អេសេគាល 16
16
1ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា 2កូនមនុស្សអើយ ចូរធ្វើឲ្យក្រុងយេរូសាឡិមស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួនចុះ 3ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលនឹងក្រុងយេរូសាឡិមដូច្នេះ ជំនួរវង្សនឹងកំណើតរបស់ឯង នោះចេញពីស្រុករបស់សាសន៍កាណានមក ឪពុកឯងជាសាសន៍អាម៉ូរី ហើយម្តាយឯងជាសាសន៍ហេត 4ឯកំណើតឯង គឺនៅថ្ងៃដែលឯងកើតមក នោះគេមិនបានកាត់ផ្ចិតឯងទេ ក៏មិនបានលាងជំរះឯងដោយទឹក ឬលាបអំបិល ឬរុំសំពត់ឲ្យផង 5គ្មានភ្នែកណាប្រណីឯង ដើម្បីនឹងធ្វើការទាំងនោះដល់ឯង ដោយអាណិតអាសូរចំពោះឯងឡើយ គឺគេបោះចោលឯងនៅទីវាលទទេ ពីព្រោះគេខ្ពើមរូបឯង ក្នុងថ្ងៃដែលឯងបានកើតមកនោះ។
6កាលអញបានដើរតាមនោះជិតឯង ឃើញឯងឈ្លីឈ្លក់នៅក្នុងឈាមខ្លួន នោះអញបាននិយាយទៅឯងក្នុងកាលដែលនៅក្នុងឈាមនោះថា ចូរមានជីវិតនៅចុះ អើ កាលឯងនៅក្នុងឈាមឯងនោះ អញបានថា ចូរមានជីវិតនៅចុះ 7អញក៏ធ្វើឲ្យឯងមានវ័យចំរើនឡើងដូចជាស្មៅនៅវាល ហើយឯងបានកើនឡើងត្រឡប់ជាធំ ដល់ទៅមានរូបឆើតល្អ ដោះឯងបានដុះពេញរាងឡើង សក់ឯងក៏បានវែងហើយ ប៉ុន្តែឯងនៅអាក្រាត ហើយខ្លួនទទេ 8គ្រានោះ កាលអញបានដើរតាមទីនោះមើលឯង នោះឃើញថា ដល់ពេលស្រឡាញ់ហើយ ដូច្នេះ អញបានយកជាយអាវអញគ្របលើឯង ព្រមទាំងបិទបាំងសណ្ឋានអាក្រាតរបស់ឯង អើ អញបានស្បថនឹងឯង ហើយតាំងសញ្ញានឹងឯងផង នោះឯងបានត្រឡប់ជារបស់ផងអញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា 9ខណៈនោះ អញបានលាងឯងដោយទឹក អើ អញបានជំរះឈាមឯងចេញយ៉ាងស្អាត រួចចាក់ប្រេងលាបឲ្យ 10អញបានតែងតួឯងដោយសំពត់ប៉ាក់ ក៏បំពាក់ស្បែកជើងធ្វើពីស្បែកផ្សោតឲ្យឯង ហើយក្រវាត់ឯងដោយសំពត់ទេសឯក រួចគ្រលុំដោយសំពត់ព្រែ 11ក៏បានតាក់តែងឯងដោយគ្រឿងលំអ បានបំពាក់កងនៅដៃឯង ហើយខ្សែនៅក 12ព្រមទាំងបំពាក់ក្រវិលនៅច្រមុះ ហើយទំហូនៅត្រចៀក នឹងក្បាំងយ៉ាងល្អនៅក្បាលឯង 13ដូច្នេះ ឯងបានប្រដាប់ដោយមាស ហើយនឹងប្រាក់ ឯសំលៀកបំពាក់របស់ឯង នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត នឹងព្រែ ហើយសំពត់ប៉ាក់ ឯងបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ នឹងប្រេង ឯងមានរូបល្អឆើតក្រៃលែង ហើយបានចំរើនឡើងដល់ទៅមានអំណាចជាស្តេច 14ឯកិត្តិសព្ទពីលំអរុងរឿងរបស់ឯង បានខ្ចរខ្ចាយទៅដល់អស់ទាំងនគរ ពីព្រោះលំអររបស់ឯងបានគ្រប់លក្ខណ៍ ដោយសាររស្មីរបស់អញដែលអញបានឲ្យស្ថិតលើឯង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15ប៉ុន្តែឯងបានទុកចិត្តនឹងរូបលំអរបស់ឯង ហើយបានធ្វើជាស្រីសំផឹង ដោយព្រោះល្បីឈ្មោះនោះ ក៏បានត្រូវការនឹងអស់អ្នកណាដែលដើរកាត់មុខឯង ឯងបានសំរាប់ជារបស់គេហើយ 16ឯងបានយកសំលៀកបំពាក់របស់ឯងទៅ ធ្វើជាទីខ្ពស់តាក់តែងដោយពណ៌ផ្សេងៗ រួចបានភប់ប្រសព្វនឹងគេនៅលើទីនោះ ជាការដែលមិនធ្លាប់មានពីមុនឡើយ ហើយទៅមុខក៏នឹងឥតមានដែរ 17ឯងក៏យកគ្រឿងលំអរបស់ឯង ដែលធ្វើពីមាសនឹងប្រាក់របស់អញ ជាគ្រឿងដែលអញបានឲ្យដល់ឯងនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយឯងបានភប់ប្រសព្វនឹងរូបនោះដែរ 18ឯងបានយកសំលៀកបំពាក់ប៉ាក់របស់ឯង ទៅតែងឲ្យវា ព្រមទាំងតាំងប្រេង នឹងកំញានរបស់អញនៅមុខវា 19ឯអាហារដែលអញបានឲ្យដល់ឯង គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង នឹងទឹកឃ្មុំនោះ ដែលអញឲ្យសំរាប់ចិញ្ចឹមឯង នោះឯងបានថ្វាយនៅចំពោះរូបទាំងនោះ សំរាប់ជាក្លិនឈ្ងុយវិញ គឺយ៉ាងនោះដែលឯងបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា 20មួយទៀត ឯងបានយកកូនប្រុសស្រីឯង ដែលបានបង្កើតឲ្យអញ ទៅថ្វាយជាយញ្ញបូជាដល់ព្រះទាំងនោះ ឲ្យត្រូវវិនាសទៅផង ដូច្នេះតើការកំផិតរបស់ឯង ជាការយ៉ាងស្រាលឬ 21បានជាឯងសំឡាប់កូនអញ ហើយប្រគល់ទៅឲ្យត្រូវចូលក្នុងភ្លើងថ្វាយដល់រូបទាំងនោះទៀត 22ហើយក្នុងអស់ទាំងការគួរស្អប់ខ្ពើម នឹងការកំផិតរបស់ឯង នោះឯងមិនបាននឹកពីកាលឯងនៅក្មេង ក្នុងកាលដែលឯងនៅអាក្រាត ហើយខ្លួនទទេ ព្រមទាំងឈ្លក់ឈ្លីនៅក្នុងឈាមឯងនោះទេ។
23ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា វេទនាៗដល់ឯង ដ្បិតក្រោយអស់ទាំងអំពើដ៏លាមកអាក្រក់របស់ឯង 24នោះឯងបានសង់ផ្ទះបនសំរាប់ខ្លួន ហើយធ្វើទីយ៉ាងសំខាន់សំរាប់ខ្លួន នៅគ្រប់ទាំងផ្លូវនោះទៀត 25ឯងបានធ្វើទីយ៉ាងសំខាន់នោះ ត្រង់ក្បាលគ្រប់ទាំងផ្លូវ ហើយបានធ្វើឲ្យសេចក្ដីលំអរបស់ឯងទៅជាទីខ្ពើមឆ្អើមវិញ ឯងបានបើកជើងទទួលគ្រប់ទាំងប្រុសៗដែលដើរមកតាមនោះ ហើយបានចំរើនការកំផិតរបស់ឯងជាច្រើនឡើង 26ឯងបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងឯងដែលធំធាត់ ព្រមទាំងចំរើនការកំផិតរបស់ឯងជាច្រើនឡើង ជាការដែលបណ្តាលឲ្យអញខឹង 27ដូច្នេះមើលអញបានលូកដៃទៅលើឯងហើយ ក៏បន្ថយចំណែករបស់ឯងចុះ ហើយបានប្រគល់ឯងដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់ឯង គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់ឯង 28ឯងបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរដែរ ដ្បិតឯងមិនចេះឆ្អែតឆ្អន់ឡើយ អើ ឯងបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត 29ដូច្នេះ ឯងបានចំរើនការកំផិតរបស់ឯង រហូតដល់ស្រុកនៃពួកឈ្មួញ ជាសាសន៍ខាល់ដេ នៅក្នុងស្រុកកាណាន ប៉ុន្តែឯងនៅតែមិនទាន់ឆ្អែតទៀត។
30ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ចិត្តឯងទន់អីម៉្លេះ ដែលឯងបានប្រព្រឹត្តអំពើទាំងនេះ ជាការរបស់ស្រីសំផឹងដ៏ឈ្នះឈ្នាន 31ដោយឯងបានសង់ផ្ទះបនរបស់ឯង នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ នឹងទីសំខាន់របស់ឯងនៅអស់ទាំងផ្លូវថ្នល់ តែឯងមិនមែនដូចជាស្រីសំផឹងទេ ពីព្រោះឯងមិនរមឹលមើលថ្លៃឈ្នួលឡើយ 32យីះ ឯងជាស្រីដែលប្រព្រឹត្តសេចក្ដីកំផិត ជាស្រីដែលយកមនុស្សដទៃមកជំនួសប្ដីហើយ 33គេតែងតែឲ្យឈ្នួលដល់ស្រីសំផឹងទាំងប៉ុន្មាន តែឯងវិញ ឯងឲ្យឈ្នួលដល់សហាយឯងទាំងអស់ ក៏សូកគេឲ្យមកឯឯងពីគ្រប់ទិសជុំវិញ សំរាប់ទទួលរួមបវេណី 34ហើយឯងខុសពីស្រីធម្មតា ក្នុងការសំផឹងរបស់ឯង ដោយឥតមានអ្នកណារកតាមឯង ដើម្បីរួមដំណេកនឹងឯងឡើយ ហើយដោយឯងចេញឈ្នួលឲ្យគេ មិនមែនគេចេញឈ្នួលដល់ឯងទេ យ៉ាងនោះបានជាឯងខុសពីគេហើយ។
35ដូច្នេះ ឱស្រីសំផឹងអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ 36ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងបានប្រព្រឹត្តអំពើអាសអាភាសរបស់ឯងជាហូរហែ ហើយបានបើកកេរខ្មាសឯង ដោយរួមបវេណីនឹងពួកសហាយឯង ដោយព្រោះគ្រប់អស់ទាំងរូបដំណាងព្រះដ៏គួរស្អប់ខ្ពើមរបស់ឯង នឹងឈាមរបស់កូនចៅឯងដែលឯងបានថ្វាយដល់វា 37នោះមើល អញនឹងប្រមូលពួកសហាយឯង ដែលឯងបានត្រេកអរជាមួយគ្នា នឹងពួកទាំងប៉ុន្មានដែលឯងបានស្រឡាញ់នោះ ព្រមទាំងពួកដែលឯងបានស្អប់ផង អើ អញនឹងប្រមូលគេឲ្យមកទាស់នឹងឯងនៅគ្រប់ទិស រួចអញនឹងបើកកេរខ្មាសឯងឲ្យគេឃើញច្បាស់ ដើម្បីឲ្យគេបានឃើញទាំងអស់ 38នោះអញនឹងជំនុំជំរះឯង ដូចជាគួរជំនុំជំរះដល់ស្រីដែលផិតប្ដី ហើយកំចាយឈាមផង អញនឹងទំលាក់ឈាមទៅលើឯង ដោយសេចក្ដីក្រោធ នឹងសេចក្ដីប្រចណ្ឌ 39អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃរបស់គេ នោះគេនឹងបំផ្លាញផ្ទះបនរបស់ឯង ហើយរំលំអស់ទាំងទីសំខាន់របស់ឯងដែរ គេនឹងបកសំលៀកបំពាក់ឯងចេញ ហើយកាន់យកគ្រឿងលំអរបស់ឯង ព្រមទាំងចោលឯងឲ្យនៅអាក្រាត ហើយខ្លួនទទេ 40គេនឹងនាំហ្វូងមនុស្សឡើងមកទាស់នឹងឯង នឹងចោលឯងដោយថ្ម ហើយចាក់ទំលុះឯងដោយដាវ 41រួចគេនឹងដុតផ្ទះឯងចោល ហើយនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ឯង នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ អញនឹងធ្វើឲ្យឯងលែងប្រព្រឹត្តការសំផឹង ហើយឯងនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ 42គឺយ៉ាងនោះ ដែលអញនឹងសំរាកសេចក្ដីក្រោធអញ ចំពោះឯង ហើយសេចក្ដីប្រចណ្ឌរបស់អញ នឹងថយចេញពីចំពោះឯងទៅ នោះអញនឹងស្ងៀមនៅវិញ ឥតមានសេចក្ដីកំហឹងទៀត 43អញនឹងទំលាក់អំពើរបស់ឯងទៅលើក្បាលឯងវិញ ដោយព្រោះឯងមិនបាននឹកពីកាលឯងនៅក្មេងទេ គឺបានចាក់រុកអញ ដោយសារអំពើទាំងនោះឯង យ៉ាងនោះឯងនឹងមិនប្រព្រឹត្តអំពើគួរខ្មាសនេះ ព្រមទាំងការគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯងទៀត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
44មើល អស់អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិត គេនឹងពោលពាក្យនេះទាស់នឹងឯងថា ម្តាយយ៉ាងណាកូនស្រីក៏យ៉ាងនោះដែរ 45ឯងជាកូនស្រីរបស់ម្តាយឯងដែលបានស្អប់ប្ដី នឹងកូនខ្លួន ឯងក៏ជាប្អូនស្រីរបស់ពួកបងប្អូនស្រីឯង ដែលគេបានស្អប់ប្ដី នឹងកូនគេដែរ ម្តាយឯងជាសាសន៍ហេត ហើយឪពុកឯងជាសាសន៍អាម៉ូរី 46បងស្រីឯង គឺសាម៉ារី ដែលនៅខាងឆ្វេងឯង ទាំងខ្លួនបងនោះនឹងកូនស្រីរបស់បងដែរ ហើយប្អូនស្រីឯងដែលនៅខាងស្តាំ នោះគឺជាសូដុំម នឹងកូនស្រីរបស់គេ 47ប៉ុន្តែឯងមិនបានដើរតាមផ្លូវគេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺឯងបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់ឯងទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ 48ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាសូដុំម ជាប្អូនឯង ព្រមទាំងកូនផងមិនបានប្រព្រឹត្តដូចជាឯង នឹងកូនស្រីរបស់ឯងទេ 49មើល ឯអំពើទុច្ចរិតរបស់សូដុំម ជាប្អូនស្រីឯង ព្រមទាំងកូនផងនោះគឺមានសេចក្ដីអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ដោយឥតកង្វល់ ទាំងមានសេចក្ដីចំរើន ឥតដែលចំរើនកំឡាំងដៃនៃពួកក្រីក្រ នឹងមនុស្សកំសត់ទុគ៌តឡើយ 50គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះអញ ហេតុនោះបានជាអញដកគេចេញតាមដែលអញឃើញថាគួរ 51ឯសាម៉ារី ក៏មិនបានប្រព្រឹត្តដល់ត្រឹមពាក់កណ្តាលនៃអំពើបាបរបស់ឯងដែរ គឺឯងបានចំរើនអំពើគួរស្អប់ខ្ពើមរបស់ឯងជាច្រើនជាងគេទៅទៀត ហើយឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតទេ ដោយអំពើគួរស្អប់ខ្ពើមដែលឯងបានប្រព្រឹត្តនោះ 52ឯឯងដែលបានថ្កោលទោសបងប្អូនស្រីឯង ចូរទទួលរងសេចក្ដីខ្មាសរបស់ខ្លួនចុះ គេសុចរិតជាងឯងវិញដោយព្រោះអំពើបាបដែលឯងបានប្រព្រឹត្ត ឲ្យគួរស្អប់ខ្ពើមជាងគេនោះ អើ ចូរឲ្យឯងជ្រប់មុខចុះ ហើយទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ដោយព្រោះឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតវិញ។
53អញនឹងនាំពួកគេ ដែលនៅជាឈ្លើយ ឲ្យមកវិញ គឺសូដុំម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ នឹងពួកឯងទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្តាលគេផង 54ដើម្បីឲ្យឯងបានទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ហើយឲ្យមានសេចក្ដីខ្មាស ដោយព្រោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះដោយឯងជាទីកំសាន្តចិត្តដល់គេ 55ឯប្អូនស្រីឯង គឺសូដុំម នឹងកូនស្រីវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួន ហើយសាម៉ារី នឹងកូនវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួនវិញ ចំណែកឯង នឹងកូនឯង ក៏នឹងវិលត្រឡប់ទៅដូចជាសណ្ឋានដើមរបស់ឯងរាល់គ្នាដែរ 56ដ្បិតនៅគ្រានៃសេចក្ដីអំនួតរបស់ឯង នោះឈ្មោះសូដុំមជាប្អូនស្រីឯង មិនបានចេញពីមាត់ឯងឡើយ 57គឺក្នុងកាលដែលសេចក្ដីទុច្ចរិតរបស់ឯង មិនទាន់បើកឲ្យឃើញនៅឡើយ ដូចនៅវេលាដែលបន្ទោសដល់ពួកកូនស្រីស៊ីរី នឹងពួកអ្នកនៅជុំវិញ ហើយពួកកូនស្រីភីលីស្ទីន ដែលប្រទូសរ៉ាយដល់ឯងនៅព័ទ្ធជុំវិញ 58ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងត្រូវទទួលរងសេចក្ដីខ្មាស នឹងអំពើគួរស្អប់ខ្ពើមរបស់ឯងហើយ 59ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងប្រព្រឹត្តនឹងឯង ដូចជាឯងបានប្រព្រឹត្តនោះ គឺដែលឯងបានមើលងាយដល់ពាក្យសម្បថដោយផ្តាច់សេចក្ដីសញ្ញាចេញ។
60ប៉ុន្តែអញនឹងនឹកចាំ ពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯង ក្នុងកាលដែលឯងនៅក្មេងនោះ ហើយអញនឹងតាំងសញ្ញា១នឹងឯង ដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចទៀត 61នោះឯងនឹងនឹកឃើញពីផ្លូវរបស់ឯង ហើយនឹងមានសេចក្ដីខ្មាស ក្នុងកាលដែលឯងទទួលបងប្អូនស្រីឯង គឺបងបង្អស់របស់ឯងនឹងប្អូនឯងផង គ្រានោះអញនឹងឲ្យបងប្អូននោះដល់ឯង ទុកជាកូនស្រីវិញ តែមិនមែនតាមសេចក្ដីសញ្ញារបស់ឯងទេ 62អញនឹងតាំងសេចក្ដីសញ្ញារបស់អញដល់ឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត 63ដើម្បីឲ្យឯងបាននឹកចាំ ហើយត្រូវជ្រប់មុខ ឥតដែលហើបមាត់ឯងឡើងទៀតឡើយ ដោយឯងមានសេចក្ដីអៀនខ្មាស ក្នុងកាលដែលអញបានអត់ទោសដល់ឯង ចំពោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 16: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.