អេសេ‌គាល 31

31
1លុះ​ដល់​ថ្ងៃ​១ ខែ​ជេស្ឋ ឆ្នាំ​ទី​១១ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា 2កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ផារ៉ោន ស្តេច​ស្រុក​អេស៊ីព្ទ នឹង​ពួក​កក‌កុញ​របស់​វា​ថា ដែល​ឯង​ធំ​ទាំង​ម៉្លេះ នោះ​តើ​ធៀប​ដូច​ជា​អ្វី 3មើល ពី​ដើម​ពួក​សាសន៍​អាសស៊ើរ គេ​ជា​ដើម​តាត្រៅ​នៅ​ព្រៃ​ល្បាណូន មាន​មែក​ល្អ ហើយ​ស៊ុប‌ទ្រុប​បាំង​ម្លប់ ក៏​មាន​សណ្ឋាន​ខ្ពស់ ហើយ​កំពូល​នៅ​កណ្តាល​មែក​ញឹក‌ស្និត 4ទឹក​ទាំង‌ឡាយ​បាន​ចំរើន​ដើម​នោះ ហើយ​ទី​ជំរៅ​បាន​ធ្វើ​ឲ្យ​លូត​ឡើង ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ហូរ​ព័ទ្ធ​ជុំវិញ​កន្លែង​របស់​វា ព្រម​ទាំង​បង្ហូរ​ផ្លូវ​ទឹក​ទៅ​ដល់​គ្រប់​ទាំង​ដើម​ឈើ​នៅ​ដី​នោះ​ផង 5ហេតុ​នោះ​បាន​ជា​វា​លូត​ខ្ពស់​ជាង​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី មែក​វា​ចំរើន​ជា​ច្រើន​ឡើង ហើយ​ក៏​លូត​ចេញ​វែង ដោយ​មាន​ទឹក​ជា​ច្រើន ក្នុង​កាល​ដែល​បែក​មែក​ទាំង​នោះ 6អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ធ្វើ​សំបុក​នៅ​មែក​វា ហើយ​គ្រប់​ទាំង​សត្វ​នៅ​ដី​បាន​បង្កើត​កូន​នៅ​ក្រោម​មែក​វា ឯ​អស់​ទាំង​សាសន៍​ធំៗ ក៏​អាស្រ័យ​នៅ​ក្រោម​ម្លប់​វា​ដែរ 7យ៉ាង​នោះ​វា​បាន​ល្អ​មើល ដោយ​ព្រោះ​ធំ​ខ្ពស់ ហើយ​មាន​មែក​វែង ដ្បិត​ឫស​វា​នៅ​ក្បែរ​ទឹក​ជា​ច្រើន 8អស់​ទាំង​ដើម​តាត្រៅ​ដែល​នៅ​សួន‌ច្បារ​នៃ​ព្រះនឹង​បិទ​បាំង​វា​មិន​បាន ដើម​កកោះ​ទាំង​ប៉ុន្មាន​មិន​ប៉ុន​មែក​វា ហើយ​ដើម​សុក្រម​ក៏​មិន​ស្មើ​នឹង​មែក​វា​ដែរ ឥត​មាន​ដើម​ឈើ​ណា​មួយ ក្នុង​សួន‌ច្បារ​នៃ​ព្រះ ដែល​មាន​លំអ​ដូច​វា​ឡើយ 9អញ​បាន​ធ្វើ​ឲ្យ​វា​ល្អ ដោយ​មាន​មែក​ជា​បរិបូរ​ដល់​ម៉្លេះ​បាន​ជា​អស់​ទាំង​ដើម​ឈើ​នៅ​អេដែន គឺ​នៅ​សួន‌ច្បារ​នៃ​ព្រះ​បាន​ច្រណែន​នឹង​វា។
10ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ធំ​ឡើង​យ៉ាង​ខ្ពស់ ហើយ​មាន​កំពូល​លូត​ឡើង​នៅ​កណ្តាល​មែក​ញឹក‌ស្និត ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ដោយ‌សារ​កំពស់​នោះ 11នោះ​អញ​បាន​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ដ៏​ខ្លាំង​ពូកែ​របស់​អស់​ទាំង​សាសន៍ អ្នក​នោះ​នឹង​ប្រព្រឹត្ត​នឹង​វា តាម​អំពើ​អាក្រក់​របស់​វា អញ​បាន​បណ្តេញ​វា​ចេញ​ហើយ 12ពួក​សាសន៍​ដទៃ ជា​ពួក​គួរ​ស្ញែង‌ខ្លាច​នៃ​អស់​ទាំង​សាសន៍ បាន​កាត់​វា​ចេញ ហើយ​បោះ‌បង់​ចោល មែក​វា​បាន​ធ្លាក់​នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ច្រក​ភ្នំ​ដែរ មែក​វា​ទាំង​ប៉ុន្មាន​ត្រូវ​បាក់​តាម​អស់​ទាំង​ផ្លូវ​ទឹក​នៅ​ស្រុក​នោះ ហើយ​អស់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ថយ​ចុះ​ពី​ម្លប់​វា ទាំង​ចោល​វា​ទុក​នៅ 13ឯ​សត្វ​ហើរ​លើ​អាកាស​នឹង​មក​អាស្រ័យ​នៅ​លើ​បំណែក ហើយ​អស់​ទាំង​សត្វ​នៅ​ដី​នឹង​មក​អាស្រ័យ​នៅ​លើ​មែក​វា 14ប្រយោជន៍​មិន​ឲ្យ​អស់​ទាំង​ដើម​ឈើ​ដែល​ដុះ​នៅ​ក្បែរ​ទឹក​បាន​ដំកើង​ខ្លួន ដោយ​មាន​កំពស់ ឬ​លូត​កំពូល​ឡើង​ដល់​ក្នុង​មែក​ញឹក‌ស្និត​ឡើយ ហើយ​មិន​ឲ្យ​ដើម​ណា​ដែល​បឺត​ទឹក បាន​ឈរ​ឡើង ដោយ​មាន​សណ្ឋាន​ខ្ពស់​ដែរ ដ្បិត​វា​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ទាំង​អស់ គឺ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែនដី ឲ្យ​នៅ​កណ្តាល​ពួក​មនុស្ស​ជាតិ ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។
15ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អញ​បាន​ឲ្យ​គេ​យំ​សោក អញ​បាន​គ្រប​ទី​ជំរៅ​ដោយ​ព្រោះ​វា ក៏​បាន​បង្ខាំង​ទន្លេ ហើយ​ទឹក​ធំ​បាន​ឈប់​ទ្រឹង អញ​បាន​ឲ្យ​ព្រៃ​ល្បាណូន​យំ​សោក​នឹង​វា ហើយ​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី បាន​រោយ‌រៀវ​ទៅ​ដោយ​ព្រោះ​វា 16អញ​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់‌ញ័រ ដោយ​ឮ​សូរ​វា​រលំ ក្នុង​កាល​ដែល​អញ​បាន​បោះ​វា ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ អស់​ទាំង​ដើម​ឈើ​នៅ​អេដែន នឹង​ដើម​ជ្រើស‌រើស ហើយ​ល្អ​បំផុត​នៅ​ព្រៃ​ល្បាណូន គឺ​គ្រប់​ទាំង​ដើម​ឈើ​ដែល​បឺត​ទឹក នោះ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត នៅ​ទី​ទាប​បំផុត​ក្នុង​ផែនដី 17ពួក​ទាំង​នោះ​ក៏​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ជា​មួយ​នឹង​វា ដល់​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គឺ​ជា​ពួក​អ្នក ជា​ដៃ​របស់​វា ដែល​បាន​ជ្រក​ក្រោម​ម្លប់​របស់​វា នៅ​កណ្តាល​អស់​ទាំង​សាសន៍។
18ដូច្នេះ តើ​ឯង​ប្រៀប‌ផ្ទឹម​នឹង​សិរី‌ល្អ ហើយ​សណ្ឋាន​ខ្ពស់​របស់​ដើម​ណា ក្នុង​អស់​ទាំង​ដើម​ឈើ​នៅ​អេដែន​នោះ ទោះ​បើ​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ឯង​នឹង​ត្រូវ​ចុះ​ទៅ​ឯ​ទី​ទាប​បំផុត​ក្នុង​ផែនដី ជា​មួយ​នឹង​ពួក​ដើម​ឈើ ដែល​នៅ​អេដែន​ទាំង​ប៉ុន្មាន​ដែរ ឯង​នឹង​ដេក​នៅ​ក្នុង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក ជា​មួយ​នឹង​អស់​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នេះ​ឯង​គឺ​ជា​ផារ៉ោន នឹង​ពួក​កក‌កុញ​របស់​វា​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

អេសេ‌គាល 31: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល