានរៀបចំទុក ដ្បិតទ្រង់បានដំឡើងត្រសាល១ សំរាប់ឲ្យហឹបនោះ នៅក្នុងក្រុងយេរូសាឡិមវិញ 5រីឯអាសនាលង្ហិន ដែលបេតសាលាល កូនយូរី ដែលជាកូនហ៊ើរបានធ្វើ នោះក៏នៅមុខរោងឧបោសថផងព្រះយេហូវ៉ា ត្រង់គីបៀន ហើយសាឡូម៉ូន នឹងពួកជំនុំទាំងអស់គ្នាបានសង្វាតរកអាសនានោះ 6ទ្រង់ឡើងទៅថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនាលង្ហិន ដែលនៅចំពោះព្រះយេហូវ៉ា ត្រង់ត្រសាលជំនុំនោះ។
7ក្នុងពេលយប់នោះ ព្រះទ្រង់លេចមកឯសាឡូម៉ូនមានបន្ទូលថា ចូរឲ្យឯងសូមចុះ តើចង់ឲ្យអញឲ្យអ្វីដល់ឯង 8សាឡូម៉ូនទ្រង់ឆ្លើយថា ទ្រង់បានសំដែងសេចក្ដីសប្បុរសជាធំ ដល់ដាវីឌ ជាបិតាទូលបង្គំ ក៏បានតាំងទូលបង្គំឡើង ជាស្តេចជំនួសបិតាហើយ 9ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យសេចក្ដីដែលទ្រង់បានសន្យានឹងដាវីឌ ជាបិតាទូលបង្គំ បានតាំងខ្ជាប់ខ្ជួនឡើង ដ្បិតទ្រង់បានលើកទូលបង្គំឡើង ជាស្តេចលើសាសន៍១មានគ្នាច្រើនដូចជាផង់ធូលីនៅផែនដី 10ដូច្នេះ សូមប្រោសប្រទាន ឲ្យទូលបង្គំមានប្រាជ្ញា នឹងយោបល់ ដើម្បីឲ្យទូលបង្គំបានចេញចូលនាំមុខបណ្តាជននេះ ដ្បិតតើមានអ្នកឯណាអាចនឹងគ្រប់គ្រង លើរាស្ត្ររបស់ទ្រង់ ដែលមានច្រើនទាំងម៉្លេះនេះបាន 11ព្រះទ្រង់មានបន្ទូលតបថា ដោយព្រោះឯងបានប្រាថ្នាដូច្នេះ នៅក្នុងចិត្ត ហើយមិនបានសូមឲ្យបានទ្រព្យសម្បត្តិ ឬធនធាន ឬកិត្តិយស ឬការប្រហារជីវិតនៃពួកអ្នកដែលស្អប់ឯង ក៏មិនបានសូមអាយុឲ្យយឺនយូរឡើយ គឺបានសូមឲ្យមានប្រាជ្ញា នឹងយោបល់វិញ ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រអញ ដែលអញបានតាំងឯងឲ្យធ្វើជាស្តេចលើគេ 12ដូច្នេះ អញឲ្យឯងមានប្រាជ្ញា នឹងយោបល់ហើយ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន នឹងកិត្តិយសទៀតផង ដល់ម៉្លេះបានជាមុនឯង មិនដែលមានស្តេចណា បានយ៉ាងនោះឡើយ ហើយក្រោយឯងទៅមុខទៀត ក៏មិនមានដែរ 13ដូច្នេះ សាឡូម៉ូនទ្រង់ក៏វិលត្រឡប់ពីទីខ្ពស់ នៅត្រង់គីបៀន គឺពីមុខត្រសាលជំនុំ មកឯក្រុងយេរូសាឡិមវិញ ហើយទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែល។
14សាឡូម៉ូនទ្រង់ប្រមូលបានរទេះចំបាំង នឹងពលសេះ មានរទេះ១ពាន់៤រយ នឹងពលសេះ១ម៉ឺន២ពាន់ ក៏ដាក់ឲ្យនៅអស់ទាំងទីក្រុងដែលសំរាប់រទេះចំបាំង ហើយនៅជាមួយនឹងស្តេច ក្នុងក្រុងយេរូសាឡិម 15ហើយនៅទីក្រុងនោះ ទ្រង់ធ្វើឲ្យមានប្រាក់ នឹងមាសសម្បូរ ដូចជាថ្ម ហើយឲ្យមានដើមតាត្រៅសម្បូរ ដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាបដែរ 16ឯសេះទាំងប៉ុន្មានរបស់សាឡូម៉ូន នោះសុទ្ធតែមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេច គេទៅទិញ ដឹកនាំមកទាំងហ្វូងៗ តាមដំឡៃ 17គេក៏នាំយករទេះពីស្រុកអេស៊ីព្ទមក ១ដំឡៃជាប្រាក់៦០០រៀល ហើយសេះ១ដំឡៃជាប្រាក់១៥០រៀល គេក៏ដឹករទេះមកយ៉ាងនោះ ឲ្យដល់អស់ទាំងស្តេចនៃសាសន៍ហេត នឹងស្តេចស្រុកស៊ីរីដែរ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.