ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល។ នោះម៉ូសេក៏មកវិញ ហៅប្រជុំពួកចាស់ទុំក្នុងបណ្តាជន ប្រាប់គេតាមអស់ទាំងពាក្យដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក ឯពួកជនទាំងឡាយ គេឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមក នោះម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលដល់ព្រះយេហូវ៉ាវិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅម៉ូសេថា មើល អញមកឯឯងក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យបណ្តាជនបានឮ ក្នុងកាលដែលអញនិយាយនឹងឯង ហើយឲ្យគេបានទុកចិត្តនឹងឯងជាដរាប នោះម៉ូសេក៏ទូលដល់ព្រះយេហូវ៉ាតាមអស់ទាំងពាក្យនៃពួកជន។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរទៅឯពួកជន ដើម្បីនឹងញែកគេឲ្យបរិសុទ្ធនៅថ្ងៃនេះ ហើយថ្ងៃស្អែកផង ត្រូវឲ្យគេបោកខោអាវដែរ ហើយរៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី៣ ដ្បិតនៅថ្ងៃទី៣នោះ ព្រះយេហូវ៉ាទ្រង់នឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យគេឃើញ ត្រូវឲ្យឯងដាក់កំណត់គោលចារិកនៅជុំវិញ ឲ្យបណ្តាជនគ្រប់គ្នា ដោយប្រាប់ថា ចូរប្រយ័ត កុំឲ្យឡើងទៅលើភ្នំឡើយ កុំឲ្យទាំងជាន់ដល់ជើងភ្នំផង ដ្បិតអ្នកណាដែលជាន់ដល់ភ្នំ នោះនឹងត្រូវស្លាប់ជាមិនខាន នឹងគ្មានដៃអ្នកណាពាល់ដល់អ្នកនោះទេ គឺអ្នកនោះនឹងត្រូវចោលនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះសត្វឬមនុស្សក្តីក៏មិនរស់ដែរ កាលណាផ្លុំស្នែងឮសូរវែង នោះត្រូវឲ្យគេចូលមកជិតភ្នំ ម៉ូសេក៏ចុះពីលើភ្នំមកឯពួកជនរាល់គ្នាវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកខោអាវគ្រប់គ្នា រួចលោកបង្គាប់គេថា ចូរអ្នករាល់គ្នារៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី៣ចុះ កុំឲ្យទៅជិតស្ត្រីឯណាឲ្យសោះ។ លុះដល់ព្រឹកឡើងថ្ងៃទី៣ នោះក៏មានឮសូរផ្គរមានផ្លេកបន្ទោរ នឹងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែង រួចបណ្តាជនទាំងឡាយដែលនៅក្នុងទីដំឡើងត្រសាល ក៏ញ័ររន្ធត់ទាំងអស់គ្នា នោះម៉ូសេលោកនាំគេចេញពីទីដំឡើងត្រសាលទៅជួបនឹងព្រះ គេឈរដំរៀបគ្នានៅទីជើងភ្នំ ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។ កាលឮសូរស្នែងកាន់តែតន្ថើនខ្លាំងឡើង នោះម៉ូសេក៏ទូល ហើយព្រះទ្រង់មានបន្ទូលឆ្លើយតបមកលោក ព្រះយេហូវ៉ា ទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយ ទ្រង់មានបន្ទូលហៅម៉ូសេពីលើកំពូលភ្នំ រួចម៉ូសេក៏ឡើងទៅ ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់ថា ចូរឯងចុះទៅហាមដល់បណ្តាជនរាល់គ្នាដោយដាច់ខាត ក្រែងគេរំលងចូលមកឯព្រះយេហូវ៉ា ដើម្បីមើល នោះនឹងមានគ្នាជាច្រើនត្រូវស្លាប់ ឯពួកសង្ឃដែលចូលមកឯព្រះយេហូវ៉ា នោះត្រូវឲ្យគេញែកខ្លួនចេញជាបរិសុទ្ធដែរ ក្រែងទ្រង់នឹងប្រហារគេ ម៉ូសេទូលឆ្លើយទៅព្រះយេហូវ៉ាថា បណ្តាជនទាំងឡាយនឹងឡើងមកដល់ភ្នំស៊ីណាយពុំបាន ដ្បិតទ្រង់បានហាមផ្តាច់ហើយ ដោយបន្ទូលថា ចូរដាក់គោលចារឹកនៅជុំវិញភ្នំ ហើយញែកចេញជាបរិសុទ្ធផង តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា ទៅៗ ចូរឯងចុះទៅ រួចឡើងមកវិញ នាំទាំងអើរ៉ុនមកជាមួយផង តែកុំបើកឲ្យពួកសង្ឃ នឹងពួកជន ទំលាយចូលមកឯព្រះយេហូវ៉ាឡើយ ក្រែងទ្រង់នឹងប្រហារគេ ដូច្នេះ ម៉ូសេក៏ចុះទៅប្រាប់ដល់ពួកជនទាំងឡាយ។
អាន និក្ខមនំ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 19:5-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ