កិច្ចការ 13
13
1រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ នឹងគ្រូបង្រៀនខ្លះ គឺបាណាបាស១ ស៊ីម្មានដែលហៅថា នីគើរ១ លូគាស ជាសាសន៍គីរេន១ ម៉ាន៉ាអេន ជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូឌ ស្តេចអនុរាជ១ នឹងសុល១ 2កំពុងដែលអ្នកទាំងនោះធ្វើការងារ ថ្វាយព្រះអម្ចាស់ទាំងតម នោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ថា ចូរញែកបាណាបាស នឹងសុលចេញឲ្យខ្ញុំ សំរាប់ការងារដែលខ្ញុំហៅគេឲ្យធ្វើ 3ដូច្នេះ ក្រោយដែលបានតម ហើយអធិស្ឋាន ព្រមទាំងដាក់ដៃលើអ្នកទាំង២ នោះក៏បើកឲ្យគេទៅ។
4ឯអ្នកទាំង២នោះ ក៏ចុះទៅដល់សេលើស៊ា ដោយព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅ នៅទីនោះគេចុះសំពៅចេញទៅឯកោះគីប្រុស 5ដល់សាឡាមីនហើយ គេក៏ផ្សាយព្រះបន្ទូល នៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ពួកសាសន៍យូដា មានទាំងយ៉ូហានជាអ្នកជំនួយដែរ 6កាលបានដើរកាត់កោះទៅត្រឹមប៉ាផុសហើយ នោះក៏ប្រទះនឹងសាសន៍យូដាម្នាក់ ដែលធ្វើជាគ្រូអាបធ្មប់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ 7គ្រូនោះនៅជាមួយនឹងអ្នកដំណាងជាតិរ៉ូមម្នាក់ ឈ្មោះស៊ើគាស-ប៉ូល៉ូស ជាអ្នកឆ្លៀវឆ្លាត លោកក៏ហៅបាណាបាស នឹងសុលមក ដើម្បីចង់ស្តាប់ព្រះបន្ទូល 8តែអេលីម៉ាស ជាគ្រូអាបធ្មប់នោះ (ដ្បិតឈ្មោះនោះប្រែមកដូច្នេះ) ក៏តាំងខ្លួនទាស់នឹងគេ ដើម្បីបង្វែរលោកមិនឲ្យជឿ 9តែសុលដែលហៅថា ប៉ុលដែរ គាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏សំឡឹងមើលទៅគ្រូនោះ ដោយនិយាយថា 10នែ មនុស្សដែលពេញដោយកិច្ចកល នឹងសេចក្ដីល្បិចគ្រប់យ៉ាង ជាកូននៃអារក្ស ហើយជាខ្មាំងសត្រូវ ដល់គ្រប់ទាំងសេចក្ដីសុចរិតអើយ តើមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬអី 11មើល ឥឡូវនេះ ព្រះហស្តនៃព្រះអម្ចាស់បានមកលើឯងហើយ ឯងនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃជាយូរបន្តិច នោះស្រាប់តែភ្នែករបស់គ្រូនោះបានទៅជាព្រិលៗ ហើយងងឹតសូន្យទៅ រួចក៏ដើរវិលវល់រកអ្នកណាឲ្យដឹកដៃ 12កាលលោកដំណាងជាតិឃើញការដែលកើតមកដូច្នោះ នោះក៏ជឿ ព្រមទាំងមានសេចក្ដីអស្ចារ្យក្នុងចិត្ត អំពីសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់ផង។
13ប៉ុល នឹងពួកគូកនគាត់ ក៏ចុះសំពៅចេញពីប៉ាផុស ទៅដល់ពើកា នៅស្រុកប៉ាមភីលា ឯយ៉ូហាន គាត់បែកពីគេ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ 14តែគេចេញពីពើកា ដើរកាត់ទៅឯអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា ក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក 15ក្រោយការដែលអានមើលក្រិត្យវិន័យ នឹងគម្ពីរពួកហោរាហើយ នោះមេសាលាក៏ប្រើមនុស្ស ឲ្យទៅប្រាប់ថា បងប្អូនអើយ បើមានសេចក្ដីអ្វីនឹងទូន្មានដល់ពួកជន នោះសូមបងប្អូនមានប្រសាសន៍ចុះ។
16លំដាប់នោះ ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសំគាល់នឹងដៃ និយាយថា ពួកសាសន៍អ៊ីស្រាអែល នឹងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូមស្តាប់ចុះ 17ព្រះនៃសាសន៍អ៊ីស្រាអែលយើងនេះ ទ្រង់បានរើសពួកឰយុកោយើងរាល់គ្នា ក៏លើកដំកើងសាសន៍យើង ក្នុងកាលដែលគេអាស្រ័យនៅស្រុកអេស៊ីព្ទនៅឡើយ រួចទ្រង់នាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា 18ហើយទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ 19ក្រោយដែលទ្រង់បានបំផ្លាញសាសន៍ទាំង៧នគរនៅស្រុកកាណាន នោះក៏ចែកស្រុករបស់គេដល់ពួកឰយុកោយើងដោយចាប់ឆ្នោត 20ក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានចៅហ្វាយក្នុងរវាងប្រហែលជា៤៥០ឆ្នាំ ដរាបដល់គ្រាហោរាសាំយូអែល 21នោះគេសូមឲ្យមានស្តេច រួចព្រះទ្រង់តាំងសូល ជាបុត្រគីស ក្នុងពូជអំបូរបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ នៅរវាង៤០ឆ្នាំ 22កាលដកស្តេចនោះចេញហើយ នោះទ្រង់លើកដាវីឌតាំងឡើងជាស្តេចវិញ ក៏ធ្វើបន្ទាល់ពីស្តេចដាវីឌថា «អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក» 23គឺពីព្រះវង្សាស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះអង្គសង្គ្រោះ១អង្គ ដល់សាសន៍អ៊ីស្រាអែល តាមសេចក្ដីសន្យា គឺជាព្រះយេស៊ូវ 24តែមុនដែលទ្រង់យាងមក នោះលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នាជាស្រេចហើយ 25កាលលោកយ៉ូហានកំពុងតែធ្វើសំរេចការងារ នោះលោកមានប្រសាសន៍ថា តើអ្នករាល់គ្នាស្មានថា ខ្ញុំជាអ្នកណា ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង។
26ឱបងប្អូន ជាកូនចៅពូជអ័ប្រាហាំ នឹងអស់អ្នកក្នុងពួកអ្នករាល់គ្នា ដែលកោតខ្លាចដល់ព្រះអើយ ទ្រង់បានផ្ញើព្រះបន្ទូលពីសេចក្ដីសង្គ្រោះនេះ មកដល់អ្នករាល់គ្នា 27ដ្បិតដោយព្រោះពួកមនុស្សនៅក្រុងយេរូសាឡិម ព្រមទាំងពួកមេរបស់គេមិនបានស្គាល់ទ្រង់ទេ ក៏មិនបានយល់សេចក្ដីទំនាយរបស់ពួកហោរា ដែលគេមើលរាល់តែថ្ងៃឈប់សំរាកដែរ បានជាគេធ្វើសំរេចតាមសេចក្ដីទំនាយនោះឯង ដោយគេបានកាត់ទោសដល់ទ្រង់ 28ហើយទោះបើគេរកហេតុអ្វីនឹងសំឡាប់ទ្រង់មិនបានក៏ដោយ គង់តែគេសូមអង្វរដល់លោកពីឡាត់ ឲ្យបានសំឡាប់ទ្រង់ដែរ 29ក្រោយដែលគេធ្វើសំរេចគ្រប់សេចក្ដី ដែលចែងទុកពីទ្រង់រួចហើយ នោះគេក៏យកទ្រង់ចុះពីឈើឆ្កាងមកបញ្ចុះក្នុងផ្នូរ 30តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ 31ហើយទ្រង់លេចមក ឲ្យពួកអ្នកដែលបានឡើងពីស្រុកកាលីឡេ មកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់ បានឃើញជាយូរថ្ងៃ អ្នកទាំងនោះជាស្មរបន្ទាល់ពីទ្រង់ដល់ពួកជនទាំងឡាយ។
32យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នករាល់គ្នា គឺជាសេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោយើងថា 33ព្រះបានធ្វើសំរេចតាមសេចក្ដីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ ដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកមក ក្នុងទំនុកដំកើងបទទី២ថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ» 34ហើយដែលព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីមិនឲ្យទ្រង់ត្រឡប់ទៅឯសេចក្ដីពុករលួយទៀតឡើយ នោះទ្រង់មានបន្ទូលដូច្នេះថា «អញនឹងផ្តល់សេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលឲ្យដល់ដាវីឌ ដល់ឯងរាល់គ្នាដែរ» 35ហេតុដូច្នេះបានជាទ្រង់មានបន្ទូលក្នុងបទ១ទៀតថា «ទ្រង់មិនទុកឲ្យអ្នកបរិសុទ្ធនៃទ្រង់ ឃើញសេចក្ដីពុករលួយឡើយ» 36រីឯហ្លួងដាវីឌ កាលទ្រង់បានធ្វើការងារចំពោះមនុស្សជំនាន់ទ្រង់ តាមព្រះហឫទ័យព្រះ រួចស្រេចហើយ នោះក៏ផ្ទំលក់ទៅ ហើយបានប្រមូលទៅមូលនឹងពួកឰយុកោទ្រង់ ក៏ឃើញសេចក្ដីពុករលួយដែរ 37តែព្រះអង្គនោះ ដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនបានឃើញសេចក្ដីពុករលួយឡើយ 38ដូច្នេះ អ្នករាល់គ្នា ជាបងប្អូនអើយ សូមជ្រាបថា ដែលមានសេចក្ដីប្រោសឲ្យរួចពីបាប បានប្រកាសប្រាប់ដល់អ្នករាល់គ្នា នោះគឺដោយសារព្រះអង្គនោះឯង 39មួយទៀត ដោយសារទ្រង់ អស់អ្នកណាដែលជឿ បានរាប់ជាសុចរិត រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងបានរាប់ជាសុចរិត ដោយសារក្រិត្យវិន័យលោកម៉ូសេបានឡើយ 40ដូច្នេះ ត្រូវប្រយ័ត ក្រែងអ្នករាល់គ្នាកើតមានសេចក្ដី ដែលពួកហោរាបានទាយទុកថា 41«នែ អស់អ្នកដែលមើលងាយអើយ ចូរភាំងឆ្ងល់ ហើយវិនាសទៅចុះ ដ្បិតអញធ្វើការ១នៅជំនាន់ឯងរាល់គ្នា គឺជាការដែលឯងរាល់គ្នាមិនព្រមជឿឡើយ ទោះបើមានគេប្រាប់មកឯងរាល់គ្នាក៏ដោយ»។
42កាលពួកសាសន៍យូដា បានចេញពីសាលាប្រជុំទៅហើយ នោះពួកសាសន៍ដទៃ ក៏សូមឲ្យប៉ុលអធិប្បាយ តាមសេចក្ដីទាំងនោះ នៅថ្ងៃឈប់សំរាកមួយក្រោយទៀត 43កាលពួកអ្នកប្រជុំនោះបានបែកចេញពីគ្នាទៅ នោះមានពួកសាសន៍យូដា នឹងពួកចូលសាសន៍ជាច្រើនដែលមកថ្វាយបង្គំ គេដើរតាមប៉ុល នឹងបាណាបាស ដែលទូន្មានឲ្យគេកាន់ខ្ជាប់ក្នុងព្រះគុណនៃព្រះ។
44ដល់ថ្ងៃឈប់សំរាកក្រោយ នោះពួកអ្នកក្រុងស្ទើរតែទាំងអស់ ក៏មកប្រជុំគ្នា ដើម្បីនឹងស្តាប់ព្រះបន្ទូល 45តែកាលពួកសាសន៍យូដាបានឃើញមនុស្សទាំងហ្វូងដូច្នេះ នោះកើតមានចិត្តពេញដោយសេចក្ដីច្រណែន ហើយក៏ឆ្លើយទទឹងទាស់នឹងសេចក្ដី ដែលប៉ុលអធិប្បាយនោះ ទាំងជំនះ ហើយប្រមាថផង 46ប៉ុន្តែប៉ុល នឹងបាណាបាសនិយាយដោយក្លាហានថា មុខគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូល ដល់អ្នករាល់គ្នាជាមុនដំបូង ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះ ហើយជំនុំជំរះកាត់ទោសដល់ខ្លួនឯងថា មិនគួរនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនោះទេ ហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឯពួកសាសន៍ដទៃវិញ 47ដ្បិតព្រះអម្ចាស់ ទ្រង់បានបង្គាប់មកយើងខ្ញុំដូច្នេះថា «អញបានតាំងឯងសំរាប់ជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យឯងបានសំរាប់ជាសេចក្ដីសង្គ្រោះដល់ចុងផែនដីបំផុត»។
48កាលពួកសាសន៍ដទៃបានឮដូច្នេះ នោះគេមានសេចក្ដីអំណរ ហើយក៏សរសើរព្រះបន្ទូលនៃព្រះអម្ចាស់ ចំណែកអស់អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច នោះក៏បានជឿ 49ឯព្រះបន្ទូលនៃព្រះអម្ចាស់ បានផ្សាយសុសសាយទួទៅពេញក្នុងស្រុកនោះ 50តែពួកសាសន៍យូដាគេញុះញង់ពួកស្ត្រីអ្នកមុខអ្នកការ ដែលមកថ្វាយបង្គំ នឹងពួកអ្នកធំនៅក្នុងទីក្រុងនោះ បណ្តាលឲ្យមានសេចក្ដីបៀតបៀន ដល់ប៉ុល នឹងបាណាបាស ក៏ដេញអ្នកទាំង២នោះចេញពីស្រុកគេទៅ 51ដូច្នេះ អ្នកទាំង២ក៏រលាស់ធូលីដី ពីជើងចេញទាស់នឹងគេ រួចចេញទៅឯក្រុងអ៊ីកូនាម 52ឯពួកសិស្ស គេមានចិត្តពេញដោយសេចក្ដីអំណរ ហើយនឹងព្រះវិញ្ញាណបរិសុទ្ធ។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 13: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.