កិច្ចការ 26
26
1ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅប៉ុលថា ឯងមានច្បាប់និយាយដោយខ្លួនឯងបាន រួចប៉ុលក៏លើកដៃទៅមុខដោះសាខ្លួនថា 2បពិត្រព្រះករុណាអ័គ្រីប៉ាអើយ នៅថ្ងៃនេះ ទូលបង្គំមានចិត្តអំណរណាស់ ដោយមានច្បាប់នឹងដោះសាខ្លួននៅចំពោះទ្រង់ ពីអស់ទាំងសេចក្ដីដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ 3គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្ដីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្តាប់ទូលបង្គំ ដោយអំណត់សិន 4ដ្បិតពួកសាសន៍យូដាទាំងអស់បានស្គាល់ចរិតដែលទូលបង្គំប្រព្រឹត្ត តាំងពីក្មេងមកហើយ ថាពីដើមទូលបង្គំនៅកណ្តាលសាសន៍នៃទូលបង្គំនៅក្រុងយេរូសាឡិម 5ហើយបើគេព្រមធ្វើបន្ទាល់ នោះមុខជាគេបានស្គាល់ទូលបង្គំពីដើមមកជាពិតថា ទូលបង្គំបានប្រព្រឹត្តតាមបក្សពួកតឹងរ៉ឹងជាងគេ ក្នុងសាសន៍នៃទូលបង្គំ គឺជាពួកផារិស៊ី 6ហើយឥឡូវ ទូលបង្គំជាប់ជំនុំជំរះនេះ នោះគឺដោយព្រោះតែមានចិត្តសង្ឃឹមដល់សេចក្ដីសន្យា ដែលព្រះទ្រង់បានតាំងនឹងពួកឰយុកោទូលបង្គំ 7ដែលពូជអំបូរទាំង១២ខំប្រឹងប្រតិបត្តិតាមព្រះទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមនឹងបានសេចក្ដីសន្យានោះដែរ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ គឺដោយព្រោះសេចក្ដីសង្ឃឹមនោះឯង បានជាពួកសាសន៍យូដា គេចោទប្រកាន់ដល់ទូលបង្គំ 8ហេតុអ្វីបានជាអស់លោកទាំងឡាយរាប់សេចក្ដី ដែលព្រះទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ថាជាសេចក្ដីមិនគួរជឿ 9សូម្បីទូលបង្គំក៏បានគិតស្មានថា គួរឲ្យទូលបង្គំធ្វើទាស់ទទឹងជាច្រើន ដល់ព្រះនាមព្រះយេស៊ូវ ពីស្រុកណាសារ៉ែតដែរ 10គឺទូលបង្គំបានធ្វើការទាំងនោះនៅក្រុងយេរូសាឡិម បានទាំងចាប់ពួកអ្នកបរិសុទ្ធជាច្រើនយកទៅដាក់គុក ដោយទទួលអំណាចពីពួកសង្គ្រាជមក ហើយកាលគេសំឡាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ព្រមដែរ 11ទូលបង្គំបានធ្វើទោសគេជាញឹកញយ នៅគ្រប់ទាំងសាលាប្រជុំ ទាំងបង្ខំឲ្យគេពោលពាក្យប្រមាថដល់ព្រះផង ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលពេក ទាស់នឹងគេដូច្នេះ បានជាទូលបង្គំធ្វើទុក្ខបៀតបៀនដល់គេ រហូតដល់ក្រុងនៃសាសន៍ដទៃផង 12នៅគ្រានោះ ទូលបង្គំបានទទួលអំណាច នឹងសេចក្ដីបង្គាប់មកពីពួកសង្គ្រាជ ហើយកំពុងតែដើរដំណើរទៅឯក្រុងដាម៉ាស 13នោះបពិត្រព្រះករុណាអើយ នៅពេលថ្ងៃត្រង់ហើយ ដែលទូលបង្គំកំពុងដើរ នោះស្រាប់តែមានពន្លឺពីលើមេឃ ភ្លឺមកជុំវិញទូលបង្គំ នឹងពួកអ្នកដើរជាមួយ ជាពន្លឺភ្លឺជាងថ្ងៃ 14ទូលបង្គំទាំងអស់គ្នាក៏ដួលដល់ដី រួចទូលបង្គំឮសំឡេងមានបន្ទូលមក ជាភាសាហេព្រើរថា សុល នែសុល ហេតុអ្វីបានជាធ្វើទុក្ខដល់ខ្ញុំ ដែលធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់ 15ទូលបង្គំក៏ឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានបន្ទូលថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកធ្វើទុក្ខ 16ចូរក្រោកឈរឡើង ដ្បិតខ្ញុំបានលេចមកឲ្យអ្នកឃើញ ដើម្បីនឹងតាំងអ្នក ឲ្យធ្វើជាអ្នកបំរើ ហើយជាទីបន្ទាល់ ពីអស់ទាំងការដែលអ្នកបានឃើញហើយ ព្រមទាំងការ ដែលខ្ញុំនឹងលេចមក ឲ្យអ្នកឃើញទៅមុខទៀត 17ខ្ញុំបានញែកអ្នកចេញពីបណ្តាជន នឹងពីពួកសាសន៍ដទៃ ដើម្បីនឹងចាត់អ្នកឲ្យទៅឯគេវិញ 18ប្រយោជន៍នឹងបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្ដីងងឹត មកឯពន្លឺ ហើយពីអំណាចអារក្សសាតាំង មកឯព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមរដក ជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធ ដោយសារសេចក្ដីជំនឿជឿដល់ខ្ញុំ 19ដូច្នេះ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការជាក់ស្តែងពីស្ថានសួគ៌នោះទេ 20គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម នឹងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង 21ដោយហេតុនោះបានជាពួកសាសន៍យូដា ចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមនឹងសំឡាប់ទូលបង្គំចោល 22តែព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វី ឲ្យលើសពីសេចក្ដីដែលពួកហោរា នឹងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ 23គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថា ដោយសារទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេទាំងអស់ នោះទ្រង់បានប្រកាសប្រាប់ពីពន្លឺ ដល់សាសន៍នេះ ហើយដល់សាសន៍ដទៃផង។
24កំពុងដែលគាត់និយាយសេចក្ដីទាំងនោះ ដើម្បីដោះសាខ្លួន នោះលោកភេស្ទុសឡើងសំឡេងកាត់ថា ប៉ុលអើយ ឯងឆ្កួតទេ ឯងរៀនសូត្រជាច្រើន ដល់ម៉្លេះបានជាឆ្កួតហើយ 25តែគាត់ប្រកែកថា ព្រះតេជព្រះគុណភេស្ទុសអើយ ខ្ញុំប្របាទមិនមែនឆ្កួតទេ ខ្ញុំប្របាទនិយាយចំពោះពាក្យពិត ហើយជានាទេតើ 26ដ្បិតព្រះករុណាទ្រង់បានជ្រាបការទាំងនេះហើយ ខ្ញុំប្របាទក៏ទូលដល់ទ្រង់ដោយក្លាហានដែរ ព្រោះខ្ញុំប្របាទជឿប្រាកដថា ក្នុងការទាំងនេះគ្មានអ្វីលាក់កំបាំងនឹងទ្រង់ទេ ដ្បិតមិនមែនធ្វើនៅទីកៀនកោះឯណាឡើយ 27បពិត្រព្រះរាជាអ័គ្រីប៉ាអើយ តើទ្រង់ជឿសេចក្ដីទំនាយរបស់ពួកហោរាឬទេ ទូលបង្គំដឹងថាទ្រង់ជឿហើយ 28ស្តេចអ័គ្រីប៉ាក៏មានបន្ទូលទៅប៉ុលថា បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ 29រួចប៉ុលទូលថា ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឲ្យតែគ្រប់គ្នាបានដូចទូលបង្គំ លើកតែចំណងនេះចេញ។
30នោះស្តេច ព្រមទាំងចៅហ្វាយស្រុក នឹងព្រះនាងបេរេនីស ហើយនឹងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង 31កាលបានថយចេញផុតហើយ នោះក៏ពិភាក្សាគ្នាថា មនុស្សនេះមិនបានធ្វើអ្វីគួរនឹងស្លាប់ ឬនឹងជាប់ចំណងសោះ 32ហើយស្តេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា មនុស្សនេះ បើមិនបានសូមរើក្តីដល់សេសារទេ នោះនឹងលែងបាន។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 26: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.