និក្ខមនំ 4
4
1តែម៉ូសេប្រកែកថា មើល គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ គេនឹងថា ព្រះយេហូវ៉ាទ្រង់មិនបានលេចមកឯអ្នកទេ 2នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា តើមានអ្វីនៅដៃឯងនោះ លោកទូលឆ្លើយថា មានដំបង 3រួចទ្រង់ប្រាប់ថា ចូរបោះទៅដីទៅ លោកក៏បោះទៅ ហើយដំបងនោះត្រឡប់ទៅជាសត្វពស់ ម៉ូសេក៏រត់ចេញពីសត្វពស់នោះ 4តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា ចូរលូកដៃទៅចាប់ត្រង់កន្ទុយវា លោកក៏លូកដៃទៅចាប់ រួចពស់នោះត្រឡប់ទៅជាដំបងនៅដៃលោកវិញ 5នេះគឺដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃពួកឰយុកោ ជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប ទ្រង់បានលេចមកឯឯង។
6ព្រះយេហូវ៉ាទ្រង់បង្គាប់ទៀតថា ចូរឯងដាក់ដៃចូលទៅលើទ្រូងឥឡូវចុះ លោកក៏ដាក់ដៃចូលទៅ រួចដកមកវិញឃើញមានកើតឃ្លង់សដូចហិមៈ 7រួចទ្រង់ប្រាប់ថា ចូរដាក់ដៃចូលទៅលើទ្រូងម្តងទៀត លោកក៏ដាក់ចូលទៅ រួចដកចេញមក ហើយមើល ដៃបានត្រឡប់ទៅដូចជាធម្មតាដើមវិញ 8ទ្រង់មានបន្ទូលថា បើគេមិនជឿឯង ហើយមិនស្តាប់តាមទីសំគាល់មុន នោះគេនឹងជឿដោយសារទីសំគាល់ក្រោយនេះដែរ 9តែបើគេមិនជឿទីសំគាល់ទាំង២នេះទេ ហើយមិនព្រមស្តាប់តាមឯងផង នោះត្រូវឲ្យយកទឹកទន្លេមកចាក់លើដីគោក រួចទឹកដែលឯងយកពីទន្លេមក នោះនឹងត្រឡប់ទៅជាឈាមនៅលើដីវិញ។
10ម៉ូសេទូលទៅព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង 11នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងលោកថា តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ បើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ 12ដូច្នេះ ចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្ដីដែលឯងត្រូវនិយាយផង 13នោះម៉ូសេទូលថា ឱព្រះអម្ចាស់អើយ សូមទ្រង់ចាត់អ្នកណាមួយតាមព្រះហឫទ័យទ្រង់ចុះ 14នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងម៉ូសេ ទ្រង់មានបន្ទូលថា តើអើរ៉ុន ជាពួកលេវី មិនមែនជាបងឯងទេឬអី អញដឹងថា គាត់ចេះវោហារស្រួលណាស់ ហើយមើល គាត់ក៏ចេញមករកឯងដែរ កាលណាឃើញឯងហើយ នោះគាត់នឹងមានចិត្តអំណរអរ 15ឯងត្រូវជំនុំនឹងគាត់ ហើយបញ្ចេះពាក្យសំដីឲ្យគាត់បាននិយាយ ឯអញៗនឹងនៅជាមួយនឹងមាត់ឯង ហើយនឹងមាត់គាត់ដែរ ព្រមទាំងបង្រៀនការដែលឯងត្រូវធ្វើផង 16គាត់នឹងនិយាយទៅបណ្តាជនជំនួសឯង គាត់នឹងធ្វើជាមាត់ឲ្យឯង ហើយឯងនឹងបានដូចជាព្រះដល់គាត់ 17ត្រូវឲ្យឯងយកដំបងនេះកាន់នៅដៃ សំរាប់នឹងធ្វើទីសំគាល់ចុះ។
18នោះម៉ូសេក៏ត្រឡប់ទៅឯយេត្រូ ជាឪពុកក្មេកជំរាបថា សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅឯបងប្អូនខ្ញុំ នៅស្រុកអេស៊ីព្ទវិញ ដើម្បីនឹងមើល តើគេនៅរស់ឬយ៉ាងណា យេត្រូតបថា ចូរទៅដោយសុខសាន្តចុះ 19រីឯនៅស្រុកម៉ាឌាន នោះព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងម៉ូសេថា ចូរឯងត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ដ្បិតពួកអ្នកដែលចង់សំឡាប់ឯង គេស្លាប់អស់ហើយ 20ម៉ូសេក៏ប្រមូលយកប្រពន្ធកូន បញ្ជិះលើសត្វលា វិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ក៏យកទាំងដំបងរបស់ព្រះកាន់នៅដៃផង 21ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា កាលណាឯងត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំឲ្យខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលអញបានដាក់នៅដៃឯងនៅចំពោះមុខផារ៉ោនឡើយ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ 22ឯងត្រូវទូលទៅផារ៉ោនថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនអញ គឺជាកូនច្បងរបស់អញ 23ហើយអញប្រាប់ឯងថា ចូរបើកឲ្យកូនអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញ បើឯងមិនព្រមទេ នោះមើល អញនឹងសំឡាប់កូនច្បងរបស់ឯងចោល។
24លុះធ្វើដំណើរមកតាមផ្លូវ នោះព្រះយេហូវ៉ាទ្រង់មកជួបនឹងលោក នៅត្រង់ផ្ទះសំណាក់ចង់សំឡាប់លោក 25នោះសេផូរ៉ា នាងយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសរបស់កូន បោះចោលទៅត្រង់ជើងប្ដី ដោយពាក្យថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមដល់ខ្ញុំហើយ 26រួចទ្រង់លែងធ្វើលោកទៅ ហើយនាងនិយាយថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមហើយ ដោយព្រោះការកាត់ស្បែកនេះ។
27ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា ចូរទៅជួបនឹងម៉ូសេនៅទីរហោស្ថាន លោកក៏ទៅ បានជួបនៅត្រង់ភ្នំព្រះ ហើយថើបគ្នា 28នោះម៉ូសេប្រាប់ទៅអើរ៉ុនពីគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានផ្តាំ នឹងគ្រប់ទាំងទីសំគាល់ដែលទ្រង់បានបង្គាប់មក 29ម៉ូសេ នឹងអើរ៉ុនក៏នាំគ្នាទៅប្រមូលពួកចាស់ទុំនៃកូនចៅអ៊ីស្រាអែល 30រួចហើយ អើរ៉ុនរ៉ាយរឿងប្រាប់ពីអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលនឹងម៉ូសេ ព្រមទាំងធ្វើអស់ទាំងទីសំគាល់នោះនៅមុខគេដែរ 31បណ្តាជនទាំងឡាយក៏ជឿ ហើយកាលណាគេឃើញថា ព្រះយេហូវ៉ាទ្រង់បានប្រោសដល់ពួកកូនចៅអ៊ីស្រាអែល ហើយថា ទ្រង់បានទតឃើញសេចក្ដីទុក្ខលំបាករបស់គេ នោះក៏នាំគ្នាឱនក្បាលថ្វាយបង្គំទ្រង់។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.