និក្ខមនំ 1

1
1នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ជា​មួយ​នឹង​យ៉ាកុប ព្រម​ទាំង​គ្រួសារ​គេ​រៀង​ខ្លួន 2គឺ​រូបេន​១ ស៊ីម្មាន​១ លេវី​១ យូដា​១ 3អ៊ីសាខារ​១ សាប់យូល៉ូន​១ បេន‌យ៉ាមីន​១ 4ដាន់​១ ណែប‌ថាលី​១ កាឌ់​១ នឹង​អេស៊ើរ​១ 5ពួក​អ្នក​ដែល​កើត​អំពី​យ៉ាកុប​មក​ទាំង​ប៉ុន្មាន នោះ​មាន​ចំនួន​៧០​នាក់ ឯ​យ៉ូសែប​លោក​បាន​នៅ​ស្រុក​អេស៊ីព្ទ​ហើយ 6យ៉ូសែប​ក៏​ស្លាប់​ទៅ ព្រម​ទាំង​បង​ប្អូន​លោក​ទាំង​អស់ នឹង​អស់​មនុស្ស​ដំណ​នោះ​ទាំង​អស់​ដែរ 7តែ​ជន‌ជាតិ​អ៊ីស្រាអែល​គេ​បង្កើត​កូន​ដុះ‌ដាល​ចំរើន​ជា​ច្រើន​ឡើង ក៏​បាន​ទៅ​ជា​ស្តុក‌ស្តម្ភ​ឡើង​សន្ធឹក ទាំង​នៅ​កុះ‌ករ​ពេញ​ក្នុង​ស្រុក​នោះ។
8នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​១​អង្គ​សោយ‌រាជ្យ​ឡើង​នៅ​ស្រុក​អេស៊ីព្ទ ស្តេច​នោះ​មិន​បាន​ស្គាល់​យ៉ូសែប​ទេ 9ទ្រង់​មាន​បន្ទូល​ទៅ​បណ្តា​រាស្ត្រ​របស់​ទ្រង់​ថា មើល ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​មាន​គ្នា​ច្រើន ក៏​ស្តុក‌ស្តម្ភ​ជាង​ពួក​យើង​ហើយ 10ចូរ​យើង​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចំរើន​ជា​ច្រើន​ឡើង ហើយ​បើ​កាល​ណា​កើត​មាន​ចំបាំង នោះ​គេ​នឹង​ចូល​ទៅ​ខាង​ពួក​ខ្មាំង​សត្រូវ ដើម្បី​ច្បាំង​នឹង​យើង​វិញ រួច​ចេញ​ពី​ស្រុក​បាត់​ទៅ 11ដូច្នេះ​គេ​ក៏​ដាក់​ឲ្យ​មាន​នាយ​ដំរួត សំរាប់​នឹង​ធ្វើ​ទុក្ខ​ដល់​ពួក​អ៊ីស្រាអែល​ដោយ​ការ​នឿយ​លំបាក​ជា​ច្រើន ពួក​អ៊ីស្រាអែល​បាន​កសាង​ក្រុង​ពីថំ នឹង​រ៉ាមសេស សំរាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន 12ប៉ុន្តែ​ដែល​ធ្វើ​ទុក្ខ​គេ​ប៉ុណ្ណា នោះ​គេ​ក៏​ចំរើន​ជា​ច្រើន ទាំង​សាយ​ពេញ‌ពាស​ឡើង​ប៉ុណ្ណោះ​ដែរ ហើយ​សាសន៍​អេស៊ីព្ទ​មាន​សេចក្ដី​ធុញ‌ទ្រាន់ ដោយ​ព្រោះ​ជន‌ជាតិ​អ៊ីស្រាអែល 13ក៏​ចាប់​ប្រើ​គេ​ឲ្យ​ធ្វើ​ការ​យ៉ាង​តឹង‌រ៉ឹង 14ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវិត​គេ មាន​សេចក្ដី​ជូរ​ល្វីង ដោយ​ការ​លំបាក​វេទនា គឺ​ប្រើ​ឲ្យ​ធ្វើ​បាយអ​នឹង​ឥដ្ឋ ព្រម​ទាំង​ការ​នៅ​ចំការ​គ្រប់​មុខ​ផង ឯ​ការ​ដែល​គេ​ចាប់​ប្រើ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​ការ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។
15រួច​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​ក៏​បង្គាប់​ដល់​ពួក​ឆ្មប​សាសន៍​ហេព្រើរ ដែល​១​ឈ្មោះ​នាង​ស៊ីប្រា ហើយ​១​ទៀត​ឈ្មោះ​នាង​ពូអា ថា 16កាល​ណា​នាង​ទៅ​កាន់​ពោះ​នៃ​ពួក​ស្រី​សាសន៍​ហេព្រើរ​ដែល​សំរាល​កូន នោះ​ក្នុង​កាល​ដែល​គេ​កំពុង​តែ​សំរាល បើ​ជា​កូន​នោះ​ប្រុស ចូរ​សំឡាប់​វា​ទៅ តែ​បើ‌សិន​ជា​ស្រី នោះ​ត្រូវ​ទុក​ឲ្យ​រស់​នៅ​ចុះ 17ប៉ុន្តែ ឆ្មប​ទាំង​នោះ​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គេ​មិន​បាន​ធ្វើ​តាម​បង្គាប់​នៃ​ស្តេច​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ គឺ​បាន​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​វិញ 18ឯ​ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​ហៅ​ឆ្មប​ទាំង​នោះ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដែល​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​នេះ 19ឆ្មប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា គឺ​ពី​ព្រោះ​ពួក​ស្រី​សាសន៍​ហេព្រើរ​មិន​មែន​ដូច​ជា​ស្រី​សាសន៍​អេស៊ីព្ទ​ទេ គេ​រហ័ស​ណាស់ ដ្បិត​ឆ្មប​មិន​ទាន់​ទាំង​មក​ដល់​ផង នោះ​គេ​បាន​សំរាល​រួច​ជា​មុន​ទៅ​ហើយ 20ដូច្នេះ ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ឆ្មប​ទាំង​នោះ ឯ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​កាន់​តែ​ចំរើន​ជា​ច្រើន​ឡើង ត្រឡប់​ទៅ​ជា​មាន​កំឡាំង​គ្រប់​ចំពូក 21ហើយ​ដោយ​ព្រោះ​ពួក​ឆ្មប​នោះ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​ចំរើន​ពូជ​ឲ្យ​គេ។
22នោះ​ផារ៉ោន​ទ្រង់​បង្គាប់​ដល់​បណ្តា​រាស្ត្រ​ថា អស់​ទាំង​កូន​ប្រុសៗ​ដែល​កើត​មក នោះ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ទន្លេ​ចេញ តែ​កូន​ស្រីៗ​ទាំង​ប៉ុន្មាន​ត្រូវ​ទុក​ឲ្យ​រស់​នៅ​វិញ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល