និក្ខមនំ 9:8-35

និក្ខមនំ 9:8-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ផេះ​ពី​គុក​ភ្លើង​ពីរ​បី​ក្ដាប់ ហើយ​ឲ្យ​ម៉ូសេ​បាច​ទៅ​លើ​មេឃ នៅ​ចំពោះ​ផារ៉ោន​ទៅ ផេះ​នោះ​នឹង​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​ពាស​ពេញ​លើ​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ក្លាយ​ជា​បូស ធ្លាយ​ចេញ​ជា​ដំបៅ​លើ​ខ្លួន​មនុស្ស និង​សត្វ ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល»។ លោក​ម៉ូសេ​ក៏​យក​ផេះ​ពី​គុក​ភ្លើង ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​លោក​បាច​ទៅ​លើ​មេឃ រួច​ផេះ​ក៏បណ្ដាល​ឲ្យ​កើត​បូស​ក្លាយ ធ្លាយ​ចេញ​ជា​ដំបៅ ពេញ​លើ​ខ្លួន​មនុស្ស និង​សត្វ។ ពួក​គ្រូ​មន្ត​អាគម​មិន​អាច​ឈរ​នៅ​មុខ​លោក​ម៉ូសេ​បាន​ឡើយ ព្រោះ​តែ​បូស ដ្បិត​បូស​កើត​លើពួក​គ្រូ​មន្ត‌អាគម និង​លើ​សាសន៍​អេស៊ីព្ទ​ទាំង​អស់។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ផារ៉ោន​រឹង​ទទឹង មិន​ព្រម​ស្តាប់​ពួក​លោក​សោះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ទុក​ស្រាប់។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ក្រោក​ពី​ព្រលឹម ហើយ​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​ប្រាប់​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។ ដ្បិត​លើក​នេះ យើង​នឹង​ចាត់​គ្រោះ​កាច​ទាំង​អស់​មក​លើ​អ្នក លើ​ពួក​នាម៉ឺន​មន្ត្រី និង​លើ​ប្រជា‌រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា នៅ​លើ​ផែន‌ដី​គ្មាន​អ្នក​ណា​ម្នាក់​ដូច​យើង​ឡើយ។ ដ្បិត ប្រសិន‌បើ​យើង​បាន​លើក​ដៃ​វាយ​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក ដោយ​ជំងឺ​អាសន្ន‌រោគ​នៅ​ពេល​នេះ ម៉្លេះ​សម​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ពី​ផែន‌ដី​បាត់​ទៅ​ហើយ។ ប៉ុន្តែ យើង​បាន​ទុក​ឲ្យ​អ្នក​នៅ​រស់ ដើម្បី​ឲ្យ​អ្នក​បាន​ឃើញ​ឫទ្ធិ‌បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ឮសុះ​សាយ​ពាស​ពេញ​ផែន‌ដី។ ក៏​ប៉ុន្ដែ អ្នក​នៅ​តែ​តម្កើង​ខ្លួន​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​មិន​ព្រម​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។ មើល៍ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង ដែល​តាំង​ពី​ស្រុក​អេស៊ីព្ទ​ក​កើត​មក រហូត​ដល់​ពេល​នេះ មិន​ដែល​មាន​បែប​នេះ​ឡើយ។ ដូច្នេះ ចូរ​ប្រាប់​គេ​ឲ្យ​ប្រមូល​ហ្វូង​សត្វ និង​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន​នៅ​តាម​វាល យក​មក​កន្លែង​ដែល​មាន​សុវត្ថិ‌ភាព ដ្បិត​មនុស្ស​ទាំង​អស់ និង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​វាល ហើយ​មិន​បាន​ប្រមូល​មក​ក្នុង​ជម្រក​ទេ នោះ​នឹង​ត្រូវ​ព្រឹល​ធ្លាក់​មក​លើ ស្លាប់​ទាំង​អស់"»។ ពេល​នោះ មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ផារ៉ោន​ដែល​កោត​ខ្លាច​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ប្រញាប់​ប្រញាល់​ឲ្យ​ពួក​បាវ​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​រត់​ចូល​ក្នុងជម្រក តែ​អស់​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា គេ​ទុក​ឲ្យ​ពួក​បាវ​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ ដើម្បី​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​ក្នុង​ស្រុក​អេស៊ីព្ទទាំង​មូល គឺ​ធ្លាក់​មក​លើ​មនុស្ស លើ​សត្វ និង​លើ​ដំណាំ​ទាំង​អស់​នៅ​ទីវាល​ក្នុង​ស្រុក​អេស៊ីព្ទ»។ លោក​ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​មេឃ ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​មាន​ផ្គរ​លាន់ និង​ព្រឹល​មក ក៏​មាន​រន្ទះ​ភ្លើង​មក​លើ​ផែន​ដី។ ព្រះ‌យេហូវ៉ា​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់​មក​លើ​ស្រុក​អេស៊ីព្ទ។ មាន​ព្រឹល និង​ភ្លើង​ធ្លាក់​មក​លាយ​ឡំ​គ្នា ហើយ​ព្រឹល​នោះខ្លាំង​ណាស់ គឺ​តាំង​តែ​ពី​សាសន៍​អេស៊ីព្ទ​កើត​មក នោះ​មិន​ដែល​មាន​ដូច្នោះ​ឡើយ។ នៅ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល ព្រឹល​បាន​ធ្លាក់​មក​លើ​អ្វីៗ​ទាំង​អស់​នៅ​ទី​វាល តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ ហើយ​ព្រឹល​បាន​បំផ្លាញ​អស់​ទាំង​ដំណាំ​នៅ​ទី​វាល​ដែរ ក៏​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ​ទៀត​ផង។ មាន​តែ​នៅ​ស្រុក​កូសែន​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ព្រឹល។ ពេល​នោះ ផារ៉ោន​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លើក​នេះ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន គឺ​ព្រះ‌យេហូវ៉ា​ព្រះ‌អង្គ​សុចរិត ឯ​យើង និង​ប្រជា‌រាស្ត្រ​របស់​យើង​ជា​អ្នក​មាន​កំហុស។ សូម​អង្វរ​ព្រះ‌យេហូវ៉ា​ផង ដ្បិត​ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​នេះ​គឺ​ល្មម​ហើយ យើង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ មិន​ឃាត់‌ឃាំង​អ្នក​រាល់​គ្នា​ទៀត​ឡើយ»។ លោក​ម៉ូសេ​ទូល​តប​ទៅ​ស្តេច​ថា៖ «ពេល​ទូល‌បង្គំ​បាន​ចេញ​ពី​ទី​ក្រុង​នេះ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត​ឡើយ គឺ​ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ផែន‌ដី​ជា​របស់​ព្រះ‌យេហូវ៉ា។ ប៉ុន្តែ ទូល‌បង្គំ​ដឹង​ថា ព្រះ‌ករុណា និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះ‌ករុណា មិន​ទាន់​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​ឡើយ​ទេ»។ (គ្រា​នោះ ដើម​ខ្លូត‌ទេស និង​ស្រូវ​ឱក ត្រូវ​ហិន‌ហោច​អស់ ដ្បិត​ស្រូវ​ឱក​កំពុង​បែក​កួរ ហើយ​ដើម​ខ្លូត‌ទេស​ចេញ​ផ្កា​ហើយ តែ​ស្រូវ​សាលី និង​ស្រូវ​អេប៉ូត​មិន​បាន​ខូច​ទេ ដ្បិត​មិន​ទាន់​ដុះ​ឡើង​នៅ​ឡើយ)។ ដូច្នេះ លោក​ម៉ូសេ​ក៏ចាក​ចេញ​ពី​ផារ៉ោន ហើយ​ទៅ​ក្រៅ​ទី​ក្រុង លោក​លើក​ដៃ​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​លាន់ និង​ព្រឹល​ក៏​ស្ងប់​ទៅ ហើយ​ភ្លៀង​ក៏​រាំង លែង​ធ្លាក់​មក​លើ​ដី​ទៀត។ ប៉ុន្ដែ កាល​ផារ៉ោន​ឃើញ​ថា ភ្លៀង ព្រឹល និង​ផ្គរ​លាន់​បាន​ស្ងប់​ហើយ ស្ដេចក៏​ប្រព្រឹត្ត​អំពើ​បាប​ទៀត គឺ​ស្ដេច និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច នៅ​តែ​រឹង​ទទឹង​ដដែល។ ដូច្នេះ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​លោក​ម៉ូសេ។

ចែក​រំលែក
អាន និក្ខមនំ 9

និក្ខមនំ 9:8-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ដៃ​ក្ដាប់​ផេះ​ពី​ចង្ក្រាន ហើយ​ឲ្យ​ម៉ូសេ​បាច​ឡើង​ទៅ​លើ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន ផេះ​នោះ​នឹង​ធ្លាក់​មក​ជា​ធូលី​នៅ​ពាស‌ពេញ​ស្រុក​អេស៊ីប។ ពេល​នោះ ទាំង​មនុស្ស ទាំង​សត្វ នៅ​ស្រុក​អេស៊ីប​នឹង​កើត​បូស ក្លាយ​ជា​ដំបៅ​ងា​ទៀត​ផង»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​យក​ផេះ​ពី​ចង្ក្រាន ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះចៅ​ផារ៉ោន។ លោក​ម៉ូសេ​បាច​ផេះ​ទៅ​លើ បណ្ដាល​ឲ្យ​មនុស្ស និង​សត្វ​កើត​បូស មាន​ដំបៅ​ងា​ពេញ​ខ្លួន។ ពួក​គ្រូ​ធ្មប់​ពុំ​អាច​មក​ជួប​លោក​ម៉ូសេ​បាន​ទេ ព្រោះ​ពួក​គេ​កើត​បូស​ពេញ​ខ្លួន ដូច​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ដែរ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន ប្រាប់​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង។ លើក​នេះ យើង​ប្រើ​គ្រោះ​កាច​គ្រប់​បែប​យ៉ាង​ប្រហារ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី​អាច​ប្រៀប​ផ្ទឹម​នឹង​យើង​ឡើយ។ ប្រសិន​បើ​យើង​មិន​អាណិត​អ្នក​ទេ ម៉្លេះ​សម​យើង​ប្រើ​ជំងឺ​អាសន្ន‌រោគ​ប្រហារ​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក ឲ្យ​វិនាស​សូន្យ​ពី​ផែនដី​បាត់​ទៅ​ហើយ។ យើង​ទុក​ជីវិត​អ្នក ដើម្បី​ឲ្យ​អ្នក​ឃើញ​ឫទ្ធិ​បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ល្បី​សុស‌សាយ​ពាស‌ពេញ​ផែនដី។ អ្នក​បាន​ជំទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ដោយ​មិន​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។ ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត​រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។ ឥឡូវ​នេះ ចូរ​ប្រាប់​គេ​ឲ្យ​ប្រមូល​ហ្វូង​សត្វ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​អ្នក​មាន​នៅ​តាម​វាល យក​ទៅ​ទុក។ ប្រសិន​បើ​មនុស្ស ឬ​សត្វ​ដែល​នៅ​តាម​វាល​គ្មាន​ជម្រក​ទេ ពេល​ព្រឹល​ធ្លាក់ ពួក​គេ​មុខ​ជា​វិនាស​មិន​ខាន”»។ នាម៉ឺន​មន្ត្រី​មួយ​ចំនួន ដែល​កោត​ខ្លាច​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​នាំ​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​ចូល​ក្នុង​ជម្រក។ រីឯ​អស់​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ ក៏​ទុក​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ព្រឹល​ធ្លាក់​លើ​មនុស្ស លើ​សត្វ និង​លើ​តិណ​ជាតិ​ទាំង​អស់​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល»។ លោក​ម៉ូសេ​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែនដី។ ព្រះ‌អម្ចាស់​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់​មក​លើ​ស្រុក​អេស៊ីប។ ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង លាយឡំ​នឹង​រន្ទះ​យ៉ាង​សាហាវ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គឺ​តាំង​ពី​ប្រជា‌ជាតិ​អេស៊ីប​កកើត​មក មិន​ដែល​មាន​ដូច្នេះ​ទេ។ នៅ​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល មាន​ព្រឹល​ធ្លាក់​មក​លើ​មនុស្ស និង​សត្វ​នៅ​តាម​វាល បំផ្លាញ​តិណ​ជាតិ និង​បំបាក់​ដើម​ឈើ​ទៀត​ផង។ មាន​តែ​ស្រុក​កូសែន​ជា​កន្លែង​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ធ្លាក់​ព្រឹល។ ព្រះចៅ​ផារ៉ោន​ក៏​កោះ​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លើក​នេះ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​សុចរិត រីឯ​យើង និង​ប្រជា‌រាស្ដ្រ​របស់​យើង​ជា​មនុស្ស​អាក្រក់។ ចូរ​អង្វរ​ព្រះ‌អម្ចាស់ សូម​កុំ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​ត​ទៅ​ទៀត។ យើង​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ហើយ គ្មាន​នរណា​ឃាត់​ឃាំង​អ្នក​រាល់​គ្នា​ទៀត​ទេ»។ លោក​ម៉ូសេ​តប​វិញ​ថា៖ «ពេល​ទូលបង្គំ​ចាក​ចេញ​ពី​ទីក្រុង ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ ទូល‌អង្វរ​ព្រះ‌អម្ចាស់ នោះ​ផ្គរ‌លាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ព្រះ‌ករុណា​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់​ព្រះ‌អម្ចាស់។ ប៉ុន្តែ ទូលបង្គំ​ដឹង​ថា​ព្រះ‌ករុណា ព្រម​ទាំង​នាម៉ឺន​មន្ត្រី មិន​ទាន់​កោត​ខ្លាច​ព្រះ‌អម្ចាស់​នៅ​ឡើយ»។ ពេល​នោះ ដើម​ធ្មៃ​កំពុង​ចេញ​ផ្កា និង​ស្រូវ​ស្រាល​កំពុង​ដាក់​គ្រាប់ រីឯ​ស្រូវ​សាលី និង​ស្រូវ​ធ្ងន់​មិន​ត្រូវ​ខូច​ខាត​ឡើយ ព្រោះ​មិន​ទាន់​ចេញ​កួរ។ បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន រួច​ចេញ​ទៅ​ក្រៅ​ទីក្រុង។ លោក​លើក​ដៃ​ប្រណម្យ ទូល‌អង្វរ​ព្រះ‌អម្ចាស់ ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។ ពេល​ព្រះចៅ​ផារ៉ោន​ឃើញ​ភ្លៀង និង​ព្រឹល​ឈប់​ធ្លាក់ ហើយ​ផ្គរ​ស្ងប់​ស្ងាត់​ទៅ​វិញ​ដូច្នេះ ស្ដេច​ក៏​ប្រព្រឹត្ត​អំពើ​បាប​ជា​ថ្មី​ទៀត គឺ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី​នៅ​តែ​មានះ​ដដែល។ ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​អនុ‌ញ្ញាត​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ទៅ ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​លោក​ម៉ូសេ។

ចែក​រំលែក
អាន និក្ខមនំ 9

និក្ខមនំ 9:8-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា ចូរ​ឯង​កើប​យក​ផេះ​ពី​គុក​ភ្លើង​ពេញ​ក្នុង​ក្តាប់​ដៃ រួច​ឲ្យ​ម៉ូសេ​បាច​ទៅ​លើ​មេឃ​នៅ​មុខ​ផារ៉ោន​ទៅ ផេះ​នោះ​នឹង​ត្រឡប់​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ហើយ​នឹង​បង្កើត​ជា​បូស​ធ្លាយ​ចេញ​ជា​ដំបៅ​នៅ​ខ្លួន​មនុស្ស ព្រម​ទាំង​សត្វ​នៅ​ពេញ​ក្នុង​ស្រុក​ដែរ ម៉ូសេ​ក៏​យក​ផេះ​ពី​គុក​ភ្លើង ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​លោក​បាច​ទៅ​លើ​មេឃ រួច​ផេះ​នោះ​បង្កើត​ជា​បូស​ក្លាយ​ធ្លាយ​ចេញ​ជា​ដំបៅ ក៏​កើត​ឡើង​នៅ​សព្វ​ខ្លួន​របស់​មនុស្ស ហើយ​នឹង​ពួក​សត្វ​ផង ឯ​ពួក​គ្រូ​គេ​ឈរ​នៅ​មុខ​ម៉ូសេ​មិន​បាន​ទេ ដោយ​ព្រោះ​បូស​នោះ ពី​ព្រោះ​បូស​ក៏​កើត​ឡើង​នៅ​ខ្លួន​គេ​ដែរ ដូច​ជា​នៅ​ខ្លួន​នៃ​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ព្រះ‌ទ័យ​ផារ៉ោន​បាន​រឹង‌ទទឹង ទ្រង់​មិន​ព្រម​ស្តាប់​តាម​លោក​សោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ស្រាប់។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​អញ ដ្បិត​ម្តង​នេះ អញ​នឹង​ដាក់​សេចក្ដី​វេទនា​ទាំង​អស់ មក​ទាស់​នឹង​ចិត្ត​ឯង នឹង​ពួក​មហា‌តលិក ហើយ​នឹង​រាស្ត្រ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ ដ្បិត​បើ​អញ​បាន​លើក​ដៃ​អញ​ធ្វើ​ឲ្យ​ឯង ហើយ​នឹង​រាស្ត្រ​ឯង កើត​មាន​ជំងឺ​អាសន្ន‌រោគ ក្នុង​ពេល​ឥឡូវ នោះ​ឯង​រាល់​គ្នា​នឹង​បាន​វិនាស​បាត់​ពី​លើ​ផែនដី​ទៅ​អស់​រលីង​ហើយ ប៉ុន្តែ អញ​បាន​ទុក​ឲ្យ​ឯង​រស់​នៅ​វិញ ដើម្បី​ឲ្យ​ឯង​បាន​ឃើញ​ឫទ្ធិ‌បារមី​របស់​អញ ហើយ​ឲ្យ​គេ​បាន​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទួទៅ​គ្រប់​លើ​ផែនដី តើ​ឯង​នៅ​តែ​ដំកើង​ខ្លួន​ទាស់​នឹង​រាស្ត្រ​អញ ព្រម​ទាំង​ឃាត់​មិន​ឲ្យ​គេ​ទៅ​ទៀត​ឬ មើល ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​អញ​នឹង​បង្អុរ​ឲ្យ​ធ្លាក់​ព្រឹល​ជា​យ៉ាង​វេទនា​មក​ដល់‌ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​ស្រុក ដរាប​ដល់​ឥឡូវ​នេះ នោះ​មិន​ដែល​មាន​ឲ្យ​ដូច​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អស់​ទាំង​ហ្វូង​សត្វ នឹង​របស់​ឯង​ទាំង​ប៉ុន្មាន​ដែល​នៅ​ឯ​វាល​ចូល​មក​ជា​ប្រញាប់ ដ្បិត​អស់​ទាំង​មនុស្ស នឹង​សត្វ​ទាំង​ប៉ុន្មាន​នៅ​វាល ដែល​មិន​បាន​ប្រមូល​មក​ក្នុង​ផ្ទះ នោះ​នឹង​ត្រូវ​ព្រិល​ធ្លាក់​មក​លើ ស្លាប់​ទាំង​អស់ នោះ​ពួក​មហា‌តលិក​ណា​មួយ​របស់​ផារ៉ោន ដែល​កោត‌ខ្លាច​ដល់​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា គេ​ក៏​ឲ្យ​ពួក​បាវ នឹង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​រត់​ចូល​មក​ជ្រក​ក្នុង​ផ្ទះ​ទាំង​អស់ ប៉ុន្តែ ពួក​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​សោះ គេ​ក៏​ទុក​ឲ្យ​ពួក​បាវ​នឹង​ហ្វូង​សត្វ​នៅ​ឯ​វាល​វិញ។ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា ចូរ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ ដើម្បី​ឲ្យ​មាន​ព្រិល​ធ្លាក់​មក​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​ធ្លាក់​មក​លើ​ទាំង​មនុស្ស នឹង​សត្វ ហើយ​លើ​គ្រប់​ទាំង​ដំណាំ​នៅ​ទី​វាល​ក្នុង​ស្រុក​ផង ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​មេឃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ឲ្យ​មាន​ផ្គរ​ហើយ​នឹង​ព្រិល​មក ក៏​មាន​រន្ទះ​បាញ់​ផ្សាយ​ជា​ភ្លើង​នៅ​លើ​ដី ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ព្រឹល​មក​លើ​ស្រុក​អេស៊ីព្ទ ក៏​មាន​ព្រឹល នឹង​ភ្លើង​លាយ​គ្នា​ជា​យ៉ាង​វេទនា​ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​ស្រុក​អេស៊ីព្ទ​កើត​ឡើង​ជា​នគរ នោះ​មិន​ដែល​មាន​នៅ​ក្នុង​ស្រុក​ដូច្នោះ​ឡើយ នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ ព្រឹល​នោះ​បាន​ធ្លាក់​មក​ត្រូវ​របស់​ទាំង​អស់​នៅ​ទី​វាល តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ ក៏​ធ្លាក់​មក​បំផ្លាញ​អស់​ទាំង​ដំណាំ​នៅ​វាល​ដែរ ហើយ​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ចំការ​ផង ឯ​ទី​ដែល​គ្មាន​ព្រឹល នោះ​មាន​តែ​នៅ​ស្រុក​កូសែន ដែល​ជា​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ប៉ុណ្ណោះ។ នោះ​ផារ៉ោន​ទ្រង់​ចាត់​ឲ្យ​ទៅ​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​ថា ម្តង​នេះ​អញ​ជា​អ្នក​មាន​បាប គឺ​ជា​ព្រះ‌យេហូវ៉ា​ដែល​សុចរិត ឯ​អញ​នឹង​រាស្ត្រ​អញ យើង​ជា​ពួក​អាក្រក់​វិញ ដូច្នេះ​សូម​ឲ្យ​ឯង​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដ្បិត​មាន​ផ្គរ​ជា​យ៉ាង​ខ្លាំង ហើយ​នឹង​ព្រឹល​នេះ​ជា​ការ​ល្មម​ហើយ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ ឥត​មាន​ឃាត់‌ឃាំង​ទៀត​ឡើយ ម៉ូសេ​លោក​ទូល​ឆ្លើយ​ថា កាល​ណា​ទូលបង្គំ​បាន​ចេញ​ពី​ក្រុង​ទៅ​ហើយ ទូលបង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត នេះ​ដើម្បី​ឲ្យ​ទ្រង់​ជ្រាប​ថា ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ប៉ុន្តែ​ទូលបង្គំ​ដឹង​ថា ទ្រង់​នឹង​ពួក​មហា‌តលិក​មិន​ទាន់​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​ឡើយ​ទេ ឯ​ដើម​ខ្លូត‌ទេស​នឹង​ស្រូវ​ឱក នោះ​ហិន‌ហោច​អស់ ដ្បិត​ស្រូវ​ឱក​កំពុង​តែ​បែក​គួរ ហើយ​ដើម​ខ្លូត‌ទេស​ចេញ​ផ្កា​ហើយ តែ​ស្រូវ‌សាលី នឹង​ស្រូវ​អេប៉ូត​មិន​បាន​ខូច​ទេ ពី​ព្រោះ​មិន​ទាន់​ដុះ​នៅ​ឡើយ ម៉ូសេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​ទៅ​ក្រៅ​ទី​ក្រុង លើក​ដៃ​ប្រទូល​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ‌លាន់​ក៏​ស្ងប់‌ស្ងាត់ ព្រឹល​ក៏​បាត់​ទៅ ហើយ​ភ្លៀង​ក៏​រាំង មិន​ធ្លាក់​មក​លើ​ដី​ទៀត រួច​កាល​ផារ៉ោន​ឃើញ​ថា ភ្លៀង​នឹង​ព្រឹល ហើយ​នឹង​ផ្គរ‌លាន់​បាន​ស្ងប់​បាត់​អស់​ហើយ នោះ​ទ្រង់​នៅ​តែ​ធ្វើ​បាប​ទៀត គឺ​ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង ព្រម​ទាំង​ពួក​មហា‌តលិក​ទាំង​អស់​គ្នា​ផង ដូច្នេះ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល ដោយ‌សារ​ម៉ូសេ។

ចែក​រំលែក
អាន និក្ខមនំ 9