និមិត្តដែលយើងឃើញក្នុងគំនិតនៅលើដំណេក គឺយើងឃើញដូច្នេះ មានដើមឈើមួយមានកម្ពស់យ៉ាងក្រៃលែង នៅកណ្ដាលផែនដី ដើមនោះបានដុះធំឡើង ហើយក៏មាំ ចុងរបស់វាលូតទៅដល់ផ្ទៃមេឃ ហើយក៏មើលវាឃើញ រហូតដល់ចុងផែនដីទាំងមូល។ ស្លឹកឈើនោះល្អស្រស់ ហើយមានផ្លែយ៉ាងច្រើនបរិបូរ សម្រាប់ជាអាហារដល់មនុស្សទាំងអស់។ សត្វទាំងឡាយនៅទីវាល បានមកជ្រកកោនក្រោមម្លប់របស់វា សត្វហើរលើអាកាសទំនៅតាមមែករបស់វា ហើយសត្វលោកទាំងអស់ បានអាហារចិញ្ចឹមជីវិតពីដើមឈើនេះ។ និមិត្តដែលយើងបានឃើញក្នុងគំនិត កាលនៅលើដំណកនោះ យើងឃើញអ្នកត្រួតពិនិត្យមួយរូប គឺអ្នកបរិសុទ្ធមួយរូប ចុះពីស្ថានសួគ៌មក។ លោកបានប្រកាសដោយសំឡេងខ្លាំងៗថា៖ ចូរកាប់រំលំដើមឈើនេះ ហើយលួសមែកវាចោលទៅ ចូរលះស្លឹករបស់វាចេញ ហើយកម្ចាត់កម្ចាយផ្លែរបស់វាផង។ ចូរឲ្យសត្វទាំងឡាយចេញពីក្រោមម្លប់របស់វា ហើយឲ្យសត្វស្លាបហើរចេញពីមែកវាដែរ។ ប៉ុន្តែ ត្រូវឲ្យទុកគល់ និងឫសរបស់វានៅក្នុងដី ហើយយកវ័ណ្ឌដែក និងលង្ហិនចងព័ទ្ធជុំវិញ ទុកចោលនៅវាលស្មៅទៅ។ ត្រូវទុកឲ្យវាទទឹកជោកដោយទឹកសន្សើមពីលើមេឃ ហើយឲ្យវាមានចំណែកជាមួយ សត្វស៊ីស្មៅនៃផែនដីផង។ ត្រូវឲ្យគំនិតវាផ្លាស់ប្រែលែងមានគំនិតជាមនុស្ស ហើយឲ្យវាមានគំនិតជាសត្វវិញ ត្រូវឲ្យវានៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់ប្រាំពីរខួប។ ទោសនេះជាការសម្រេចរបស់ពួកអ្នកត្រួតពិនិត្យ ហើយសេចក្ដីសម្រេចនេះ ក៏តាមបង្គាប់របស់ពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សទាំងអស់ដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ព្រះអង្គប្រគល់រាជ្យនោះ ដល់អ្នកណាតាមតែព្រះហឫទ័យ ក៏តាំងមនុស្សដែលទន់ទាបបំផុតឡើង ឲ្យគ្រប់គ្រង។ នេះជាសុបិនដែលយើងជាស្តេចនេប៊ូក្នេសាបានឃើញ។ ឥឡូវនេះ ឱបេលថិស្សាសារអើយ សូមកាត់ស្រាយប្រាប់យើងផង ព្រោះពួកអ្នកប្រាជ្ញទាំងប៉ុន្មានក្នុងនគរយើង មិនអាចកាត់ស្រាយប្រាប់យើងបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះដែលអាចកាត់ស្រាយបាន ដ្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន"»។ ពេលនោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ ក៏មានចិត្តតក់ស្លុតមួយសម្ទុះ។ គំនិតរបស់លោកធ្វើឲ្យលោកភ័យរន្ធត់ តែស្ដេចមានរាជឱង្ការថា៖ «បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីកាត់ស្រាយនាំឲ្យអ្នកភ័យរន្ធត់ឡើយ»។ បេលថិស្សាសារទូលតបថា៖ «បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យសុបិននេះធ្លាក់ទៅលើអស់អ្នកដែលស្អប់ព្រះកុរណា ហើយសេចក្ដីកាត់ស្រាយធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណាវិញ! ដើមឈើដែលព្រះករុណាបានឃើញដុះឡើងយ៉ាងធំ ហើយមាំ ដែលមានចុងលូតទៅដល់ផ្ទៃមេឃ ហើយមើលវាឃើញរហូតដល់ចុងផែនដីទាំងមូល ជាដើមឈើមានស្លឹកស្រស់ល្អ មានផ្លែបរិបូរ សម្រាប់ជាអាហារសត្វលោកទាំងអស់ គឺសត្វនៅទីវាលបានជ្រក ហើយសត្វហើរលើអាកាសក៏ធ្វើសម្បុកនៅតាមមែក បពិត្រព្រះករុណា ដើមឈើនោះគឺព្រះករុណា ដែលបានចម្រើនឡើងជាធំ ហើយមានអានុភាព។ ដ្បិតភាពធំរបស់ព្រះករុណាបានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ព្រះករុណាក៏ដល់ចុងផែនដីដែរ។
អាន ដានីយ៉ែល 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 4:10-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ