និក្ខមនំ 2

2
1មាន​មនុស្ស​ម្នាក់​ក្នុង​ពូជ​លេវី បាន​ទៅ​យក​កូន​ស្រី​របស់​ពួក​លេវី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ 2នាង​ចាប់​មាន​ផ្ទៃ​ពោះ​ក៏​សំរាល​បាន​កូន​ប្រុស​១ នាង​ឃើញ​កូន​នោះ​ថ្លោស​ល្អ​ក៏​លាក់​ទុក​នៅ​បាន​៣​ខែ 3លុះ​ដល់​លាក់​មិន​កំបាំង​ទៀត នោះ​ក៏​យក​កូន​ទូក ដែល​ធ្វើ​ពី​ដើម​បបុស មក​ពរ​ជ័រ​លាប​ម្រ័ក្សណ៍ រួច​ដាក់​កូន​ចុះ​ក្នុង​ទូក​នាំ​យក​ទៅ​បណែ្តត​នៅ​កណ្តាល​គុម្ព​ត្រែង​នា​មាត់​ទន្លេ 4ឯ​បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចំងាយ ចង់​ដឹង​ហេតុ​ដែល​នឹង​កើត​មាន​យ៉ាង​ដូច​ម្តេច។
5ខណៈ​នោះ​បុត្រី​ផារ៉ោន​នាង​យាង​ចុះ​មក ដើម្បី​នឹង​ស្រង់​ព្រះ​គង្គា​ក្នុង​ទន្លេ ពួក​ភីលៀង​របស់​នាង​បាន​នាំ​គ្នា​ដើរ​លេង​ទៅ​តាម​មាត់​ច្រាំង ឯ​នាង​ក៏​ឃើញ​កូន​ទូក​នៅ​នា​កណ្តាល​គុម្ព​ត្រែង ទើប​ចាត់​ភីលៀង​ម្នាក់​ឲ្យ​ទៅ​នាំ​យក​មក 6នាង​បើក​ទៅ​ឃើញ​កូន​តូច ហើយ​មើល វា​ស្រែក​យំ​ឡើង នាង​ក៏​មាន​ព្រះ‌ទ័យ​ផ្តួច​អាណិត​ដល់​វា ដោយ​មាន​សវនីយ៍​ថា នេះ​ឯង​ពិត​ជា​កូន​របស់​សាសន៍​ហេព្រើរ​ហើយ 7ឯ​បង​ស្រី​របស់​កូន​តូច​ក៏​ទូល​សួរ​បុត្រី​ផារ៉ោន​ថា តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ‌ដោះ ពី​ពួក​ស្រី​សាសន៍​ហេព្រើរ មក​បំបៅ​កូន​នេះ​ឬ​ទេ 8បុត្រី​ផារ៉ោន​មាន​សវនីយ៍​ថា អើ ទៅ​ចុះ នាង​ក៏​ទៅ​ហៅ​ម្តាយ​របស់​កូន​នោះ​មក 9បុត្រី​ផារ៉ោន​បង្គាប់​ថា ចូរ​យក​កូន​នេះ​ទៅ​បំបៅ​ឲ្យ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ខែ​ដល់​អ្នក ម្តាយ​ក៏​យក​កូន​ទៅ​បំបៅ 10លុះ​កូន​មាន​វ័យ​ធំ​ឡើង​កាល​ណា ក៏​នាំ​វា​ទៅ​ថ្វាយ​ដល់​បុត្រី​ផារ៉ោន​វិញ ហើយ​វា​បាន​ទៅ​ជា​កូន​របស់​នាង​ទៅ​នាង​ក៏​ឲ្យ​ឈ្មោះ​ថា ម៉ូសេ ដោយ​ថា អញ​បាន​ស្រង់​វា​ពី​ទឹក​មក។
11ក្នុង​គ្រា​នោះ កាល​ម៉ូសេ​បាន​ពេញ​ក្តី​ជា​មនុស្ស​ហើយ នោះ​លោក​ចេញ​ទៅ​ឯ​ពួក​ញាតិ‌សន្តាន​ខ្លួន ក៏​បាន​ឃើញ​ការ​ទុក្ខ​លំបាក​របស់​គេ ហើយ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​វាយ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់‌ញាតិ 12នោះ​លោក​ក្រឡេក​មើល​ណេះ មើល​ណោះ​ឃើញ​ថា គ្មាន​អ្នក​ណា​សោះ ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​នោះ កប់​ក្នុង​ខ្សាច់​ចោល​ទៅ 13ដល់​ថ្ងៃ​ក្រោយ​ទៀត លោក​ចេញ​ទៅ​ឃើញ​សាសន៍​ហេព្រើរ​២​នាក់​កំពុង​តែ​ឈ្លោះ​គ្នា ក៏​និយាយ​នឹង​អ្នក​ដែល​ធ្វើ​ខុស​ថា ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​គូ‌កន​ដូច្នេះ 14អ្នក​នោះ​ឆ្លើយ​តប​ថា តើ​អ្នក​ណា​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង​រាល់​គ្នា តើ​គិត​សំឡាប់​អញ​ដូច​ជា​បាន​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ទៀត​ឬ​អី នោះ​ម៉ូសេ​មាន​សេចក្ដី​ភិត‌ភ័យ​ណាស់ ដោយ​គិត​ថា ការ​នោះ​ប្រាកដ​ជា​គេ​ដឹង​ហើយ 15រីឯ​ផារ៉ោន កាល​ទ្រង់​បាន​ឮ នោះ​ទ្រង់​ក៏​រក​សំឡាប់​ម៉ូសេ តែ​លោក​រត់​ពី​ចំពោះ​ទ្រង់​ចេញ​ទៅ​ឯ​ស្រុក​ម៉ាឌាន ហើយ​ក៏​ឈប់​អង្គុយ​នៅ​ជិត​អណ្តូង​ទឹក​១។
16រីឯ​សង្ឃ​នៅ​ស្រុក​ម៉ាឌាន​នោះ លោក​មាន​កូន​ស្រី​៧​នាក់ នាង​ទាំង​នោះ​មក​ដង​ទឹក​ទៅ​ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​ផឹក 17តែ​ពួក​គង្វាល​ចៀម​គេ​មក​បណ្តេញ​នាង​ទាំង​នោះ​វិញ នោះ​ម៉ូសេ​ក៏​ក្រោក​ឡើង​ជួយ​រាំងរា​នាង រួច​យក​ទឹក​ទៅ​ឲ្យ​ហ្វូង​សត្វ​ផឹក 18លុះ​កាល​នាង​ទាំង​នោះ​ទៅ​ដល់​រេហួល​ជា​ឪពុក​ខ្លួន នោះ​លោក​សួរ​ថា ថ្ងៃ​នេះ​ដូច​ម្តេច​បាន​ជា​ឯង​រាល់​គ្នា​ត្រឡប់​មក​ជា​ឆាប់​ម៉្លេះ 19នាង​ទាំង​នោះ​ឆ្លើយ​ឡើង​ថា មាន​សាសន៍​អេស៊ីព្ទ​ម្នាក់​បាន​ជួយ ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​គង្វាល ហើយ​ក៏​ដង​ទឹក​ឲ្យ​យើង​ខ្ញុំ​សំរាប់​ហ្វូង​សត្វ​ដែរ 20លោក​ក៏​សួរ​កូន​ថា អ្នក​នោះ​តើ​នៅ​ឯ​ណា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មក​ចោល​គេ​ដូច្នេះ ចូរ​ហៅ​គេ​មក​បរិភោគ​សិន 21ឯ​ម៉ូសេ លោក​ក៏​សុខ​ចិត្ត​ព្រម​នៅ​ជា​មួយ​នឹង​រេហួល ហើយ​រេហួល​ឲ្យ​កូន​ស្រី​ម្នាក់ ឈ្មោះ​សេផូរ៉ា ទៅ​ធ្វើ​ជា​ប្រពន្ធ 22នាង​បង្កើត​បាន​កូន​ប្រុស​១ ដែល​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា គើសំម ដោយ​គិត​ថា អញ​ជា​អ្នក​ស្នាក់​នៅ​ស្រុក​ដទៃ។
23លុះ​យូរ​បន្តិច​ទៅ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​សុគត​ទៅ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ថ្ងូរ​ឡើង ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក​របស់​ខ្លួន នោះ​ទ្រង់​ក៏​ឮ 24ទ្រង់​ឮ​ដំងូរ​របស់​គេ ហើយ​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប 25ព្រះ‌ទ្រង់​ឃើញ​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ក៏​ជ្រាប​ដល់​សេចក្ដី​ទុក្ខ​របស់​គេ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 2: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល