ដានី‌យ៉ែល 4

4
1ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ប្រកាស​ដល់​បណ្តាជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​ដែល​នៅ​លើ​ផែនដី​ទាំង​មូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ កាន់​តែ​ច្រើន​ឡើង​ចុះ 2យើង​បាន​ឃើញ​ថាគួរ​នឹង​បង្ហាញ​អស់​ទាំង​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រោស​ដល់​យើង 3ទី​សំគាល់​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎ ហើយ​ការ​អស្ចារ្យ​របស់​ទ្រង់​ក៏​មាន​អានុ‌ភាព​ណាស់​ដែរ រាជ្យ​ទ្រង់​ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ។
4យើង នេប៊ូ‌ក្នេសា កំពុង​នៅ​ជា​សុខ នៅ​ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចំរើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង 5នោះ​យើង​ឃើញ​និមិត្ត​ដែល​នាំ​ឲ្យ​តក់‌ស្លុត ហើយ​គំនិត​ដែល​យើង​គិត​នៅ​លើ​ដំណេក នឹង​ការ​ជាក់​ស្តែង​នៅ​ក្នុង​ខួរ ក៏​នាំ​ឲ្យ​យើង​បារម្ភ​ព្រួយ​ទៅ 6ដូច្នេះ យើង​បាន​ចេញ​បង្គាប់​ឲ្យ​នាំ​អស់​ទាំង​អ្នក​ប្រាជ្ញ​ក្នុង​ក្រុង​បាប៊ីឡូន មក​ចំពោះ​យើង ដើម្បី​ឲ្យ​គេ​បាន​កាត់​ស្រាយ​ន័យ​សុបិន​និមិត្ត​នោះ ឲ្យ​យើង​ដឹង 7នោះ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ នឹង​គ្រូ​ទាយ​ក៏​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិន​បាន​កាត់​ស្រាយ​ឲ្យ​យើង​យល់​ន័យ​សោះ 8លុះ​ក្រោយ​មក ដានី‌យ៉ែល ដែល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​នៃ​យើង បាន​ចូល​មក​ចំពោះ​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ សណ្ឋិត​នៅ​លើ​ខ្លួន យើង​ក៏​ប្រាប់​សុបិន​នោះ​ដល់​គាត់​ថា 9ឱ​បេល‌ថិស្សា‌សារ​ជា​មេ​នៃ​ពួក​គ្រូ​មន្ត‌អាគម​អើយ ដោយ​ព្រោះ​យើង​ដឹង​ថា មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ថា​គ្មាន​ការ​អាថ៌‌កំបាំង​ណា ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ឡើយ បាន​ជា​យើង​សូម​ឲ្យ​អ្នក​ប្រាប់​ពី​ការ​ជាក់​ស្តែង ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង 10ឯ​ការ​ជាក់​ស្តែង​ដែល​យើង​ឃើញ​ក្នុង​ខួរ​នៅ​លើ​ដំណេក នោះ​គឺ​យើង​ឃើញ​ថា មាន​ដើម​ឈើ​១​មាន​កំពស់​យ៉ាង​ក្រៃ‌លែង​នៅ​កណ្តាល​ផែនដី 11ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ ឯ​កំពូល​បាន​លូត​ដល់​ទល់​នឹង​ផ្ទៃ​មេឃ ហើយ​ក៏​មើល​វា​ឃើញ រហូត​ដល់​ចុង​ផែនដី​បំផុត 12ស្លឹក​ដើម​នោះ​ល្អ​មើល ហើយ​ផ្លែ​ក៏​មាន​ច្រើន ទុក​ជា​អាហារ​សំរាប់​គ្រប់​ទាំង​អស់ ឯ​សត្វ​នៅ​ផែនដី​បាន​មក​ជ្រក​នៅ​ក្រោម​ម្លប់ នឹង​សត្វ​ហើរ​លើ​អាកាស​ក៏​ទំ​នៅ​មែក គ្រប់​ទាំង​សាច់​បាន​អាហារ​ចិញ្ចឹម​ខ្លួន​ពី​នោះ​មក 13ក្នុង​ការ​ជាក់​ស្តែង​នៅ​លើ​ដំណេក នោះ​យើង​បាន​ឃើញ​ក្នុង​ខួរ​ថា មាន​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប នឹង​ពួក​បរិសុទ្ធ​១​ចុះ​ពី​ស្ថាន‌សួគ៌​មក 14ក៏​បន្លឺ​ឡើង​ជា​ខ្លាំង​ថា ចូរ​កាប់​ដើម​ឈើ​នោះ​ចុះ ត្រូវ​ឲ្យ​កាប់​ផ្តាច់​មែក​ចេញ ព្រម​ទាំង​អង្រួន​ជំរុះ​ស្លឹក ហើយ​កំចាត់‌កំចាយ​ផល​ផង ត្រូវ​ឲ្យ​សត្វ​ទាំង​ប៉ុន្មាន​ចេញ​ពី​ក្រោម ហើយ​សត្វ​ស្លាប​ពី​មែក​វា​ទៅ 15ប៉ុន្តែត្រូវ​ឲ្យ​ទុក​គល់នឹង​ឫស​នៅ​ជាប់​ក្នុង​ដី​ចុះ មាន​ទាំង​វ័ណ្ឌ​ដែក នឹង​លង្ហិន​ព័ទ្ធ​ជុំវិញ​នៅ​ក្នុង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​នៅ​ក្នុង​ស្មៅ​នៃ​ផែនដី ជា​មួយ​នឹង​អស់​ទាំង​សត្វ​ផង 16ត្រូវ​ឲ្យ​ចិត្ត​វា​បាន​ផ្លាស់​ប្រែ​ពី​សណ្ឋាន​ចិត្ត​មនុស្ស ឲ្យ​ទៅ​ជា​ចិត្ត​របស់​សត្វ​វិញ រួច​ឲ្យ​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប 17ទោស​នេះ គឺ​ជា​ពួក​ពិនិត្យ​ត្រួត​មើល​ដែល​កាត់​ឲ្យ ហើយ​សេចក្ដី​នេះ​ក៏​តាម​បង្គាប់​នៃ​ពួក​បរិសុទ្ធ ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ក៏​ប្រគល់​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫទ័យ ព្រម​ទាំង​តាំង​មនុស្ស​សណ្ឋាន​ទាប​ថោក​បំផុត​ឡើង ឲ្យ​គ្រប់‌គ្រង​ផង 18យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។
19លំដាប់​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ លោក​ត្រូវ​ងឿង​នៅ​១​សំទុះ ហើយ​គំនិត​របស់​លោក​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ តែ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​សំរាយ​បាន​នាំ​ឲ្យ​អ្នក​បារម្ភ​ព្រួយ​ឡើយ នោះ​បេល‌ថិស្សា‌សារ​ទូល​តប​ថា បពិត្រ​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូលបង្គំ សូម​ឲ្យ​សុបិន​នេះ​បាន​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​វិញ​ចុះ ហើយ​សេចក្ដី​សំរាយ​បាន​ដល់​ពួក​សត្រូវ​របស់​ទ្រង់​ដែរ 20ឯ​ដើម​ឈើ​ដែល​ទ្រង់​ទត​ឃើញ​ថា​បាន​ដុះ ហើយ​ក៏​មាំ​នោះ ដែល​មាន​កំពូល​លូត​ឡើង ទល់​នឹង​ផ្ទៃ​មេឃ ហើយ មើល​វា​ឃើញ​រហូត​ដល់​គ្រប់​ទី​នៅ​ផែនដី 21ជា​ដើម​ឈើ​មាន​ស្លឹក​ល្អ​មើល ហើយ​ផល​ក៏​មាន​ច្រើន ទុក​សំរាប់​ជា​អាហារ ដល់​គ្រប់​ទាំង​អស់ ដែល​សត្វ​នៅ​ផែនដី​បាន​ជ្រក​ក្រោម ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សំបុក​នៅ 22បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះ គឺ​ជា​អង្គ​ទ្រង់ ដែល​បាន​ឡើង​ជា​ធំ ហើយ​មាន​អានុ‌ភាព ដ្បិត​ភាព​ធំ​របស់​ទ្រង់​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​ដល់​ចុង​ផែនដី​បំផុត​ដែរ 23ហើយ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប នឹង​ពួក​បរិសុទ្ធ​១​ចុះ​មក​ពី​ស្ថាន‌សួគ៌​និយាយ​ថា ចូរ​កាប់​ដើម​ឈើ​នេះ​ចុះ ហើយ​បំផ្លាញ​ទៅ តែ​ត្រូវ​ទុក​គល់ នឹង​ឫស​ជាប់​នៅ​ក្នុង​ដី មាន​ទាំង​វ័ណ្ឌ​ដែក នឹង​លង្ហិន​ព័ទ្ធ​ជុំវិញ នៅ​កណ្តាល​ស្មៅ​នៅ​វាល ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក ជា​មួយ​នឹង​អស់​ទាំង​សត្វ នៅ​ផែនដី ទាល់​តែ​បាន​កន្លង​អស់​៧​ខួប​ទៅ 24បពិត្រ​ព្រះ‌ករុណា នេះ​ជា​សេចក្ដី​សំរាយ ហើយ​គឺ​ជា​បង្គាប់​ដែល​មក​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​មក​ដល់​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូលបង្គំ 25គឺ​ថាទ្រង់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​អស់​ទាំង​សត្វ​នៅ​ផែនដី ឲ្យ​ទ្រង់​បាន​សោយ​ស្មៅ​ដូច​ជា​គោ ទ្រង់​នឹង​ត្រូវ​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​អស់​៧​ខួប ទាល់​តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫទ័យ 26ឯ​ដំណើរ​ដែល​គេ​បាន​បង្គាប់​ឲ្យ​ទុក​គល់ នឹង​ឫស​នៃ​ដើម​នោះ​ឲ្យ​នៅ នោះ​គឺ​ថា រាជ្យ​ទ្រង់​នឹង​បាន​ទុក​នៅសំរាប់​កាល​ណា​ទ្រង់​បាន​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង 27ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូលបង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សំដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។
28ការ​ទាំង​នោះ​ក៏​កើត​ដល់​ស្តេច​នេប៊ូ‌ក្នេសា 29លុះ​កន្លង​បាន​១២​ខែ​ហើយ នោះ​ទ្រង់​កំពុង​យាង​ក្នុង​ព្រះ‌រាជ‌វាំង​នៅ​ក្រុង​បាប៊ីឡូន 30ខណៈ​នោះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ីឡូន​ដ៏​ធំ ដែល​អញ​បាន​ស្អាង​ទុក​ជា​ព្រះ‌រាជ‌ស្ថាន ដោយ​អានុ‌ភាព​នៃ​អំណាច​របស់​អញ ហើយ​សំរាប់​ជា​សិរី‌ល្អ​នៃ​ឥទ្ធា‌នុភាព​របស់​អញ​ទេ​ឬ 31កាល​ស្តេច​កំពុង​តែ​មាន​បន្ទូល​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ធ្លាក់​មក​ពី​លើ​មេឃ​ថា ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រាប់​ដល់​ឯង​ហើយ ថា​រាជ្យ​បាន​ផុត​ចេញ​ពី​ឯង​ហើយ 32ឯង​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ ឯង​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​ពួក​សត្វ​នៅ​ផែនដី ឲ្យ​បាន​ស៊ី​ស្មៅ​ដូច​ជា​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​៧​ខួប ទាល់​តែ​ឯង​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា តាម​ព្រះ‌ហឫទ័យ 33នៅ​វេលា​នោះ​ឯង​ពាក្យ​នោះ​បាន​សំរេច​ដល់​នេប៊ូ‌ក្នេសា គឺ​ទ្រង់​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក ហើយ​ក៏​សោយ​ស្មៅ​ដូច​ជា​គោ អង្គ​ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ទាល់​តែ​ព្រះ‌កេស​ទ្រង់​បាន​ដុះ​វែង ដូច​ជា​ស្លាប​ឥន្ទ្រី ហើយ​នខា​ទ្រង់​ក៏​ដូច​ជា​ក្រចក​នៃ​សត្វ​ស្លាប។
34លុះ​ដល់​ផុត​ពេល​កំណត់​ហើយ នោះ​នេប៊ូ‌ក្នេសា យើង​បាន​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​សតិ‌ស្មារតី​ក៏​ត្រឡប់​មក​ឯ​យើង​វិញ រួច​យើង​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រម​ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប‌ជានិច្ច​ផង ដោយ​ព្រោះ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​ទ្រង់​ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ 35ឯ​អស់​ទាំង​មនុស្ស​លោក​ក៏​រាប់​ទុក​ជា​ឥត​ការ​ទទេ ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ហឫទ័យ​ក្នុង​ពួក​ពល​បរិវារ​នៃ​ស្ថាន‌សួគ៌ ហើយ​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ផង ឥត​មាន​អ្នក​ណា​អាច​នឹង​ឃាត់​ទប់​ព្រះ‌ហស្ត​ទ្រង់ ឬ​នឹង​ទូល​សួរ​ទ្រង់​ថា ទ្រង់​ធ្វើ​អ្វី​ដូច្នេះ​បាន​ឡើយ 36នៅ​វេលា​នោះ​ឯង សតិ‌ស្មារតី​របស់​យើង​ក៏​ត្រឡប់​មក​វិញ ឯ​សិរី‌ល្អ​នៃ​រាជ្យ​យើង ហើយ​នឹង​ឥទ្ធា‌នុភាព ព្រម​ទាំង​រស្មី​ពន្លឺ ក៏​មក​ឯ​យើង​វិញ​ដែរ ពួក​ប្រឹក្សា នឹង​ពួក​សេនាបតី គេ​មក​រក​យើង គឺ​យើង​បាន​តាំង​ឡើង​នៅ​ក្នុង​រាជ្យ​របស់​យើង​វិញ ហើយ​អំណាច​យើង​ក៏​កាន់​តែ​ធំ​ថែម​ឡើង 37ឥឡូវ​នេះ នេប៊ូ‌ក្នេសា យើង​ក៏​សរសើរ ហើយ​លើក​ដំកើង ព្រម​ទាំង​ពណ៌នា​គុណ​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​ការ​នៃ​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​យុត្តិ‌ធម៌​ដែរ ទ្រង់​អាច​នឹង​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ចិត្ត​ធំ​ទៅ។

ទើបបានជ្រើសរើសហើយ៖

ដានី‌យ៉ែល 4: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល