ដានីយ៉ែល 4:10-22

ដានីយ៉ែល 4:10-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

និមិត្ត​ដែល​យើង​ឃើញ​ក្នុង​គំនិត​នៅ​លើ​ដំណេក គឺ​យើង​ឃើញ​ដូច្នេះ មាន​ដើម​ឈើ​មួយ​មាន​កម្ពស់​យ៉ាង​ក្រៃ‌លែង នៅ​កណ្ដាល​ផែន‌ដី ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ ចុង​របស់​វាលូត​ទៅ​ដល់​ផ្ទៃ​មេឃ ហើយ​ក៏​មើល​វា​ឃើញ រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល។ ស្លឹក​ឈើ​នោះ​ល្អ​ស្រស់ ហើយ​មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូរ សម្រាប់​ជា​អាហារ​ដល់​មនុស្ស​ទាំង​អស់។ សត្វ​ទាំង​ឡាយ​នៅ​ទី​វាល បាន​មក​ជ្រកកោន​ក្រោម​ម្លប់​របស់​វា សត្វ​ហើរ​លើ​អាកាស​ទំ​នៅ​តាម​មែក​របស់​វា ហើយ​សត្វ​លោក​ទាំង​អស់ បាន​អាហារ​ចិញ្ចឹម​ជីវិត​ពី​ដើម​ឈើ​នេះ។ និមិត្ត​ដែល​យើង​បាន​ឃើញ​ក្នុង​គំនិត កាល​នៅ​លើ​ដំណក​នោះ យើង​ឃើញ​អ្នក​ត្រួត​ពិនិត្យ​មួយ​រូប គឺ​អ្នក​បរិសុទ្ធ​មួយ​រូប ចុះ​ពី​ស្ថាន‌សួគ៌​មក។ លោក​បាន​ប្រកាស​ដោយ​សំឡេង​ខ្លាំង​ៗ​ថា៖ ចូរ​កាប់​រំលំ​ដើម​ឈើនេះ ហើយ​លួស​មែក​វា​ចោល​ទៅ ចូរ​លះ​ស្លឹក​របស់​វាចេញ ហើយ​កម្ចាត់​កម្ចាយ​ផ្លែ​របស់​វា​ផង។ ចូរ​ឲ្យ​សត្វ​ទាំង​ឡាយ​ចេញ​ពី​ក្រោម​ម្លប់​របស់​វា ហើយ​ឲ្យ​សត្វ​ស្លាប​ហើរ​ចេញ​ពី​មែក​វា​ដែរ។ ប៉ុន្តែ ត្រូវ​ឲ្យ​ទុក​គល់ និង​ឫសរបស់​វា​នៅ​ក្នុង​ដី ហើយ​យក​វ័ណ្ឌ​ដែក និង​លង្ហិន​ចង​ព័ទ្ធ​ជុំ​វិញ ទុក​ចោល​នៅ​វាល​ស្មៅ​ទៅ។ ត្រូវ​ទុក​ឲ្យវា​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ហើយ​ឲ្យវា​មាន​ចំណែក​ជា‌មួយ សត្វ​ស៊ី​ស្មៅ​នៃ​ផែន​ដី​ផង។ ត្រូវ​ឲ្យ​គំនិត​វា​ផ្លាស់​ប្រែ​លែង​មាន​គំនិត​ជា​មនុស្ស ហើយ​ឲ្យ​វា​មាន​គំនិត​ជា​សត្វ​វិញ ត្រូវ​ឲ្យ​វា​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប។ ទោស​នេះ​ជា​ការ​សម្រេច​របស់​ពួក​អ្នក​ត្រួត​ពិនិត្យ ហើយ​សេចក្ដី​សម្រេច​នេះ ក៏​តាម​បង្គាប់​របស់​ពួក​បរិសុទ្ធ ប្រ‌យោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ព្រះ‌អង្គ​ប្រគល់​រាជ្យ​នោះ ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ ក៏​តាំង​មនុស្ស​ដែល​ទន់​ទាប​បំផុត​ឡើង ឲ្យ​គ្រប់‌គ្រង។ នេះ​ជា​សុបិន​ដែល​យើង​ជា​ស្តេច​នេប៊ូ‌ក្នេសា​បាន​ឃើញ។ ឥឡូវ​នេះ ឱ​បេល‌ថិស្សា‌សារ​អើយ សូម​កាត់​ស្រាយ​ប្រាប់​យើង​ផង ព្រោះ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​ក្នុង​នគរ​យើង មិន​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន​ទេ គឺ​មាន​តែ​លោកម្នាក់​ប៉ុណ្ណោះ​ដែល​អាច​កាត់​ស្រាយ​បាន ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន"»។ ពេល​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ក៏​មាន​ចិត្ត​តក់​ស្លុត​មួយ​សម្ទុះ។ គំនិត​របស់​លោក​ធ្វើ​ឲ្យ​លោក​ភ័យរន្ធត់ តែ​ស្ដេច​មាន​រាជ​ឱង្ការ​ថា៖ «បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​កាត់​ស្រាយ​នាំ​ឲ្យ​អ្នក​ភ័យ​រន្ធត់​ឡើយ»។ បេល‌ថិស្សា‌សារ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​អស់​អ្នក​ដែល​ស្អប់​ព្រះ​កុរណា ហើយ​សេចក្ដី​កាត់​ស្រាយ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា​វិញ! ដើម​ឈើ​ដែល​ព្រះ​ករុណា​បាន​ឃើញ​ដុះ​ឡើង​យ៉ាង​ធំ ហើយ​មាំ ដែល​មាន​ចុង​លូត​ទៅ​ដល់​ផ្ទៃ​មេឃ ហើយ​មើល​វា​ឃើញ​រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល ជា​ដើម​ឈើ​មាន​ស្លឹក​ស្រស់​ល្អ មាន​ផ្លែ​បរិបូរ សម្រាប់​ជា​អាហារ​សត្វ​លោក​ទាំង​អស់ គឺ​សត្វ​នៅ​ទី​វាល​បាន​ជ្រក ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សម្បុក​នៅតាម​មែក បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះគឺ​ព្រះ​ករុណា ដែល​បាន​ចម្រើន​ឡើងជា​ធំ ហើយ​មាន​អានុ‌ភាព។ ដ្បិត​ភាព​ធំ​របស់​ព្រះ‌ករុណា​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ក៏​ដល់​ចុង​ផែន‌ដី​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 4

ដានីយ៉ែល 4:10-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​ផ្ទំ យើង​សុបិន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖ នៅ​កណ្ដាល​ផែនដី មាន​ដើម​ឈើ​មួយ​ដើម​យ៉ាង​ខ្ពស់​អស្ចារ្យ ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗ ហើយ​មាំ​ទៀត​ផង ចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃ សូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។ ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌ សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស​ទាំង​អស់ សត្វ​នានា​នាំ​គ្នា​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​វា បក្សា‌បក្សី​នាំ​គ្នា​មក​ទំ នៅ​តាម​មែក​របស់​វា ហើយ​សត្វ​លោក​ទាំង​អស់​ទទួល​អាហារ ពី​ដើម​ឈើ​នេះ។ ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រលឹង​យើង​បាន​ឃើញ​នៅ​ពេល​ផ្ទំ​នោះ គឺ​មាន: ទេវតា*​ដ៏វិសុទ្ធ*​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក លោក​ស្រែក​យ៉ាង​ខ្លាំងៗ​ថា: ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅ ចូរ​លះ​ស្លឹក ជម្រុះ​ផ្លែ​របស់​វា​ឲ្យ​ខ្ចាត់‌ខ្ចាយ ឲ្យ​សត្វ​ទាំង‌ឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វា ហើយ​ឲ្យ​បក្សា‌បក្សី​ទាំង‌ឡាយ ហើរ​ចេញ​ពី​មែក​របស់​វា​ដែរ! ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា ទុក​ចោល​ក្នុង​វាល​ស្មៅ ឲ្យ​ជោក​ទឹក​សន្សើម​ដែល​ធ្លាក់​ពី​លើ​មេឃ ហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ។ ដើម​ឈើ​នោះ​នឹង​លែង​មាន​ចិត្ត​ជា​មនុស្ស ទៀត​ហើយ តែ​មាន​ចិត្ត​ជា​សត្វ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប។ នេះ​ជា​ការ​សម្រេច​របស់​ទេវតា ជា​បញ្ជា​របស់​ពួក​អ្នក​ដ៏វិសុទ្ធ ដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ របស់​មនុស្ស​លោក ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​លើក​អ្នក​ដែល​ទន់‌ទាប​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ក៏​បាន។ នេះ​ជា​សុបិន​ដែល​យើង ស្ដេច​នេប៊ូ‌ក្នេសា បាន​និមិត្ត​ឃើញ។ ឥឡូវ​នេះ សុំ​លោក​បេល‌ថិស្សា‌សារ​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង​បាន​ដឹង​ផង ដ្បិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​នគរ​របស់​យើង គ្មាន​នរណា​អាច​កាត់​ស្រាយ​បាន​ទេ គឺ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទើប​កាត់​ស្រាយ​បាន ព្រោះ​លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន”»។ ពេល​នោះ លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សាសារ​ក៏​តក់‌ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​លោក​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត នាំ​ឲ្យ​លោក​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​សា​ជា​ថ្មី​ថា៖ «លោក​បេល‌ថិស្សា‌សារ​អើយ សូម​កុំ​ភ័យ​រន្ធត់ ព្រោះ​តែ​សុបិន​នេះ និង​អត្ថ‌ន័យ​របស់​វា​អី!»។ លោក​បេល‌ថិស្សា‌សារ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ហើយ​ឲ្យ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា​វិញ! ព្រះ‌ករុណា​បាន​ឃើញ​ដើម​ឈើ​ដែល​ដុះ​កាន់​តែ​ធំ​ឡើង មាំ‌មួន និង​មាន​ចុង​ខ្ពស់​ដល់​មេឃ ហើយ​អស់​អ្នក​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ក៏​មើល​ឃើញ​ដែរ។ ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជម្រក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។ ដើម​ឈើ​នោះ​គឺ​ព្រះ‌ករុណា​ផ្ទាល់! បពិត្រ​ព្រះ‌រាជា ទ្រង់​បាន​ចម្រើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃ‌លែង ឋានៈ​របស់​ព្រះ‌ករុណា​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ព្រះ‌ករុណា​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

ចែក​រំលែក
អាន ដានីយ៉ែល 4

ដានីយ៉ែល 4:10-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ការ​ជាក់​ស្តែង​ដែល​យើង​ឃើញ​ក្នុង​ខួរ​នៅ​លើ​ដំណេក នោះ​គឺ​យើង​ឃើញ​ថា មាន​ដើម​ឈើ​១​មាន​កំពស់​យ៉ាង​ក្រៃ‌លែង​នៅ​កណ្តាល​ផែនដី ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ ឯ​កំពូល​បាន​លូត​ដល់​ទល់​នឹង​ផ្ទៃ​មេឃ ហើយ​ក៏​មើល​វា​ឃើញ រហូត​ដល់​ចុង​ផែនដី​បំផុត ស្លឹក​ដើម​នោះ​ល្អ​មើល ហើយ​ផ្លែ​ក៏​មាន​ច្រើន ទុក​ជា​អាហារ​សំរាប់​គ្រប់​ទាំង​អស់ ឯ​សត្វ​នៅ​ផែនដី​បាន​មក​ជ្រក​នៅ​ក្រោម​ម្លប់ នឹង​សត្វ​ហើរ​លើ​អាកាស​ក៏​ទំ​នៅ​មែក គ្រប់​ទាំង​សាច់​បាន​អាហារ​ចិញ្ចឹម​ខ្លួន​ពី​នោះ​មក ក្នុង​ការ​ជាក់​ស្តែង​នៅ​លើ​ដំណេក នោះ​យើង​បាន​ឃើញ​ក្នុង​ខួរ​ថា មាន​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប នឹង​ពួក​បរិសុទ្ធ​១​ចុះ​ពី​ស្ថាន‌សួគ៌​មក ក៏​បន្លឺ​ឡើង​ជា​ខ្លាំង​ថា ចូរ​កាប់​ដើម​ឈើ​នោះ​ចុះ ត្រូវ​ឲ្យ​កាប់​ផ្តាច់​មែក​ចេញ ព្រម​ទាំង​អង្រួន​ជំរុះ​ស្លឹក ហើយ​កំចាត់‌កំចាយ​ផល​ផង ត្រូវ​ឲ្យ​សត្វ​ទាំង​ប៉ុន្មាន​ចេញ​ពី​ក្រោម ហើយ​សត្វ​ស្លាប​ពី​មែក​វា​ទៅ ប៉ុន្តែត្រូវ​ឲ្យ​ទុក​គល់នឹង​ឫស​នៅ​ជាប់​ក្នុង​ដី​ចុះ មាន​ទាំង​វ័ណ្ឌ​ដែក នឹង​លង្ហិន​ព័ទ្ធ​ជុំវិញ​នៅ​ក្នុង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​នៅ​ក្នុង​ស្មៅ​នៃ​ផែនដី ជា​មួយ​នឹង​អស់​ទាំង​សត្វ​ផង ត្រូវ​ឲ្យ​ចិត្ត​វា​បាន​ផ្លាស់​ប្រែ​ពី​សណ្ឋាន​ចិត្ត​មនុស្ស ឲ្យ​ទៅ​ជា​ចិត្ត​របស់​សត្វ​វិញ រួច​ឲ្យ​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប ទោស​នេះ គឺ​ជា​ពួក​ពិនិត្យ​ត្រួត​មើល​ដែល​កាត់​ឲ្យ ហើយ​សេចក្ដី​នេះ​ក៏​តាម​បង្គាប់​នៃ​ពួក​បរិសុទ្ធ ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ក៏​ប្រគល់​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫទ័យ ព្រម​ទាំង​តាំង​មនុស្ស​សណ្ឋាន​ទាប​ថោក​បំផុត​ឡើង ឲ្យ​គ្រប់‌គ្រង​ផង យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។ លំដាប់​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ លោក​ត្រូវ​ងឿង​នៅ​១​សំទុះ ហើយ​គំនិត​របស់​លោក​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ តែ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​សំរាយ​បាន​នាំ​ឲ្យ​អ្នក​បារម្ភ​ព្រួយ​ឡើយ នោះ​បេល‌ថិស្សា‌សារ​ទូល​តប​ថា បពិត្រ​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូលបង្គំ សូម​ឲ្យ​សុបិន​នេះ​បាន​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​វិញ​ចុះ ហើយ​សេចក្ដី​សំរាយ​បាន​ដល់​ពួក​សត្រូវ​របស់​ទ្រង់​ដែរ ឯ​ដើម​ឈើ​ដែល​ទ្រង់​ទត​ឃើញ​ថា​បាន​ដុះ ហើយ​ក៏​មាំ​នោះ ដែល​មាន​កំពូល​លូត​ឡើង ទល់​នឹង​ផ្ទៃ​មេឃ ហើយ មើល​វា​ឃើញ​រហូត​ដល់​គ្រប់​ទី​នៅ​ផែនដី ជា​ដើម​ឈើ​មាន​ស្លឹក​ល្អ​មើល ហើយ​ផល​ក៏​មាន​ច្រើន ទុក​សំរាប់​ជា​អាហារ ដល់​គ្រប់​ទាំង​អស់ ដែល​សត្វ​នៅ​ផែនដី​បាន​ជ្រក​ក្រោម ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សំបុក​នៅ បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះ គឺ​ជា​អង្គ​ទ្រង់ ដែល​បាន​ឡើង​ជា​ធំ ហើយ​មាន​អានុ‌ភាព ដ្បិត​ភាព​ធំ​របស់​ទ្រង់​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​ដល់​ចុង​ផែនដី​បំផុត​ដែរ

ចែក​រំលែក
អាន ដានីយ៉ែល 4