អេសេ‌គាល 16

16
1ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា 2កូន​មនុស្ស​អើយ ចូរ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​ចុះ 3ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ ជំនួរ​វង្សនឹង​កំណើត​របស់​ឯង នោះ​ចេញ​ពី​ស្រុក​របស់​សាសន៍​កាណាន​មក ឪពុក​ឯង​ជា​សាសន៍​អាម៉ូរី ហើយ​ម្តាយ​ឯង​ជា​សាសន៍​ហេត 4ឯ​កំណើត​ឯង គឺ​នៅ​ថ្ងៃ​ដែល​ឯង​កើត​មក នោះគេ​មិន​បាន​កាត់​ផ្ចិត​ឯង​ទេ ក៏​មិន​បាន​លាង​ជំរះ​ឯង​ដោយ​ទឹក ឬ​លាប​អំបិល ឬ​រុំ​សំពត់​ឲ្យ​ផង 5គ្មាន​ភ្នែក​ណា​ប្រណី​ឯង ដើម្បី​នឹង​ធ្វើ​ការ​ទាំង​នោះ​ដល់​ឯង ដោយ​អាណិត‌អាសូរ​ចំពោះ​ឯង​ឡើយ គឺ​គេ​បោះ​ចោល​ឯង​នៅ​ទី​វាល​ទទេ ពី​ព្រោះ​គេ​ខ្ពើម​រូប​ឯង ក្នុង​ថ្ងៃ​ដែល​ឯង​បាន​កើត​មក​នោះ។
6កាល​អញ​បាន​ដើរ​តាម​នោះ​ជិត​ឯង ឃើញ​ឯង​ឈ្លី‌ឈ្លក់​នៅ​ក្នុង​ឈាម​ខ្លួន នោះ​អញ​បាន​និយាយ​ទៅ​ឯង​ក្នុង​កាល​ដែល​នៅ​ក្នុង​ឈាម​នោះ​ថា ចូរ​មាន​ជីវិត​នៅ​ចុះ អើ កាល​ឯង​នៅ​ក្នុង​ឈាម​ឯង​នោះ អញ​បាន​ថា ចូរ​មាន​ជីវិត​នៅ​ចុះ 7អញ​ក៏​ធ្វើ​ឲ្យ​ឯង​មាន​វ័យ​ចំរើន​ឡើង​ដូច​ជា​ស្មៅ​នៅ​វាល ហើយ​ឯង​បាន​កើន​ឡើង​ត្រឡប់​ជា​ធំ ដល់​ទៅ​មាន​រូប​ឆើត​ល្អ ដោះ​ឯង​បាន​ដុះ​ពេញ​រាង​ឡើង សក់​ឯង​ក៏​បាន​វែង​ហើយ ប៉ុន្តែឯង​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ 8គ្រា​នោះ កាល​អញ​បាន​ដើរ​តាម​ទី​នោះ​មើល​ឯង នោះ​ឃើញ​ថា ដល់​ពេល​ស្រឡាញ់​ហើយ ដូច្នេះ អញ​បាន​យក​ជាយ​អាវ​អញ​គ្រប​លើ​ឯង ព្រម​ទាំង​បិទ​បាំង​សណ្ឋាន​អាក្រាត​របស់​ឯង អើ អញ​បាន​ស្បថ​នឹង​ឯង ហើយ​តាំង​សញ្ញានឹង​ឯង​ផង នោះ​ឯង​បាន​ត្រឡប់​ជា​របស់​ផង​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា 9ខណៈ​នោះ អញ​បាន​លាង​ឯង​ដោយ​ទឹក អើ អញ​បាន​ជំរះ​ឈាម​ឯង​ចេញ​យ៉ាង​ស្អាត រួច​ចាក់​ប្រេង​លាប​ឲ្យ 10អញ​បាន​តែង​តួ​ឯង​ដោយ​សំពត់​ប៉ាក់ ក៏​បំពាក់​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​ផ្សោត​ឲ្យ​ឯង ហើយ​ក្រវាត់​ឯង​ដោយ​សំពត់​ទេស‌ឯក រួច​គ្រលុំ​ដោយ​សំពត់​ព្រែ 11ក៏​បាន​តាក់‌តែង​ឯង​ដោយ​គ្រឿង​លំអ បាន​បំពាក់​កង​នៅ​ដៃ​ឯង ហើយ​ខ្សែ​នៅ​ក 12ព្រម​ទាំង​បំពាក់​ក្រវិល​នៅ​ច្រមុះ ហើយ​ទំហូ​នៅ​ត្រចៀក នឹង​ក្បាំង​យ៉ាង​ល្អ​នៅ​ក្បាល​ឯង 13ដូច្នេះ ឯង​បាន​ប្រដាប់​ដោយ​មាស ហើយ​នឹង​ប្រាក់ ឯ​សំលៀក‌បំពាក់​របស់​ឯង នោះ​បាន​ធ្វើ​ពី​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត នឹង​ព្រែ ហើយ​សំពត់​ប៉ាក់ ឯង​បាន​ចិញ្ចឹម​ខ្លួន​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត ទឹក​ឃ្មុំ នឹង​ប្រេង ឯង​មាន​រូប​ល្អ​ឆើត​ក្រៃ‌លែង ហើយ​បាន​ចំរើន​ឡើង​ដល់​ទៅ​មាន​អំណាច​ជា​ស្តេច 14ឯ​កិត្តិសព្ទ​ពី​លំអ​រុងរឿង​របស់​ឯង បាន​ខ្ចរ‌ខ្ចាយ​ទៅ​ដល់​អស់​ទាំង​នគរ ពី​ព្រោះ​លំអរ​របស់​ឯង​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​រស្មី​របស់​អញ​ដែល​អញ​បាន​ឲ្យ​ស្ថិត​លើ​ឯង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។
15ប៉ុន្តែឯង​បាន​ទុក​ចិត្ត​នឹង​រូប​លំអ​របស់​ឯង ហើយ​បាន​ធ្វើ​ជា​ស្រី​សំផឹង ដោយ​ព្រោះ​ល្បី​ឈ្មោះ​នោះ ក៏​បាន​ត្រូវ​ការ​នឹង​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ឯង ឯង​បាន​សំរាប់​ជា​របស់​គេ​ហើយ 16ឯង​បាន​យក​សំលៀក‌បំពាក់​របស់​ឯង​ទៅ ធ្វើ​ជា​ទី​ខ្ពស់​តាក់‌តែង​ដោយ​ពណ៌​ផ្សេងៗ រួច​បាន​ភប់‌ប្រសព្វ​នឹង​គេ​នៅ​លើ​ទី​នោះ ជា​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ ហើយ​ទៅ​មុខ​ក៏​នឹង​ឥត​មាន​ដែរ 17ឯង​ក៏​យក​គ្រឿង​លំអ​របស់​ឯង ដែល​ធ្វើ​ពី​មាសនឹង​ប្រាក់​របស់​អញ ជា​គ្រឿង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ ទៅ​ធ្វើ​ជា​រូប​មនុស្ស​ប្រុស ហើយ​ឯង​បាន​ភប់‌ប្រសព្វ​នឹង​រូប​នោះ​ដែរ 18ឯង​បាន​យក​សំលៀក‌បំពាក់​ប៉ាក់​របស់​ឯង ទៅ​តែង​ឲ្យ​វា ព្រម​ទាំង​តាំង​ប្រេង នឹង​កំញាន​របស់​អញ​នៅ​មុខ​វា 19ឯ​អាហារ​ដែល​អញ​បាន​ឲ្យ​ដល់​ឯង គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត ប្រេង នឹង​ទឹក​ឃ្មុំ​នោះ ដែល​អញ​ឲ្យ​សំរាប់​ចិញ្ចឹម​ឯង នោះ​ឯង​បាន​ថ្វាយ​នៅ​ចំពោះ​រូប​ទាំង​នោះ សំរាប់​ជា​ក្លិន​ឈ្ងុយ​វិញ គឺ​យ៉ាង​នោះ​ដែល​ឯង​បាន​ប្រព្រឹត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា 20មួយ​ទៀត ឯង​បាន​យក​កូន​ប្រុស​ស្រី​ឯង ដែល​បាន​បង្កើត​ឲ្យ​អញ ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ឲ្យ​ត្រូវ​វិនាស​ទៅ​ផង ដូច្នេះ​តើ​ការ​កំផិត​របស់​ឯង ជា​ការ​យ៉ាង​ស្រាល​ឬ 21បាន​ជា​ឯង​សំឡាប់​កូន​អញ ហើយ​ប្រគល់​ទៅ​ឲ្យ​ត្រូវ​ចូល​ក្នុង​ភ្លើង​ថ្វាយ​ដល់​រូប​ទាំង​នោះ​ទៀត 22ហើយ​ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម នឹង​ការ​កំផិត​របស់​ឯង នោះ​ឯង​មិន​បាន​នឹក​ពី​កាល​ឯង​នៅ​ក្មេង ក្នុង​កាល​ដែល​ឯង​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ ព្រម​ទាំង​ឈ្លក់‌ឈ្លី​នៅ​ក្នុង​ឈាម​ឯង​នោះ​ទេ។
23ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា វេទនាៗ​ដល់​ឯង ដ្បិត​ក្រោយ​អស់​ទាំង​អំពើ​ដ៏​លាមក​អាក្រក់​របស់​ឯង 24នោះ​ឯង​បាន​សង់​ផ្ទះ​បន​សំរាប់​ខ្លួន ហើយ​ធ្វើ​ទី​យ៉ាង​សំខាន់​សំរាប់​ខ្លួន នៅ​គ្រប់​ទាំង​ផ្លូវ​នោះ​ទៀត 25ឯង​បាន​ធ្វើ​ទី​យ៉ាង​សំខាន់​នោះ ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ ហើយ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លំអ​របស់​ឯង​ទៅ​ជា​ទី​ខ្ពើម​ឆ្អើម​វិញ ឯង​បាន​បើក​ជើង​ទទួល​គ្រប់​ទាំង​ប្រុសៗ​ដែល​ដើរ​មក​តាម​នោះ ហើយ​បាន​ចំរើន​ការ​កំផិត​របស់​ឯង​ជា​ច្រើន​ឡើង 26ឯង​បាន​សហាយ‌ស្មន់​នឹង​សាសន៍​អេស៊ីព្ទ ជា​ពួក​ជិត​ខាង​ឯង​ដែល​ធំ​ធាត់ ព្រម​ទាំង​ចំរើន​ការ​កំផិត​របស់​ឯង​ជា​ច្រើន​ឡើង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង 27ដូច្នេះ​មើល​អញ​បាន​លូក​ដៃ​ទៅ​លើ​ឯង​ហើយ ក៏​បន្ថយ​ចំណែក​របស់​ឯង​ចុះ ហើយ​បាន​ប្រគល់​ឯង​ដល់​បំណង​ចិត្ត​របស់​ពួក​អ្នក​ដែល​ស្អប់​ឯង គឺ​ដល់​ពួក​កូន​ស្រី​សាសន៍​ភីលីស្ទីន ដែល​អៀន​ចំពោះ​អំពើ​ឥត​ខ្មាស​របស់​ឯង 28ឯង​បាន​ភប់‌ប្រសព្វ​នឹង​សាសន៍​អាសស៊ើរដែរ ដ្បិត​ឯង​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ អើ ឯង​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ទៀត 29ដូច្នេះ ឯង​បាន​ចំរើន​ការ​កំផិត​របស់​ឯង រហូត​ដល់​ស្រុក​នៃ​ពួក​ឈ្មួញ ជា​សាសន៍​ខាល់ដេ នៅ​ក្នុង​ស្រុក​កាណាន ប៉ុន្តែឯង​នៅ​តែ​មិន​ទាន់​ឆ្អែត​ទៀត។
30ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចិត្ត​ឯង​ទន់​អី​ម៉្លេះ ដែល​ឯង​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​ការ​របស់​ស្រី​សំផឹង​ដ៏​ឈ្នះ‌ឈ្នាន 31ដោយ​ឯង​បាន​សង់​ផ្ទះ​បន​របស់​ឯង នៅ​ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ នឹង​ទី​សំខាន់​របស់​ឯង​នៅ​អស់​ទាំង​ផ្លូវ​ថ្នល់ តែ​ឯង​មិន​មែន​ដូច​ជា​ស្រី​សំផឹង​ទេ ពី​ព្រោះ​ឯង​មិន​រមឹល​មើល​ថ្លៃ​ឈ្នួល​ឡើយ 32យីះ ឯង​ជា​ស្រី​ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត ជា​ស្រី​ដែល​យក​មនុស្ស​ដទៃ​មក​ជំនួស​ប្ដី​ហើយ 33គេ​តែង‌តែ​ឲ្យ​ឈ្នួល​ដល់​ស្រី​សំផឹង​ទាំង​ប៉ុន្មាន តែ​ឯង​វិញ ឯង​ឲ្យ​ឈ្នួល​ដល់​សហាយ​ឯង​ទាំង​អស់ ក៏​សូក​គេ​ឲ្យ​មក​ឯ​ឯង​ពី​គ្រប់​ទិស​ជុំវិញ សំរាប់​ទទួល​រួម‌បវេណី 34ហើយ​ឯង​ខុស​ពី​ស្រី​ធម្មតា ក្នុង​ការ​សំផឹង​របស់​ឯង ដោយ​ឥត​មាន​អ្នក​ណា​រក​តាម​ឯង ដើម្បី​រួម​ដំណេក​នឹង​ឯង​ឡើយ ហើយ​ដោយ​ឯង​ចេញ​ឈ្នួល​ឲ្យ​គេ មិន​មែន​គេ​ចេញ​ឈ្នួល​ដល់​ឯង​ទេ យ៉ាង​នោះ​បាន​ជា​ឯង​ខុស​ពី​គេ​ហើយ។
35ដូច្នេះ ឱ​ស្រី​សំផឹង​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ 36ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​អំពើ​អាស‌អាភាស​របស់​ឯង​ជា​ហូរ‌ហែ ហើយ​បាន​បើក​កេរ‌ខ្មាស​ឯង ដោយ​រួម‌បវេណី​នឹង​ពួក​សហាយ​ឯង ដោយ​ព្រោះ​គ្រប់​អស់​ទាំង​រូប​ដំណាង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​ឯង នឹង​ឈាម​របស់​កូន​ចៅ​ឯង​ដែល​ឯង​បាន​ថ្វាយ​ដល់​វា 37នោះ​មើល អញ​នឹង​ប្រមូល​ពួក​សហាយ​ឯង ដែល​ឯង​បាន​ត្រេក‌អរ​ជា​មួយ​គ្នា នឹង​ពួក​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ស្រឡាញ់​នោះ ព្រម​ទាំង​ពួក​ដែល​ឯង​បាន​ស្អប់​ផង អើ អញ​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស រួច​អញ​នឹង​បើក​កេរ‌ខ្មាស​ឯង​ឲ្យ​គេ​ឃើញ​ច្បាស់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ទាំង​អស់ 38នោះ​អញ​នឹង​ជំនុំ‌ជំរះ​ឯង ដូច​ជា​គួរ​ជំនុំ‌ជំរះ​ដល់​ស្រី​ដែល​ផិត​ប្ដី ហើយ​កំចាយ​ឈាម​ផង អញ​នឹង​ទំលាក់​ឈាម​ទៅ​លើ​ឯង ដោយ​សេចក្ដី​ក្រោធ នឹង​សេចក្ដី​ប្រចណ្ឌ 39អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​ឯង ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​ឯង​ដែរ គេ​នឹង​បក​សំលៀក‌បំពាក់​ឯង​ចេញ ហើយ​កាន់​យក​គ្រឿង​លំអ​របស់​ឯង ព្រម​ទាំង​ចោល​ឯង​ឲ្យ​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ 40គេ​នឹង​នាំ​ហ្វូង​មនុស្ស​ឡើង​មក​ទាស់​នឹង​ឯង នឹង​ចោល​ឯង​ដោយ​ថ្ម ហើយ​ចាក់​ទំលុះ​ឯង​ដោយ​ដាវ 41រួច​គេ​នឹង​ដុត​ផ្ទះ​ឯង​ចោល ហើយ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង នៅ​ចំពោះ​ភ្នែក​ពួក​ស្រីៗ​ជា​ច្រើន ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ឯង​លែង​ប្រព្រឹត្ត​ការ​សំផឹង ហើយ​ឯង​នឹង​មិន​ចេញ​ថ្លៃ​ឈ្នួល​ឲ្យ​គេ​ទៀត​ឡើយ 42គឺ​យ៉ាង​នោះ ដែល​អញ​នឹង​សំរាក​សេចក្ដី​ក្រោធ​អញ ចំពោះ​ឯង ហើយ​សេចក្ដី​ប្រចណ្ឌ​របស់​អញ នឹង​ថយ​ចេញ​ពី​ចំពោះ​ឯង​ទៅ នោះ​អញ​នឹង​ស្ងៀម​នៅ​វិញ ឥត​មាន​សេចក្ដី​កំហឹង​ទៀត 43អញ​នឹង​ទំលាក់​អំពើ​របស់​ឯង​ទៅ​លើ​ក្បាល​ឯង​វិញ ដោយ​ព្រោះ​ឯង​មិន​បាន​នឹក​ពី​កាល​ឯង​នៅ​ក្មេង​ទេ គឺ​បាន​ចាក់‌រុក​អញ ដោយ‌សារ​អំពើ​ទាំង​នោះ​ឯង យ៉ាង​នោះ​ឯង​នឹង​មិន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​នេះ ព្រម​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង​ទៀត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។
44មើល អស់​អ្នក​ណា​ដែល​ធ្លាប់​ប្រើ​ពាក្យ​សុភាសិត គេ​នឹង​ពោល​ពាក្យ​នេះ​ទាស់​នឹង​ឯង​ថា ម្តាយ​យ៉ាង​ណា​កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ 45ឯង​ជា​កូន​ស្រី​របស់​ម្តាយ​ឯង​ដែល​បាន​ស្អប់​ប្ដី នឹង​កូន​ខ្លួន ឯង​ក៏​ជា​ប្អូន​ស្រី​របស់​ពួក​បង​ប្អូន​ស្រី​ឯង ដែល​គេ​បាន​ស្អប់​ប្ដី នឹង​កូន​គេ​ដែរ ម្តាយ​ឯង​ជា​សាសន៍​ហេត ហើយ​ឪពុក​ឯង​ជា​សាសន៍​អាម៉ូរី 46បង​ស្រី​ឯង គឺ​សាម៉ារី ដែល​នៅ​ខាង​ឆ្វេង​ឯង ទាំង​ខ្លួន​បងនោះនឹង​កូន​ស្រី​របស់​បង​ដែរ ហើយ​ប្អូន​ស្រី​ឯង​ដែល​នៅ​ខាង​ស្តាំ នោះ​គឺ​ជា​សូដុំម នឹង​កូន​ស្រី​របស់​គេ 47ប៉ុន្តែឯង​មិន​បាន​ដើរ​តាម​ផ្លូវ​គេ ឬ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ទេ គឺ​ឯង​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​គេ ក្នុង​អស់​ទាំង​ផ្លូវ​របស់​ឯង​ទៅ​ទៀត ដោយ​ស្មាន​ថា​អំពើ​របស់​គេ​តិច‌តួច​ទេ 48ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​សូដុំម ជា​ប្អូន​ឯង ព្រម​ទាំង​កូន​ផង​មិន​បាន​ប្រព្រឹត្ត​ដូច​ជា​ឯង នឹង​កូន​ស្រី​របស់​ឯង​ទេ 49មើល ឯ​អំពើ​ទុច្ចរិត​របស់​សូដុំម ជា​ប្អូន​ស្រី​ឯង ព្រម​ទាំង​កូន​ផង​នោះ​គឺ​មាន​សេចក្ដី​អំនួត មាន​អាហារ​បរិភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចំរើន ឥត​ដែល​ចំរើន​កំឡាំង​ដៃ​នៃ​ពួក​ក្រីក្រ នឹង​មនុស្ស​កំសត់​ទុគ៌ត​ឡើយ 50គេ​ក៏​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ហើយ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ចំពោះ​អញ ហេតុ​នោះ​បាន​ជា​អញ​ដក​គេ​ចេញ​តាម​ដែល​អញ​ឃើញ​ថា​គួរ 51ឯ​សាម៉ារី ក៏​មិន​បាន​ប្រព្រឹត្ត​ដល់​ត្រឹម​ពាក់​កណ្តាល​នៃ​អំពើ​បាប​របស់​ឯង​ដែរ គឺ​ឯង​បាន​ចំរើន​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ជា​ច្រើន​ជាង​គេ​ទៅ​ទៀត ហើយ​ឯង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ស្រី​ឯង​មើល​ទៅ​ដូច​ជា​សុចរិត​ទេ ដោយ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ 52ឯ​ឯង​ដែល​បាន​ថ្កោល​ទោស​បង​ប្អូន​ស្រី​ឯង ចូរ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន​ចុះ គេ​សុចរិត​ជាង​ឯង​វិញ​ដោយ​ព្រោះ​អំពើ​បាប​ដែល​ឯង​បាន​ប្រព្រឹត្ត ឲ្យ​គួរ​ស្អប់​ខ្ពើម​ជាង​គេ​នោះ អើ ចូរ​ឲ្យ​ឯង​ជ្រប់​មុខ​ចុះ ហើយ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ស្រី​ឯង​មើល​ទៅ​ដូច​ជា​សុចរិត​វិញ។
53អញ​នឹង​នាំ​ពួក​គេ ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​វិញ គឺ​សូដុំម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ នឹង​ពួក​ឯង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្តាល​គេ​ផង 54ដើម្បី​ឲ្យ​ឯង​បាន​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​គ្រប់​ទាំង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ​ដោយ​ឯង​ជា​ទី​កំសាន្ត​ចិត្ត​ដល់​គេ 55ឯ​ប្អូន​ស្រី​ឯង គឺ​សូដុំម នឹង​កូន​ស្រី​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន ហើយ​សាម៉ារី នឹង​កូន​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន​វិញ ចំណែក​ឯង នឹង​កូន​ឯង ក៏​នឹង​វិល​ត្រឡប់​ទៅ​ដូច​ជា​សណ្ឋាន​ដើម​របស់​ឯង​រាល់​គ្នា​ដែរ 56ដ្បិត​នៅ​គ្រា​នៃ​សេចក្ដី​អំនួត​របស់​ឯង នោះ​ឈ្មោះ​សូដុំម​ជា​ប្អូន​ស្រី​ឯង មិន​បាន​ចេញ​ពី​មាត់​ឯង​ឡើយ 57គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​របស់​ឯង មិន​ទាន់​បើក​ឲ្យ​ឃើញ​នៅ​ឡើយ ដូច​នៅ​វេលា​ដែល​បន្ទោស​ដល់​ពួក​កូន​ស្រី​ស៊ីរី នឹង​ពួក​អ្នក​នៅ​ជុំវិញ ហើយ​ពួក​កូន​ស្រី​ភីលីស្ទីន ដែល​ប្រទូស‌រ៉ាយ​ដល់​ឯង​នៅ​ព័ទ្ធ​ជុំវិញ 58ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​ត្រូវ​ទទួល​រង​សេចក្ដី​ខ្មាស នឹង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ហើយ 59ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​ឯង​បាន​ប្រព្រឹត្ត​នោះ គឺ​ដែល​ឯង​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ​ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។
60ប៉ុន្តែអញ​នឹង​នឹក​ចាំ ពី​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង ក្នុង​កាល​ដែល​ឯង​នៅ​ក្មេង​នោះ ហើយ​អញ​នឹង​តាំង​សញ្ញា​១​នឹង​ឯង ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​‌កល្ប​ជានិច្ច​ទៀត 61នោះ​ឯង​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​ឯង ហើយ​នឹង​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​ឯង​ទទួល​បង​ប្អូន​ស្រី​ឯង គឺ​បង​បង្អស់​របស់​ឯងនឹង​ប្អូន​ឯង​ផង គ្រា​នោះអញ​នឹង​ឲ្យ​បង​ប្អូន​នោះ​ដល់​ឯង ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​ឯង​ទេ 62អញ​នឹង​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​ឯង នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត 63ដើម្បី​ឲ្យ​ឯង​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ ឥត​ដែល​ហើប​មាត់​ឯង​ឡើង​ទៀត​ឡើយ ដោយ​ឯង​មាន​សេចក្ដី​អៀន‌ខ្មាស ក្នុង​កាល​ដែល​អញ​បាន​អត់​ទោស​ដល់​ឯង ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

អេសេ‌គាល 16: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល