រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ចូរឯងកើបយកផេះពីគុកភ្លើងពេញក្នុងក្តាប់ដៃ រួចឲ្យម៉ូសេបាចទៅលើមេឃនៅមុខផារ៉ោនទៅ ផេះនោះនឹងត្រឡប់ក្លាយជាធូលីយ៉ាងម៉ដ្ត នៅលើស្រុកអេស៊ីព្ទទាំងមូល ហើយនឹងបង្កើតជាបូសធ្លាយចេញជាដំបៅនៅខ្លួនមនុស្ស ព្រមទាំងសត្វនៅពេញក្នុងស្រុកដែរ ម៉ូសេក៏យកផេះពីគុកភ្លើង ទៅឈរនៅមុខផារ៉ោន ហើយលោកបាចទៅលើមេឃ រួចផេះនោះបង្កើតជាបូសក្លាយធ្លាយចេញជាដំបៅ ក៏កើតឡើងនៅសព្វខ្លួនរបស់មនុស្ស ហើយនឹងពួកសត្វផង ឯពួកគ្រូគេឈរនៅមុខម៉ូសេមិនបានទេ ដោយព្រោះបូសនោះ ពីព្រោះបូសក៏កើតឡើងនៅខ្លួនគេដែរ ដូចជានៅខ្លួននៃសាសន៍អេស៊ីព្ទទាំងអស់គ្នាផង តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យព្រះទ័យផារ៉ោនបានរឹងទទឹង ទ្រង់មិនព្រមស្តាប់តាមលោកសោះ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលនឹងម៉ូសេស្រាប់។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរក្រោកពីព្រលឹមទៅឈរនៅមុខផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំដល់អញ ដ្បិតម្តងនេះ អញនឹងដាក់សេចក្ដីវេទនាទាំងអស់ មកទាស់នឹងចិត្តឯង នឹងពួកមហាតលិក ហើយនឹងរាស្ត្រឯងផង ដើម្បីឲ្យឯងបានដឹងថា នៅគ្រប់លើផែនដីគ្មានអ្នកឯណាដូចអញឡើយ ដ្បិតបើអញបានលើកដៃអញធ្វើឲ្យឯង ហើយនឹងរាស្ត្រឯង កើតមានជំងឺអាសន្នរោគ ក្នុងពេលឥឡូវ នោះឯងរាល់គ្នានឹងបានវិនាសបាត់ពីលើផែនដីទៅអស់រលីងហើយ ប៉ុន្តែ អញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទួទៅគ្រប់លើផែនដី តើឯងនៅតែដំកើងខ្លួនទាស់នឹងរាស្ត្រអញ ព្រមទាំងឃាត់មិនឲ្យគេទៅទៀតឬ មើល ដល់ថ្ងៃស្អែកវេលាថ្មើរណេះ នោះអញនឹងបង្អុរឲ្យធ្លាក់ព្រឹលជាយ៉ាងវេទនាមកដល់ម៉្លេះបានជាតាំងពីកំណើតស្រុក ដរាបដល់ឥឡូវនេះ នោះមិនដែលមានឲ្យដូចក្នុងស្រុកអេស៊ីព្ទឡើយ ដូច្នេះ ចូរចាត់គេឲ្យទៅនាំអស់ទាំងហ្វូងសត្វ នឹងរបស់ឯងទាំងប៉ុន្មានដែលនៅឯវាលចូលមកជាប្រញាប់ ដ្បិតអស់ទាំងមនុស្ស នឹងសត្វទាំងប៉ុន្មាននៅវាល ដែលមិនបានប្រមូលមកក្នុងផ្ទះ នោះនឹងត្រូវព្រិលធ្លាក់មកលើ ស្លាប់ទាំងអស់ នោះពួកមហាតលិកណាមួយរបស់ផារ៉ោន ដែលកោតខ្លាចដល់ព្រះបន្ទូលព្រះយេហូវ៉ា គេក៏ឲ្យពួកបាវ នឹងហ្វូងសត្វទាំងប៉ុន្មានរត់ចូលមកជ្រកក្នុងផ្ទះទាំងអស់ ប៉ុន្តែ ពួកអ្នកដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលព្រះយេហូវ៉ាសោះ គេក៏ទុកឲ្យពួកបាវនឹងហ្វូងសត្វនៅឯវាលវិញ។ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់ម៉ូសេថា ចូរលើកដៃឡើងទៅលើមេឃ ដើម្បីឲ្យមានព្រិលធ្លាក់មកពេញក្នុងស្រុកអេស៊ីព្ទ គឺធ្លាក់មកលើទាំងមនុស្ស នឹងសត្វ ហើយលើគ្រប់ទាំងដំណាំនៅទីវាលក្នុងស្រុកផង ម៉ូសេក៏លើកដំបងទៅលើមេឃ នោះព្រះយេហូវ៉ាទ្រង់ចាត់ឲ្យមានផ្គរហើយនឹងព្រិលមក ក៏មានរន្ទះបាញ់ផ្សាយជាភ្លើងនៅលើដី ហើយព្រះយេហូវ៉ាទ្រង់បង្អុរព្រឹលមកលើស្រុកអេស៊ីព្ទ ក៏មានព្រឹល នឹងភ្លើងលាយគ្នាជាយ៉ាងវេទនាដល់ម៉្លេះបានជាតាំងពីស្រុកអេស៊ីព្ទកើតឡើងជានគរ នោះមិនដែលមាននៅក្នុងស្រុកដូច្នោះឡើយ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទ ព្រឹលនោះបានធ្លាក់មកត្រូវរបស់ទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ក៏ធ្លាក់មកបំផ្លាញអស់ទាំងដំណាំនៅវាលដែរ ហើយបំបាក់អស់ទាំងដើមឈើនៅចំការផង ឯទីដែលគ្មានព្រឹល នោះមានតែនៅស្រុកកូសែន ដែលជាទីលំនៅរបស់ពួកកូនចៅអ៊ីស្រាអែលប៉ុណ្ណោះ។ នោះផារ៉ោនទ្រង់ចាត់ឲ្យទៅហៅម៉ូសេ នឹងអើរ៉ុនមកថា ម្តងនេះអញជាអ្នកមានបាប គឺជាព្រះយេហូវ៉ាដែលសុចរិត ឯអញនឹងរាស្ត្រអញ យើងជាពួកអាក្រក់វិញ ដូច្នេះសូមឲ្យឯងអង្វរដល់ព្រះយេហូវ៉ាផង ដ្បិតមានផ្គរជាយ៉ាងខ្លាំង ហើយនឹងព្រឹលនេះជាការល្មមហើយ នោះអញនឹងឲ្យឯងរាល់គ្នាចេញទៅ ឥតមានឃាត់ឃាំងទៀតឡើយ ម៉ូសេលោកទូលឆ្លើយថា កាលណាទូលបង្គំបានចេញពីក្រុងទៅហើយ ទូលបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ា នោះផ្គរនឹងស្ងប់ ហើយនឹងគ្មានព្រឹលទៀត នេះដើម្បីឲ្យទ្រង់ជ្រាបថា ផែនដីជារបស់ផងព្រះយេហូវ៉ា ប៉ុន្តែទូលបង្គំដឹងថា ទ្រង់នឹងពួកមហាតលិកមិនទាន់ខ្លាចដល់ព្រះយេហូវ៉ាដ៏ជាព្រះនៅឡើយទេ ឯដើមខ្លូតទេសនឹងស្រូវឱក នោះហិនហោចអស់ ដ្បិតស្រូវឱកកំពុងតែបែកគួរ ហើយដើមខ្លូតទេសចេញផ្កាហើយ តែស្រូវសាលី នឹងស្រូវអេប៉ូតមិនបានខូចទេ ពីព្រោះមិនទាន់ដុះនៅឡើយ ម៉ូសេក៏ចេញពីចំពោះផារ៉ោនទៅក្រៅទីក្រុង លើកដៃប្រទូលទៅព្រះយេហូវ៉ា នោះផ្គរលាន់ក៏ស្ងប់ស្ងាត់ ព្រឹលក៏បាត់ទៅ ហើយភ្លៀងក៏រាំង មិនធ្លាក់មកលើដីទៀត រួចកាលផារ៉ោនឃើញថា ភ្លៀងនឹងព្រឹល ហើយនឹងផ្គរលាន់បានស្ងប់បាត់អស់ហើយ នោះទ្រង់នៅតែធ្វើបាបទៀត គឺទ្រង់តាំងព្រះទ័យរឹងទទឹង ព្រមទាំងពួកមហាតលិកទាំងអស់គ្នាផង ដូច្នេះផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញទៅទេ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូល ដោយសារម៉ូសេ។
អាន និក្ខមនំ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 9:8-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ