កិច្ចការ 18

18
1ក្រោយ​នោះ​មក ប៉ុល​ចេញ​ពី​ក្រុង​អាថែន ទៅ​ឯ​កូរិន‌ថូស 2នៅ​ទី​នោះ គាត់​ជួប​នឹង​សាសន៍​យូដា​ម្នាក់​ឈ្មោះ​អ័គីឡា ដែល​កើត​នៅ​ស្រុក​ប៉ុនតុស ជា​អ្នក​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រម​ទាំង​ព្រីស៊ីល ជា​ប្រពន្ធ​គាត់​ផង ពី​ព្រោះ​មហា‌រាជ​ក្លូឌាស ទ្រង់​បាន​បង្គាប់ ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់​ទៅ គាត់​ក៏​ទៅ​ឯ​អ្នក​ទាំង​២​នោះ 3រួច​គាត់​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​គេ ពី​ព្រោះ​មាន​របរ​រក​ស៊ី​ធ្វើ​ជាង​ត្រសាល​ដូច​គ្នា 4គាត់​ក៏​អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង។
5កាល​ស៊ីឡាស នឹង​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ នោះ​ប៉ុល​មាន​សេចក្ដី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត 6តែ​ដោយ​ព្រោះ​គេ​តាំង​ខ្លួន​ទាស់​ទទឹង ហើយ​ក៏​ជេរ​ប្រមាថ​ផង បាន​ជា​ប៉ុល​រលាស់​អាវ​ខ្លួន និយាយ​ថា ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​វិញ​ចុះ ឯ​ខ្ញុំៗ​បរិសុទ្ធ​ទេ អំណឹះ​ទៅ​មុខ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​ហើយ 7គាត់​ក៏​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​ផ្ទះ​ម្នាក់ ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ‌បង្គំ​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​សាលា​ប្រជុំ 8ឯ​គ្រីស‌ប៉ុស ជា​មេ​សាលា​ប្រជុំ គាត់​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ ក៏​មាន​ពួក​ក្រុង​កូរិន‌ថូស​បាន​ស្តាប់ ហើយ​ជឿ​ជា​ច្រើន ទាំង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង 9វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ប៉ុល​ក្នុង​ការ​ជាក់​ស្តែង​ថា កុំ​ខ្លាច​អ្វី ចូរ​សំដែង​ទៅ កុំ​នៅ​ស្ងៀម​ឡើយ 10ដ្បិត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ គ្មាន​អ្នក​ណា​នឹង​ប្រទូស្ត​ដល់​អ្នក​បាន​ទេ ខ្ញុំ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​ដែរ 11គាត់​ក៏​នៅ​ទី​នោះ​អស់​១​ឆ្នាំ​៦​ខែ ព្រម​ទាំង​បង្រៀន​ព្រះ‌បន្ទូល​នៅ​ក្នុង​ពួក​គេ។
12កាល​លោក​កាលី‌យ៉ូ ធ្វើ​ជា​អ្នក​ដំណាង​សាសន៍​រ៉ូម នៅ​ស្រុក​អាខៃ នោះ​ពួក​សាសន៍​យូដា​លើក​គ្នា ព្រួត​ទាស់​នឹង​ប៉ុល គេ​ចាប់​នាំ​គាត់​ទៅ​ឯ​ទី​ជំនុំ​ក្តី ចោទ​ថា 13អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ‌បង្គំ​ព្រះ​ខុស​ច្បាប់ 14តែ​កាល​ប៉ុល​រៀប​នឹង​បើក​មាត់​ដោះ‌សា​ខ្លួន នោះ​លោក​កាលី‌យ៉ូ​និយាយ​ទៅ​ពួក​សាសន៍​យូដា​ថា នែ ពួក​សាសន៍​យូដា​អើយ បើ​សិន​ណា​ជា​មាន​ការ​ទុច្ចរិត​ណា ឬ​ទោស​កំណាច​អ្វី​ដទៃ នោះ​តាម​ទំនង​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្តាប់​អ្នក​រាល់​គ្នា 15ប៉ុន្តែ បើ​សិន​ជា​កើត​ក្តី​ពី​ដំណើរ​ពាក្យ​សំដី ឬ​ពី​នាម​ឈ្មោះ ឬ​ពី​ក្រិត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា​វិញ នោះ​ស្រេច​នឹង​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ជំនុំ‌ជំរះ​ចំពោះ​ការ​យ៉ាង​នោះ​ទេ 16លោក​ក៏​បណ្តេញ​គេ​ចេញ​ពី​សាលា​ជំនុំ‌ជំរះ​ទៅ 17នោះ​គេ​ក៏​ចាប់​សូស្ថេន ជា​មេ​សាលា​ប្រជុំ មក​វាយ‌ផ្ចាល​នៅ​មុខ​សាលា​ជំនុំ តែ​លោក​កាលី‌យ៉ូ​មិន​រវល់​សោះ។
18ឯ​ប៉ុល គាត់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត រួច​ក្រោយ​ដែល​គាត់​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ហើយ គឺ​ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ នោះ​ក៏​លា​ពួក​ជំនុំ ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី​វិញ មាន​ទាំង​ព្រីស៊ីល នឹង​អ័គីឡា ទៅ​ជា​មួយ​ផង 19កាល​ទៅ​ដល់​ក្រុង​អេភេសូរ​ហើយ នោះ​ប៉ុល​ទុក​គេ​នៅ​ទី​នោះ តែ​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​ក៏​ជជែក​ពន្យល់​ដល់​គេ 20រួច​គេ​សូម​ឲ្យ​គាត់​នៅ​ជា​មួយ​នឹង​គេ​ជា​យូរ​បន្តិច​ទៀត តែ​គាត់​មិន​ព្រម​ទេ 21គាត់​លា​គេ​ទៅ​ដោយ​ពាក្យ​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​ធ្វើ​បុណ្យ​ក្រោយ​នេះ នៅ​ក្រុង​យេរូ‌សាឡិម​ជា​មិន​ខាន តែ​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ រួច​គាត់​ចុះ​សំពៅ ចេញ​ពី​អេភេសូរ​ទៅ 22លុះ​ចូល​ចត​នៅ​ក្រុង​សេសារា​ហើយ ក៏​ឡើង​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ រួច​ចុះ​ទៅ​ឯ​អាន់‌ទី‌យ៉ូក​វិញ 23គាត់​នៅ​ទី​នោះ​ជា​យូរ​ក្រែល រួច​ចេញ​ទៅ​ដើរ​កាត់​ស្រុក​កាឡាទី នឹង​ស្រុក​ព្រីគា​ដោយ​លំដាប់ ព្រម​ទាំង​តាំង​ឲ្យ​ពួក​សិស្ស​ទាំង​អស់​បាន​ខ្ជាប់‌ខ្ជួន​ឡើង។
24នៅ​ក្នុង​គ្រា​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុឡូស ដែល​កើត​នៅ​ក្រុង​អ័លេ‌ក្សានទ្រា ជា​អ្នក​មាន​វោហារ ហើយ​ក៏​ចេះ​ស្ទាត់​ក្នុង​គម្ពីរ​ដែរ គាត់​មក​ដល់​ក្រុង​អេភេសូរ 25គាត់​បាន​សិក្សា​ខាង​ឯ​ផ្លូវ​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ បាន​ជា​គាត់​អធិប្បាយ ហើយ​បង្រៀន​យ៉ាង​ត្រឹម‌ត្រូវ ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​ព្រះ‌អម្ចាស់ ទោះ​បើ​ស្គាល់​តែ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ 26ហើយ​គាត់​ចាប់​តាំង​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លាហាន កាល​អ័គីឡា នឹង​ព្រីស៊ីល​បាន​ឮ នោះ​ក៏​នាំ​ទៅ​ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹត‌តែ​ច្បាស់​ទៅ​ទៀត 27រួច​គាត់​គិត​នឹង​ទៅ​ឯ​ស្រុក​អាខៃ នោះ​ពួក​ជំនុំ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ ទូន្មាន​ពួក​សិស្ស​ឲ្យ​ទទួល​គាត់ លុះ​ដល់​ហើយ គាត់​ក៏​ជួយ​យ៉ាង​សន្ធឹក ដល់​ពួក​អ្នក​ដែល​ជឿ​ដោយ​ព្រះ‌គុណ 28ព្រោះ​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា នៅ​កណ្តាល​ជំនុំ ដោយ​ប៉ិន‌ប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​មែន។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 18: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល