បើសិនជាបង ឬប្អូនពោះ១នឹងឯង ឬកូនប្រុសកូនស្រីឯង ឬប្រពន្ធ ជាដួងជីវិតរបស់ឯង ឬសំឡាញ់ថ្លើម១នឹងឯង បានបបួលដោយសំងាត់ថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯង ឬពួកឰយុកោឯងមិនដែលបានស្គាល់សោះ គឺក្នុងអស់ទាំងព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯង ទោះជិត ឬឆ្ងាយពីឯងក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង នោះមិនត្រូវព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែកឯងអាណិត ឬប្រណី ឬបំពួនទុកដែរ ត្រូវតែឯងសំឡាប់វិញកុំខាន ត្រូវឲ្យឯងដាក់ដៃលើអ្នកនោះជាមុនគេ រួចសឹមបណ្តាជនទាំងអស់គ្នាជាខាងក្រោយ ដើម្បីនឹងសំឡាប់អ្នកនោះចោល ត្រូវឲ្យចោលសំឡាប់នឹងថ្ម ដ្បិតជាអ្នករកទាញឲ្យឯងបែរចេញពីព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក ដូច្នេះសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចកើតមានសេចក្ដីភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់យ៉ាងនោះនៅក្នុងពួកឯងតទៅ។ បើសិនជាឯងឮនិយាយពីទីក្រុងណាមួយ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យឯងនៅ ថា មានមនុស្សទមិលល្មើសខ្លះ បានចេញពីពួកឯង ទៅនាំប្រទាញពួកអ្នកក្រុងនោះ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯងរាល់គ្នាមិនបានស្គាល់សោះ នោះត្រូវស៊ើបសួររកឲ្យអស់ពីចិត្ត បើពិតដូច្នោះមែន ការនោះត្រូវដូចជាបានឮហើយ ថាមានគេបានប្រព្រឹត្តការគួរខ្ពើមនោះ នៅក្នុងពួកឯងជាពិត នោះត្រូវឲ្យកាប់ពួកមនុស្សនៅក្រុងនោះ ដោយមុខដាវជាកុំខាន ទាំងបំផ្លាញគេឲ្យអស់រលីងចេញ ព្រមទាំងរបស់នៅក្នុងទីក្រុងនោះ នឹងហ្វូងសត្វផង ដោយមុខដាវ រួចត្រូវឲ្យប្រមូលអស់ទាំងរបឹបនៅទីក្រុងនោះ មកដាក់នៅនាផ្លូវ ហើយដុតទាំងអស់ចោល ទាំងទីក្រុង នឹងរបឹបទាំងអស់ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ ក៏មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញទាំងនោះ នៅក្នុងដៃឯងដែរ ដើម្បីឲ្យព្រះយេហូវ៉ាបានបាត់សេចក្ដីខ្ញាល់ដ៏ក្តៅក្រហាយចេញ បែរមកមានសេចក្ដីមេត្តាករុណា នឹងសេចក្ដីអាណិតអាសូរដល់ឯងវិញ ព្រមទាំងចំរើនឯងឲ្យច្រើនឡើង ដូចជាទ្រង់ស្បថនឹងពួកឰយុកោឯងផង ដោយឯងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យឯងបានប្រព្រឹត្តចំពោះសេចក្ដីណាដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង។
អាន ចោទិយកថា 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចោទិយកថា 13:6-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ