២ កូរិនថូស 2
2
1តែខ្ញុំបានគិតសំរេចសេចក្ដីនេះក្នុងខ្លួនខ្ញុំ គឺថា ខ្ញុំមិនមកឯអ្នករាល់គ្នា ដោយចិត្តព្រួយទៀតទេ 2ដ្បិតបើសិនជាខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយទៅហើយ នោះតើមានអ្នកណានឹងធ្វើឲ្យខ្ញុំសប្បាយបាន លើកតែអ្នកនោះឯងដែលព្រួយដោយសារខ្ញុំប៉ុណ្ណោះ 3ហើយខ្ញុំបានសរសេរសេចក្ដីនោះផ្ញើមកអ្នករាល់គ្នា ក្រែងកាលណាខ្ញុំមកដល់ នោះខ្ញុំនឹងកើតព្រួយចិត្តពីដំណើរអ្នកខ្លះ ដែលមុខគួរឲ្យខ្ញុំបានអរសប្បាយដោយសារគេវិញ ដោយទុកចិត្តនឹងអ្នករាល់គ្នាទាំងអស់ថា ការអ្វីដែលនាំឲ្យខ្ញុំរីករាយ នោះក៏នាំឲ្យអ្នករាល់គ្នារីករាយដែរ 4ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ដោយខ្ញុំមានចិត្តលំបាក ហើយថប់ព្រួយ ព្រមទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង 5ប៉ុន្តែ បើមានអ្នកណាបានបណ្តាលឲ្យកើតមានសេចក្ដីព្រួយ នោះមិនមែនធ្វើឲ្យខ្ញុំព្រួយទេ គឺឲ្យអ្នករាល់គ្នាទាំងអស់មានទុក្ខខ្លះវិញ ដ្បិតខ្ញុំមិនចង់និយាយពន្លើសឡើយ 6ឯទោសដែលច្រើនគ្នាបានធ្វើដល់មនុស្សយ៉ាងនោះ នោះល្មមប៉ុណ្ណឹងហើយ 7បានជាស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្តមនុស្សនោះវិញ ក្រែងមនុស្សនោះត្រូវស្រូបបាត់ ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង 8ហេតុនោះបានជាខ្ញុំទូន្មាន ឲ្យអ្នករាល់គ្នាសំដែងសេចក្ដីស្រឡាញ់ ដល់អ្នកនោះឲ្យជាក់លាក់ 9ដ្បិតដោយហេតុនោះបានជាខ្ញុំធ្វើសំបុត្រនេះដែរ គឺដើម្បីនឹងលមើលអ្នករាល់គ្នាឲ្យដឹង តើនឹងស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬទេ 10បើអ្នករាល់គ្នាអត់ទោសដល់អ្នកណាពីរឿងអ្វី នោះខ្ញុំក៏អត់ទោសដែរ ហើយរឿងអ្វីដែលខ្ញុំបានអត់ទោសឲ្យគេ បើសិនជាបានអត់ទោសអ្វីមែន នោះគឺដោយព្រោះអ្នករាល់គ្នា នៅចំពោះព្រះគ្រីស្ទហើយ 11ដើម្បីមិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ។
12កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ហើយមានទ្វារបើកឲ្យខ្ញុំ ដោយនូវព្រះអម្ចាស់ 13នោះខ្ញុំឥតមានធូរក្នុងចិត្តសោះ ដោយហេតុរកទីតុស ជាបងប្អូនខ្ញុំ មិនឃើញ បានជាខ្ញុំលាគេទៅឯស្រុកម៉ាសេដូនវិញ 14តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង 15ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ 16ដល់ពួក១ជាក្លិននៃសេចក្ដីស្លាប់ ឲ្យត្រូវស្លាប់ ដល់ពួក១ទៀត ជាក្លិននៃជីវិត ឲ្យបានរស់នៅ តើអ្នកណាគួរនឹងសេចក្ដីទាំងនេះ 17ដ្បិតយើងខ្ញុំមិនមែនដូចជាមនុស្សច្រើនគ្នា ដែលបំប្លែងព្រះបន្ទូលនោះទេ គឺដូចជាអ្នកស្មោះត្រង់ ដែលមកពីព្រះវិញ ហើយយើងនិយាយចំពោះព្រះដោយនូវព្រះគ្រីស្ទ។
ទើបបានជ្រើសរើសហើយ៖
២ កូរិនថូស 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.