និក្ខមនំ 19:5-25

និក្ខមនំ 19:5-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​របស់​យើង ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែន‌ដី​ទាំង​មូល​ជា​របស់​យើង អ្នក​រាល់​គ្នា​នឹង​បាន​ជា​នគរ​នៃ​ពួក​សង្ឃ និង​ជា​សាសន៍​បរិសុទ្ធ​ដល់​យើង"។ នេះ​ជា​ពាក្យ​ដែល​អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល »។ លោក​ម៉ូសេ​ក៏​ត្រឡប់​មក​វិញ ហើយ​ហៅ​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​មក ប្រាប់​គេ​អស់​ទាំង​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។ ប្រជា​ជន​ទាំង​អស់​ក៏​ឆ្លើយ​ព្រម​គ្នា​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​ក៏​នាំ​យក​ពាក្យ​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍! យើង​មក​ឯ​អ្នក​នៅ​ក្នុង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​បាន​ឮ​ក្នុង​ពេល​ដែល​យើង​និយាយ​ជាមួយ​អ្នក ហើយ​ឲ្យ​គេ​បាន​ទុក​ចិត្ត​នឹង​អ្នក​ជា​រៀង​រហូត»។ កាល​លោក​ម៉ូសេបាន​ទូល​រៀប​រាប់​តាម​ពាក្យ​របស់​ប្រជា‌ជន​ថ្វាយ​ព្រះ‌យេហូវ៉ា​រួច​ហើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ប្រជា‌ជន​វិញ ដើម្បី​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ត្រូវ​ឲ្យ​គេ​បោក​សម្លៀក​បំពាក់ ហើយ​រៀប​ចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​ទី​បី ដ្បិត​នៅ​ថ្ងៃ​ទី​បី​នោះ ព្រះ‌យេហូវ៉ា​នឹង​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ។ ត្រូវ​កំណត់​ព្រំ​ប្រទល់​ជុំ​វិញ​ប្រជា‌ជន​ទាំង​អស់ ដោយ​ប្រាប់​ថា "ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះ​ពាល់​ជើង​ភ្នំឲ្យ​សោះ ដ្បិត​អ្នក​ណា​ដែល​ប៉ះ​ពាល់​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។ មិន​ត្រូវ​ឲ្យ​មាន​ដៃ​ណា​ប៉ះ​ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​ចោល​អ្នក​នោះ​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​ជា​សត្វ ឬ​មនុស្ស​ក្តី​ក៏​មិន​ត្រូវ​នៅ​រស់​ដែរ"។ កាល​ណាមាន​សំឡេង​ផ្លុំ​ស្នែង​ឮសូរ​វែង នោះ​គេ​អាច​ឡើង​មក​លើ​ភ្នំ​បាន»។ លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ មក​រក​ប្រជា‌ជន​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​សម្លៀក​បំពាក់​របស់​ខ្លួន។ លោក​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​រៀប​ចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​ទី​បី កុំ​ទៅ​ជិត​ស្ត្រី​ឡើយ»។ នៅ​ព្រឹក​ថ្ងៃ​ទី​បី មាន​ឮ​សូរ​ផ្គរ​លាន់ មាន​ផ្លេក‌បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​កង​រំពង​យ៉ាង​ខ្លាំង រួច​ប្រជា‌ជន​ទាំង​អស់​ដែល​នៅ​ក្នុង​ជំរំ​ក៏​ញ័រ​រន្ធត់។ លោក​ម៉ូសេ​នាំ​ប្រជា‌ជន​ចេញ​ពី​ជំរំ ទៅ​ជួប​ព្រះ ហើយ​គេ​ក៏​ឈរ​តម្រៀប​គ្នា​នៅ​ជើង​ភ្នំ។ ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​យាង​ចុះ​មក​លើ​ភ្នំ គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។ កាល​ឮ​សូរ​ផ្លុំ​ស្នែង​កាន់​តែ​តន្ថើន​ខ្លាំង​ឡើងៗ លោក​ម៉ូសេ​ក៏​ទូល​ដល់​ព្រះ ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​លោក ដោយ​សំឡេង​ផ្គរ​លាន់។ ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​កំពូល​ភ្នំ​ស៊ី‌ណាយ ព្រះ​អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ ហើយ​លោក​ម៉ូសេ​ក៏​ឡើង​ទៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​ហាម​ប្រជា‌ជន កុំ​ឲ្យ​គេ​ទម្លាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល​នោះ​ឡើយ ក្រែង​លោ​មាន​ពួក‌គេ​ជា​ច្រើន​ត្រូវ​ស្លាប់។ ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ញែក​ខ្លួន​ជា​បរិសុទ្ធ ក្រែង​ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​គេ»។ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ប្រជា‌ជន​មិន​អាច​ឡើង​មក​លើ​ភ្នំ​ស៊ី‌ណាយ​បាន​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ហាម​គេ​ហើយ ដោយ​មាន​ព្រះ‌បន្ទូល​ថា "ចូរកំណត់ព្រំ​ប្រទល់​នៅ​ជុំ‌វិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ចេញ​ជា​បរិសុទ្ធ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​លោក​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​អើរ៉ុន​ឡើង​មក​ជា‌មួយ​ផង តែ​កុំ​ឲ្យ​ពួក​សង្ឃ និង​ប្រជា​ជន​ទម្លាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​ព្រះ‌អង្គ​នឹង​ប្រហារ​គេ»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ចុះ​ទៅ​រក​ប្រជា‌ជនវិញ ហើយ​មាន​ប្រសាសន៍​ប្រាប់​គេ។

ចែក​រំលែក
អាន និក្ខមនំ 19

និក្ខមនំ 19:5-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែនដី​ទាំង​មូល​ជា​កម្មសិទ្ធិ​របស់​យើង។ យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អាណា‌ចក្រ​បូជា‌ចារ្យ ហើយ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដ៏វិសុទ្ធ។ នេះ​ជា​សេចក្ដី​ដែល​អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល» ។ លោក​ម៉ូសេ​ត្រឡប់​មក​វិញ កោះ​ហៅ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ប្រជា‌ជន ហើយ​រៀប​រាប់​ប្រាប់​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​លោក។ ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​នាំ​យក​ចម្លើយ​របស់​ពួក​គេ ទៅ​ទូល​ថ្វាយ​ព្រះ‌អម្ចាស់​វិញ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​មក​រក​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ពពក*​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​ឮ​យើង​និយាយ​ជា​មួយ​អ្នក ហើយ​ទុក​ចិត្ត​លើ​អ្នក​ជា​រៀង​រហូត»។ លោក​ម៉ូសេ​ក៏​រៀប​រាប់​ចម្លើយ​របស់​ប្រជា‌ជន ទូល​ថ្វាយ​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​លាង​ជម្រះ​សម្លៀក‌បំពាក់​ផង​ដែរ។ ត្រូវ​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​ទី​បី ដ្បិត​ថ្ងៃ​នោះ យើង​នឹង​ចុះ​ទៅ​លើ​ភ្នំ​ស៊ីណៃ ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ។ ត្រូវ​កំណត់​ព្រំ‌ដែន​ជុំ‌វិញ​ភ្នំ ហើយ​ប្រាប់​ប្រជា‌ជន​ថា ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះ‌ពាល់​ជើង​ភ្នំ​ជា​ដាច់​ខាត។ បើ​អ្នក​ណា​ប៉ះ​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់ ទោះ​ជា​មនុស្ស ឬ​សត្វ​ក្ដី ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​រស់​ដែរ។ កុំ​ប៉ះ‌ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​សម្លាប់​គេ ដោយ​យក​ដុំ​ថ្ម​គប់ ឬ​បាញ់​នឹង​ព្រួញ​វិញ។ នៅ​ពេល​ឮ​សូរ​សំឡេង​ស្នែង នោះ​ទើប​អ្នក​ខ្លះ​អាច​ឡើង​ទៅ​លើ​ភ្នំ​បាន»។ លោក​ម៉ូសេ​ចុះ​ពី​លើ​ភ្នំ​មក​រក​ប្រជា‌ជន​វិញ លោក​ញែក​ពួក​គេ​ឲ្យ​បាន​វិសុទ្ធ ហើយ​ឲ្យ​ពួក​គេ​បោក​សម្លៀក‌បំពាក់​ផង​ដែរ។ លោក​មាន​ប្រសាសន៍​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ទី​បី ហើយ​កុំ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ឡើយ»។ នៅ​ថ្ងៃ​ទី​បី ពេល​ព្រលឹម​ស្រាងៗ មាន​ផ្គរ‌លាន់ ផ្លេក​បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ហើយ​មាន​សំឡេង​ត្រែ​លាន់​ឮ​ឡើង​យ៉ាង​រំពង​ទៀត​ផង។ ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ជំរំ​ភ័យ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។ លោក​ម៉ូសេ​នាំ​ប្រជា‌ជន​ចេញ​ពី​ជំរំ​ទៅ​គាល់​ព្រះ‌ជាម្ចាស់ ពួក​គេ​ឈរ​នៅ​ជើង​ភ្នំ។ មាន​ផ្សែង​ហុយ​ពាស‌ពេញ​លើ​ភ្នំ​ស៊ីណៃ ដ្បិត​ព្រះ‌អម្ចាស់​ចុះ​មក​លើ​ភ្នំ ព្រះអង្គ​គង់​នៅ​ក្នុង​ភ្លើង។ ផ្សែង​នោះ​ហុយ​ឡើង​ដូច​ផ្សែង​ចេញ​ពី​ឡ ហើយ​ភ្នំ​ទាំង​មូល​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង។ សំឡេង​ត្រែ​លាន់​ឮ​កាន់​តែ​ខ្លាំង​ឡើងៗ ពេល​លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ឆ្លើយ​មក​លោក ដោយ​សំឡេង​ផ្គរ‌លាន់។ ព្រះ‌អម្ចាស់​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ គឺ​នៅ​លើ​កំពូល​ភ្នំ។ ព្រះអង្គ​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ ហើយ​លោក​ម៉ូសេ​ក៏​ឡើង​ទៅ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ហាម​ប្រជា‌ជន​កុំ​ឲ្យ​ស្ទុះ​ចូល​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់ ព្រោះ​ចង់​ឃើញ​យើង​នោះ​ឡើយ ក្រែង​លោ​មាន​ពួក​គេ​ជា​ច្រើន​ត្រូវ​ស្លាប់។ ទោះ​បី​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ចូល​មក​រក​យើង​ក្ដី ត្រូវ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ* ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​យើង​ដែល​ជា​ព្រះ‌អម្ចាស់»។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ប្រជា‌ជន​ពុំ​អាច​ឡើង​មក​លើ​ភ្នំ​ស៊ីណៃ​ទេ ដ្បិត​ព្រះអង្គ​ផ្ទាល់​បាន​បញ្ជា​ឲ្យ​យើង​ខ្ញុំ កំណត់​ព្រំ‌ដែន​ជុំ‌វិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ទុក​ជា​កន្លែង​ដ៏វិសុទ្ធ​ទៀត​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​អើរ៉ុន​ឡើង​មក​ជា​មួយ​ផង ប៉ុន្តែ មិន​ត្រូវ​ឲ្យ​ពួក​បូជា‌ចារ្យ និង​ប្រជា‌ជន​ស្ទុះ​ឡើង​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់​ឡើយ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​យើង»។ លោក​ម៉ូសេ​ក៏​ចុះ​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។

ចែក​រំលែក
អាន និក្ខមនំ 19

និក្ខមនំ 19:5-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ គឺ​ពាក្យ​ទាំង​នេះ​ហើយ ដែល​ឯង​ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល។ នោះ​ម៉ូសេ​ក៏​មក​វិញ ហៅ​ប្រជុំ​ពួក​ចាស់‌ទុំ​ក្នុង​បណ្តាជន ប្រាប់​គេ​តាម​អស់​ទាំង​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក ឯ​ពួក​ជន​ទាំង‌ឡាយ គេ​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក នោះ​ម៉ូសេ​ក៏​នាំ​យក​ពាក្យ​របស់​គេ​ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា មើល អញ​មក​ឯ​ឯង​ក្នុង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​បណ្តាជន​បាន​ឮ ក្នុង​កាល​ដែល​អញ​និយាយ​នឹង​ឯង ហើយ​ឲ្យ​គេ​បាន​ទុក​ចិត្ត​នឹង​ឯង​ជា​ដរាប នោះ​ម៉ូសេ​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​តាម​អស់​ទាំង​ពាក្យ​នៃ​ពួក​ជន។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ទៅ​ឯ​ពួក​ជន ដើម្បី​នឹង​ញែក​គេ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ផង ត្រូវ​ឲ្យ​គេ​បោក​ខោ​អាវ​ដែរ ហើយ​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣ ដ្បិត​នៅ​ថ្ងៃ​ទី​៣​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ឲ្យ​គេ​ឃើញ ត្រូវ​ឲ្យ​ឯង​ដាក់​កំណត់​គោល​ចារិក​នៅ​ជុំវិញ ឲ្យ​បណ្តាជន​គ្រប់​គ្នា ដោយ​ប្រាប់​ថា ចូរ​ប្រយ័ត កុំ​ឲ្យ​ឡើង​ទៅ​លើ​ភ្នំ​ឡើយ កុំ​ឲ្យ​ទាំង​ជាន់​ដល់​ជើង​ភ្នំ​ផង ដ្បិត​អ្នក​ណា​ដែល​ជាន់​ដល់​ភ្នំ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន នឹង​គ្មាន​ដៃ​អ្នក​ណា​ពាល់​ដល់​អ្នក​នោះ​ទេ គឺ​អ្នក​នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​សត្វ​ឬ​មនុស្ស​ក្តី​ក៏​មិន​រស់​ដែរ កាល​ណា​ផ្លុំ​ស្នែង​ឮ​សូរ​វែង នោះ​ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត​ភ្នំ ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​ឯ​ពួក​ជន​រាល់​គ្នា​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​ខោ​អាវ​គ្រប់​គ្នា រួច​លោក​បង្គាប់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣​ចុះ កុំ​ឲ្យ​ទៅ​ជិត​ស្ត្រី​ឯ​ណា​ឲ្យ​សោះ។ លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ នោះ​ក៏​មាន​ឮ​សូរ​ផ្គរ​មាន​ផ្លេក‌បន្ទោរ នឹង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​ក្រៃ‌លែង រួច​បណ្តាជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ក៏​ញ័រ​រន្ធត់​ទាំង​អស់​គ្នា នោះ​ម៉ូសេ​លោក​នាំ​គេ​ចេញ​ពី​ទី​ដំឡើង​ត្រសាល​ទៅ​ជួប​នឹង​ព្រះ គេ​ឈរ​ដំរៀប​គ្នា​នៅ​ទី​ជើង​ភ្នំ ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​ភ្នំ​គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។ កាល​ឮ​សូរ​ស្នែង​កាន់​តែ​តន្ថើន​ខ្លាំង​ឡើង នោះ​ម៉ូសេ​ក៏​ទូល ហើយ​ព្រះ‌ទ្រង់​មាន​បន្ទូល​ឆ្លើយ​តប​មក​លោក ព្រះ‌យេហូវ៉ា ទ្រង់​យាង​ចុះ​មក​លើ​កំពូល​ភ្នំ​ស៊ី‌ណាយ ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ រួច​ម៉ូសេ​ក៏​ឡើង​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ចូរ​ឯង​ចុះ​ទៅ​ហាម​ដល់​បណ្តាជន​រាល់​គ្នា​ដោយ​ដាច់​ខាត ក្រែង​គេ​រំលង​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល នោះ​នឹង​មាន​គ្នា​ជា​ច្រើន​ត្រូវ​ស្លាប់ ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដែរ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ ម៉ូសេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេហូវ៉ា​ថា បណ្តាជន​ទាំង‌ឡាយ​នឹង​ឡើង​មក​ដល់​ភ្នំ​ស៊ី‌ណាយ​ពុំ​បាន ដ្បិត​ទ្រង់​បាន​ហាម​ផ្តាច់​ហើយ ដោយ​បន្ទូល​ថា ចូរ​ដាក់​គោល​ចារឹក​នៅ​ជុំវិញ​ភ្នំ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ទៅៗ ចូរ​ឯង​ចុះ​ទៅ រួច​ឡើង​មក​វិញ នាំ​ទាំង​អើរ៉ុន​មក​ជា​មួយ​ផង តែ​កុំ​បើក​ឲ្យ​ពួក​សង្ឃ នឹង​ពួក​ជន ទំលាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ ដូច្នេះ ម៉ូសេ​ក៏​ចុះ​ទៅ​ប្រាប់​ដល់​ពួក​ជន​ទាំង‌ឡាយ។

ចែក​រំលែក
អាន និក្ខមនំ 19