ឯការជាក់ស្តែងដែលយើងឃើញក្នុងខួរនៅលើដំណេក នោះគឺយើងឃើញថា មានដើមឈើ១មានកំពស់យ៉ាងក្រៃលែងនៅកណ្តាលផែនដី ដើមនោះបានដុះធំឡើង ហើយក៏មាំ ឯកំពូលបានលូតដល់ទល់នឹងផ្ទៃមេឃ ហើយក៏មើលវាឃើញ រហូតដល់ចុងផែនដីបំផុត ស្លឹកដើមនោះល្អមើល ហើយផ្លែក៏មានច្រើន ទុកជាអាហារសំរាប់គ្រប់ទាំងអស់ ឯសត្វនៅផែនដីបានមកជ្រកនៅក្រោមម្លប់ នឹងសត្វហើរលើអាកាសក៏ទំនៅមែក គ្រប់ទាំងសាច់បានអាហារចិញ្ចឹមខ្លួនពីនោះមក ក្នុងការជាក់ស្តែងនៅលើដំណេក នោះយើងបានឃើញក្នុងខួរថា មានពួកពិនិត្យត្រួតមើល១រូប នឹងពួកបរិសុទ្ធ១ចុះពីស្ថានសួគ៌មក ក៏បន្លឺឡើងជាខ្លាំងថា ចូរកាប់ដើមឈើនោះចុះ ត្រូវឲ្យកាប់ផ្តាច់មែកចេញ ព្រមទាំងអង្រួនជំរុះស្លឹក ហើយកំចាត់កំចាយផលផង ត្រូវឲ្យសត្វទាំងប៉ុន្មានចេញពីក្រោម ហើយសត្វស្លាបពីមែកវាទៅ ប៉ុន្តែត្រូវឲ្យទុកគល់នឹងឫសនៅជាប់ក្នុងដីចុះ មានទាំងវ័ណ្ឌដែក នឹងលង្ហិនព័ទ្ធជុំវិញនៅក្នុងស្មៅខ្ចីនៅវាលដែរ ហើយត្រូវឲ្យបានទទឹកដោយសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកនៅក្នុងស្មៅនៃផែនដី ជាមួយនឹងអស់ទាំងសត្វផង ត្រូវឲ្យចិត្តវាបានផ្លាស់ប្រែពីសណ្ឋានចិត្តមនុស្ស ឲ្យទៅជាចិត្តរបស់សត្វវិញ រួចឲ្យនៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់៧ខួប ទោសនេះ គឺជាពួកពិនិត្យត្រួតមើលដែលកាត់ឲ្យ ហើយសេចក្ដីនេះក៏តាមបង្គាប់នៃពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ ព្រមទាំងតាំងមនុស្សសណ្ឋានទាបថោកបំផុតឡើង ឲ្យគ្រប់គ្រងផង យើងនេះ ជាស្តេចនេប៊ូក្នេសា បានឃើញសុបិននេះ ដូច្នេះ ឱបេលថិស្សាសារអើយ ចូរកាត់ស្រាយទៅពីព្រោះអស់ទាំងពួកអ្នកប្រាជ្ញក្នុងនគរយើង មិនអាចនឹងកាត់ស្រាយឲ្យយើងបានយល់ទេ តែអ្នកអាចស្រាយបានវិញ ដ្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅលើអ្នក។ លំដាប់នោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ លោកត្រូវងឿងនៅ១សំទុះ ហើយគំនិតរបស់លោកក៏នាំឲ្យបារម្ភព្រួយ តែស្តេចទ្រង់មានបន្ទូលថា បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីសំរាយបាននាំឲ្យអ្នកបារម្ភព្រួយឡើយ នោះបេលថិស្សាសារទូលតបថា បពិត្រព្រះអម្ចាស់ជីវិតនៃទូលបង្គំ សូមឲ្យសុបិននេះបានកើតដល់ពួកអ្នកដែលស្អប់ទ្រង់វិញចុះ ហើយសេចក្ដីសំរាយបានដល់ពួកសត្រូវរបស់ទ្រង់ដែរ ឯដើមឈើដែលទ្រង់ទតឃើញថាបានដុះ ហើយក៏មាំនោះ ដែលមានកំពូលលូតឡើង ទល់នឹងផ្ទៃមេឃ ហើយ មើលវាឃើញរហូតដល់គ្រប់ទីនៅផែនដី ជាដើមឈើមានស្លឹកល្អមើល ហើយផលក៏មានច្រើន ទុកសំរាប់ជាអាហារ ដល់គ្រប់ទាំងអស់ ដែលសត្វនៅផែនដីបានជ្រកក្រោម ហើយសត្វហើរលើអាកាសក៏ធ្វើសំបុកនៅ បពិត្រព្រះករុណា ដើមឈើនោះ គឺជាអង្គទ្រង់ ដែលបានឡើងជាធំ ហើយមានអានុភាព ដ្បិតភាពធំរបស់ទ្រង់បានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដល់ចុងផែនដីបំផុតដែរ
អាន ដានីយ៉ែល 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 4:10-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ