និក្ខមនំ 25

25
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា 2ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​យក​ដង្វាយ​មក​ថ្វាយ​អញ ត្រូវ​ទទួល​ដង្វាយ​ដែល​ថ្វាយ​ដល់​អញ​នោះ ពី​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត 3នេះ​ជា​ដង្វាយ​ដែល​ឯង​ត្រូវ​ទទួល​ពី​គេ គឺ​ជា​មាស ប្រាក់ លង្ហិន 4ហើយ​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម នឹង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​រោម​ពពែ 5ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត នឹង​ឈើ​នាង‌នួន 6ប្រេង​សំរាប់​ដុត គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប ហើយ​សំរាប់​គ្រឿង​ដុត 7ត្បូង​អូនីក្ស ហើយ​ត្បូង​គ្រប់​យ៉ាង សំរាប់​ដាំ​នៅ​អេផូឌ នឹង​នៅ​ប្រដាប់​បាំង​ទ្រូង 8រួច​ឲ្យ​គេ​ស្អាង​ទី​បរិសុទ្ធ ដើម្បី​ឲ្យ​អញ​បាន​នៅ​កណ្តាល​គេ 9ត្រូវ​ឲ្យ​ឯង​ធ្វើ​រោង​ឧបោសថ នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​អញ​នឹង​បង្ហាញ​ឯង។
10ត្រូវ​ឲ្យ​គេ​ធ្វើ​ហឹប​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ កំពស់​១​ហត្ថ​កន្លះ 11រួច​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ទាំង​ក្នុង​ទាំង​ក្រៅ ហើយ​ធ្វើ​កែម​មាស​នៅ​លើ​ហឹប​ជុំវិញ 12ត្រូវ​ឲ្យ​សិត​កង​មាស​៤​សំរាប់​ហឹប ដាក់​ភ្ជាប់​នៅ​គ្រប់​ទាំង​៤​ជ្រុង គឺ​២​ម្ខាងៗ 13ហើយ​ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​ជា​ឈើ​ស្នែង ដោយ​ស្រោប​មាស​ដូច​គ្នា​ដែរ 14រួច​ប្រហក​ឈើ​ស្នែង​ទៅ​ក្នុង​កង​នៅ​ជ្រុង​ហឹប​នោះ​សំរាប់​សែង​ទៅ 15ឈើ​ស្នែង​នោះ​ត្រូវ​នៅ​ជាប់​នឹង​កង​ហឹប មិន​ត្រូវ​ឲ្យ​ដក​ចេញ​ឡើយ 16ត្រូវ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ឯង ទៅ​ក្នុង​ហឹប​នោះ 17រួច​ត្រូវ​ធ្វើ​ទី​សន្តោស​ប្រោស​ពី​មាស​សុទ្ធ បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ 18ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូប៊ីន​២ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ 19គឺ​ធ្វើ​រូប​ចេរូប៊ីន​១​នៅ​ចុង​ម្ខាង ហើយ​ចេរូប៊ីន​១​នៅ​ចុង​ម្ខាង​ទៀត ត្រូវ​ធ្វើ​ចេរូប៊ីន​ទាំង​២​ឲ្យ​នៅ​ចុង​ទាំង​សង​ខាង ភ្ជាប់​ជា​មួយ​នឹង​ទី​សន្តោស​ប្រោស 20ត្រូវ​ឲ្យ​ចេរូប៊ីន​ទាំង​២​នោះ ត្រដាង​ស្លាប​ពី​លើ​គ្រប​ទី​សន្តោស​ប្រោស ហើយ​ត្រូវ​ដាក់​ប្រទល់​មុខ​គ្នា ទាំង​ឈ្ងោក​មើល​ទី​សន្តោស​ប្រោស 21ត្រូវ​ឲ្យ​ដាក់​ទី​សន្តោស​ប្រោស​ទៅ​លើ​ហឹប ហើយ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ដល់​ឯង​ទៅ​ក្នុង​ហឹប​ដែរ 22គឺ​នៅ​ទី​នោះ​ហើយ​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង ហើយ​នឹង​និយាយ​នឹង​ឯង​ពី​លើ​ទី​សន្តោស​ប្រោស នៅ​កណ្តាល​ចេរូប៊ីន​ទាំង​២​ដែល​នៅ​លើ​ហឹប​នៃ​ទី​បន្ទាល់ ដើម្បី​ប្រាប់​ឯង​ពី​អស់​ទាំង​សេចក្ដី​ដែល​អញ​នឹង​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល។
23ត្រូវ​ឲ្យ​ធ្វើ​តុ​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ ហើយ​កំពស់​១​ហត្ថ​កន្លះ 24រួច​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ ហើយ​ធ្វើ​កែម​មាស​នៅ​ជុំវិញ 25ត្រូវ​ធ្វើ​គែម​តុ​កំពស់​១​ទះ ហើយ​ធ្វើ​កែម​មាស​ភ្ជាប់​នឹង​គែម​នៅ​ព័ទ្ធ​ជុំវិញ​ទៀត 26ត្រូវ​ឲ្យ​ធ្វើ​កង​មាស​៤​សំរាប់​តុ​ដែរ ដាក់​ភ្ជាប់​ទាំង​៤​ជ្រុង​នៅ​ត្រង់​ជើង​តុ​ទាំង​៤ 27កង​ទាំង​នោះ​ត្រូវ​នៅ​ជិត​គែម​តុ សំរាប់​ប្រហក​ឈើ​ស្នែង​នឹង​សែង​ទៅ 28ត្រូវ​យក​ឈើ​នាង‌នួន​ស្រោប​ដោយ​មាស ធ្វើ​ជា​ស្នែង​សំរាប់​សែង​តុ 29ត្រូវ​ឲ្យ​ធ្វើ​ថាស ផ្តិល ប៉ាន់ ហើយ​នឹង​ពែង​សំរាប់​តុ​នោះ ដើម្បី​ប្រើ​ថ្វាយ​ដង្វាយ​ច្រួច ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ 30ហើយ​នៅ​លើ​តុ​នោះ ត្រូវ​ដាក់​នំបុ័ង​តាំង​ទុក នៅ​មុខ​អញ​ជានិច្ច។
31រួច​ត្រូវ​យក​មាស​សុទ្ធ​ធ្វើ​ជា​ជើង​ចង្កៀង ឯ​ជើង​ចង្កៀង​នោះ​ត្រូវ​ឆ្លាក់​ធ្វើ​ឲ្យ​មាន​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ភ្ជាប់​ជា​មួយ​គ្នា 32ត្រូវ​មាន​មែក​៦​បែក​ចេញ​មក​ពី​គល់ គឺ​មែក​៣​ម្ខាងៗ 33នៅ​មែក​១ ត្រូវ​មាន​នប់​៣​រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ផង ឯ​មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​គល់​ជើង​ចង្កៀង​មក នោះ​ក៏​ត្រូវ​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា ដូច​គ្នា​ទាំង​អស់​ដែរ 34ឯ​គល់​ជើង​ចង្កៀង​ត្រូវ​មាន​នប់​៤​វិញ រាង​ដូច​ជា​គ្រាប់​ចំបក់​ព្រម​ទាំង​កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ផង 35នៅ​ក្រោម​មែក​២ ត្រូវ​មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត ត្រូវ​មាន​កន្សោម​គ្រាប់​១ ហើយ​នៅ​មាន​ក្រោម​មែក​២​ទៀត ត្រូវ​មាន​កន្សោម​១​គ្រាប់​ដែរ មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​ជើង​ចង្កៀង​មក នោះ​ត្រូវ​មាន​ដូច​គ្នា​គ្រប់​ទាំង​អស់ 36កន្សោម​គ្រាប់​នឹង​មែក​ទាំង​ប៉ុន្មាន​នោះ ត្រូវ​ឆ្លាក់​ធ្វើ​ពី​មាស​សុទ្ធ​ភ្ជាប់​ជា​មួយ​គ្នា 37ត្រូវ​ធ្វើ​ចង្កៀង​៧​សំរាប់​ឲ្យ​គេ​ដាក់​នៅ​លើ ដើម្បី​ឲ្យ​មាន​ពន្លឺ​ចេញ​ទៅ​ខាង​មុខ 38ឯ​ឃ្នាប​ប្រឆេះ នឹង​កន្ថោរ​ដាក់​កំទេច​សំរាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ 39ត្រូវ​យក​មាស​សុទ្ធ​១​ហាប​ធ្វើ​ជើង​ចង្កៀង ហើយ​នឹង​គ្រឿង​ប្រដាប់​ទាំង​អស់​នោះ 40ហើយ​ត្រូវ​ប្រយ័ត​នឹង​ធ្វើ​ឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ដូច​ដែល​បាន​បង្ហាញ​ឯង​ឃើញ​នៅ​លើ​ភ្នំ​ស្រាប់។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 25: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល