និក្ខមនំ 4

4
1តែ​ម៉ូសេ​ប្រកែក​ថា មើល គេ​នឹង​មិន​ជឿ​ទូលបង្គំ ឬ​ស្តាប់​តាម​ទូលបង្គំ​ទេ គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​លេច​មក​ឯ​អ្នក​ទេ 2នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា តើ​មាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង 3រួច​ទ្រង់​ប្រាប់​ថា ចូរ​បោះ​ទៅ​ដី​ទៅ លោក​ក៏​បោះ​ទៅ ហើយ​ដំបង​នោះ​ត្រឡប់​ទៅ​ជា​សត្វ​ពស់ ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់​នោះ 4តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ចូរ​លូក​ដៃ​ទៅ​ចាប់​ត្រង់​កន្ទុយ​វា លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​លោក​វិញ 5នេះ​គឺ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ពួក​ឰយុកោ ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប ទ្រង់​បាន​លេច​មក​ឯ​ឯង។
6ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ទៀត​ថា ចូរ​ឯង​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ឥឡូវ​ចុះ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ដក​មក​វិញ​ឃើញ​មាន​កើត​ឃ្លង់​ស​ដូច​ហិមៈ 7រួច​ទ្រង់​ប្រាប់​ថា ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ម្តង​ទៀត លោក​ក៏​ដាក់​ចូល​ទៅ រួច​ដក​ចេញ​មក ហើយ​មើល ដៃ​បាន​ត្រឡប់​ទៅ​ដូច​ជា​ធម្មតា​ដើម​វិញ 8ទ្រង់​មាន​បន្ទូល​ថា បើ​គេ​មិន​ជឿ​ឯង ហើយ​មិន​ស្តាប់​តាម​ទី​សំគាល់​មុន នោះ​គេ​នឹង​ជឿ​ដោយ‌សារ​ទី​សំគាល់​ក្រោយ​នេះ​ដែរ 9តែ​បើ​គេ​មិន​ជឿ​ទី​សំគាល់​ទាំង​២​នេះ​ទេ ហើយ​មិន​ព្រម​ស្តាប់​តាម​ឯង​ផង នោះ​ត្រូវ​ឲ្យ​យក​ទឹក​ទន្លេ​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​ឯង​យក​ពី​ទន្លេ​មក នោះ​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​វិញ។
10ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​មិន‌សូវ​មាន​វោហារ​ទេ គឺ​តាំង​តែ​ពី​ដើម​រៀង​មក ហើយ​ឥឡូវ​នេះ​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ នោះ​ក៏​នៅ​តែ​គ្មាន​ដដែល ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង 11នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ​ទេ 12ដូច្នេះ ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្ដី​ដែល​ឯង​ត្រូវ​និយាយ​ផង 13នោះ​ម៉ូសេ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ចាត់​អ្នក​ណា​មួយ​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ 14នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ម៉ូសេ ទ្រង់​មាន​បន្ទូល​ថា តើ​អើរ៉ុន ជា​ពួក​លេវី មិន​មែន​ជា​បង​ឯង​ទេ​ឬ​អី អញ​ដឹង​ថា គាត់​ចេះ​វោហារ​ស្រួល​ណាស់ ហើយ​មើល គាត់​ក៏​ចេញ​មក​រក​ឯង​ដែរ កាល​ណា​ឃើញ​ឯង​ហើយ នោះ​គាត់​នឹង​មាន​ចិត្ត​អំណរ​អរ 15ឯង​ត្រូវ​ជំនុំ​នឹង​គាត់ ហើយ​បញ្ចេះ​ពាក្យ​សំដី​ឲ្យ​គាត់​បាន​និយាយ ឯ​អញៗ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ហើយ​នឹង​មាត់​គាត់​ដែរ ព្រម​ទាំង​បង្រៀន​ការ​ដែល​ឯង​ត្រូវ​ធ្វើ​ផង 16គាត់​នឹង​និយាយ​ទៅ​បណ្តាជន​ជំនួស​ឯង គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​ដូច​ជា​ព្រះ​ដល់​គាត់ 17ត្រូវ​ឲ្យ​ឯង​យក​ដំបង​នេះ​កាន់​នៅ​ដៃ សំរាប់​នឹង​ធ្វើ​ទី​សំគាល់​ចុះ។
18នោះ​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ឯ​យេត្រូ ជា​ឪពុក​ក្មេក​ជំរាប​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​បង​ប្អូន​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​នឹង​មើល តើ​គេ​នៅ​រស់​ឬ​យ៉ាង​ណា យេត្រូ​តប​ថា ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ 19រីឯ​នៅ​ស្រុក​ម៉ាឌាន នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​ពួក​អ្នក​ដែល​ចង់​សំឡាប់​ឯង គេ​ស្លាប់​អស់​ហើយ 20ម៉ូសេ​ក៏​ប្រមូល​យក​ប្រពន្ធ​កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ក៏​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ​ផង 21ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា កាល​ណា​ឯង​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ឲ្យ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​បាន​ដាក់​នៅ​ដៃ​ឯង​នៅ​ចំពោះ​មុខ​ផារ៉ោន​ឡើយ តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តាជន​ចេញ​ទៅ​ទេ 22ឯង​ត្រូវ​ទូល​ទៅ​ផារ៉ោន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អ៊ីស្រាអែល​ជា​កូន​អញ គឺ​ជា​កូន​ច្បង​របស់​អញ 23ហើយ​អញ​ប្រាប់​ឯង​ថា ចូរ​បើក​ឲ្យ​កូន​អញ​ចេញ​ទៅ ដើម្បី​នឹង​ថ្វាយ‌បង្គំ​អញ បើ​ឯង​មិន​ព្រម​ទេ នោះ​មើល អញ​នឹង​សំឡាប់​កូន​ច្បង​របស់​ឯង​ចោល។
24លុះ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មក​ជួប​នឹង​លោក នៅ​ត្រង់​ផ្ទះ​សំណាក់​ចង់​សំឡាប់​លោក 25នោះ​សេផូរ៉ា នាង​យក​ថ្ម​យ៉ាង​មុត មក​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន បោះ​ចោល​ទៅ​ត្រង់​ជើង​ប្ដី ដោយ​ពាក្យ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ដល់​ខ្ញុំ​ហើយ 26រួច​ទ្រង់​លែង​ធ្វើ​លោក​ទៅ ហើយ​នាង​និយាយ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ហើយ ដោយ​ព្រោះ​ការ​កាត់​ស្បែក​នេះ។
27ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា ចូរ​ទៅ​ជួប​នឹង​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន លោក​ក៏​ទៅ បាន​ជួប​នៅ​ត្រង់​ភ្នំ​ព្រះ ហើយ​ថើប​គ្នា 28នោះ​ម៉ូសេ​ប្រាប់​ទៅ​អើរ៉ុន​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ផ្តាំ នឹង​គ្រប់​ទាំង​ទី​សំគាល់​ដែល​ទ្រង់​បាន​បង្គាប់​មក 29ម៉ូសេ នឹង​អើរ៉ុន​ក៏​នាំ​គ្នា​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល 30រួច​ហើយ អើរ៉ុន​រ៉ាយ‌រឿង​ប្រាប់​ពី​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​នឹង​ម៉ូសេ ព្រម​ទាំង​ធ្វើ​អស់​ទាំង​ទី​សំគាល់​នោះ​នៅ​មុខ​គេ​ដែរ 31បណ្តាជន​ទាំង‌ឡាយ​ក៏​ជឿ ហើយ​កាល​ណា​គេ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ថា ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ នោះ​ក៏​នាំ​គ្នា​ឱន​ក្បាល​ថ្វាយ‌បង្គំ​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 4: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល